ឱសថក្លែងក្លាយ ដែលគេសង្កេតឃើញជាញឹកញាប់នៅតំបន់អាស៊ី និងជាពិសេសនៅប្រទេសកម្ពុជា រួមមានឱសថសម្រាប់ព្យាបាលជម្ងឺរបេង និងជំងឺគ្រុនចាញ់។ ការប្រើប្រាស់ឱសថក្លែងក្លាយនេះ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការព្យាបាលប៉ុណ្ណោះទេ ក៏ប៉ុន្ដែវានឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ប្រទេសកម្ពុជាត្រូវគេមើលឃើញថា គឺជាប្រទេសក្រីក្រមួយ ដែលមានការអនុវត្តវិធានការនានា រួមទាំងការអនុវត្តច្បាប់នៅមានភាពទន់ខ្សោយ និងធូររលុង។ ការលក់ដូរថ្នាំពេទ្យជាពិសេសនៅតាមតំបន់ជនបទច្រើនតែធ្វើឡើងលាយឡំជាមួយនឹងការលក់គ្រឿងទេស។ ហើយឱសថទាំងនេះពុំមានការត្រួតពិនិត្យដិតដល់ពីប្រភព និងការត្រួតពិនិត្យទៅលើការថែទាំ និងការរក្សាទុកឲ្យបានត្រឹមត្រូវឡើយ។
យោងតាមសារព័ត៌មាន Channel News Asia របស់ប្រទេសសិង្ហបុរី ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ឱសថប្រឆាំងជម្ងឺគ្រុនចាញ់ច្រើនជាង១ភាគ៣ នៅតំបន់អាស៊ីអាគ្នេយ៍ គឺជាឱសថក្លែងក្លាយ។ នេះបើតាមការពិនិត្យរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ។ក្រុមវេជ្ជបណ្ឌិតបានចេញសេចក្ដីព្រមាននេះកាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា ឱសថទាំងនោះ គឺស្រដៀងទៅនឹងឱសថដែលគេធ្វើការវិភាគនៅអាហ្វ្រិកដែរ ពោលគឺនៅក្រោមគុណភាពស្ដង់ដា។ក្រោយពីធ្វើការស្រាវជ្រាវក្នុងប្រទេសចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍ មានឱសថ ៣០ភាគរយនៃសំណាកគម្រូ (sample) គឺមិនត្រឹមត្រូវតាមស្ដង់ដា។
ការរកឃើញនេះ គឺស្រដៀងនឹងការរកឃើញនៅប្រទេសចំនួន២១ ក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកដែរ ដែលមាន៣៥ភាគរយនៃឱសថនេះ គឺស្ថិតក្រោមស្ដង់ដាឱសថ។
ការសិក្សាស្រាវជ្រាវថ្មីមួយផ្សេងទៀត បានឲ្យដឹងថាការសម្បូរហូរហៀរនៃឱសថប្រឆាំងនឹងជម្ងឺគ្រុនចាញ់ក្លែងបន្លំឬគ្មានគុណភាពនៅទូទាំងទ្វីបអាហ្វ្រិក និងទ្វីបអាស៊ីកាលពីទសវត្សរ៍មុនបណ្តាលឲ្យមានការប្រថុយប្រថានយ៉ាងខ្លាំង លើការប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺចម្លងតាមមូសនេះ។ ការចរាចរណ៍ឱសថក្លែងក្លាយនៅកម្ពុជា និងនូវអាស៊ី បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត។ ការបន្លំផលិតផលឱសថ និងការលួចផលិតឱសថក្លែងបន្លំ ដើម្បីចែកចាយក្នុងទីផ្សារងងឹត គឺជាការគម្រាមកំហែងដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ឱសថក្លែងក្លាយ អាចមានសារធាតុសកម្មមិនត្រឹមត្រូវ ហើយសារធាតុទាំងនោះ អាចមានចំនួនច្រើនជ្រុល ឬតិចជ្រុល និងអាចមានសារធាតុពុលផងដែរ។ ឱសថទាំងនោះក៏អាចបង្កើននូវភាពស៊ាំដល់សាពាង្គកាយរបស់អ្នកជម្ងឺ ដោយពិបាកក្នុងការព្យាបាលនឹងថ្នាំដែលមានប្រសិទ្ធភាពវិញផងដែរ។
បើយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ឱសថដែលមិនត្រឹមត្រូវបានគុណភាពស្ដង់ដា គឺជាបញ្ហាដ៏ចម្បងមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ដែលបានសម្លាប់ជីវិតមនុស្សអស់ ៦៥៥០០០នាក់ កាលពីឆ្នាំ២០១០។ ក្រៅពីមិនមានការពិនិត្យគុណភាពឲ្យបានច្បាស់លាស់នៅពេលផលិត ការលេបថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវក៏ជាបញ្ហានោះដែរ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Leave a Reply