ឪពុកម្ដាយមួយចំនួនតែងតែមានការព្រួយបារម្ភអំពីបញ្ហាជម្ងឺទាំង៥ ដែលអាចធ្វើឱ្យកុមារស្លាប់បានក្នុងរយៈមួយយ៉ាងខ្លី។ ជម្ងឺទាំងនោះមានដូចជាជម្ងឺរាក ជម្ងឺគ្រុនឈាម ជម្ងឺកញ្ជ្រឹល ជម្ងឺស្កន់ម្ដាយដើម និងមានជម្ងឺមួយចំនួនទៀតគឺរលាកផ្លូវដង្ហើម ដែលជម្ងឺទាំងនេះសុទ្ធតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតកុមារទាំងអស់។ ដូចនេះតើអ្នកម្ដាយគួរតែមានវិធីបង្ការយ៉ាងណា ដើម្បីកុំឱ្យកូនៗ លោកអ្នកមានកើតជម្ងឺទាំងនេះ?
នៅលេខនេះពិតជាពិសេសសម្រាប់លោកអ្នកជាឪពុកម្ដាយគ្រប់រូបជាក់ជាមិនខានឡើយ ដោយទស្សនាវដ្ដី សុខភាពយើងនឹងធ្វើការបកស្រាយអំពីឃាតករទាំង៥ដែលតែងតែសម្លាប់កុមារ ផ្ដល់ជូនដល់មិត្ដអ្នកអានទាំងអស់ឱ្យជ្រាបជាព័ត៌មាននៅពេលនេះ។
ឃាតករទី១ គឺជម្ងឺរលាកផ្លូវដង្ហើមរបស់កុមារ
ជម្ងឺរលាកផ្លូវដង្ហើម គឺជាការបង្ករោគនៅតាមផ្លូវដង្ហើម។ ជម្ងឺរលាកផ្លូវដង្ហើមមានន័យទូលំទូលាយ គេចែកជម្ងឺរលាកផ្លូវ ដង្ហើមជាពីរគឺជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ និងជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម គឺមានន័យថាជម្ងឺរលាកនៅផ្នែកខាងលើនៃ សួត និងជម្ងឺរលាកនៅនឹងសួត។ ជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើនៃសួតអាចមានជម្ងឺរលាកបំពង់ក រលាកច្រមុះ រលាកត្រចៀក ជាដើម។
1. មូលហេតុជម្ងឺរលាកផ្លូវដង្ហើម
សព្វថ្ងៃនេះ នៅប្រទេសកម្ពុជាពុំទាន់មានការសិក្សាច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថាកុមារកើតជម្ងឺនេះ បណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដទេ។ ប៉ុន្ដែនៅក្នុងពិភពលោកទាំងមូល គេបានសន្និដ្ឋានថាជម្ងឺរលាកផ្លូវដង្ហើមបង្កឡើងពីមេរោគ ដូចជាបាក់ តេរី ប៉ារ៉ាស៊ីតពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណក ដង្ហើម។ កុមារក្ដី មនុស្សធំក្ដីនៅពេលដកដង្ហើមចេញចូលតែងតែមានប៉ះពាល់មេរោគទាំងនោះ។ ជម្ងឺនេះកើតមានលើមនុស្សគ្រប់ វ័យប៉ុន្ដែភាគច្រើនគេសង្កេតឃើញកើតមានទៅលើកុមារអាយុក្រោម៥ឆ្នាំ ដោយសារកុមារទាំងនេះមានប្រព័ន្ធការពារខ្លួនខ្សោយ។
2. រោគសញ្ញាជម្ងឺរលាកផ្លូវដង្ហើម
កុមារច្រើនមានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាទារ៉ាស៍ដែលជាសញ្ញាផតផ្នែកខាងក្រោមនៃឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះមើលឃើញច្បាស់នៅពេលកុមារដកដង្ហើមចូល និងរោគសញ្ញា ស្ដ្រាយដ័រជាសម្លេងស្ដាប់ឮក្រឺតៗនៅពេលកុមារដកដង្ហើមចូល។
3. ផលវិបាកជម្ងឺរលាកផ្លូវដង្ហើម
ជម្ងឺរលាកផ្លូវដង្ហើមស្រួចស្រាវអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើស្ថិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារបន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជម្ងឺរលាកផ្លូវដង្ហើមស្រួចស្រាវអាចបង្កឱ្យមានជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ង្ងរជាច្រើន ផ្សេងៗទៀតដូចជាជម្ងឺរលាកសួត ទឹកចូលក្នុងស្រោមសួត ឬអាចមានខ្ទុះក្នុងសួតជាដើម។
4. ប្រការដែលមាតាបិតាត្រូវធ្វើ ពេលកូនកើតជម្ងឺរលាកផ្លូវដង្ហើម
ឪពុកម្ដាយត្រូវឧស្សាហ៍ពិនិត្យទៅលើផ្លូវដង្ហើមរបស់កូន ថាតើកុមារមានចង្វាក់ដង្ហើមញាប់ឬទេ។ ចង្វាក់ដង្ហើមញាប់ធ្វើឱ្យយើងចាប់ភ្លឹកទៅដល់ជម្ងឺរលាកផ្លូវដង្ហើម។ លោកអ្នកជាឪពុកម្ដាយអាចពិនិត្យចង្វាក់ដង្ហើមកូន ដោយផ្ទៀងផ្ទាត់ជាមួយនាឡិកា។ សូមវាស់ចង្វាក់ដង្ហើមរបស់កុមារគ្រប់ពេលដែលសង្ស័យ។
ឃាតករទី២ គឺជម្ងឺគ្រុនឈាម
គ្រុនឈាមជាជម្ងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសម្យ៉ាងឈ្មោះថាវីរុយដាំង វាអាចបង្កជម្ងឺតាមរយៈមូសខ្លាញីដែលវាចូលចិត្ដខាំមនុស្សនៅពេលថ្ងៃច្រើនជាងពេលយប់។ ជម្ងឺនេះជាជម្ងឺមួយដែលកាចសាហាវខ្លាំងណាស់ ដែលវាអាចសម្លាប់កុមារ តែក្នុងរយៈពេល២៤ម៉ោងបើធ្វើការជួយសង្គ្រោះមិនទាន់ពេលវេលាទេនោះ។
1. រោគសញ្ញាជម្ងឺគ្រុនឈាម
ជម្ងឺនេះចែកចេញជាពីរកម្រិត និងមានរោគសញ្ញាទៅតាមកម្រិតនីមួយៗ។
- គ្រុនឈាមកម្រិតស្រាល ៖ កុមារដែលមានជម្ងឺគ្រុនឈាមមានអាការដូចជាក្ដៅខ្លួនខ្លាំងភ្លាមៗ មានរយៈពេលពី២ទៅ ៧ថ្ងៃមានសីតុណ្ហភាពពី៣៩ទៅ៤០អង្សាសេ។ កុមារមានលេចចេញជាស្នាមកន្ទួលក្រហមនៅលើស្បែក។ លោកអ្នកអាចចំណាំមើល ស្នាមកន្ទួលនោះបានដោយទាញស្បែកកុមារឱ្យតឹង បើជាស្នាមមូសខាំនោះវានឹងរលុបបាត់ តែបើមិនរលុបបាត់ទេវាជាស្នាមសញ្ញាជម្ងឺ គ្រុនឈាម។ ស្នាមទាំងនេះមាននៅលើពោះ ខ្នង ក្លៀកជាដើម។ កុមារខ្លះទៀតមានចេញឈាមតាមច្រមុះ តាមអញ្ចាញធ្មេញ ពេលបន្ទោរបង់លាមកមានឈាមជាដើម។
- គ្រុនឈាមកម្រិតធ្ងន់ ៖ កុមារច្រើនតែសន្លប់លែងដឹងខ្លួន ចុងដៃ ចុងជើងត្រជាក់់ ហើយប្រែពណ៌ជាស្វាយ ជីពចរខ្សោយនិងសម្ពាធឈាមចុះទាប។ ក្នុងកម្រិតនេះ កុមារប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុត ហើយគ្រូពេទ្យជំនាញក៏ពិបាកក្នុងការសង្គ្រាះផង ដែរ។
2. ការព្យាបាលជម្ងឺគ្រុនឈាម
សព្វថ្ងៃនេះ គេនៅពុំទាន់រកឃើញថ្នាំសម្រាប់ព្យាបាលជម្ងឺគ្រុនឈាមនេះនៅឡើយទេ ហើយការព្យាបាលធ្វើឡើងទៅតាមមុខសញ្ញារបស់វា ដូចជាបើក្ដៅខ្លាំងត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ដែលប្រើជាប្រភេទថ្នាំប៉ារ៉ាសេតាមុលតែប៉ុណ្ណោះ ហាមដាច់ខាតមិនឱ្យប្រើ ថ្នាំប្រភេទអាស្ពីរីនព្រោះថ្នាំប្រភេទនេះអាចធ្វើឱ្យកុមារហូរឈាមកាន់តែច្រើនឡើង។ បើកុមារបាត់បង់ជាតិទឹកច្រើន ត្រូវព្យួរសេរ៉ូម ហើយបើកុមារក្អួតឈាម ជុះមានឈាមឬឈាមហូរក្នុងពោះច្រើនពេក ត្រូវបញ្ចូលឈាមបន្ថែម។ ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល នោះត្រូវប្រើឱ្យវាសមស្រមតាមកម្រិតគឺ៣០មីលីក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់កុមាររយៈពេល២៤ម៉ោង បើលើសពីចំនួននេះថ្នាំ ប៉ារ៉ាសេតាមុលអាចប៉ះពាល់ដល់ថ្លើមកុមារបាន។ ដូច្នេះដើម្បីជំនួយក្នុងការបញ្ចុះកម្ដៅរបស់កុមារ យើងត្រូវប្រើជាកន្សែងទទឹកស្អំ លើកុមារ ចៀសវាងការប្រើថ្នាំលើសកម្រិត។
3. វិធីបង្ការជម្ងឺគ្រុនឈាម
យើងអាចការពារវាបានដោយមិនត្រូវឱ្យមូសខ្លាញីខាំ ព្រោះវាជាភ្នាក់ងារចម្លងរោគ។ នៅពេលដែលសម្រាក ទោះបីជា ពេលថ្ងៃឬពេលយប់ក្ដី ចាំបាច់ត្រូវតែដាក់មុងជានិច្ច។ ផ្ទះត្រូវមានពន្លឺគ្រប់គ្រាន់ ព្រោះមូសខ្លាវានៅតែទីដែលងងឹតតែប៉ុណ្ណោះជាពិសេសគឺកន្លែងណាដែលស៊ុបទ្រុបទីកន្លែងដែលមានទឹកដក់ ហើយមានដង្កូវទឹក សុទ្ធតែជាជម្រករបស់មូសខ្លា។
បណ្ដាំផ្ញើ ៖ សូមស្លេះត្រឹមប៉ុណ្ណេះសិន សូមអភ័យទោស។ សូមរង់ចាំជម្ងឺឃាតករបីទៀត នៅលេខក្រោយទៀតដោយអនុគ្រោះ។ (អត្ថបទបន្ត សូមចុចទីនេះ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply