ជម្ងឺគ្រុនឈាមចូលរាតត្បាតប្រជាជននៅខេត្តកំពង់ឆ្នាំង

បន្ទាប់​ពីមាន​ភ្លៀងធ្លាក់​ដើមឆ្នាំ​កន្លង​មក ជម្ងឺ​គ្រុនឈាម​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើត​ឡើង ដោយ​សារមូស​ខ្លាខាំ។ បច្ចុប្បន្នជម្ងឺនេះ​បាននឹង​កំពុង​រាត​ត្បាត នៅតាម​បណ្តាល​ខេត្ត ក្រុង​មួយ​ចំនួន​គួរឲ្យ​កត់​សម្គាល់ នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅក្នុង​ខេត្តកោះកុង ឧត្តរ​មានជ័យ បន្ទាយ​មាន​ជ័យ កំពង់​ស្ពឺ និងខេត្ត​កណ្តាល តាកែវ និង​ព្រះវិហារ ជាដើម។ កាលពី​ពេលថ្មីៗនេះ ប្រជាជននៅ​ខេត្ត​កំពង់​ឆ្នាំង​កំពុង​មានការ​ព្រួយ​បារម្ភ​អំពី​ជម្ងឺ​គ្រុន​ឈាម​នេះ ដែល​បាន​រាតត្បាត​ប្រជាពល​រដ្ឋនៅ​ក្នុងខេត្ត​នោះ។ តើជម្ងឺ​គ្រុនឈាម បាននឹង​កំពុង​រាត​ត្យាត​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំង​យ៉ាង​ណា​ខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

បើយោង​តាម​សេចក្តី​ណែនាំ​អនុវត្តន៍​ស្តីពី​វិធាន​ការ​បង្ការ និង​ការទប់​ស្កាត់​ជម្ងឺ​គ្រុន​ឈាម ចុះថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១២ របស់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង លោក​ទូច ម៉ារីម បានឲ្យ​ដឹងថា ចាប់​តាំងពី​សប្តាហ៍​ទី១៧ ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១២ ជា​លើក​​ដំបូង​ហើយ ដែល​មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​២​ករណី​នៅភូមិ​កណ្តាល សង្កាត់​រលាប្អៀរ​បន្ទាប់​មក​​ជម្ងឺ​នេះ​បាន​កើត​ឡើង​ជាបន្ត​បន្ទាប់ មក​ដល់​សប្តាហ៍​ទី​២២ នាថ្ងៃ​ទី២៣ ដល់ថ្ងៃ​ទី២៩  ខែ​ឧសភា​ឆ្នាំ​២០១២។ នេះបើ​យោង​តាមការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សាព័ត៌​មាន​ដើម​អំពិល។

សារ​ព័ត៌មាន​នេះបាន​បន្ត​ថា ជម្ងឺ​គ្រុន​ឈាម​នៅក្នុង​ក្រុង​កំពង់​ឆ្នាំង​មាន​ចំនួន​១​ករណី ស្រុក​រលប្អៀរ​៤​ករណី ស្រុកបរិបូណ៍​៣​ករណី និង​នៅ​ស្រុក​កំពង់​លែង​១​ករណី។ សរុប​ជារួម​ជម្ងឺ​គ្រុន​ឈាម​គិត​ត្រឹមថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១២ខេត្ត​កំពង់ឆ្នាំង​មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​៣២​ករណី​ហើយ។

ប្រធាន​កម្មវិធី​គ្រុន​ចាញ់ និង​គ្រុន​ឈាម​នៃមន្ទីរ​សុខាភិបាល​ខេត្ត​លោក ពេជ្រ សុន បានឲ្យ​ដឹង ថា ជម្ងឺ​គ្រុន​ឈាមបើ​ប្រៀប​នឹងឆ្នាំ​មុន កើត​ឡើង​ត្រឹមតែ​៥​ករណី​ប៉ុណ្ណោះ។ ដូច្នេះ​៥ខែ​ដើម​ឆ្នាំ​២០១២ មាន​កុមារ​ចូល​សម្រាក​ព្យាបាល​ជម្ងឺ​ក្នុង មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មាន​ចំនួន​១៥១​នាក់ ក្នុងនោះ​កុមារី កើត​ជម្ងឺ​គ្រុន​ឈាម​មាន៣៦​នាក់។ នៅថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១២​នេះ មន្ទីរ​ពេទ្យ​បង្អែក​ខេត្តមាន​កុមារ​សម្រាក​ព្យាបាល​ជម្ងឺ​៣១​នាក់ ក្នុង​នោះ​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​មាន១៤​នាក់។

លោក ម៉ម ម៉ាឡៃ អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​បាន​លើក​ឡើង​ថា  បើទោះ​បីជា​សញ្ញា​ហានី​ភ័យនៃ​ការវិវត្តន៍​ស្ថិតិ​ករណីជម្ងឺ​គ្រុនឈាម​ប្រចាំ​សប្តាហ៍​មានការ​កើនឡើង​ក៏ដោយ ក៏កុមារ​ស្លាប់​ដោយ​សាជំងឺ​គ្រុន​ឈាម នៅខេត្ត​កំពង់​ឆ្នាំង​មិនមាន​ទេ។ នេះ​ដោយ​សារមាន​ការ​ឧបត្ថម្ភ​គាំទ្រ ពី​ក្រសួង​សុខា​ភិបាល មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺ​គ្រុន​ឈាម អភិបាល​ខេត្តកំពង់​ឆ្នាំង លោក​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង ព្រម​ទាំងមាន​ការ​សហការ​គ្នា​ជាមួយ​បណ្តា​អង្គ​ការ ក្រៅ​រដ្ឋាភិបាលជាតិ-អន្តរ​ជាតិ​មួយ​ចំនួន បាន​ធ្វើឲ្យ​ការចុះ​អភិបាល​ការងារ​ពីថ្នាក់​ជាតិ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្រុក មាន​ភាព​ប្រសើរ និងបានស្វាគមន៍​ក្នុងការ​ដាក់ថ្នាំ​អាបេត ព្រម​ទាំងការចូលរួមធ្វើអនាម័យក្នុងលំនៅដ្ឋានផ្ទាល់របស់ខ្លួនអាណាព្យាបាលបាននាំកូនចៅពួកគាត់​មក​ទទួល​ការ​ពិគ្រោះ និង​ព្យាបាល​សេវា​សុខភាព​សាធារណៈ​ទាន់ពេល​វេលា នៅពេល​ដែល ពួក​គាត់​សង្ស័យ​ថាកូនរបស់​ពូកគាត់​កើតមាន​ជម្ងឺ​គ្រុន​ឈាម។ មន្ទីរ​សុខា​ភិបាល​មាន​គោល​ការណ៍​ណែនាំ មន្ទីរ​ពេទ្យ​ខេត្ត មន្ទីរ​ពេទ្យ​បង្អែក អតីត​ពេទ្យ ស្រុក និង​មណ្ឌល​សុខភាព ឲ្យមាន កាលើកលែងនៃការបង់ប្រាក់ថ្លៃពិគ្រោះនិងព្យាបាលជម្ងឺគ្រុនឈាមដល់ប្រជាពលរដ្ឋថែម​ទៀត​ផង។

អត្ថបទ​ដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ ៖​ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២​

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *