ជម្ងឺ​ហា​រីក​ប្លោក​នោម

ជម្ងឺ​មហា​រីក​ប្លោក​នោម​កើត​មាន​នៅ​លើ​មនុស្ស​មិន​រើស​វ័យ​ឡើយ។ គ្រូ​ពេទ្យ​អាច​ធ្វើការ​ព្យាបាល​ជាបាន​៧០%​ប្រសិន​បើ មហា​រីក​ប្លោក​នោម​កើត​ឡើង​នៅ​ដំណាក់​កាល​ដំបូង។ ប៉ុន្ដែ​កម្រ​ណាស់​ដែល​អ្នក​ជម្ងឺ​ដឹង​ថា​ខ្លួន​កើត​មហា​រីក​ប្លោក​នោម ព្រោះ​វា​គ្មាន អាការ​ណា​មួយ​ដែល​បង្ហាញ​ឱ្យដឹង​ពីជម្ងឺ​ដែល​ចាប់​ផ្ដើម​កើត​មាន​តិចៗ​បាន​ទេ។ នៅ​ពេល​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ ទើប​ជម្ងឺ​នេះ​បង្ហាញ ពី​អាការ​ចេញ​មក​ខាង​ក្រៅ អាច​ឱ្យ​ដឹង​បាន​ថា​ជា​ជម្ងឺ​មហា​រីក​ប្លោក​នោម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រធាន​បទ​ស្ដី​ពី​មហា​រីក​ប្លោក​នោម​ត្រូវ​បាន​លោក​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ព្យាបាល​ជម្ងឺ​មហា​រីក​នៃ​មន្ទីរ​ពេទ្យ មិត្ដ​ភាព​ខ្មែរ​សូវៀត ធ្វើ​ការ​បក​ស្រាយ​ជូន​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ជ្រាប តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្ស​នា​វដ្ដី​សុខភាព​​ យើង។

អ្វី​ទៅ​ជា​មហា​រីក​ប្លោក​នោម?

ជម្ងឺ​មហា​រីក​ប្លោក​នោម​គឺជា​ការ​ដុះ​ដុំ​សាច់​នៅ​ក្នុង​ប្លោក​នោម ដែល​ដុំ​សាច់​នេះ​ចេះ​តែរីក​ធំ​ឡើងៗ​ហើយ​មិន​ស្ថិត​នៅ​ក្រោម ការ​គ្រប់​គ្រង​របស់​សារ​ពាង្គ​កាយ​ដែល​ជាការ​រីក​លូត​លាស់​ខុស​ធម្មតា។

មូល​ហេតុ​បង្ក​មហា​រីក​ប្លោក​នោម

បច្ចុ​ប្បន្ន​នេះ មិន​ទាន់​មាន​មូល​ហេតុ​ច្បាស់​លាស់​ណា​ដែល​គេ​អាច​កំណត់​ថា​មហា​រីក​ប្លោក​នោម​កើត​ឡើង​ដោយ​សារ​កត្ដា​អ្វី ខ្លះ​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​មាន​មូល​ហេតុ​ចម្បង​ជា​ច្រើន​យ៉ាង ដែល​ស្ថិត​នៅ​ក្នុង​លក្ខណៈ​សង្ស័យ​នៅ​ឡើយ។

1 . ការ​ពិសា​បារី ៖ មហា​រីក​ប្លោក​នោម​ច្រើន​កើត​នៅលើ​អ្នក​ដែល​ពិសា​បារី ច្រើន​ជាង​អ្នក​ដែល​មិន​ពិសា​បារី។

2 . ការ​ជ្រាប​ចូល​ក្នុង​ឈាម​ដោយ​សារ​ធាតុ​គីមី ៖ កាល​ណា​សារ​ធាតុ​គីមី​អូតូ​មី​ញូម​ដែល​ជា​ផ្សែង​ពុល​ហុយ​ចេញ​ពីក្នុង បំពង់​ស៊ីម៉ាំង​យាន​យន្ដ ហើយ​មក​ជ្រាប​ចូល​តាម​រន្ធ​ច្រមុះ និង​តាម​រន្ធ​ស្បែក រហូត​ចូល​ទៅ​ដល់​ឈាម​បណ្ដាល​ឱ្យ​កើត​មហារីក​ប្លោក នោម។

3 . ជាតិ​អាបេ​ស្ដុស ៖ ជា​សារ​ធាតុ​ដែល​មាន​សរសៃ​ឆ្មារៗ ស្ថិត​នៅ​ក្នុង​ហ្វីប​ប្រូស៊ី​ម៉ង់ត៍​ហើយ​ជ្រាប​ចូល​នៅក្នុង​ខ្លួន​យូរៗ​ទៅ បណ្ដាល​ឱ្យអ្នក​នោះ​កើត​មាន​មហា​រីក​ប្លោក​នោម។

4 . ការ​ចូល​ប្លោក​នោម​ដោយ​សត្វ​ល្អិត ៖ កាល​ណា​សត្វ​ល្អិត​ដែល​មាន​មេ​រោគ​ស៊ីស​ស្ដូ​សូវែវៀរ​តាម​ចង្វែក​ជើង​រហូត​ចូល ទៅ​ដល់​ក្នុង​ប្លោក​នោម ក៏​បណ្ដាល​ឱ្យ​កើត​មហា​រីក​ប្លោក​នោម​ដែរ។

រោគ​សញ្ញា​មហា​រីក​ប្លោក​នោម

នៅ​ពេល​មហា​រីក​ប្លោក​នោម​កើត​ឡើង​នៅ​ដំណាក់​កាល​ដំបូង​គឺមិន​បាន​បង្ហាញ​ពី​អាការ​ណា​មួយ​ដែល​អាច​ឱ្យដឹង​បាន​ទេ។ ប៉ុន្ដែ​នៅ​ពេល​ឈាន​ទៅដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ទើប​ជម្ងឺនេះ​បង្ហាញ​ពីរោគ​សញ្ញា​អាច​ឱ្យ​ដឹង​បាន។

  •   ហើម​ជើង ចុក​ចង្កេះ
  •   នោម​មិន​ចេញ តែបើ​ចេញ​គឺ​ចេញ​តិចៗ
  •   មាន​ការ​ឈឺ​អួលៗ នៅ​ពេល​ដែល​នោម​ម្ដងៗ
  •   មាន​ឈាម​ហូរ​មក​ជាមួយ​ទឹក​នោម នៅ​ពេល​នោម​ជិត​អស់។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​បង្ការ​មហា​រីក​ប្លោក​នោម

ដោយ​សារ​តែ​ដឹងពី​មូល​ហេតុ​ចម្បងៗ ដែល​នាំឱ្យ​កើត​មាន​ជម្ងឺ​មហា​រីក​ប្លោក​នោម​ដូច​នេះ​គេ​អាច​ធ្វើការ​បង្ការ​ជម្ងឺ​នេះ​ជា មុន​បាន ដោយ​ចៀស​វាងពី​ការ​ជក់​បារី។ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារ​ណៈ ត្រូវ​ពាក់​ម៉ាស​ការ​ពារ​ឬពួក​សុវត្ថិ​ភាព កុំ​ឱ្យ ផ្សែង​ដែល​ចេញ​ពីបំពង់​ស៊ីម៉ាំង​ឡាន ឬម៉ូតូ​ជ្រាប​តាម​រន្ធ​ច្រមុះ ឬរន្ធ​ញើស​ចូល​ទៅ​ក្នុង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត​លោក​អ្នក​មិន​ត្រូវ​ត្រង​ទឹក ភ្លៀង ដែល​ហូរ​ពី​ស៊ី​ប្រូ​ស៊ីម៉ងត៍​យក​មក​ពិសា​ទេ​ដើម្បី​កុំឱ្យ​អាបេ​ស្ដុប​ដែល​មាន​នៅក្នុង​ស៊ីប្រូ​ស៊ីម៉ងត៍​ជ្រាប​ចូល​ទៅ​ក្នុង​រាង​កាយ និង មិន​ត្រូវឱ្យ​សត្វ​ល្អិត​ដែល​មាន​មេរោគ​ស៊ីស​ស្ដូសូ​វែ​ចូល​ទៅ​ក្នុង​ប្លោក​នោម​ដែរ។ សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង សត្វ​ល្អិត​ដែល​មាន មេរោគ​ប្រភេទ​នេះ ច្រើន​នៅ​តាម​ដង​ទន្លេ​មេគង្គ ដូចជា​នៅ​ខេត្ដ​ស្ទឹង​ត្រែង​និង​ក្រចេះ​ជា​ដើម។ ដូច​នេះ​លោក​អ្នក​មិនត្រូវងូត​ទឹក​ត្រាំ យូរ​នោះ​ទេ ចៀស​វាង​សត្វ​ល្អិត​នេះ​វៀរ​តាម​ជើង​ចូល​ទៅ​ក្នុង​ប្លោក​នោម។

វិធី​ព្យាបាល​មហា​រីក​ប្លោក​នោម

មហា​រីក​ប្លោក​នោម​ដែល​កើត​មាន​នៅ​ដំណាក់​កាល​ដំបូង គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​ចាក់​វ៉ាក់​សាំង​បេហ្សេហ្សេ ឬ​មីតូ​ប៊ីស៊ីន​ចូល​ទៅក្នុង​ប្លោក​នោម អាច​ជា​សះ​ស្បើយ។ ប៉ុន្ដែ​បើ​សិន​ជា​ជម្ងឺ​នេះ​កើត​ឡើង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​គ្រូ​ពេទ្យ​ត្រូវ ព្យាបាល​ដោយ​ធ្វើការ​វះ​កាត់​ប្លោក​នោម ដើម្បី​ចៀរ​យក​កូន​កណ្ដុរ​ចេញ បន្ទាប់​មក​ទើប​បាញ់​កាំ​រស្មី​និង​ចាក់​ថ្នាំ​គីមី​ចូល។ ទោះ​បី​ជា គ្រូ​ពេទ្យ​ធ្វើ​ការ​ព្យា​បាល​តាម​វិធី​បែប​នេះ​ក្ដី តែវា​ពុំ​បាន​ធ្វើឱ្យ​អ្នក​ជម្ងឺ​ជា​សះ​ស្បើយ​ទេ​គ្រាន់​តែ​ពន្យារ​ជីវិត​អ្នក​ជម្ងឺ​តែ​ប៉ុណ្ណោះ។ ការ​ព្យា​បាល​អាច​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​នោម​ឈាម ព្រោះ​អ្នក​ជម្ងឺ​មាន​ការ​ឈឺ​ចុក​ចាប់​ណាស់​នៅ​ពេល​ដែល​នោម​ម្ដងៗ​មាន​ឈាម​មក​ជា​មួយ។

ផល​ប៉ះ​ពាល់​នៃ​មហា​រីក​ប្លោក​នោម

មហា​រីក​ប្លោក​នោម​ក៏មិន​ខុស​ពីជម្ងឺ​មហា​រីក​ដទៃ​ទៀត​ដែរ អ្នក​ជម្ងឺ​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ កាល​ណា​ជម្ងឺ​នេះ​មាន ការ​វិវត្ដន៍​ទៅ​មុខ ដែល​ឈាន​ទៅ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​នាំឱ្យ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​គ្រប់​សរីរៈ​ទាំង​អស់​នៅ​ខាង​ក្នុង​ដូច​ជាស៊ី​សួត ស៊ី​ថ្លើម ស៊ី​ខួរ​ក្បាល ឬ​ស៊ី​ឆ្អឹង ដោយ​សារ​មហា​រីក​ប្លោក​នោម រីក​រាល​ដាល​តាម​ចរន្ដ​ឈាម។ លើស​ពីនេះ​ទៅ​ទៀត បណ្ដាល​ឱ្យអ្នក​ជម្ងឺ  ត្រូវ​មាន​ទឹក​មុខ​ស្លេក​ស្លាំង ឆាប់​ហត់ អស់​កម្លាំង​ល្ហិត​ល្ហៃ​មាន​ការឈឺ​ចុកចាប់​ពេញ​រាងកាយ​រហូត​ធ្វើឱ្យ​អ្នក​ជម្ងឺ​ត្រូវ​បាត់​បង់​ជីវិត។ ធម្មតា​ក្នុង​ក្រុម​គ្រួសារ​កាល​បើ មាន​សមា​ជិកណា​ម្នាក់​មានជម្ងឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ព្យាបាល ហើយ​ត្រូវ​បាត់​បង់​ចំណូល និង​រំខាន​ដល់​ការ​សិក្សា ឬ​ការ​ងារ​រក​ស៊ីចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​និង​សេដ្ឋ​កិច្ច​គ្រួសារ​ត្រូវ​ធ្លាក់ចុះ។

ដំបូ​ន្មាន​អ្នក​ជំនាញ

ការតាម​ដាន​សុខ​ភាព​គឺជា​រឿង​ប្រសើរ ដោយ​លោក​អ្នក​គួរ​ឧស្សាហ៍​ទៅកាន់​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​សុខ​ភាព។ ទោះ​បី​ជា សុខ​ភាព​លោក​អ្នក​មាន​បញ្ហា​ក៏អាច​ជា​ដំណាក់​កាល​ដំបូង​ដែល​ទើប​តែ​ចាប់​ផ្ដើម​កើត​ដែរ។ ដូច​នេះ​ការ​ព្យាបាល​នោះមាន​ប្រសិទ្ធ​ភាព ខ្ពស់ ហើយ​មិន​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល​ទៀត​ផង។ ប្រសិន​បើលោក​អ្នក​មិន​បាន​តាម​ដាន​សុខ​ភាព​ទេ​នោះ លោក​អ្នក​អាច​នឹង​មាន​ផល​វិបាក​ច្រើន​ទៅ​ថ្ងៃ​អនា​គត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *