បុរស និងស្ដ្រី មានជីវិតរស់នៅដើម្បីយល់ចិត្ដយល់ថ្លើមគ្នា ចេះស្ដាប់គ្នាទៅវិញទៅមក។ ប៉ុន្ដែជាប្រចាំថ្ងៃពួកគេទាំងពីរ នាក់បៀមលេបទៅដោយការកើតទុក្ខមិនសុខចិត្ដ ទំនាស់ទាស់ទែងគ្នា ការមិនចុះសម្រុងគ្នា ការមិនយល់ចិត្ដគ្នានិងការនឿយណាយ ទាំងកាយចិត្ដរៀងៗខ្លួន។ រឿងរ៉ាវទាំងនេះជាស្រមោលអន្ទោលតាមប្រាណពួកគេទាំងពីរនិងរំខានជីវិតគូស្នេហ៍បុរសស្ដ្រីនេះទៀត ផង។ តើពួកគាត់ត្រូវមានវិធីសាស្ដ្រឬមធ្យោបាយបែបណាខ្លះ ដើម្បីឆ្លងទៅដល់ត្រើយសុភមង្គល?
ក្នុងរឿងរ៉ាវស្នេហា មិនត្រូវសំចៃកម្លាំងឡើយ ហើយត្រូវចេះធ្វើឬផ្ដល់ឱ្យគ្នាទៅវិញទៅមកឱ្យបានច្រើនដោយមិនត្រូវគិត ទៅដល់ការផ្ដល់គ្រប់គ្រាន់ឬការតបស្នងជាគុណស្រ័យនោះឡើយ។ នៅក្នុងសង្គមគ្រួសារខ្មែរយើងស្ដ្រីអនុវត្ដបានប្រសើរណាស់ តែ បុរសវិញទេដែលព្រងើយកន្ដើយធ្វើមិនដឹងមិនឮនូវរឿងយកចិត្ដទុកដាក់នេះ។ ស្ដ្រីច្រើនតែចេះថ្នាក់ថ្នមបមបីស្វាមីឬគូស្នេហ៍ ដុស ក្អែលឱ្យប្ដី ឬជួនកាលម៉ាស្សាខ្លួនឬច្របាច់ដៃច្របាច់ជើងឱ្យប្ដីទៀតផងបែបនេះជាអ្វីមួយដែលប្រកបទៅដោយសុភមង្គលរវាងគ្នា។ រីឯបុរសខ្មែរវិញក៏គួរធ្វើអំពើទាំងនេះដល់ភរិយាឬស្ដ្រីជាគូស្នេហ៍វិញផងដែរ។ បើបែបនេះមែនពួកគាត់ទាំងពីរទាំងបុរសទាំងស្ដ្រីនឹង លែងគិតអំពីការបែកបាក់គ្នា ហើយត្រើយសុភមង្គលនៅជិតបង្កើយ។ តែសូមកុំច្រឡំការថ្នាក់ថ្នមគ្នាដើម្បីសេចក្ដីសុខផ្លូវភេទ ឬសុភមង្គលគ្រួសារ និងបញ្ហាយែនឌ័រ។
សូមសម្ដែងចំណង់កាមឱ្យដល់កម្រិតខ្ពស់ និងខ្លាំងក្លា
តើលោកស្រីអ្នកនាងធ្លាប់ស្រមៃទេថា លោកស្រីអ្នកនាងកំពុងតែនៅកម្សាន្ដជាមួយគូស្នេហ៍ពេលសម្រាកចុងសប្ដាហ៍ដើម្បី ធ្វើបុណ្យខួបអាពាហ៍ពិពាហ៍? ឬក៏ស្លៀកពាក់សម្លៀកបំពាក់ឬរ៉ូបពណ៌ក្រហមដ៏សិចស៊ីពេលរាត្រីស្រមោលសពេលល្ងាចថ្ងៃបុណ្យ សង្សារ? លោកស្រីអ្នកនាងមិនត្រូវរង់ចាំឱ្យគូស្នេហ៍ប្ដីឬប្រពន្ធរបស់លោកអ្នកដឹងអំពីចំណង់កាមតាមការទស្សន៍ទាយនោះទេ ៖ មាន តែលោកអ្នកបញ្ចេញវាទេទើបគេដឹង! បែបនេះកាត់បន្ថយបាននូវការមានគំនិតអកុសល គុំគួនឬចាំមើលបំណាំសិន។ គូស្វាមីភរិយា ភាគច្រើនចង់បង្កើតបរិយាកាសសប្បាយរីករាយ និងមានសុភមង្គលប៉ុន្ដែពួកគាត់មិនមានគំនិតទាល់តែសោះ។ នៅក្នុងក្របខ័ណ្ឌ រឿងរ៉ាវផ្លូវភេទ គឺដូចតែគ្នាទេបើសិនជាលោកស្រីអ្នកនាងមិននិយាយចេញឱ្យច្បាស់ប្រាប់ដៃគូនូវអ្វីដែលលោកស្រីអ្នកនាងចូលចិត្ដ នូវអ្វីដែលលោកស្រីអ្នកនាងចង់ឱ្យគាត់ធ្វើចំពោះខ្លួននិងនូវអ្វីដែលលោកស្រីអ្នកនាងមិនចូលចិត្ដ ឬរបៀបដែលលោកស្រីអ្នកនាងមិន ចូលចិត្ដនោះគាត់ពិតជាមិនអាចទស្សន៍ទាយដោយខ្លួនគាត់ម្នាក់ឯងនោះទេ។ សូមសាកសួរទៅកាន់គាត់ ដោយសម្ដីសម្ដៅរម្យទម ផ្អែមល្ហែម តែច្បាស់ៗ ដោយគ្មានការលាក់លៀមនោះគាត់នឹងផ្ដល់ជូនលោកស្រីអ្នកនាងវិញនូវការពេញចិត្ដពេញថ្លើមជាអតិបរិមា ជាក់ជាមិនខានឡើយ។
សូមចំណាយពេលនៅជាមួយគ្នា
ការងារ ការមើលថែទាំកូន ការមើលទូរទស្សន៍ ចំណាយចាយវាយនេះ ចំណាយនោះ។ល។តើគ្រួសារឬប្ដីប្រពន្ធភាគច្រើន ពិតជាវិលវល់ក្ន្នុងរឿងទាំងនេះមែនឬ? ជារៀងរាល់ថ្ងៃ សូមគ្រប់គ្រងឱ្យបាននូវជីវិតគូស្រករជាអាទិទុកពេលវេលាស្គាល់គ្នាទៅវិញ ទៅមក និងពេលវេលាសមរម្យមួយសម្រាប់ការនែបនិត្យគ្នា ដែលមិនត្រូវនិយាយពីរឿងការងាររឿងលុយកាក់ និងរឿងអប់រំកូនចៅ នោះឡើយ។ ម្នាក់ត្រូវយកចិត្ដទុកដាក់នឹងម្នាក់ទៀត ជាពិសេសអំពីអារម្មណ៍និងអំពីអ្វីដែលម្នាក់ៗចង់និយាយរៀបរាប់ប្រាប់។
ការផ្ដល់ឱ្យគ្នាទៅវិញទៅមកនេះ ជាឱសថទិព្វមួយជួយសណ្ដំឱ្យស្ដ្រីជាដៃគូមានអារម្មណ៍ថាខ្លួនស្ថិតនៅក្នុងកែវភ្នែករបស់ ស្វាមី ឬបុរសជាដៃគូនោះ។ ព្រោះថាពេលវេលាចំនួន១៥នាទីជួនកាលមានតម្លៃសម្រាប់ពេញមួយជីវិតសម្រាប់គូស្នេហ៍របស់ លោកស្រីអ្នកនាង ជាពិសេសពេលទទួលទានអាហារពេលល្ងាចជាមួយគ្នា ឬពេលនៅលើគ្រែជាមួយគ្នាជាដើម។
មិនត្រូវសម្រេចចិត្ដបែបអាត្មានិយមឡើយ
គ្រប់ប្រធានបទសំខាន់ៗទាំងអស់ រាល់ការសម្រេចចិត្ដចុងក្រោយមិនអាចជាកម្មសិទ្ធិរបស់សមាជិកគ្រួសារណាម្នាក់នោះទេ ប៉ុន្ដែជាការយកចិត្ដទុកដាក់រួមគ្នា ជាពិសេសតាមរយៈកិច្ចទំនាក់ទំនងនិងកិច្ចព្រមព្រៀងដែលកើតចេញពីភាគីទាំងពីរដោយក្ដី សោមនស្ស។ សមាជិកគ្រួសារឬប្ដីប្រពន្ធដែលជាគូស្នេហ៍ត្រូវមានភាពស្មើភាព ការជជែកគ្នាស្មើភាពការស្ដាប់គ្នាស្មើភាព និងសម្ដី សម្ដៅគោរពគ្នាទៅវិញទៅមក។
មិនត្រូវបំភ្លេចរឿងរ៉ាវលើគ្រែក្នុងគ្រួសារឡើយ
មិនមានដៃគូណាដែលនៅគង់វង្ស ដោយគ្មានជីវភាពផ្លូវភេទពេញចិត្ដពេញថ្លើមនោះទេ។ នៅក្នុងរឿងរ៉ាវទាំងនេះរហូត មកដល់សព្វថ្ងៃមិនទាន់មានក្បួនខ្នាតឬមាត្រដ្ឋានសម្រាប់គោរពធ្វើតាមនោះទេជាពិសេសចំពោះចំនួនដងនៃកិច្ចទំនាក់ទំនងរួមភេទ និងរយៈពេលប្រតិបត្ដិការផ្លូវភេទនោះទេ។ អ្វីដែលសំខាន់បំផុតគឺពេលគូស្នេហ៍ទាំងពីរឡើងលើគ្រែជាមួយគ្នាម្នាក់ៗទទួលបាន សុភមង្គលផ្ទាល់ខ្លួនរៀងៗខ្លួន។ សូមគិតគូរទៅដល់ពេលវេលា ទំនើងចិត្ដ និងការរៀបចំខ្លួនជាដើមជានិច្ចជាកាលមិនសូវជាស្រួលធ្វើ នោះទេ ប៉ុន្ដែវាជាភារៈកិច្ច។ នៅក្នុងរឿងលើគ្រែ មិនត្រូវរឹតត្បិតចំពោះការបបោសអង្អែលនិងការថើបថ្នាក់ថ្នមនោះទេ ហើយសូម ផ្លាស់ប្ដូរការតុបតែង និងក្បាច់រួមភេទឱ្យបានញឹកញាប់ផងដែរ។ ព្រោះថាដើម្បីឱ្យជីវភាពផ្លូវភេទប្រកបទៅដោយក្ដីសោមនស្ស សប្បាយរីករាយ ត្រូវចេះស្ដាប់គូស្នេហ៍ សួរគាត់ ពោលពាក្យខ្សឹបផ្អែមល្ហែមស្ដាប់កាមារម្មណ៍ និងចំណង់កាមរបស់ខ្លួនជាដើម។
បណ្ដាំផ្ញើ ៖ ដៃគូស្នេហ៍ជាប្ដីប្រពន្ធហើយក្ដី មិនត្រូវភ្លេចខ្លួនរហូតដល់ភ្លេចគិតទៅដល់ការប្រលោមស្នេហ៍គ្នាជាថ្មីនោះឡើយ។ ការបន្ដលួងលោមស្នេហ៍ គឺជាមធ្យោបាយជួយបន្ថែមភាពផ្អែមល្ហែមដល់ជីវិតលើគ្រែក៏ដូចជាជីវិតគ្រួសាររបស់គូជីវិត។ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកយកសុភមង្គលគ្រួសារមកជម្រាបជូននៅពេលក្រោយៗទៀត។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply