នៅក្នុងបរិយាកាសដែលមនុស្សរស់នៅត្រូវបានញាំញីដោយមេរោគគ្រប់ប្រភេទ។ ក្នុងនោះក៏មានមេរោគមួយប្រភេទដែល ឈ្មោះថា HPV។ ឫសជាជម្ងឺសើស្បែកមួយប្រភេទដែលបង្កឡើងពីមេរោគឈ្មោះថាះភ្វនេះ។ ឫសអាចកើតលើមនុស្សគ្រប់វ័យ ហើយជាជម្ងឺឆ្លងផងដែរ។ តើត្រូវព្យាបាលជម្ងឺឫសដោយរបៀបណា?
នៅលើទំពរ័វេជ្ជសាស្ដ្រទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺឫសមកបកស្រាយជូនប្រិយមិត្ដអ្នកអានទុកជាការ ស្វែងយល់តាមរយៈការជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ឡា ភៀវ ឯកទេសជម្ងឺសើស្បែក និងកាមរោគ។
ជម្ងឺឫសជាអ្វី?
ឫសជាជម្ងឺសើស្បែកមួយប្រភេទដែលជាភាសាបរទេសហៅថា វែរុកា វុលហ្សឺរី (Verruca Vulgeris). វាជាប្រភេទជម្ងឺ មួយបង្កឡើងដោយវីរុសះភ្វ ដែលមាននៅក្នុងបរិយាកាសជុំវិញមនុស្សរស់នៅ ហើយវាមានទំនាក់ទំនងទៅនឹងប្រព័ន្ធភាពស៊ាំរបស់ មនុស្សម្នាក់ៗ។ មានន័យថាមនុស្សធម្មតាក៏អាចកើតឫសដែរ ប៉ុន្ដែមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជាអ្នកជម្ងឺអេដស៍ជា ដើម ជម្ងឺឫសកើតចេញមានសភាពខ្លាំង និងមានចំនួនច្រើនជាងមនុស្សធម្មតា។
រោគសញ្ញានិងផលវិបាកជម្ងឺឫស
ជាទូទៅប្រជាពលរដ្ឋខ្មែរអាចសម្គាល់ឫសបានដោយខ្លួនឯង។ ឫសជាសាច់ដុះជួនកាលមានទំហំប៉ុនចុងធូប ឬចុងចង្កឹះដែល ស្ទាបទៅមានលក្ខណៈរឹង និងមានផ្ទៃរឆេចរឆូចប្រៀបដូចជាផ្កាស្ពៃ ហើយមានពណ៌ដូចពណ៌ស្បែករបស់មនុស្សដែរ។ ឫសកើតនៅ គ្រប់កន្លែងទាំងអស់នៃសរីរាង្គកាយរបស់មនុស្ស សូម្បីតែផ្ទៃមុខក៏អាចកើតមានដែរ។
ជាទូទៅជម្ងឺឫសមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតឡើយ។ ប្រសិនបើកើតឫសកាន់តែច្រើននាំឱ្យស្បែកគគ្រាតគគ្រើមមិន មានសោភ័ណភាព ហើយអាចចម្លងជម្ងឺនេះទៅដល់អ្នកដទៃទៀតតាមរយៈការប៉ះពាល់ឫសនេះ។
ការព្យាបាលជម្ងឺឫស
ជម្ងឺឫសខ្លះជាសះស្បើយដោយខ្លួនឯង ដោយមិនបាច់ព្យាបាលគឺដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជម្ងឺខ្លាំង។ ករណីខ្លះ ទៀតឫសមិនជ្រុះ ហើយមិនជាសះស្បើយដោយឯកឯងទេ។ ហេតុដូច្នេះហើយទាមទារឱ្យមានការព្យាបាលជាចាំបាច់ ដើម្បីកុំឱ្យជម្ងឺ ឫសកើតច្រើនឡើងៗ និងឆ្លងទៅដល់អ្នកដទៃបាន។
ជម្ងឺឫស ឬវែរុកា វុលហ្សឺរី ខ្លះក៏អាចព្យាបាលដោយប្រើថ្នាំំលាបបាន។ ក្នុងករណីលាបថ្នាំហើយមិនជាសះសើ្បយគ្រូពេទ្យ នឹងធ្វើការព្យាបាលដោយដុតឫសនោះដោយប្រើម៉ាស៊ីនអគ្គិសនី ឬដុតដោយបាញ់ភាពត្រជាក់។ ពេលខ្លះគ្រូពេទ្យក៏អាចព្យាបាល ដោយប្រើកាំរស្មីឡាស៊ែរផងដែរ។ សម្រាប់វិធីព្យាបាលដែលបានរៀបរាប់មកនេះ វិធីដែលល្អជាងគេ គឺវិធីព្យាបាលដុតដោយម៉ាស៊ីន អគ្គិសនី។ ការព្យាបាលឫសដោយដុតជាមួយពុយត្នោតត្រូវបានហាមឃាត់ ព្រោះការដុតនេះផ្ទុយទៅនឹងលក្ខណៈបច្ចេកទេសពេទ្យ ដែលនាំឱ្យស្បែករឹតតែក្រហូង ដោយការដុតជ្រុលហួសនាំឱ្យក្លាយទៅជាដំបៅដោយសារការដុតកង្វះអនាម័យ។
ដំបូន្មានអ្នកជំនាញ
ករណីឫសមិនជាសះស្បើយដោយឯកឯង យើងគួរព្យាបាលវាឱ្យទាន់ពេលវេលា ព្រោះបើទុកយូរទៅអាចដុះច្រើនឡើងៗ។ លោកអ្នកមិនគួរយកម្រាមដៃទៅប៉ះឬក្ដិចឫសលេងទេ ព្រោះនាំឱ្យឫសអាចឆ្លងទៅកន្លែងដទៃទៀតបាន។ ចូរបំប៉នចំណីអាហារ បន្ថែម និងធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតជានិច្ច ព្រោះវាជាកត្ដាមួយជួយមិនឱ្យមេរោគយាយីលើស្បែកខ្លួនប្រាណរបស់លោក អ្នកបាន។ រាល់ការប្រើប្រាស់ថ្នាំលាបបំបាត់ឫស ត្រូវមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply