សុភាសិតមួយពោលទុកថា “វិជ្ជាជាទ្រព្យគាប់ប្រសើរ”។ នេះជាគតិដ៏ល្អដែលកុមារគួរតែខិតខំសិក្សាពុំគប្បីគេចវេសពីការ រៀនសូត្រនោះឡើយ។ កុមារដែលទទួលការអប់រំល្អមានចំណេះវិជ្ជា ប្រាកដជាមានអនាគតភ្លឺស្វាង។ ប្រសិនបើកុមារគេចវេសសាលា មិនចូលរៀន ទៅប្រព្រឹត្ដអំពើដែលសង្គមមិនឱ្យតម្លៃវិញ នោះនឹងធ្វើឱ្យកុមារបាត់បង់នូវអនាគត។ មិនតែប៉ុណ្ណោះ ធ្វើឱ្យមានផល វិបាកយ៉ាងច្រើនទៅដល់គ្រួសារ និងសង្គម។
សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាព យើង បានលើកយកពីមូលហេតុដែលកុមារគេចសាលារៀនមកបង្ហាញជូនប្រិយ មិត្ដអ្នកអានឱ្យបានស្វែងយល់តាមរយៈការជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្ដអ្នកឯកទេសវិកលវិទ្យានៃមន្ទីរ ពេទ្យមិត្ដភាពខ្មែរសូវៀត។
សាលារៀន ជាថ្នាលអប់រំ
សាលារៀនគឺជាថ្នាលដែលផ្ដល់នូវការអប់រំ និងបណ្ដុះបណ្ដាលចំណេះដឹងទូទៅដល់សិស្សានុសិស្សដើម្បីឱ្យសិស្សានុសិស្ស ក្រេបយកចំណេះវិជ្ជាមកដាក់នៅក្នុងខ្លួន ធ្វើជាស្ពានឈានទៅរកអនាគតភ្លឺស្វាង។ មិនតែប៉ុណ្ណោះធ្វើឱ្យកុមារចេះស្គាល់ពីសុជីវធម៌ និងឱ្យស្គាល់អ្វីទៅដែលសង្គមឱ្យតម្លៃ និងមិនឱ្យតម្លៃ។
មូលហេតុដែលនាំឱ្យកុមារគេចសាលារៀន
មូលហេតុដែលកុមារគេចវេសសាលារៀន មិនចូលសិក្សា គឺបណ្ដាលមកពីកត្ដាជាច្រើន។
1 . ពិនិត្យទៅតាមអាយុកាលរបស់កុមារ ៖ កុមារគេចសាលាត្រូវបានគេបែងចែកទៅតាមវ័យដូចខាងក្រោម ៖
- កុមារអាយុ៥ឆ្នាំ ៖ វ័យនេះកុមារប្រកាន់ចរិតចង់យកឈ្នះ។ បើឱ្យកុមារចាញ់ គឺកុមារមិនសុខចិត្ដចេះមានកំហឹងនឹង អ្នកមើលថែទាំនៅពេលដែលបញ្ជូនវាឱ្យទៅសាលា។ ថ្ងៃដំបូងដែលកុមារទៅសាលារៀនកុមារតែងតែមានការខ្លាចសាលានិងខ្លាច មិត្ដភក្ដិ ហើយមិនចង់រៀនសូត្ររៀងរាល់ថ្ងៃជាប្រចាំ រហូតកុមារចេះគេចវេសមិនចូលសិក្សានិងចេះកុហកអាណាព្យាបាលថា ថ្ងៃនេះ មិនរៀន ឬថ្ងៃស្អែកមិនរៀនជាដើម។ ដោយសារតែភាពស្រឡាញ់ជ្រុលរបស់អាណាព្យាបាលទៅលើកុមារ ធ្វើឱ្យកុមារចេះក្និកក្នក់ ប្រឆាំងអ្វីមួយ ដែលកុមារមិនពេញចិត្ដ ហើយមិនចង់ឃ្លាតពីអ្នកមើលថែទាំ។
- កុមារអាយុ៥ទៅ១០ឆ្នាំ ៖ នៅក្នុងវ័យនេះ កុមារតែងមានបញ្ហាច្រើន ដូចជាខ្លាចយល់សប្ដិអាក្រក់ ព្រួយបារម្ភពីរឿងមិត្ដភក្ដិ ខ្លាចគ្មានអ្នកណារាប់អានខ្លួននៅសាលា ធ្វើឱ្យខ្លួនឯកោ ខ្លាចប្រឈមមុខនឹងកិច្ចការសាលាច្រើនជាដើម។ កត្ដាទាំងនេះ ធ្វើឱ្យកុមារចេះគិតតែរឿងដដែលៗ មិនព្រមឈប់ ហើយមិនចង់ស្ដាប់បង្គាប់អ្នកណាឡើយ។ ដោយចចេសរឹងរូសមិនចង់ទៅសាលា រៀន ឬទៅសាលាបានតែ១ឬ២ម៉ោង កុមារត្រឡប់មកផ្ទះវិញ ហើយកុហកអ្នកផ្ទះដោយលើកហេតុផលនេះ ឬហេតុផលនោះ ជាដើម។
- វ័យជំទង់អាយុ១២ទៅ១៦ឆ្នាំ ៖ ជាវ័យដែលមានការលូតលាស់ សប្បាយភ្លើតភ្លើនបំផុតនិងនិយមត្រូវការមនុស្សខាង ក្រៅជាងគ្រួសារ។ ជាការយល់ដឹងលើខ្លួនឯងរឹតតែច្បាស់ទៅៗហើយរឹតតែចង់ដឹងច្រើនគ្រប់មជ្ឈដ្ឋានទាំងអស់ពីអ្នកដទៃ។ យុវវ័យ ស្ថិតនៅក្នុងវ័យនេះ គឺចូលចិត្ដចងក្រុមសម្ព័ន្ធជាមួយអ្នកដទៃ។ ម្យ៉ាងទៀតយុវវ័័យមានការខ្លាចមិត្ដភក្ដិឈប់់រាប់អានខ្លួន ធ្វើឱ្យខ្លួនឯង មានម្ចាស់ការឯករាជ្យលើជីវិតខ្លួនឯង មិនស្ដាប់បង្គាប់អ្នកណារហូតបែកគំនិតចង់ស្វែងយល់ពីផ្លូវភេទ។ យុវវ័យចង់ដឹងពីច្បាប់ គ្រួសារ និងសង្គម ហើយអាចជួបប្រទះបញ្ហាជាច្រើន ដូចជាកម្សត់ណាស់ សប្បាយជ្រុលឬមានជម្ងឺថប់អារម្មណ៍ជាដើម ធ្វើឱ្យគេមាន អារម្មណ៍មួម៉ៅក្ដៅក្រហាយជាមួយអ្នកដែលប្រឆាំងជំទាស់ខ្លួនចង់បង្កើតបក្សពួកបងធំ ឬបងតូច យកសុរានិងស្រីធ្វើជាល្បែង កម្សាន្ដ។ ការភ្លើតភ្លើនសប្បាយជ្រុលបែបនេះពង្វក់ឱ្យមានការគេចវេសពីការសិក្សា។
2 . ព្រឹត្ដិការណ៍បន្ទាប់បន្សំ ៖ កាលបើគ្មានឥទ្ធិពលពីសង្គម តែមានឥទ្ធិពលពីគ្រួសារក៏អាចធ្វើឱ្យកុមាររៀនពូកែអាចផ្លាស់ ប្ដូរទៅជារៀនខ្សោយវិញដែរ។ ឧទាហរណ៍ ឪពុកម្ដាយមានទំនាស់ទាស់ទែងគ្នានៅក្នុងរង្វង់គ្រួសារពុំបានផ្ដល់ភាពកក់ក្ដៅដល់កុមារ ធ្វើឱ្យកុមារមានការថប់អារម្មណ៍ ឬមានជម្ងឺផ្លូវចិត្ដរហូតធ្វើឱ្យកុមារគេចវេសពីសាលាដោយសារភាពស្មុគស្មាញនៅក្នុងគ្រួសារ។
ផលប៉ះពាល់ដែលកើតដល់កុមារគេចសាលារៀន
កុមារគេចវេសពីសាលារៀនមិនព្រមសិក្សា មិនត្រឹមតែអវិជ្ជាចំពោះខ្លួនឯងទេថែមទាំងធ្វើឱ្យមានផលប៉ះពាល់ទៅលើគ្រួសារ និងសង្គមទៀតផង។
1 . គ្រួសារ ៖ កាលណាកុមារគេចវេសពីសាលាមិនចូលរៀនសូត្រហើយបែរទៅជាបង្កើតបក្សពួកជាក្រុមទៅប្រព្រឹត្ដអំពើ មិនគប្បី ដែលសង្គមស្អប់ខ្ពើម ដូចជាលេងល្បែងស៊ីសង ឬគ្រឿងញៀនជាដើម។ ដូចនេះធ្វើឱ្យកុមារចេះលួចលុយ ឬទ្រព្យដែលមាន តម្លៃនៅក្នុងផ្ទះយកទៅលក់ ឬដាក់បញ្ចាំ។ នេះធ្វើឱ្យទ្រព្យសម្បត្ដិហូរចេញដោយមិនចំទិសដៅសមស្រប និងបង្កឱ្យអាណាព្យាបាល មានការក្ដៅក្រហាយ កើតក្ដីហ្មងសៅដំបៅទ្រូងព្រួយបារម្ភគ្រប់ពេលវេលាចំពោះកូនពេលដែលចាកចេញពីផ្ទះ។ លើសពីនេះវាធ្វើឱ្យ អាណាព្យាបាលមានការគិតច្រើន ខ្វល់ខ្វាយពីអនាគតកូនរហូតដល់ធ្លាក់ខ្លួនឈឺ។
2 . សង្គម ៖ ប្រទេសជាតិដែលមានការអភិវឌ្ឍន៍ ត្រូវការចាំបាច់សសរទ្រូងជាតិដែលមានកម្លាំងរឹងមាំពោលគឺធនធាន មនុស្ស។ កុមារគេចសាលាប្រាកដជាបាត់បង់ឱកាសទទួលការអប់រំ បាត់បង់អនាគតនិងធ្វើឱ្យពួកគេអាចក្លាយទៅជាមនុស្សដែលគ្មាន គុណភាព គ្មានចំណេះដឹងជួយដល់សង្គមជាតិនិងបាត់បង់កោសិកាដែលមានសុពលភាពក្នុងការរួមចំណែកកសាងជាតិ។ កត្ដាទាំងនេះ នឹងធ្វើឱ្យប្រទេសជាតិពុំមានការរីកចម្រើនឡើយ។
វិធានការទប់ស្កាត់កុមារគេចសាលា
នៅក្នុងគ្រួសារ មិនត្រូវមានជម្លោះទាស់ទែងគ្នាទេ។ ព្រោះជម្លោះនេះអាចធ្វើឱ្យកូនចេះពិបាកចិត្ដស្ថានភាពគ្រួសារដែល មានតែភាពឈ្លោះប្រកែកគ្នាឥតឈប់ឈរខ្មាសអ្នកដទៃ ខ្លាចគេមើលងាយធ្វើឱ្យកូនមិនព្រមទៅរៀនគេចវេសរហូតទៅជាដើរផ្លូវ ខុសទៀតផង។ អាណាព្យាបាលនៅជាមួយកូនរាល់ថ្ងៃ ត្រូវយល់ដឹងពីសកម្មភាពរបស់កូននិងចេះតាមដានការសិក្សារបស់កូន។ រយៈ ពេល១ខែ ឪពុកម្ដាយត្រូវទៅសាលា១ឬ២ដង ដើម្បីសួរព័ត៌មានពីគ្រូបង្រៀន ឬគ្រូបន្ទុកថ្នាក់។ បើអាណាព្យាបាលដឹងថា កូនគេច សាលាជាប្រចាំ នោះអាណាព្យាបាលត្រូវសហការជាមួយគ្រូបង្រៀនឱ្យបានល្អ។ អាណាព្យាបាលត្រូវមានពិន័យ ឬធ្វើទណ្ឌកម្ម ទៅ តាមលំដាប់នៃការប្រព្រឹត្ដខុសរបស់កូន ត្រូវចេះនិយាយជាមួយកូន ស្ទាក់មុនថាអាចធ្វើបែបនេះ ឬធ្វើបែបនោះគឺមិនល្អ មិនចាំបាច់ ទាល់តែកូនខុសហើយនោះទេ។ សុភាសិតពោលថា“ពត់ដែកទាន់នៅក្ដៅ អប់រំកូនចៅទាន់ក្មេង”។ ធ្វើបែបនេះអាចឱ្យក្មេងកែ អត្ដចរិត មានគំនិតចង់មកសិក្សាវិញ។ ឪពុកម្ដាយត្រូវចេះចំណាយពេលវេលាណែនាំកូនឱ្យយល់កត្ដាអ្វីខ្លះដែលសង្គមឱ្យតម្លៃ ហើយឪពុកម្ដាយត្រូវបង្ហាញពីអារម្មណ៍ដែលធ្វើឱ្យកូនចេះអាណិតអ្នកមានគុណ។ ប្រាប់កូនថា កាលបើកូនរៀនចេះដឹងបានខ្ពង់ខ្ពស់ គឺជា មោទនភាពនិងក្ដីសង្ឃឹមរបស់ឪពុកម្ដាយដែលចង់បាននៅបំផុត។ ហើយប្រទេសជាតិក៏ត្រូវការពួកគេជាចាំបាច់ដែរ សម្រាប់ធ្វើជាអ្នក ដឹកនាំកសាងជាតិឱ្យរឹងមាំនិងរីកចម្រើនទៅមុខ។ ត្រូវចេះពន្យល់កូនកុំឱ្យភ្លើតភ្លើនតាមមិត្ដភក្ដិមិនល្អពាលាអាវាសែ។ ព្រោះកាលណាភ្លើតភ្លើនសប្បាយជ្រុលនេះពង្វក់ឱ្យគេចសាលា។
ដំបូន្មានអ្នកឯកទេស
អាណាព្យាបាលគ្រប់រូបគប្បីចំណាយពេលវេលាយកចិត្ដទុកដាក់តាមដានការសិក្សារបស់កូន។ ភាពកក់ក្ដៅពីឪពុកម្ដាយ និងបងប្អូនអាចធ្វើកូនមានចរិតលក្ខណៈល្អ ធ្វើឱ្យកុមារចេះសម្របសម្រួលនឹងវិន័យសាលា។ កូនគេចសាលានាំឱ្យកូនអវិជ្ជាទៅជា មនុស្សគ្មានសុពលភាព ហើយសង្គមមិនត្រូវការទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply