នៅពេលមានផ្ទៃពោះ ស្ដ្រីទាំងឡាយតែងតែមានស្ថានភាពសុខភាពប្រែប្រួល និងអាការខុសប្រក្រតីឬខុសធម្មតាដែល ចាស់ៗតែងហៅថាចាញ់កូន។ ចំពោះស្ដ្រីដែលធ្លាប់មានគភ៌ច្រើនដងហើយនោះ មានភាពងាយស្រួលក្នុងការសង្កេតឬដឹងថាខ្លួនឯង មានគភ៌ឬក៏អត់។ ដោយឡែកស្ដ្រីដែលទើបតែមានគភ៌ដំបូង មានការលំបាកបន្ដិច ហើយជួនកាលមិនដឹងថាខ្លួនមានគភ៌ថែមទៀត ផង។ តើមានវិធីអ្វីខ្លះ ដែលផ្ដល់ភាពងាយស្រួលដល់ស្ដ្រី ក្នុងការចំណាំនូវអាការបញ្ជាក់ថាមានគភ៌?
ស្ដ្រីដែលជាអនាគតមាតាអាចស្វែងយល់ពីអាការរោគរបស់ស្ដ្រីនៅដំណាក់កាលដំបូងនៃការចាប់ផ្ដើមមានគភ៌ តាមរយៈ ការបកស្រាយរបស់លោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ជាមួយទស្សនាវដ្ដីសុខភាពយើង។
អាការដែលបញ្ជាក់ថាមានគភ៌
មានរោគសញ្ញាមួយចំនួន ដែលសុភាពស្ដ្រីទាំងឡាយអាចចំណាំដោយខ្លួនឯង ដោយមិនចាំបាច់ទៅជួបជាមួយគ្រូពេទ្យ ជំនាញ។ ប៉ុន្ដែវិធីដែលប្រសើរបំផុតដើម្បីឱ្យប្រាកដថាពិតជាមានគភ៌មែន គឺទៅពិនិត្យនៅឯមន្ទីរពេទ្យ។ វាមិនត្រឹមតែជួយឱ្យស្ដ្រី ដឹងថាមានគភ៌ប៉ុណ្ណោះទេ គ្រូពេទ្យថែមទាំងប្រាប់ពីវិធីការពារ និងថែទាំសុខភាពដល់ស្ដ្រីនៅពេលមានគភ៌ទៀតផង។
1 . អាការដែលស្ដ្រីចំណាំដោយខ្លួនឯង ៖ រដូវគឺជាការឆ្លុះបញ្ចាំងពីបញ្ហាសុខភាពស្ដ្រី ប្រសិនបើស្ដ្រីមានរដូវទៀងទាត់ទៀត ហើយស្រាប់តែបាត់រដូវនោះ បញ្ជាក់ថាស្ដ្រីនោះអាចមានគភ៌។ ជាមួយគ្នានេះដែរ ស្ដ្រីភាគច្រើនអាចមានអាការខុសពីធម្មតា ឬចាញ់ កូន ដូចជាការក្អួតចង្អោរ ហៀរទឹកមាត់នៅពេលព្រឹក មានអារម្មណ៍នឿយហត់ អស់កម្លាំង វិលមុខឆាប់មួម៉ៅជាដើម។ ជាពិសេស សុដន់ទាំងគូរបស់ស្ដ្រី មានសភាពតឹងណែន រីឯការទទួលទានចំណីអាហារក៏មានការប្រែប្រួលផងដែរ ដូចជាធ្វើឱ្យស្ដ្រីធុំក្លិនអាហារ មិន ចង់ហូបអាហារដែលធ្លាប់ហូបរាល់ដង តែបែរជាងាកមកចង់ហូបម្ជូរជំនួសវិញ។
2 . ការពិនិត្យដោយគ្រូពេទ្យជំនាញ ៖ ស្ដ្រីដែលមានអាការដូចរៀបរាប់ខាងលើនេះ គួរតែទៅពិនិត្យជាមួយគ្រូពេទ្យ ជំនាញ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា មានគភ៌ឬមួយមកពីការបង្កជម្ងឺផ្សេងៗ។ គ្រូពេទ្យសាកសួរអំពីសុខភាពទូទៅនិងប្រវត្ដិជម្ងឺ ផ្សេងៗ ដើម្បីរកកត្ដាដែលនាំឱ្យមានគ្រោះថ្ន្មាក់ដល់ការវិវត្ដទារក និងម្ដាយ ព្រមទាំងផ្ដល់ដំបូន្មានដល់ស្ដ្រីជាម្ដាយ។ ចំពោះការពិនិត្យ មាត់ស្បូនឃើញមានពណ៌ស្វាយ ហើយមានរាងទន់នៅពេលដែលស្ទាបមាត់ស្បូន។ ការវិវត្ដនៃទារកក្នុងផ្ទៃអាចកំណត់ទៅបានដោយ ការពិនិត្យឆ្លុះអេកូ។
ដំបូន្មានអ្នកប្រឹក្សា
ចំពោះស្ដ្រីដែលមានគភ៌ទាំងអស់ គួរតែទៅរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់ទីតាំងរបស់គភ៌ដែលកំពុង កកើតនោះ ស្ថិតនៅក្រៅស្បូនឬក្នុងស្បូន ឬកូនជាពង ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ដល់ស្ដ្រីជាម្ដាយ។ ការពិនិត្យផ្ទៃពោះមាន សារៈសំខាន់ណាស់ ព្រោះអាចរកកត្ដាគ្រោះថ្នាក់ ការលូតលាស់ចំពោះទារក និងការតាមដានចំពោះសុខភាពរបស់ស្ដ្រីជាម្ដាយឱ្យ មានសុវត្ថិភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply