ពក​ក​កើត​ដោយ​សម្បថ​ឬ?

គេ​សង្កេត​ឃើញ​ថា ជម្ងឺ​ពក​ក​ប្រភេទ​បាសឺ​ដូវ​ជា​ជម្ងឺ​ដែល​កើត​មាន​នៅលើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ច្រើន ជា​ពិសេស​កើត​នៅ​លើ ស្ដ្រី​ច្រើន​ជាង​បុរស។ ជម្ងឺ​នេះអាច​ធ្វើឱ្យ​បាត់បង់​ជីវិត​បាន ប្រសិន​បើពុំ​មានការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេ​នោះ។ មិន​តែ​ប៉ុណ្ណោះ ជម្ងឺ​ពកក​នេះ បើ​កើតមាន​នៅ​លើអ្នក​ណា​ធ្វើឱ្យ​អ្នកនោះ​បាត់​បង់​នូវ​សោភ័ណ​ភាព និងមាន​ការ អៀន​ខ្មាស​ទៀត​ផង។ ម្យ៉ាង​ទៀត ជម្ងឺ​នេះធ្វើ​ឱ្យមាន​ផលប៉ះ​ពាល់​ច្រើន ហើយ​គ្មាន​វិធី​បង្ការ​ទៀត​ផង។
រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត កុយ វ៉ាន់​នី ឯក​ទេស​ជម្ងឺ​ក្រពេញ​អ័រ​ម៉ូន​ពក​ក និង​ទឹក​នោម​ផ្អែម នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ធ្វើ​ការ​បក ស្រាយ​បំភ្លឺ​ពី​ជម្ងឺ​ពកក​បា​សឺដូវ ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ជ្រាប តាម​រយៈ​ការ​ធ្វើកិច្ច​សម្ភាសន៍​ជាមួយ​ទស្សនា​វដ្ដី សុខភាពយើង។

ជម្ងឺ​ពកក​ប្រភេទ​បា​សឺ​ដូវ ជាអ្វី?

ជា​ដំបូង​សូម​លោក​អ្នក​ស្វែង​យល់​អំពី​ក្រពេញ​ក ឬ​ក្រពេញ​មេ​អំបៅ​(ព្រោះ​វា​មាន​រាង​ដូច​មេ​អំបៅ)​សិន​ថា គឺ​ជា​ក្រពេញ ទី​រ៉ូ​អ៊ីត​ដែល​ផលិត​ជាតិ​អ័រ​ម៉ូន​ម្យ៉ាង។ ក្រពេញ​ក ឬ​ក្រពេញ​មេ​អំបៅ មាន​ទម្ងន់​ពី១០​ទៅ​២០​ក្រាម កម្ពស់​៤ទៅ​៦សង់​ទី​ម៉ែត្រ និង ប្រវែង​ទទឹង​២ទៅ​៦សង់​ទី​ម៉ែត្រ គិត​ជា​មធ្យម​វា​ស្ថិត​នៅ​ចំពី​មុខ​បំពង់​ដង្ហើម​យើង​ម្នាក់ៗ​(ក​ខាង​មុខ​)។ ក្រពេញ​ក ឬ​ក្រពេញ​មេ អំបៅ​មាន​តួ​នាទី​សំខាន់​ណាស់ ក្នុង​ការ​សម្រប​សម្រួល​គ្រប់​ប្រព័ន្ធ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ខ្លួន​ឱ្យ​ដំណើរ​ការ​បាន​ល្អ។ បាន​ន័យ​ថា សម្រប​សម្រួល​តាំង​ពី​បេះ​ដូង ថ្លើម ប្រព័ន្ធ​សរ​សៃ​ប្រសាទ សម្រប​សម្រួល​តាំង​ពី​សាច់​ដុំ​ប្រព័ន្ធ​ខ្លាញ់ ប្រព័ន្ធ​សរ​សៃ​ឈាម ប្រព័ន្ធ រំលាយ​អាហារ និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត។ មនុស្ស​មិន​អាច​រស់​នៅ​ដោយ​គ្មាន​អ័រ​ម៉ូន​របស់​ក្រពេញ​ក​នេះ​បាន​ទេ ហើយ​ក្រ​ពេញ​នេះ​ផលិត អ័រ​ម៉ូន និង​ដំណើរ​ការ​ទៅ​បាន​ដោយ​សារ​មាន​បរិ​មាណ​អ៊ី​យ៉ូត​គ្រប់​គ្រាន់។ ប្រសិន​បើ​ខ្វះ​អ៊ី​យ៉ូត ឬ​លើស​អ៊ី​យ៉ូត នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ ផលិត​អ័រ​ម៉ូន​នេះ។ ដូច​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​កើត​មាន​ជម្ងឺ​ដ៏​ច្រើន​ពាក់​ព័ន្ធ​នឹង​ក្រ​ពេញ​ក​នេះ។

មូល​ហេតុ​បន្ដ​ជម្ងឺ​ពក​ក​ប្រ​ភេទ​បា​សឺ​ដូវ

គេ​ចាប់​ផ្ដើម​ស្គាល់​ជម្ងឺ​ពក​ក​បា​សឺ​ដូវ ដែល​ជា​ជម្ងឺ​មួយ​ក្នុង​ចំ​ណោម​ជម្ងឺ​ដ​ទៃ​ទៀត​របស់​ក្រ​ពេញ​ក​នេះ តាំង​ពី​ឆ្នាំ​១៨៣៨​នៅ ប្រទេស​អង់​គ្លេស។ មូល​ហេតុ​ដែល​បន្ដ​ឱ្យ​កើត​មាន​ឡើង​ដោយ​សារ​កត្ដា​មួយ​ចំនួន។

  • ក្រ​ពេញ​ទី​រ៉ូ​អ៊ីត ផលិត​លើស​ជាតិ​អ័រ​ម៉ូន
  • កង្វះ ឬ​លើស​អ៊ី​យ៉ូត ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​ទៅ​ដល់​ក្រពេញ​ក ឬ​ក្រ​ពេញ​មេ​អំបៅ​ផលិត​លើស​អ័រ​ម៉ូន
  • មាន​ទំនាក់​ទំនង​ផ្នែក​ខាង​ហ្សែន និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​យើង​ប្រឆាំង​គ្នា​ឯង ដោយ​ពុំ​មាន​ការ​ពន្យល់​អំពី​មូល​ហេតុ ណា​មួយ​ច្បាស់​លាស់
  • កត្ដា​តំណ​ពូជ​មាន​ប្រហែល​២០​ទៅ​៣០​ភាគ​រយ។

រោគ​សញ្ញា​ជម្ងឺ​ពក​ក​ប្រ​ភេទ​បា​សឺ​ដូវ

ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​ហើយ​ថា ក្រពេញ​ក ឬ​ក្រពេញ​មេ​អំបៅ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ប្រព័ន្ធ ខាង​ក្នុង​ឬ​ដំណើរ​ការ​ប្រព្រឹត្ដ​ទៅ​នៃ​សរី​រាង្គ។ ម្ល៉ោះ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​ជម្ងឺ​នេះ មិន​មាន​រោគ​សញ្ញា​ណា​មួយ​ឱ្យ​ប្រាកដ​ប្រជា​នោះ​ទេ។ វា​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​ចម្រុះ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ថា​ជា​ជម្ងឺ​ផ្សេងៗ​ទៅ​វិញ។ នេះ​ជា​អន្ទាក់​ធំ​សម្រាប់​គ្រូ​ទេព្យ បើ​ពុំ ចំ​ណាយ​ពេល​គ្រប់​គ្រាន់​ជា​មួយ​អ្នក​ជម្ងឺ។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា​បេះដូង​ដើរ​លឿន​ខុស​ចង្វាក់​ថប់​ដើម​ទ្រូង ធ្វើ​ការ​ឆាប់​ហត់ ហូប​ច្រើន​នៅ​តែ​ស្គម ស្រក​ទម្ងន់​លឿន បែក​ញើស​ចុង​ដៃ អ្នក​ជម្ងឺ​ឆាប់​ចាញ់​នូវ​ភាព​ក្ដៅ​(អា​កាស​ធាតុ ឬ​កម្ដៅ​ថ្ងៃ) ស្បែក​ស្ដើង​ស្ងួត គ្មាន​សំណើម អ្នក​ជម្ងឺ​ច្រើន​តែ​រាក ភ្នែក​លៀន​ធំ​ចេញ​មក​ខាង​ក្រៅ គេង​មិន​លក់​ឈឺ​ក្បាល ឆាប់​ខឹង រដូវ​ដើរ​មិន​ទៀង មិន​មាន​ផ្ទៃ​ពោះ បាន​តាម​បំណង ឬ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ អ្នក​ជម្ងឺ​ខ្លះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យល់​ថា ជា​រោគ​វិកល​ចរិត និង​នាំ​ទៅ​ពិ​គ្រោះ​ផ្នែក​ខាង​រោគ ចិត្ដ​តែ​ម្ដង។

វិធី​ព្យា​បាល​ជម្ងឺ​ពក​ក​ប្រ​ភេទ​បា​សឺ​ដូវ

នៅ​ប្រ​ទេស​កម្ពុជា ជម្ងឺ​ពក​ក​នេះ​អាច​ព្យា​បាល​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ដោយ​ការ​ប្រើ​ឱសថ​ដើ​ម្បី​ទប់​ស្កាត់​ក្រ​ពេញ ក ឬ​ក្រ​ពេញ​មេ​អំបៅ​កុំ​ឱ្យ​ផលិត​អ័រ​ម៉ូន​ហួស​ហេតុ​ពេក។ អ្នក​ជម្ងឺ​ត្រូវ​ទទួល​ទាន​ឱសថ​កម្រិត​ខ្ពស់ រយៈ​ពេល​២ខែ​ដំបូង។ បន្ទាប់​ពី២​ខែ ហើយ ការ​ទទួល​ទាន​ឱសថ​គឺ​នៅ​ក្នុង​កម្រិត​ទាប​វិញ ក្នុង​រយៈ​ពេល​ពី១​ឆ្នាំ​ទៅ១​ឆ្នាំ​កន្លះ។ ការ​ព្យា​បាល​នេះ​អាច​ជា​បាន​ពី៣០​ទៅ​៥០ ភាគ​រយ មាន​ន័យ​ថា២​នាក់​អាច​ជា១​នាក់​ដោយ​មិន​ទាម​ទារការ​វះ​កាត់​ក្រពេញ។ ប៉ុន្ដែ​ក្នុង​ស្ថាន​ភាព​ជម្ងឺ​ខ្លះ ករណី​អ្នក​ជម្ងឺ​មាន​វ័យ ចំ​ណាស់​ពេក ឬ​ទុក​ត្រាំ​ត្រែង​ដោយ​ទទួល​ថ្នាំ​ព្យា​បាល​គ្មាន​ការ​តាម​ដាន​ម៉ត់​ចត់​ជា​ដើម ការ​ព្យា​បាល​មិន​អាច​ប្រើ​ឱសថ​មួយ​មុខ​ទេ គឺ​ការ​ព្យា​បាល​ដោយ​ប្រើ​អម​ជា​មួយ​នឹង​វិធី​វះ​កាត់។ សម្រាប់​នៅ​ប្រទេស​ជឿន​លឿន ការ​ព្យា​បាល​ធ្វើ​ឡើង​ដោយ​ប្រើ​វិទ្យុ​ស​កម្ម អ៊ី​យ៉ូត​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​យ៉ាង​សា​មញ្ញ​បំផុត ដោយ​គ្រាន់​តែ​លេប​ម្ដង​គត់​នូវ​ថ្នាំ​ប្រភេទ​នេះ​ដើ​ម្បី​ឱ្យ​ទៅ​បំផ្លាញ​ក្រ​ពេញ​ក ឬ ក្រពេញ​មេ​អំបៅ មិន​ឱ្យ​ផលិត​អ័រ​ម៉ូន​បាន។

វិធី​បង្ការ​ជម្ងឺ​ពក​ក​ប្រភេទ​បាសឺ​ដូវ

គ្មាន​មធ្យោ​បាយ​ណា​មក​ទប់​ស្កាត់​ជម្ងឺ​ពក​ក​បាសឺ​ដូវ មិន​ឱ្យ​កើត​ឡើង​ទាំង​ស្រុង​បាន​ទេ។ ប៉ុន្ដែ​មាន​កត្ដា​មួយ​ចំនួន​ដែល អាច​ជួយ​កាត់​បន្ថយ​បាន​ខ្លះៗ​ពី​ជម្ងឺ​ពក​ក​នេះ។ លោក​អ្នក​ត្រូវ​ទទួល​ចំណី​អាហារ​ដែល​មាន​ជាតិ​អ៊ី​យ៉ូត​ឱ្យ​បាន​គ្រប់​គ្រាន់​អាច​ជួយ ការ​ពារ​បាន​ពី២០​ទៅ​៣០​ភាគ​រយ។ ជាតិ​អ៊ី​យ៉ូត​មាន​នៅ​ក្នុង​ចំណី​អាហារ​គ្រប់​បែប ដូច​ជា​បន្លែ ផ្លែ​ឈើ សាច់​ជា​ដើម។ ជា​ពិ​សេស អ៊ី​យ៉ូត​មាន​នៅ​ក្នុង​សាច់​ត្រី ស៊ុត និង​អំបិល​អ៊ីយ៉ូត។

ផល​ប៉ះ​ពាល់​នៃ​ជម្ងឺ​ពក​ក​ប្រភេទ​បា​សឺ​ដូវ

ប្រសិន​បើ​កើត​មាន​ជម្ងឺ​ពក​ក​នេះ​ហើយ មិន​ប្រញាប់​ធ្វើ​ការ​ព្យា​បាល​ទេ នោះ​នាំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​សរី​រាង្គ​ផ្សេងៗ។

  • ធ្វើ​ឱ្យ​បេះ​ដូង​ដើរ​លឿន​ខុស​ពី​ធម្មតា បណ្ដាល​ឱ្យ​អ្នក​ជម្ងឺ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ជីវិត ដោយ​សារ​ចង្វាក់​បេះដូង​ដើរ ញាប់​ពេក
  • អ្នក​ជម្ងឺ​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ដ និយាយ​ច្រើន មិន​ដឹង​ខុស​ត្រូវ
  • អ្នក​ជម្ងឺ​ប្រឈម​មុខ​នឹង​ជម្ងឺ​បាក់​ឆ្អឹង​មុន​កំណត់
  • អ្នក​ជម្ងឺ​ប្រឈម​មុខ​នឹង​វិបត្ដិ​បន្ដ​ពូជ​ផ្សេងៗ។

ដំ​បូ​ន្មាន​អ្នក​ឯក​ទេស

ផល​វិបាក​នៃ​ជម្ងឺ​នេះ មាន​ច្រើន​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច។ ចំណែក​ឯ​ការ​ព្យា​បាល​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ព្រោះ​នៅ​ពេល ធ្វើ​ការ​វះ​កាត់​ដោយ​មាន​ឈាម​ហូរ​ច្រើន បើ​សិន​ជា​អ្នក​ជម្ងឺ​ពុំ​បាន​ទទួល​ថ្នាំ​ព្យា​បាល​ត្រឹម​ត្រូវ​ជា​មុន​នោះ​ទេ។ ដូច​នេះ​បើ​លោក អ្នក​មាន​អាការ​ណា​មួយ​ដូច​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ ហើយ​លោក​អ្នក​សង្ស័យ​ថាជា​ជម្ងឺ​ពកក​បាសឺ​ដូវ សូម​លោក​អ្នក ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើ​ម្បី​ធ្វើ​ការ​ពិនិត្យ រក​វិនិ​ច្ឆ័យ​រោគ​ឱ្យ​បាន​ឆាប់​បំផុត និង​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *