ចំណេះ​ដឹង​ស្ដីពី​ជម្ងឺ​អេដស៍ និងការ​ប្រព្រឹត្ដ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ប្រសើរ​ឡើង

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជម្ងឺ​អេដស៍​ពុំទាន់​មាន​អ្នក​ប្រាជ្ញ​ណា​ម្នាក់រក​ឃើញ​វិធី​ព្យាបាល​នៅ​ឡើយ​ទេ។ ជម្ងឺ​នេះ​នៅតែ​ជា ឃាតករ​ដ៏​កាច​សាហាវ​ដែល​បាន​ប្រហារ​ជីវិត​មនុស្ស​ច្រើន​បំផុត​នៅ​កម្ពុជា បន្ទាប់​ពីគ្រោះ​ថ្នាក់​ចរាចរណ៍។ ដោយ​ហេតុ​ពុំមាន​លទ្ធភាព ព្យាបាល​អ្នក​ជម្ងឺ​អេដស៍​ឱ្យបាន​ជា​សះ​ស្បើយ​នោះ ទើប​បណ្ដា​អង្គការ​ពាក់​ព័ន្ធ​បានរួម​សហ​ការ​ជាមួយ​នឹង​ក្រសួង​សុខា​ភិបាល​នៅ​កម្ពុជា ព្យា​យាម អប់រំ និង​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​តាម​រូប​ភាព​ផ្សេងៗ ដើម្បី​ទប់​ស្កាត់​កុំឱ្យ​ជម្ងឺ​នេះ​រីករាល​ដាល​តទៅ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាក់​ស្ដែង​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ក្រសួង​សុខា​ភិបាល និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​បាន​បើក អង្គ​សិក្ខា​សាលា​មួយ​បង្ហាញ​អំពី​លទ្ធ​ផល​នៃការ​អង្កេត​តាម​ដាន​ចំណេះ​ដឹង​ស្ដីពី​ជម្ងឺ​អេដស៍ និង​ការ​ប្រព្រឹត្ដ​ផ្លូវភេទ​នៅ​កម្ពុជា ដែល​ជា លទ្ធ​ផល​នៃ​ការ​ខិត​ខំ​របស់​ខ្លួន។

ស្ថាន ភាព ទូទៅ នៃជម្ងឺ អេដស៍ នៅ កម្ពុជា

តាម​របាយ​ការណ៍​ដែល​បង្ហាញ​ជូន​សិក្ខា​កាម​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​នោះ​បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​អត្រា​អ្នក​ផ្ទុក មេរោគ​អេដស៍​បាន​ថយ​ចុះមក​ត្រឹម​ប្រមាណ​០.៩%​នៅឆ្នាំ​២០០៦ ដែល​ការ​ថយ​ចុះ​នេះ​អាច​ជាលទ្ធ​ផល​វិជ្ជមាន​របស់​ការ​ផ្លាស់​ប្ដូរ​ការ ប្រព្រឹត្ដ និង​វិជ្ជមាន​សម្រាប់​ការងារ​បង្ការ​ទប់​ស្កាត់​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍។ ទន្ទឹម​នោះ​នៅលើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​មាន មនុស្ស​ពេញ​វ័យ និង​ក្មេង​ចំនួន​៤០លាន​នាក់​បាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​យ៉ាង​ហោច​ណាស់​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៥ឆ្នាំ ប្រមាណ​១០.៤​លាន​នាក់​បាន​បាត់​បង់​ម្ដាយ ឬទាំង​ឪពុក​ម្ដាយ​ដោយ​សារ​ជម្ងឺ​អេដស៍។

សកម្ម​ភាព​ទប់​ស្កាត់​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍​នៅ​កម្ពុជា

ដោយ​សារ​តែ​បញ្ហា​ដ៏ធ្ងន់​ធ្ងរ​នេះ​ហើយ ទើប​ចាប់​តាំង​ពីជម្ងឺ​អេដស៍​មាន​វត្ដមាន​នៅ​កម្ពុជា​រហូត​មកដល់​បច្ចុប្បន្ន ជម្ងឺ​អេដស៍ ត្រូវ​បានគេ​គិតគូរ​យក​ចិត្ដទុក​ដាក់​យ៉ាង​ខ្ល្លាំង​ទាំង​ក្នុង​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល និង​អង្គការ​ជាតិ​និង​អន្ដរជាតិ។ សកម្ម​ភាព​ទាំង​នេះ​បាន​ធ្វើ​ឱ្យ ប្រជា​ពល​រដ្ឋ​បាន​យល់់​ដឹង​យ៉ាង​ច្រើន និង​បាន​ជំរុញ​ឱ្យ​ការ​ងារ​នេះ​មាន​ភាព​ល្អ​ប្រសើរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ដំណើរ​ការ​នេះ​ត្រូវ ការ​ការ​ចូល​រួមពី​សំណាក់់​ប្រជា​ពល​រដ្ឋ​ផង​ដែរ ទើប​ទទួល​បាន​លទ្ធ​ផល​ល្អនា​ថ្ងៃ​អនាគត។

សព្វ​ថ្ងៃ​នេះ​ការការ​ពារគឺ​ជា​យុទ្ធ​សាស្ដ្រ​ដ៏មាន​ប្រសិទ្ធ​ភាព​បំផុត ប្រឆាំង​នឹងការ​រីករាល​ដាល​នៃ​មេរោគ​អេដស៍។ បុគ្គល ម្នាក់ៗ​មាន​សិទ្ធ​ក្នុងការ​ធ្វើ​តេស្ដ​រក​មេរោគ​អេដស៍ និង​ការ​ប្រឹក្សា​ដោយ​សម្ងាត់ និង​ស្ម័គ្រ​ចិត្ដ។ ផល​ប៉ះ​ពាល់ និង​របៀប​ការ​ពារ​ខ្លួន ត្រូវ​បាន​ធ្វើការ​បញ្ជ្រាប​ទៅកាន់​ប្រជា​ពល​រដ្ឋ​ទូទៅ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ផ្ទាល់ និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា។ សកម្ម​ភាព​ទាំង​នេះ​សុទ្ធ​សឹង​ជា​ប្រភព​ផ្ដល់​នូវ​ចំណេះ​ដឹង​ស្ដី​អំពី​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍​ដែល​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង និង​ចេះ​ប្រព្រឹត្ដ​ខ្លួន​ចៀស​ផុតពី​ការ​ឆ្លង​មេរោគ​អេដស៍។

គោលបំណងនៃការធ្វើអង្កេតតាមដានការប្រព្រឹត្ដផ្លូវភេទនៅកម្ពុជា

ការ​អង្កេត​តាម​ដាន​ការ​ប្រព្រឹត្ដ​ផ្លូវ​ភេទ​លើក​ទីមួយ​បាន​ដំណើរ​ការ​នៅ​ឆ្នាំ​១៩៩៧ ហើយ​បាន​ផ្ដល់​​ព័ត៌​មាន​ជាច្រើន​ស្ដី​ពី​ការ ប្រព្រឹត្ដ​ផ្លូវភេទ​នៅក្នុង​ចំណោម​ក្រុម​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ ការ​អង្កេត​តាមដាន​ការ​ប្រព្រឹត្ដ​ផ្លូវភេទ​នេះ​ដំណើរ​ការ​បាន​ចំនួន ៧លើក​រួចមក​ហើយ រីឯ​លើក​ទី៨​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៧ ហើយ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​នៅ​ចុង​ខែ​មេសា​ឆ្នាំ​២០០៨​ថ្មីៗ​នេះ។

ចំពោះ​គោល​បំណង​នៃការ​តាម​ដាន​នេះគឺ​ចង់​ផ្ដល់​ព័ត៌​មាន​ពិសេស​ប្រចាំ​ឆ្នាំស្ដី​ពី​ស្ថាន​ភាព​ប្រជា​រាស្ដ្រ សង្គម និង​ការ​ប្រព្រឹត្ដ ដែល​ប្រឈម​មុខនឹង​គ្រោះ​ថ្នាក់ ដែល​ទាក់​ទង​ទៅនឹង​ការ​ឆ្លង​មេរោគ​អេដស៍​-កាម​រោគ។ គោល​បំណង​មួយ​ទៀត​នោះគឺ​ធ្វើការ​តាម ដាន​ការ​ប្រព្រឹត្ដ​ផ្លូវ​ភេទ​របស់​ក្រុម​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដើម្បី​កំណត់​និន្នា​ការនៃ​ការ​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ដ។

លទ្ធផល នៃការតាម ដាន​ចំ​ណេះដឹងស្ដីពីជម្ងឺអេដស៍ និង​ការ​ប្រព្រឹត្ដផ្លូវភេទ

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ផ្សព្វ​ផ្សាយ​លទ្ធផល​នៃការ​តាម​ដាន​ចំណេះ​ដឹង​ស្ដីពី​ជម្ងឺ​អេដស៍ និងការ​ប្រព្រឹត្ដ​ផ្លូវភេទ​នេះ បាន​រៀបចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ​(NCHADS​)ដោយ​មាន​សហ​ប្រតិ​បត្ដិ​ការដ៏​ទូលំ​ទូលាយ​ពី​សំណាក់ អង្គការ​ជាតិ អង្គការ​អន្ដរ​ជាតិ ជា​ពិសេស​អង្គកា​រ USAID  ,  UNAIDS  និង WHO ។​ជា​លទ្ធ​ផល​កិច្ច​ប្រជុំ​នោះក៏​បាន​ផ្ដល់​នូវ សារៈ​សំខាន់​យ៉ាង​ច្រើន ក្នុង​ការ​ស្វែង​យល់​ពីការ​ប្រព្រឹត្ដ​របស់​ក្រុម​គោល​ដៅ​នានា​ដែល​បាន​ធ្វើការ​អង្កេត​តាម​ដាន​ដើម្បី​ចង់ដឹង​ថា តើ​ពួកគេ​ប្រព្រឹត្ដ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៃការ​ឆ្លង​មេរោគ​អេដស៍​កម្រិត​ណា ហើយ​ជា​ពិសេស​តើការ​ប្រព្រឹត្ដ​ណាខ្លះ​ដែលបាន​ផ្លាស់ ប្ដូរ​ក្នុង​រយៈ​ពេល​កន្លង​មក។ ម្យ៉ាង​ទៀត​លទ្ធផល​នេះក៏​អាចឆ្លុះ​បញ្ចាំង​នូវ​និន្នា​ការនៃ​ការ​ផ្លាស់​ប្ដូរការ​ប្រព្រឹត្ដ និង​ប្រសិទ្ធ​ភាព​នៃការ អនុវត្ដ​កម្ម​វិធី​អន្ដ​រាគមន៍​របស់​យើង​ក្នុង​រយៈ​ពេល​កន្លង​មក។ ជារួម​ការ​អង្កេត​តាម​ដាន​នេះមាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ ចង្អុល​បង្ហាញ​ទិស សម្រាប់​ការ​រៀបចំ​គម្រោង​ផែន​ការ​សកម្ម​ភាព​ប្រយុទ្ធ​ទប់​ស្កាត់ឱ្យ​បាន​សម​ស្រប​ទៅតាម​ស្ថាន​ភាព​ជាក់​ស្ដែង និង កម្រិត​គ្រោះ​ថ្នាក់នៃ​ការ​ចម្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ក្រុម​មនុស្ស​គោល​ដៅ ហើយ​ក៏ជា​មធ្យោ​បាយ​ក្នុង​រយៈ​ពេល​កន្លង​មក។

ជាលទ្ធផល  អង្គ​សិក្ខា​សាលា​នេះ​បាន​បង្ហាញ​នូវ​តារាង​ក្រាហ្វិក​នៃការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ទៅតាម​ក្រុម​មនុស្ស​គោល ដៅ​ដូច​ជា ៖

  • ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ៖ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​គ្រប់​ពេល​រួម​ភេទ​ជាមួយ​នារី​រកស៊ី​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​ខ្ពស់ ក៏ ប៉ុន្ដែ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជាមួយ​សង្សារ និង​ជាមួយ​ប្រពន្ធ​នៅមាន​កម្រិត​ទាប​នៅ​ឡើយ។
  • ក្រុម​អ្នក​រក​ស៊ី​លក់​ផ្លូវ​ភេទ​នារី​ដែល​បាន​ចូល​ធ្វើ​អង្កេត បាន​រាយ​ការណ៍​ថា បាន​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​រួម​ភេទ ជា​មួយ​ភ្ញៀវ​ជា​ជាង​ជាមួយ​សង្សារ។
  • ក្រុម​បុរស​ស្រឡាញ់​បុរស ជា​ក្រុម​ដែល​មាន​សកម្មភាព​ផ្លូវ​ភេទ​ខ្ពស់​ដោយ​សារ​មាន​ដៃគូ​រួមភេទ​ច្រើន​សណ្ឋាន។ ក្រុម​នេះ បាន​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​មួយ​ដៃ​គូ​បុរស ក្នុង​ក្រុម​សក់​វែង​មាន​កម្រិត​ខ្ពស់​ជាង​ក្រុម​សក់​ខ្លី។

ជា​រួម​ការ​អង្កេត​តាម​ដាន​នេះ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ ក្នុង​ការ​ចង្អុល​បង្ហាញ​ទិស​សម្រាប់​ការ​រៀបចំ​គម្រោង​ផែន ការ​សកម្មភាព​ប្រយុទ្ធ​ទប់​ស្កាត់​ឱ្យបាន​សម​ស្របទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង និង​កម្រិត​គ្រោះ​ថ្នាក់​នៃការ​ចម្លង​មេ​រោគ​អេដស៍​ក្នុង ចំណោម​ក្រុម​មនុស្ស​គោល​ដៅ។ ហើយ​វាក៏​ជា​មធ្យោ​បាយ​មួយ​សម្រាប់​អ្នក​គ្រប់​គ្រង​កម្ម​វិធី​អេដស៍​ទាំង​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល និង អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ធ្វើការ​លៃ​លក​ថវិកា​ឱ្យចំ​ទិសដៅ និង​មាន​ប្រសិទ្ធ​ភាព​ល្អ។

អនុសាសន៍បន្ថែម

ការ​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ស្ដីពី​ជម្ងឺ​អេដស៍​នេះ​មាន​ភាព​ទូលំ​ទូលាយ​ណាស់ ដែល​អាច​ឱ្យបង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​សូម្បី​តែ​អ្នក ស្រុក​ស្រែ​ចម្ការ​ក៏មាន​ការ​យល់​ដឹង​អំពី​រឿង​នេះ​ដែរ។ មិនតែ​ប៉ុណ្ណោះ​ចំណេះ​ដឹង​នេះក៏​បាន​បញ្ចូល​ផង​ដែរ​ទៅក្នុង​កម្មវិធី​សិក្សា​សម្រាប់ សិស្ស​នៅ​មធ្យម​សិក្សា​ទៀត​ផង។

អ្វី​ដែល​ជា​ការ​ប្រព្រឹត្ដ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ចៀស​ផុតពី​ការ​ឆ្លង​មេរោគ​អេដស៍ គឺការ​ប្រើ​ប្រាស់​ស្រោម អនាម័យ​នៅ​រាល់​ពេល​រួម​ភេទ​ជា​មួយ​ដៃ​គូក្រៅ​ផ្ទះ ការមាន​ដៃគូ​រួមភេទ​តែ​ម្នាក់ និង​មិន​ប្រើម្ជុ​ល សឺរាំង​រួម​គ្នា​ជា​ដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *