ជម្ងឺគ្រុនឈាមជាជម្ងឺកាចសាហាវមួយ ដែលធ្វើឱ្យ មាតាបិតា ទាំងឡាយមាន ការព្រួយ បារម្ភជាខ្លាំងពីសុខភាពកូនៗរបស់ ពួកគាត់ នៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ជម្ងឺគ្រុន ឈាម អាចសម្លាប់ក្មេងបានក្នុងរយៈពេលមួយដ៏ខ្លីបំផុតប្រសិនបើពុំមានការជួយ សង្គ្រោះបានទាន់ពេលវេលានោះទេ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោក ង៉ាន់ ច័ន្ទថាប្រធានមជ្ឈមណ្ឌលជាតិប្រឆាំងជម្ងឺគ្រុនឈាម អំពីស្ថានភាពជម្ងឺគ្រុនឈាមដោយបានផ្ដល់បទសម្ភាសន៍ដូចតទៅនេះ។
មូលហេតុដែលបណ្ដាលឱ្យអត្រាជម្ងឺគ្រុនឈាមធ្លាក់ចុះ
សព្វថ្ងៃមាតាបិតា អាណាព្យាបាលជាច្រើនមានការយល់ដឹងពីបញ្ហាជម្ងឺគ្រុនឈាមច្រើនដោយសារតែមានការផ្សព្វផ្សាយ ពីសំណាក់ក្រសួងសុខាភិបាលគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាលបានចុះណែនាំពលរដ្ឋឱ្យយល់ដឹងពីជម្ងឺគ្រុន ឈាម ណែនាំឱ្យមាតាបិតាសម្អាតគេហដ្ឋានដែលនៅជុំវិញខ្លួនឱ្យបានស្អាតល្អជានិច្ចបំបាត់ដង្កូវទឹកតាមទីកន្លែងដែលមានទឹកដក់ ថែមទាំងផ្ដល់ថ្នាំអាល់បែតជូនប្រជាពលរដ្ឋតាមគេហដ្ឋាន មានបាញ់ថ្នាំកម្ចាត់មូសនៅរដូវភ្លៀងធ្លាក់។ ប្រជាពលរដ្ឋមួយចំនួន សហការណ៍ជាមួយក្រសួងសុខាភិបាល និងការយល់ដឹងរបស់ពួកគាត់ធ្វើឱ្យកម្រិតនៃអត្រាជម្ងឺគ្រុនឈាមនេះមានការចុះទាបជាងឆ្នាំ មុន បើគិតរយៈពេល៦ខែដំបូងនៃដើមឆ្នាំនេះ។ កាលពីឆ្នាំមុនយើងមានកុមារដែលកើតជម្ងឺគ្រុនឈាមរហូតដល់ជាងពីរម៉ឺននាក់ ប៉ុន្ដែរហូតមកពេលនេះខាងមន្ទីរពេទ្យបានទទួលកុមារដែលកើតជម្ងឺគ្រុនឈាមតែជាងពីរពាន់នាក់តែប៉ុណ្ណោះ។ នៅឆ្នាំ២០០៨នេះ អត្រាកុមារដែលទទួលមរណៈភាពដោយជម្ងឺគ្រុនឈាមមានចំនួន២៤នាក់ស្មើនឹង១.២ភាគរយដូចជាឆ្នាំមុនដដែល ដោយសារតែអាណា ព្យាបាលបញ្ជូនកុមារមកកាន់មន្ទីរពេទ្យមិនទាន់ពេលវេលាឬបញ្ជូនមកតែជម្ងឺមានសភាពធ្ងន់ធ្ងរទៅហើយ។ ប្រជាពលរដ្ឋមានការ ចេះដឹងច្រើនអំពីបញ្ហានេះប៉ុន្ដែក៏នៅមានចំណុចមួយចំនួនអាចនឹងខ្វះខាត ការមិនទទួលខុសត្រូវរបស់បុគ្គលមួយចំនួនផងដែរ។ តែទោះជាយ៉ាងណាក៏ដោយក៏យើងនៅមានមោទនភាពដែរព្រោះអត្រាជម្ងឺគ្រុនឈាមនៅឆ្នាំនេះថយចុះជាងឆ្នាំមុនច្រើន។
ប្រការគួរប្រតិបត្ដិចំពោះមាតាបិតា
អាណាព្យាបាលទាំងឡាយគួរតែប្រុងប្រយ័ត្នចំពោះក្មេងៗនៅក្នុងរដូវភ្លៀង។ លោកអ្នកបានដឹងហើយថាជម្ងឺគ្រុនឈាមវា ឆ្លងមកកាន់កុមារបានតាមរយៈមូសខ្លាញី ដែលវាជាភ្នាក់ងារចម្លងតែមួយគត់ចំពោះកុមារ។ ដូច្នេះការសម្រាកគ្រប់ពេលវេលាទាំង អស់ចាំបាច់ត្រូវដាក់មុងជានិច្ច មិនថាជាពេលថ្ងៃ ឬពេលយប់ទេ។ ផ្ទះត្រូវមានពន្លឺគ្រប់គ្រាន់មិនត្រូវឱ្យក្មេងទៅលេងកន្លែងដែលងងឹត មិនសូវមានពន្លឺនោះទេ ព្រោះពពួកមូសខ្លាស្ថិតនៅតែទីងងឹតតែប៉ុណ្ណោះ។ ជុំវិញផ្ទះត្រូវស្អាតជានិច្ច មិនត្រូវមានស្មៅ ឬព្រៃដុះស៊ុប ទ្រុបទេ ត្រូវលាងសម្អាតពាង អាងទឹកឱ្យបានញឹកញាប់ចៀសវាងមានដង្កូវទឹករស់នៅឬក៏ដាក់ថ្នាំអាល់បែតសម្លាប់ដង្កូវទឹក ហើយ ត្រូវគ្របពាងទឹកជាប្រចាំ។ បំផ្លាញជម្រកមូសខ្លា ទីកន្លែងណាដែលមានទឹកដក់ត្រូវតែលុបបំបាត់ចោល ព្រោះវត្ថុទាំងនោះអាចបង្កឱ្យ មានមូសខ្លាបាន។
បើក្មេងដែលមានអាយុក្រោម៥ឆ្នាំ មានអាការក្ដៅខ្លួនខ្លាំងមាតាបិតាគួរតែប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅប្រភេទប៉ារ៉ាសេតាមុល ចៀសវាងការប្រើប្រាស់ថ្នាំប្រភេទអាស្ពីរីន។ ប្រសិនបើអាការក្ដៅខ្លួនរបស់កុមារមិនបានធូរស្រាលទេត្រូវប្រញាប់នាំយកកុមារទៅ កាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជីវិតដោយសារតែជម្ងឺគ្រុនឈាម។
ដំបូន្មានអ្នកឯកទេស
មាតាបិតាត្រូវយកចិត្ដទុកដាក់ចំពោះក្មេងៗ ជាពិសេសនោះគឺនៅរដូវភ្លៀងធ្លាក់បើគេមានអាការក្ដៅខ្លួនខុសពីប្រក្រតីត្រូវ ប្រើថ្នាំប៉ារ៉ាសេតាមុល ចៀសវាងការប្រីប្រាស់ថ្នាំអាស្ពីរីន។ បើមិនមានការធូរស្រាលទេត្រូវនាំកុមារទៅកាន់មន្ទីរពេទ្យដើម្បីជួយ សង្គ្រោះឱ្យទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply