លើលោកនេះមិនមានអ្វីទៀងទាត់ទេ ការជួបហើយព្រាត់ជារឿងដែលត្រូវតែជួបប្រទះសម្រាប់មនុស្សលោកទាំងឡាយ។ គូស្វាមីភរិយា គូសង្សារក៏ពិបាកគេចផុតពីការបែកបាក់ដែរ បើលោកអ្នកមិនយល់ចិត្ដ ឬយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
ការបែកបាក់អាចកើតឡើងដោយសារបញ្ហា ច្រើនយ៉ាង។ ហេតុដូចនេះហើយដើម្បីចៀសវាងរាល់បញ្ហាមិនល្អចំពោះជីវិតគូគួរតែរួមគ្នា ប្រឈមមុខនឹងអ្វីដែលបានកើតឡើង។
ដើម្បីជាជំនួយក្នុងការដោះស្រាយបញ្ហាវិបត្ដិក្រោយពេលផិតក្បត់ទស្សនាវដ្ដីសុខភាពយើង បានជួបសម្ភាសជាមួយលោក ស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យា។
ទម្រង់នៃការផិតក្បត់
ផិតក្បត់ជាការបែកបាក់រវាងបុរសនិងស្ដ្រីដែលភាគច្រើនបុរសជាតួអង្គសំខាន់ដែលបង្កការផិតក្បត់។ ការផិតក្បត់ចំពោះបុរសជារឿងមួយមិនសូវលេចធ្លោដូចជាស្ដ្រីផិតក្បត់បុរសឡើយ ដោយសារវប្បធម៌នៃការរស់នៅរបស់ប្រពៃណីខ្មែរមានលក្ខណៈរឹតត្បិតចំពោះស្ដ្រីច្រើនជាងបុរស។
មូលហេតុនៃការផិតក្បត់
ជីវិតប្ដីប្រពន្ធវាមានការលំបាកដូច្នេះប្រសិនបើពេលក្រោយការកសាងគ្រួសារគូស្វាមីភរិយាមានគំនិតឈ្លាសវៃនិងការយល់ដឹងខ្ពស់ពួកគេនឹងរកឃើញនូវប្រភពសុភមង្គលស្មោះស្ម័គ្រ និងរឹងមាំ។ ផ្ទុយទៅវិញតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះក្នុងគ្រួសារនឹងមានការប៉ះទង្គិចហើយសុភមង្គលនឹងរង្គោះរង្គើ។ មានមូលហេតុជាច្រើនដែលបង្កឱ្យមានការផិតក្បត់ដែលភាគច្រើនកើតចេញពីការប្រព្រឹត្ដរបស់បុគ្គលម្នាក់ៗគួបផ្សំនឹងបរិយាកាសនៅជុំវិញខ្លួន។
1 . ការប្រព្រឹត្ដរបស់បុគ្គលម្នាក់ៗ ៖ មានគូស្វាមីភរិយាជាច្រើន ក្រោយពេលរៀបការទើបដឹងថាគូស្នេហ៍មិនសក្ដិសមនឹងខ្លួនព្រោះរយៈពេលរស់នៅជាមួយគ្នាកាន់តែយូរ អាកប្បកិរិយាអាក្រក់ទាំងឡាយក៏លេចឡើង។ ហេតុនេះហើយភាគីទាំងសងខាង ពិបាកក្នុងការទ្រាំទ្រក្នុងការរស់នៅជាមួយគ្នាជាបន្ដទៀត។ ដើមចមនៃបញ្ហាទាំងនោះរួមមានការត្បិតត្បៀតលុយកាក់ សុជីវធម៌ ការ គោរពគ្នាទៅវិញទៅមក ទម្លាប់ក្នុងការរស់នៅ ការរួមភេទជាដើម។ ជីវិតជាគូស្វាមីភរិយាជាជីវិតដែលគួរតែមានភាពផ្អែមល្ហែម ការគោរពគ្នា ការយល់ចិត្ដ និងយល់អធ្យាស្រ័យគ្នា។ ហេតុនេះបើខ្វះចំណុចអស់ទាំងនេះបញ្ហាផិតក្បត់ក៏កើតមានឡើង ព្រោះម្នាក់ៗ ត្រូវរស់នៅក្នុងភាពឯកោ ខ្វះការកក់ក្ដៅក្នុងគ្រួសារ ពេលនោះសុភមង្គលនៃជីវិតស្នេហាពិបាកនឹងរក្សាបានណាស់។
2 . បញ្ហារបស់សង្គម ៖ ពីមួយថ្ងៃទៅមួយថ្ងៃសង្គមកាន់តែរីកចម្រើនគំនិតនិងការអភិវឌ្ឍន៍របស់មនុស្សក៏កាន់តែកើនឡើង។ មានបុរសស្ដ្រីមួយចំនួនរត់តាមសង្គមសឹងមិនទាន់ ដែលជាហេតុបំពុលឱ្យពួកគេភ្លេចប្ដីភ្លេចប្រពន្ធភ្លើតភ្លើននឹងសម្ភារនិយមសប្បាយនឹងភ្លើងពណ៌ដោយមិនគិតពីចិត្ដអ្នកដែលកំពុងអង្គុយរង់ចាំនៅផ្ទះ។ ភាគច្រើននៃបុរសនៅពេលដែលមានប្រាក់ចំណូលខ្ពស់ តែងតែបែកគំនិតស្វែងរកការសប្បាយភ្លើតភ្លើនហួសនិស្ស័យដែលញ៉ាំងឱ្យស្ដ្រីជាភរិយាពិបាកទទួលយកនូវឥរិយាបថថ្មីទាំងនេះ។ មិនតែប៉ុណ្ណោះមានបុរសមួយចំនួនលួចលាក់ចិញ្ចឹមស្រីក្បត់ចិត្ដភរិយាដែលកត្ដាទាំងនេះធ្វើឱ្យស្ដ្រីភាគច្រើនពិបាកទទួលយក។
3 . បញ្ហារបស់គ្រួសារទាំងសងខាង ៖ ក្រោយពេលរៀបការ ប្រសិនបើគ្រួសារទាំងសងខាងនៅតែមានគំនិតជ្រៀតជ្រែក រឿងសុភមង្គលរបស់អ្នកទាំងពីរ ក៏ជាហេតុធ្វើឱ្យនរណាម្នាក់ក្នុងចំណោមគូស្វាមីភរិយាពិបាកនឹងទទួលយក។ មានគ្រួសារមិនតិចទេ រមែងមានទម្លាប់ជ្រៀតេជ្រែករឿងរ៉ាវរបស់គូស្វាមីភរិយាដែលទើបនឹងរៀបការ។ ព្រោះពួកគេយល់ថាប្ដីប្រពន្ធទាំងពីរអ្នកមិនទាន់ មានលទ្ធភាពអាចគ្រប់គ្រងគ្រួសារដោយខ្លួនឯងបាន ឬក៏អ្នកខ្លះទៀតចង់រក្សាអ្វីដែលកូនប្រុសរបស់ពួកគេធ្លាប់ធ្វើពីមុនមក ដូចជា ការផ្ដល់លុយកាក់ ការផ្ដល់សេចក្ដីស្រឡាញ់ និងស្ដាប់បង្គាប់ជាដើម។
នៅមានបញ្ហាជាច្រើនទៀតដែលអាចជាដើមហេតុនៃការផិតក្បត់របស់គូស្វាមីភរិយាដែលពេលខ្លះពិបាក តែអាចដោះ ស្រាយបានដែលអាស្រ័យលើគំនិតរបស់មនុស្សម្នាក់ៗ ជួនកាលអ្វីដែលអ្នកដទៃគិតថាមិនធ្ងន់ធ្ងរ តែបែរជាមិនអាចទទួលយកបាន ចំពោះរូបគេផ្ទាល់ទៅវិញ។
វិបត្ដិក្រោយពេលផិតក្បត់
បន្ទាប់ពីផិតក្បត់ ចៀសមិនផុតឡើយនូវការសោកស្ដាយចំពោះដៃគូទាំងសងខាង ហើយការសោកស្ដាយទាំងនោះមានរយៈ ពេលវែង និងរយៈពេលខ្លី អាស្រ័យលើពេលវេលា និងទឹកចិត្ដ។ ការសោកស្ដាយនោះរួមមានអនុស្សាវរីយ៍ដែលបានសាងទុកជាមួយ គ្នា និងស្ដាយរបស់របរ។ ម្យ៉ាងអាណិតកូនដែលគ្មានឪពុក ឬម្ដាយនៅជាមួយ និងប្រការដទៃទៀតដែលជាហេតុធ្វើឱ្យអ្នកដទៃវាយ តម្លៃថាជីវិតគូមិនល្អ។ ការផិតក្បត់នេះជួនកាលអាចធ្វើឱ្យកូន ឪពុកម្ដាយ ទៅជាមានជម្ងឺទៀតផងដែរ។ មិនត្រឹមតែមានការបែកបាក់ ជីវិតគូស្នេហ៍តែប៉ុណ្ណោះទេ ថែមទាំងមើលមុខគ្នាមិនចំទៀតផង ចំពោះបងប្អូនទាំងសងខាង។
វិធីសម្របសម្រួលដើម្បីមិនឱ្យមានការផិតក្បត់
ពេលមានបញ្ហាត្រូវរកមូលហេតុឱ្យឃើញ ដើម្បីយកមកដោះស្រាយ។ ប្រសិនបើជីវិតគូមិនអាចដោះស្រាយដោយខ្លួនឯង បាន គួររកជំនួយមកបន្ថែម ដូចជាមិត្ដភក្ដ្ដិ បងប្អូនជាដើម។ ជាធម្មតាទេក្រោយពីមានជម្លោះ តែងតែទម្លាក់កំហុសឱ្យគ្នាទៅវិញ ទៅមក តែដើម្បីទប់ស្កាត់មិនឱ្យមានជម្លោះបន្ដទៅមុខទៀត ម្នាក់ៗគួរទទួលយកកំហុសរបស់ខ្លួន មិនត្រូវទម្លាក់ឱ្យខាងនេះ ឬខាង នោះទេ ព្រោះធ្វើឱ្យរឿងកាន់តែវែងឆ្ងាយ។ ត្រូវតែចេះយល់ទឹកចិត្ដគ្នាទាំងកិច្ចការផ្ទះ ការមើលថែកូនៗនិងការរួមភេទ។ នៅពេល មានជម្លោះមិនគួរយកអ្វីដែលពាក់ព័ន្ធនឹងក្រុមគ្រួសារមកនិយាយជាមួយឡើយ។
វិធីទប់ស្កាត់ការផិតក្បត់
ទោះបីជាមានមូលហេតុច្រើនដែលបង្កឱ្យមានជម្លោះមែនពិត ក៏ប៉ុន្ដែមានវិធីទប់ស្កាត់អាចទប់ទល់បាន ប្រសិនបើលោកអ្នក មិនចង់បែកបាក់ជីវិតគូ។
- ប្រសិនបើអាចចៀសបាន មិនគួរបង្កើតឱ្យមានជម្លោះជាញឹកញាប់ពេកទេ
- ត្រូវមានទំនុកចិត្ដឱ្យគ្នាទៅវិញទៅមក
- សហការគ្នាដើម្បីជីវិតគូរបស់ខ្លួន កូន និងក្រុមគ្រួសារទាំងសងខាង
- ពេលមានជម្លោះ គួរតែដោះស្រាយ២នាក់ ដើម្បីចៀសវាងមិនឱ្យលេចឮទៅខាងក្រៅ ព្រោះការធ្លាយចេញមកខាងក្រៅ ធ្វើឱ្យអ្នកដទៃពេបជ្រាយរវាងជីវិតគូរបស់អ្នកទាំង២។
- ត្រូវពិភាក្សាអំពីប្រាក់ចំណូល និងចំណាយ មិនត្រូវលាក់លៀមគ្នាឡើយ។
ដំបូន្មានអ្នកប្រឹក្សា
បើលោកអ្នកមានបញ្ហាដៃគូទាំងសងខាង គប្បីសហការគ្នាដើម្បីដោះស្រាយ ទោះបីជាស្វាមីភរិយា ឬសង្សារក៏ដោយ ត្រូវ ប្រឈមមុខនឹងបញ្ហាដែលបានកើតឡើង។ ម្យ៉ាងទៀតលោកអ្នកគួរចេះយោគយល់ឱ្យគ្នាទៅវិញទៅមក ទើបគ្រួសារទាំងសងខាង មានទំនុកចិត្ដចំពោះជីវិតគូរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply