ការ​តាន​តឹង​ចិត្ដ

ការ​តាន​តឹង​ចិត្ដ​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​មិនថា​ប្រុស​ឬស្រី ហើយ​គ្មាន​នរណា​ម្នាក់​អាច​ចៀស​ផុត​បាន​ទេ។ គ្រាន់​តែ បុគ្គល​ម្នាក់ៗ​មាន​ការ​តាន​តឹង​តិច ឬ​ច្រើន​តែ​ប៉ុណ្ណោះ។ មនុស្ស​ដែល​ទទួល​នូវ​ការតាន​តឹង​ចិត្ដ​ច្រើន​តែ​ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ​ពី សុភាព​រាប​សា ទៅជា​ព្រហើន​កោង​កាច សាហាវ ច្រឡើស​បើស ឆេវ​ឆាវ មាន​ចិត្ដ​មិន​ស្ងប់​ឬបុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក ដទៃ បែរ​ទៅជា​ស្រគត់​ស្រគំ ឬបែរ​ទៅជា​កាត់​ផ្ដាច់​មិនចង់​ជួបអ្នក​ដទៃ​ទៅវិញ​ហើយ​ឈាន​ទៅរក​បញ្ហា​ផ្លូវ​ចិត្ដ និង​ជម្ងឺ​ផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ ទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់់​លេខ​នេះ ទស្ស​នា​វដ្ដី សុខភាពយើង សូម​លើក​ប្រធាន​បទ​ស្ដី​អំពី​ការ​តាន​តឹង​ចិត្ដ​តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ លោក​វេជ្ជ​បណ្ឌិត យឺម សុ​បុត្រា អ្នក​ឯក​ទេស​ជម្ងឺ​ផ្លូវចិត្ដ ដើម្បី​ឱ្យមិត្ដ​អ្នកអាន​បាន​ជ្រាប។

ការ​តាន​តឹង​ចិត្ដ ជា​អ្វី?

ការ​តាន​តឹង​ចិត្ដ គឺជា​សម្ពាធ​ឬការ​ប៉ះ​ទង្គិច​ទាំង​ឡាយ​ណា​ដែល​ដាក់​សង្កត់​ទៅលើ​ផ្នែក​ផ្លូវ​ចិត្ដ​ដែល​ទទួល​រងពី​សភាព​ខាង ក្រៅ និង​សភាព​ខាង​ក្នុង។ ការ​តាន​តឹង​ចិត្ដ​មាន​អត្ថន័យ​ទូលាយ ហើយ​ធ្វើឱ្យ​មាន​ការ​គិត​ច្រើន នឿយ​ហត់​ទទួល​អារម្មណ៍​មួម៉ៅ​ឆាប់ ខឹង​ឆេវ​ឆាវ ថែម​ទាំង​មាន​ចិត្ដ​មិន​ស្ងប់។

មូល​ហេតុ​នៃ​ការ​តាន​តឹង​ចិត្ដ

មាន​មូល​ហេតុ​ជាច្រើន​យ៉ាង​ដែល​បង្កឱ្យ​មាន​ការ​តាន​តឹង​ចិត្ដ ដូច​ជាមាន​ការ​ខក​ចិត្ដ ជម្លោះ​ទាស់​ទែង​សម្ពាធ​បរិយា​កាស ព្រឹត្ដិ​ការណ៍​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ បរិស្ថាន​ជុំវិញ​ជាដើម។ ឧទា​ហរណ៍​នារី​ម្នាក់​ត្រូវ​រៀប​ការ​ជាមួយ​បុរស​ដែល​ខ្លួន​មិន​ស្រឡាញ់ ដោយ​សារ​ឪពុក​ម្ដាយ​បង្ខិត​បង្ខំ ធ្វើឱ្យ​នារី​នោះ​ត្រូវ​ទទួល​នូវ​ភាព​ខក​ចិត្ដ។ ប្ដី​ប្រពន្ធ​មាន​ទស្សនៈ​ខ្វែង​គំនិត​គ្នា​បង្ក​ឱ្យមាន​ភាព​ចម្រូង ចម្រាស​ក្នុង​ក្រុម​គ្រួសារ។ មាន​ការ​ងារ​ច្រើន​ហួស​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ដ បង្កឱ្យ​មាន​ភាព​តាន​តឹង​ចិត្ដ។ ចំពោះ​សិស្សា​នុ​សិស្ស​ឬ​និស្សិត ដោយ​មាន​មុខ​វិជ្ជា​សិក្សា​ច្រើន ហើយ​ខួរ​ក្បាល​ទទួល​យក​មុខ​វិជ្ជា​បាន​ខ្លះ​មិន​បាន​ខ្លះ​បង្ក​ឱ្យមាន​ការ​តាន​តឹង​ចិត្ដ។ ការ​រស់​នៅ​ឃ្លាត ឆ្ងាយ​បែក​បាក់​ពីអ្នក​ដែល​ខ្លួន​ស្រឡាញ់ ឬរស់​នៅស្ថិត​ក្នុង​បរិយា​កាស​មួយដ៏​អាប់​អួរ​មាន​សម្លេង អ៊ូអរ​រំខាន អាកាស​ធាតុ​មិន​អំណោយ ផល​ល្អ ធ្វើឱ្យ​ធុញ​ទ្រាន់ និង​មួម៉ៅ​បង្ក​ឱ្យ​មាន​ការ​តាន​តឹង​ចិត្ដ។

រោគ​សញ្ញា​នៃ​ការ​តាន​តឹង​ចិត្ដ

បុគ្គល​ដែល​មាន​ការ​តាន​តឹង​ចិត្ដគឺ​អាស្រ័យ​ទៅលើ​សម្ពាធ​ប្រចាំ​ថ្ងៃ ហើយ​លេច​ចេញ​ជា​សញ្ញា​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។

1 . សញ្ញា​ផ្លូវ​ចិត្ដ ចេះ​តែ​កើត​ទុក្ខ គិត​ច្រើន​តែ​រឿង​ដដែលៗ អារម្មណ៍​ផ្លាស់​ប្ដូរ​ពី​សប្បាយ​ទៅជា​ទុក្ខ​សោក​ពី​មនុស្ស​រហ័ស រហួន រួស​រាយ ការ​ងារ​ធ្លាប់​តែ​សកម្ម បែរ​ទៅជា​ស្រគត់​ស្រគំ ហើយ​សកម្ម​ភាព​យឺត​យ៉ាវ​ទៅ​វិញ​និង​មាន​ការ​ថយ​ចុះ​សមត្ថ​ភាព ក្នុង​ការ​ចាប់​យក​ចំណេះ​ទៀត​ផង។

2 . សញ្ញា​ផ្លូវ​កាយ បុគ្គល​ដែល​មាន​ការ​តាន​តឹង​ចិត្ដ​លេច​ចេញ​ពី​ផ្លូវ​កាយ ច្រើន​តែអស់​កម្លាំង​ល្ហិត​ល្ហៃ​ឈឺ​ក្បាល​គេង​មិន លក់ ញ៉ាំអ្វី​មិន​បាន ដង្ហើម​ថប់ៗ បេះ​ដូង​ដើរ​លឿន ញ័រ​ដើម​ទ្រូង ស្រវាំង​ភ្នែក វិល​មុខ រដូវ​មិន​ទៀង​ទាត់​អកប្ប​កិរិយា​មាន​បញ្ហា។ល។

បុគ្គល​ដែល​ប្រឈម​មុខ​នឹង​ការ​តាន​តឹង​ចិត្ដ​ច្រើន

ការ​តាន​តឹង​ចិត្ដ​កើត​នៅលើ​មនុស្ស​គ្រប់​វ័យ​មិនថា​ប្រុស​ឬស្រី​ទេ គ្រាន់​តែមានតិច ឬច្រើន​តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​បុគ្គល​ដែល ប្រឈម​មុខ​នឹង​ការ​តាន​តឹង​ច្រើន​ជាង​គេ មាន​ដូច​ខាង​ក្រោម​នេះ។

  • គ្រូ​ពេទ្យ ត្រូវ​ប្រឈម​មុខ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ថែ​ទាំ​សុខ​ភាព​អ្នក​ជម្ងឺ​ហើយ​ពេល​វេលា​ឈប់​សម្រាក​របស់​គ្រូ​ពេទ្យ មាន​តិច​តួច​បំផុត។
  • គ្រូ​បង្រៀន ត្រូវ​ប្រឈម​មុខ​ជាមួយ​កុមារ​តូចៗ​ពុំ​ទាន់​យល់​ដឹង​ពី​សីល​ធម៌​ធ្វើឱ្យ​ឡូឡា​រញ៉េរ​ញ៉ៃ​ក្នុង​ថ្នាក់​រៀន​បង្ក​ឱ្យគ្រូ មាន​ភាព​ស្មុគ​ស្មាញ តាន​តឹង​ក្នុង​ចិត្ដ។
  • សិស្សា​នុ​សិស្ស ការ​សិក្សា​មាន​មុខ​វិជ្ជា​ច្រើន ហើយ​រៀន​មិន​បាន​ពូកែ​គ្រប់​មុខ​វិជ្ជា​ដោយ​ពូកែ​មុខ​វិជ្ជា​ខ្លះ​មិន​បាន​ខ្លះ ធ្វើឱ្យ​សិស្សា​នុ​សិស្ស​មាន​ភាព​តប់​ត្រមល់​តាន​តឹង​ក្នុង​ចិត្ដ។
  • ឪពុក​ម្ដាយ កូន​មិន​ស្ដាប់​បង្គាប់ ឬ​ទាម​ទារ​ចង់​បាន​អ្វី​ដែល​ហួស​ពី​សមត្ថ​ភាព​គ្រួសារ​ផ្ដល់​ឱ្យ​ឬគេច​ពី​សាលា​រៀន​មិន​ចូល សិក្សា ជា​បញ្ហា​ធ្វើឱ្យ​ឪពុក​ម្ដាយ​ពិបាក​ចិត្ដ​ប្រឈម​មុខ​នឹង​ការ​តាន​តឹង​ចិត្ដ។
  • អ្នក​ជំនួញ ៖ ក្រុម​ហ៊ុន​មិន​មាន​ដំណើ​ការ​ឆ្ពោះ​ទៅ​មុខ រក​ស៊ី​ខាត​ធ្វើឱ្យ​អ្នក​ធ្វើ​ជំនួញ​មាន​ការ​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​ហើយ ត្រូវ​ប្រឈម​មុខ​នឹង​ភាព​តាន​តឹង​ចិត្ដ។
  • អ្នក​បើកបរ​យន្ដ​ហោះ ត្រូវ​បើក​ដោយ​ប្រុង​ប្រយ័ត្ន​នៅលើ​អាកាស ហើយ​មើល​អាកាស​ធាតុ​ប្រែ​ប្រួល​ថែ​រក្សា​ជីវិត​អ្នក ដំណើរ​ឱ្យ​មាន​សុវត្ថិ​ភាព នេះ​មិន​មែន​ជាការ​ងាយ​ស្រួល​ទេ សម្រាប់​អ្នក​បើក​បរ​យន្ដ​ហោះ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះ​ពាល់​ដែល​បណ្ដាល​មក​ពីការ​តាន​តឹង​ចិត្ដ

យើង​ដឹង​ហើយ​ថាការ​តាន​តឹង​ចិត្ដ​គឺជា​សម្ពាធ​ដែល​ដាក់​សង្កត់​ទៅលើ​ផ្លូវចិត្ដ​ហើយ​ចិត្ដ​ស្ថិត​នៅក្នុង​បណ្ដុំ​នៃ​ប្រព័ន្ធ​ខួរ​ក្បាល នៅ​ក្នុង​កោ​សិកា​ប្រសាទ ហើយ​វា​បញ្ជា​ទៅ​លើ​សរីរាង្គ​ទាំង​អស់។ ដូច​នេះ​ការ​តាន​តឹង​ចិត្ដ​មាន​ផល​ប៉ះ​ពាល់​លើ​ផ្នែក​ផ្លូវ​ចិត្ដ និង​ផ្លូវ​កាយ ដូច​ជា​មាន​ជម្ងឺ​ក្រពះ ជម្ងឺ​បេះ​ដូង ឈឺ​ក្បាល វិល​មុខ ញ៉ាំ​អ្វី​មិន​បាន រាង​កាយ​ស្គម​ស្គាំង​មាន​ជម្ងឺ​ថប់​អារម្មណ៍ អាកប្ប​កិរិយា​មាន​បញ្ហា វិកល​ចរិត  ធ្លាក់​ខ្លួន​ឈឺ និង​ធ្វើឱ្យ​ការ​មក​រដូវ​ដើរ​មិន​ទៀង។ ចំពោះ​បុគ្គល​ដែល​ធ្លាប់​តែ​មាន​ការ​សន្ទនា​ត្រឹម​ត្រូវ បែរ​ទៅ​ជា​មាន​វោហា ព្រហើន​កោង​កាច ច្រឡើស​បើ​ស គ្មាន​ស្មារតី​នៅ​ក្នុង​ខ្លួន​ទៅ​ជា​ជក់​បារី​ញ៉ាំ​ស្រា​ជា​ដើម។ បើ​បុគ្គល​ដែល​ប៉ះ​ពាល់​ផ្លូវ​ចិត្ដ​ខ្លាំង​ពេក​អាច ឈាន​ទៅ​ដល់​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ដ ឬ​ជម្ងឺ​ផ្លូវ​ចិត្ដ​ផ្សេង​ទៀត។

វិធី​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ដ

មាន​វិធី​ច្រើន​យ៉ាង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ដ ដូច​ជា​ឈប់​សម្រាក់​ពីការ​ងារ​មួយ​រយៈ​សិន​ដើម្បី​លំហែ​កម្សាន្ដ ឬបើ​ការ​ងារ​ច្រើន ត្រូវ​ផ្ទេរ​ការ​ងារ​ខ្លះទៅ​ឱ្យអ្នក​ក្រោម​ឱវាទ​បន្ទាប់​ដែល​អាច​ជួយ​រំលែក​ការងារ​បាន​មួយ​ចំណែក។ បើ​ទោះបី​នៅ​កន្លែង ធ្វើការ​មាន​ការ​ងារ​មមា​ញឹក​ខ្លាំង​ក្ដី លោក​អ្នក​ត្រូវ​ឈប់​សម្រាក​ប្រហែល​ជា៥​ឬ១០​នាទី​សិន​ដើម្បី​បន្ធូរ​អារម្មណ៍ ប៉ុន្ដែ​លោក​អ្នក​ត្រូវ ចេះ​លៃ​យ៉ាង​ណា​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​អង្គ​ភាព​ការ​ងារ។ ការ​ស្ដាប់​ភ្លេង​ឬ​ស្ដាប់​ចម្រៀង​ក៏ជា​វិធី​មួយ​ដែល​ជួយ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង បាន​ដែរ។ ត្រូវ​មាន​លំហាត់​ប្រាណ​ជា​ជំនួយ​បន្ធូរ​បន្ថយ​នូវ​ភាព​តាន​តឹង​ចិត្ដ។ បើ​មាន​រឿង​ណា​មួយ​ដែល​ដោះ​ស្រាយ​មិន​បាន លោក​អ្នក ត្រូវ​រក​មិត្ដ​ភក្ដិ ឬបង​ប្អូន ដើម្បី​ពិភាក្សា​គ្នា ចៀស​វាង​ភាព​ស្មុគ​ស្មាញ។

ដំបូ​ន្មាន​អ្នក​ជំនាញ

លោក​អ្នក​ដែល​មាន​ការ​ប្រឈម​មុខនឹង​ភាព​ធុញ​ថប់ តប់​ប្រមល់ ឆាប់​ខឹង ទទួល​អារម្មណ៍​មួម៉ៅ មាន​ការ​ខក​ចិត្ដ​និង​មាន ចិត្ដ​មិន​ស្ងប់ នាំឱ្យ​មាន​ការ​តាន​តឹង​ក្នុង​ចិត្ដ។ ដូច​នេះ​សូមកុំ​បណ្ដោយ​ខ្លួនឱ្យ​នៅ​មាន​សភាព​បែប​នេះ​ទៀត​គឺត្រូវ​តែទៅ​ពិភាក្សា​ជាមួយ ក្រុម​គ្រួសារ មិត្ដ​ភក្ដិ ឬអ្នក​ឯក​ទេស​ណា​មួយ ដែល​លោក​អ្នក​គិតថា​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *