ការងូតទឹកប្រចាំថ្ងៃជារឿងងាយស្រួល អ្នកណាក៏ចេះងូតទឹកដែរ។ ប៉ុន្ដែបើលោកអ្នក ចង់ងូតទឹកដើម្បីជំនួយដល់ស្បែក រាងកាយស្រស់ថ្លានោះ មិនមែននរណាក៏ចេះនោះទេ។ ប្រសិនបើលោកអ្នកបានយល់ដឹងអំពីរបៀបងូតទឹកឱ្យបានត្រឹមត្រូវ លោកអ្នក មិនត្រឹមតែទទួលបាននូវរាងកាយស្អាតប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យស្បែករបស់លោកអ្នកមានភាពទន់រលោងបានមួយកម្រិតផង ដែរ។ តើការងូតទឹកប្រចាំថ្ងៃបែបណាទៅដែលផ្ដល់នូវអត្ថប្រយោជន៍?
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយកញ្ញា ញ៉ែត ថារី ម្ចាស់ហាងកែសម្ផស្សសម្រស់នារី និងកាត់សម្លៀក បំពាក់ ដើម្បីធ្វើការបកស្រាយអំពីរបៀបងូតទឹកប្រចាំថ្ងៃជូនលោកអ្នកបានជ្រាប។
ផលប្រយោជន៍នៃការងូតទឹក
នៅពេលដែលមានអារម្មណ៍ស្អុះស្អាប់ ប្រឡាក់ប្រឡូស ឬមានភាពកខ្វក់ នោះលោកអ្នកតែងតែងូតទឹកដើម្បីសម្អាតរាង កាយ។ ការងូតទឹកមិនត្រឹមតែធ្វើឱ្យលោកអ្នកបំបាត់នូវការស្អុះស្អាប់ប៉ុណ្ណោះទេ ប៉ុន្ដែការងូតទឹកអាចធ្វើឱ្យស្បែកភ្លឺថ្លា ប្រាសចាកពី ក្អែល ធូលី មេរោគ និងបាក់តេរីផ្សេងៗដែលអាចបង្កជម្ងឺសើស្បែកបាន។ ការងូតទឹកវាអាស្រ័យលើចំណង់ចំណូលចិត្ដរបស់មនុស្ស ទូទៅ អ្នកខ្លះងូតទឹកមួយថ្ងៃ២ដងទៅ៣ដង ឯអ្នកខ្លះទៀតងូតទឹកមួយថ្ងៃរហូតដល់ទៅ៥ដងទៅ៦ដងក៏មាន។ វិធីងូតទឹកដែលនាំឱ្យ លោកអ្នកទទួលបានផលប្រយោជន៍នោះ ជាដំបូងលោកអ្នកចាំបាច់ត្រូវដឹងអំពីប្រភេទស្បែករបស់ខ្លួនជាមុនសិន។ ជាទូទៅស្បែករបស់ មនុស្សចែកជា៣ផ្នែកធំៗ គឺស្បែកមានជាតិខ្លាញ់ច្រើន ស្បែកដែលខ្វះជាតិខ្លាញ់ ឬស្បែកស្ងួត និងស្បែកធម្មតា។
របៀបងូតទឹកតាមប្រភេទស្បែក
1 . ងូតទឹកសម្រាប់ស្បែកខ្លាញ់ ៖ សម្រាប់ស្បែកខ្លាញ់ គួរតែឧស្សាហ៍ងូតទឹកមួយថ្ងៃយ៉ាងតិច២ដង ដើម្បីកាត់បន្ថយជាតិ សំណើមពីលើស្បែក។ ជាមួយគ្នានេះលោកអ្នកគួរជ្រើសរើសសាប៊ូដុសខ្លួនសម្រាប់ជំនួយស្បែកបន្ថែមទៀតដើម្បីបំបាត់ជាតិខ្លាញ់ ជា ពិសេសលោកអ្នកត្រូវលាងទឹកសម្អាតជាតិសាប៊ូឱ្យបានស្អាតចេញពីស្បែកខ្លួន ហើយជូតស្បែកឱ្យស្ងួត។ ការប្រតិបត្ដិបែបនេះ ដើម្បី ចៀសវាងកម្ទេចធូលីមកប៉ះជាប់ជាមួយស្បែកដែលបង្កជារមាស់ ឬកន្ទួលបាន។
2 . ងូតទឹកសម្រាប់ស្បែកស្ងួត ៖ សម្រាប់ស្បែកស្ងួត លោកអ្នកគួរជ្រើសរើសយកផលិតផលដែលផ្ដល់សំណើមដល់ស្បែក។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសផលិតផលបន្ថែមទៀត ដូចជាឡេលាបការពារជំនួយស្បែក និងឡេការពារកម្ដៅថ្ងៃមិន ធ្វើឱ្យស្បែកស្ងួតជាដើម។
3 . ងូតទឹកសម្រាប់ស្បែកធម្មតា ៖ មិនមែនជារឿងពិបាកនោះទេ លោកអ្នកអាចងូតទឹកប៉ុន្មានដងក៏បាន។ ចំណែកជ្រើស រើសសាប៊ូទៀតសោតក៏មិនបាច់ស្មុគស្មាញច្រើនដែរ គ្រាន់តែផ្ដោតសំខាន់ទៅលើការកម្ចាត់ពពួកមេរោគបាក់តេរីលើស្បែកជាការ ស្រេច។
ដំបូន្មានអ្នកប្រឹក្សា
ការថែរក្សាសម្រស់មិនមែនអាស្រ័យលើការសម្អិតសម្អាងតែមួយមុខនោះទេ ការធ្វើអនាម័យខ្លួនក៏ជាប្រការមិនអាចខ្វះ បានដែរ។ ហេតុដូចនេះហើយលោកអ្នកគួរតែយកចិត្ដទុកដាក់ឱ្យបានម៉ត់ចត់ និងទៀងទាត់ពេលវេលាក្នុងការសម្អាតខ្លួន។ ជាពិសេស ពេលងូតទឹក លោកអ្នកគប្បីប្រើសាប៊ូដុសខ្លួនជាប្រចាំ ដើម្បីកម្ចាត់មេរោគបាក់តេរីពីលើស្បែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply