ផ្តា​សាយ​បក្សី និង​ការ​ផ្សព្វ​ផ្សាយ

ដោយ​សារ​តែ​មាន​ការ​បាត់​បង់​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជាញឹក​ញាប់​ដោយ​សារ​ជម្ងឺ​ផ្តាសាយ​បក្សី  ហេតុ​នេះ​ហើយ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ បាន​រៀប​ចំ​សិក្ខា​សិលា​មួយ ស្ដី​ពី​ការ​បណ្ដុះ​បណ្ដាល និង​ផ្សព្វ​ផ្សាយ​បុគ្គលិក​សារព័ត៌​មាន​រដ្ឋ ឯក​ជន​ពីផល​ប៉ះពាល់ ដោយ​សារ​ជម្ងឺ​ផ្ដាសាយ​បក្សី​រាត​ត្បាត​ជាសា​កល នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១២ ក្នុង​សណ្ឋាគារ​មណ្ឌល​គិរី រាជធានី​ភ្នំពេញ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ក្នុង​សិក្ខា​សាលា​នេះ មន្រ្ដី​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ (គ.ជ.គ.ម.)បាន​អំពាវ​នាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ-​ផ្សាយ​ព័ត៌​មាន​ទាំង​អស់​ចូល​រួម​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដែល​ទាក់​ទង​គ្រោះ​មហន្ត​រាយ​និង​សារ​អប់រំ​សុខភាព​ទៅ​ដល់​ប្រជាជន​នៅ​មូល​ដ្ឋាន ពិសេស​តំបន់​ដាច់​ស្រយាល។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​ដើម​អំពិល។

លោក ផ្លង ពន្លឺរត័ន៍ អនុ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌​មាន នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង គ្រោះ​មហន្ដ​រាយ​មាន​ប្រសា​សន៍​ក្នុង​ពិធី​នោះ​ថា «មាន​តែ​បណ្ដាញ​សារព័ត៌​មានទេ​ទើប​អាច​ពន្យល់​ណែ​នាំ​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ជម្ងឺ​ផ្ដាសាយ​បក្សី និង​ផល​ប៉ះពាល់​នានា​ដែល​អាច​កើត​មាន​ឡើង»។ លោក​បន្ត​ថា ការ​គ្រប់​គ្រង និង​ទប់​ស្តាត់​បន្ទាន់​នូវ​ជម្ងឺ​ផ្តាសាយ​បក្សី ដែល​ឆ្លង​រាត​ត្បាត​ជា​សាកល គឺ​ជា​មុខ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​បន្ថែម​ទៀត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​គិត​គូរ​ពី​បណ្ដា​ភាគី​ពាក់​ព័ន្ធ រួម​ទាំង​វិស័យ​ឯក​ជន​ផង​ដែរ ដើម្បី​លើក​ស្ទួយ​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា។

លោក​ស្រី កាន ដា​ហ្សី ទី​ប្រឹក្សា​បច្ចេក​ទេស​ថ្នាក់​ជាតិ នៃ​គម្រោង​គ្រប់​គ្រង និង​ទប់​ស្កាត់​បន្ទាន់​ជម្ងឺ​ផ្ដាសាយ​បក្សី និង​ផ្ដាសាយ​មនុស្ស បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ថា មេ​រោគ​ជម្ងឺ​ផ្ដាសាយ​បក្សី​បង្ក​ឡើង​ដោយ​វីរុស។ ជម្ងឺ​នេះ បង្ក​ជម្ងឺ​លើ​សត្វ​មាន់​ ទា ក្ងាន មាន់​បារាំង មាន់​អាហ្រ្វិក ក្រួច ក្ងោក និងបក្សី​ព្រៃ​ផ្សេង​ទៀត នៅ​ពេល​ដែល​មនុស្ស​ប៉ះពាល់​សត្វ​ទាំង​នោះ​មិន​ប្រុង​ប្រយ័ត្ន​នឹង​ឆ្លង ហើយ​ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​នោះ​ទេ អ្នក​ជម្ងឺ​នឹង​អាច​ស្លាប់។ លោក​ស្រី​បន្ថែម​ថា «ជម្ងឺ​ផ្ដាសាយ​បក្សី​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​អត្រា​ឆ្លង​រាល​ដាល​មាន​កម្រិត​ខ្ពស់ សត្វ​ឈឺ ងាប់ និង​មាន​ការ​សម្លាប់​សត្វ ការ​ចំណាយ​លើ​វិធាន​ការណ៍​ការ​ពារ​ច្រើន។ បន្ថែម​ពី​លើ​នេះ​ទៀត ជម្ងឺ​ផ្ដាសាយ​បក្សី​ក៏បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាពសា​ធារណៈ ការ​ធ្វើ​ពាណិ​ជ្ជកម្ម និង​ទេសចរណ៍​ផងដែរ»។

នៅ​ប្រទេស​កម្ពុជា ចាប់​ពីឆ្នាំ​២០០៤ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី ចំនួន​២១​ករណី ក្នុង​នោះមាន​អ្នក​ស្លាប់ ១៩​នាក់ ដែល​ករណី​ស្លាប់ ចុង​ក្រោយ​គឺនៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ លើ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ។ ចំណែក​នៅ​លើ​ពិភព​លោក​វិញ​ចាប់​ពី​ឆ្នាំ​២០០៣​មក ជម្ងឺ​ផ្ដាសាយ​បក្សី បាន​កើត​មាន​នៅ​ប្រទេស​ចំនួន​១៥ ហើយ​មាន​អ្នក​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី​ចំនួន ៥៩៧​ករណី និង​ស្លាប់​ចំនួន ៣៥២​នាក់៕

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ​​ ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *