វះ​កាត់​ត្រង់​ពោះ

លោក​អ្នក​ពិត​ជា​ខ្លាច​ហើយ​មើល​ទៅ គ្រាន់​តែឮ​ពាក្យ​ថាការ​វះ​កាត់​នោះ​ព្រោះ​កាល​ណា​គ្រូ​ពេទ្យ​ធ្វើការ​វះកាត់​ទៅ​លើ​អ្នក ជម្ងឺ​ណា​ម្នាក់​នោះ មាន​ន័យ​ថាជម្ងឺ​មាន​កម្រិត​ធ្ងន់​ធ្ងរ និង​មិន​អាច​ពន្យារ​ពេល​វេលា​បាន​យូរ​ទេ​ហើយ​ក៏មិន​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ផ្សេងៗ​នោះ​ទេ។ លោក​អ្នក​ពិត​ជា​ចង់​ដឹង​ហើយ​មើល​ទៅ ថាតើ​សរីរៈ​ក្នុង​ពោះ​មាន​អ្វី​ខ្លះ​ដែល​ចាំបាច់​ត្រូវធ្វើ​ការ​វះ​កាត់​ធំ​នោះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេល​នេះ​ដើម្បី​ទទួល​យល់​ពីការ​វះ​កាត់​ធំ​ត្រង់​ពោះ សូម​ជួប​ជាមួយ​លោក​វេជ្ជ​បណ្ឌិត លាង ហ៊ត់​ឯក​ទេស​ខាង​វះ​កាត់​ជម្ងឺ ពោះ​វៀន​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា តាម​រយៈ​ទស្ស​នា​វដ្ដី សុខភាពយើង។

អ្វី​ទៅ​ជា​ការ​វះ​កាត់​ត្រង់​ពោះ?

វះ​កាត់​ធំឬ​ការ​វះ​កាត់​ត្រង់​ពោះ គឺជា​ការ​វះ​កាត់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​វះ​កាត់​ធំមួយ​ត្រឹម​ត្រូវ ហើយ​ត្រូវ​មាន​វេជ្ជ​បណ្ឌិត និង​អ្នក​ជំនួយ​វេជ្ជ​បណ្ឌិត​យ៉ាង​ហោច​ណាស់​ពី៣​ទៅ​៦នាក់​ដែរ ក្នុង​ការ​វះ​កាត់​នោះ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ វេជ្ជ​បណ្ឌិត​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​សណ្ដំ​ចាក់​ទៅលើ​អ្នក​ជម្ងឺ​ជា​ដាច់​ខាត។ ការ​វះ​កាត់​ពោះ​សំដៅ​​ទៅ​លើ​ការ​ដែល​ព្យាបាល​មិន​មាន​ជម្រើស ក្រៅ​អំពី​ការ​វះ​កាត់ បើ​មិន​ដូច​នោះ​ទេ អ្នក​ជម្ងឺ​អាច​ទទួល​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល​វេលា។ ដូច​នេះ​មន្ទីរ​ពេទ្យ​ត្រូវ​តែធ្វើ​ការ​សម្រេច​ចិត្ដ វះ​កាត់​ដោយ​ត្រឹម​ត្រូវ​ជាទី​បំផុត។

ជម្ងឺ​ដែល​ចាត់​ចូល​ទៅ​ក្នុង​ការ​វះ​កាត់​ធំ

មាន​ជម្ងឺ​ជា​ច្រើន​ដែល​យើង​អាច​ធ្វើការ​វះ​កាត់​ធំ​បាន​ហើយ​វាជា​ជម្ងឺ​មួយ​ដែល​ចាំបាច់​កាល​ណាយើង​មិន​ធ្វើការ​វះ​កាត់​ទេ នោះ យើង​មិន​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ជន​រង​គ្រោះ​ថ្នាក់​នោះ​បាន​ទេ។ ការ​វះកាត់​អាចធ្វើ​ទៅបាន​ក៏​អាស្រ័យ​ទៅលើ​អ្នក​ជម្ងឺ​ផង ដែរ។ នៅ​ពេល​ដែល​គ្រូ​ពេទ្យ​មើល​ឃើញ​ថា អ្នក​ជម្ងឺ​ចាំបាច់​ត្រូវវះ​កាត់​នោះ ក៏ត្រូវ​ផ្ដល់​ដំណឹង​ទៅ​ដល់​បង​ប្អូន​ញាតិ​មិត្ដ និង​ឱ្យពួក​គាត់ ជា​អ្នក​សម្រេច​ចិត្ដជា​លើក​ទី២ បន្ទាប់​ពីការ​សម្រេច​ចិត្ដ​របស់​គ្រូ​ពេទ្យ។

ការ​វះ​កាត់​ធំៗ​នៅ​ត្រង់​ពោះ​មាន​ច្រើន​ករណី ដែល​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ដែល​មាន​ភាព​ជំនាញ​និង​បទ​ពិសោធន៍​ត្រឹម​ត្រូវ។ ការ​វះ​កាត់​ធំ​ត្រង់​ពោះ​កើត​មាន​ឡើង​ដោយ​ច្រើន​កត្ដា ដូច​ជាការ​វះ​កាត់​ពោះ​វៀន​ខ្នែង ការ​វះ​កាត់​ធ្លាយ​ពោះ​វៀន​ការ​វះ​កាត់​ដុំ​ក្នុង ពោះ​វៀន ការ​វះ​កាត់​ថង់​ប្រមាត់ ការ​វះ​កាត់​បែក​ថ្លើម ការ​វះ​កាត់​ធ្លាយ​ក្រពះ ការ​វះកាត់​ក្រពះ ការ​វះ​កាត់​លំពែង​បែក​អណ្ដើក។ល។

ផល​វិបាក​នៃ​ការ​វះ​កាត់​ធំ

ការវះ​កាត់​នីមួយៗ​តែង​តែមាន​ផល​វិបាក​កើត​ឡើង​ចំពោះ​អ្នក​ជម្ងឺ។ វា​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ជម្ងឺ​ដែល​ធ្វើការ​វះ​កាត់ ។ ផល​ប៉ះ​ពាល់​នោះ​មាន​ពីរ​ករណី គឺ​មួយ​ក្រោយ​ពេល​ដែល​វះ​កាត់ និង​មួយ​ទៀត​ពេល​កំពុង​តែ​វះ​កាត់។

1 . ពេល​កំពុង​តែវះ​កាត់ សុំ​លើក​ឧទាហរណ៍​ពេល​កំពុង​តែវះ​កាត់​ពោះ​វៀន​ខ្នែង។ ក្នុង​ការ​កាត់​ពោះ​វៀន​ខ្នែង​ជា​ធម្មតា មិន​សូវជា​មាន​ផល​ពិបាក​ប៉ុន្មាន​ទេ ប៉ុន្ដែ​ក៏មាន​ផល​ពិបាក​មួយ​ចំនួន​ដែរ​នៅ​ពេល​ពោះ​វៀន​ខ្នែង​នោះ​ស្ថិត​នៅ​ខុសពី​កន្លែង​ធម្មតា។ មាន ន័យ​ថា​ធម្មតា​វា​ស្ថិត​នៅ​ខាង​ស្ដាំ​នៃ​ពោះ ហើយ​វាមាន​ទម្រង់​មួយ​ច្បាស់​លាស់​នោះ​ការ​វះ​កាត់​មាន​ការ​ងាយ​ស្រួល។ ផ្ទុយ​ទៅ​វិញ បើ​ពោះ​វៀន​ខ្នែង​មិន​ស្ថិត​នៅទី​តាំង​ធម្មតា​នោះ ដូច​ជាវា​ស្ថិត​នៅ​ស្រប​នឹង​ពោះវៀន​ធំឬ​នៅ​ក្រោម​ឬនៅ​ក្នុង​ពោះ​វៀន​ធំ ឬ​នៅ​ជិត​ស្បូន ចំពោះ​ស្ដ្រី ឬ​ស្ថិត​នៅ​ក្រោម​ថ្លើម​ឆ្ងាយ​ពីកន្លែង​ដែល​ត្រូវ​វះ​កាត់​នាំឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​វះ​កាត់។ ពេល​វះ​កាត់​មាន​ឈាម​ហូរ ដោយ​ការ​ចង​សរសៃ​ឈាម​មិន​បាន​ជាប់​ល្អ ឬមិន​បាន​ចង​ដែល​ជា​ហេតុ​ធ្វើឱ្យ​អ្នក​ជម្ងឺ​អាច​រង​គ្រោះ​ថ្នាក់​បាន។ មួយ​វិញ​ទៀត​នោះ វា​អាច​បណ្ដាល​មក​ពីអ្នក​ដែល​ដាក់​ថ្នាំ​សណ្ដំ​ធ្វើឡើង​មិន​បាន​ត្រឹម​ត្រូវ​ដូច​ជាលើស​ពី​កម្រិត​នៃការ​ប្រើ​ប្រាស់​ជាដើម ធ្វើឱ្យ​អ្នក​ជម្ងឺ​ពុល ថ្នាំ​សណ្ដំ​នោះ​អាច​គ្រោះ​ថ្នាក់​បាន។

2 . ក្រោយ​ពេល​វះ​កាត់​រួច ក្រោយ​ពេល​វះកាត់​ទាម​ទារ​ឱ្យអ្នក​ជម្ងឺ​ត្រូវ​មាន​អនាម័យ​ចំពោះ​មុខ​របួស​ឱ្យ​បាន​ត្រឹម​ត្រូវ។ ការ​របូត​ចេស​ដែល​គ្រូ​ពេទ្យ​វះ​កាត់​ចង​មិន​ជាប់ ធ្វើឱ្យ​មាន​លាមក​ហូរ​ចេញ​តាម​ពោះ​វៀន​ដែល​យើង​ចង​មិន​បាន​ជាប់​និង​ចេញ​មក​ខាង ប៉ះ​នឹង​ស្រោម​ពោះ ធ្វើឱ្យ​រលាក​ស្រោម​ពោះ​ជា​ដើម។ អាច​មាន​ដំបៅ​នៅ​ត្រង់​បាត​ពោះ​ដែល​បណ្ដាល​មក​ពី​គ្រូ​ពេទ្យ​មិន​បាន​ធ្វើ​ការ សម្អាត​ឱ្យ​បាន​ត្រឹម​ត្រូវ ជា​បច្ច័យ​អាច​បង្ក​ឱ្យ​មាន​មេរោគ​ជ្រាប​ចូល​ក្នុង​ឈាម​ច្រើន។ ការ​វាយ​តម្លៃ​ទៅ​លើ​អ្នក​ជម្ងឺ​ក្នុង​រយៈ​តែ៣​ថ្ងៃ ក្រោយ​ពេល​វះ​កាត់​រួច គេ​អាច​សន្និ​ដ្ឋាន​បាន​ថាអ្នក​ជម្ងឺ​អាច​នឹងជា​សះ​ស្បើយ​ឆាប់ ឬក៏​យូរ​បាន​ដោយ​មើល​ទៅ​តាម​មុខ​របួស​ដែល​បាន វះ​កាត់​ហើយ ថាវា​ស្ងួត​ល្អ និង​ពោះ​ទន់។ អ្នក​ជម្ងឺ​មាន​ទំនាក់​ទំនង​និយាយ​ស្ដីជា​មួយគ្រូ​ពេទ្យ​បាន​ល្អ មិន​មាន​ក្ដៅ​ខ្លួន និង​ដើរ​ខ្យល់ នោះ​អាច​សន្និ​ដ្ឋាន​ថាគាត់​ពិត​ជាជា​សះ​ស្បើយ​បាន​១០០%។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ទទួល​ជោគ​ជ័យ​ក្រោយ​ពីការ​វះ​កាត់​ហើយ អាច​មាន​ទៅ​ដល់​ពី​៨០%​ទៅ​៩០%។ នៅ​សស់​ពី១០%​ទៅ២០%​តែ​ប៉ុណ្ណោះ  ជា​ការ​ព្យា​បាល​ក្រោយ​ពេល​ដែល​វះ​កាត់​រួច មាន​ជាការ​លេប​ថ្នាំ ការ​ថែ​ទាំសុខ​ភាព​រាង​កាយ​មើល​ថែ​រក្សា​មុខ​របួស​ជា​ដើម។

ជា​ធម្មតា​ការ​វះ​កាត់​ធំអាច​ធ្វើ​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់ គ្រាន់​តែការ​វះកាត់​នោះ​ត្រូវ​ស្ថិត​ទៅ​តាម​មុខ​ជំនាញ នីមួយៗ​របស់​គ្រូពេទ្យ និង​ទៅ​តាម​ប្រភេទ​នៃមុខ​ជម្ងឺ​តែ​ប៉ុណ្ណោះ។ ជាអាទិ​មនុស្ស​ចាស់​ត្រូវ​ព្យាបាល​ដោយ​គ្រូពេទ្យ​សម្រាប់​មនុស្ស ចាស់ ហើយ​កុមារ​ត្រូវ​ព្យាបាល​ដោយ​គ្រូពេទ្យ​សម្រាប់​ក្មេង​ក្នុង​ការ​វះ​កាត់។

ប្រការ​គួរ​ប្រតិ​បត្ដិ​ចំពោះ​អ្នក​ជម្ងឺ​ត្រូវ​វះ​កាត់​ធំ

ប្រការ​ដែល​ត្រូវតែ​ធ្វើ​ចំពោះ​អ្នក​ជម្ងឺ​ដែល​ត្រូវវះ​កាត់​ធំ​នោះ ចែក​ចេញ​ជាពីរ​ករណី គឺមុន​ពេល​ចូល​វះកាត់​ធំ​និង​ក្រោយ ពេល​វះ​កាត់​ធំរួច។

1 . មុន​ពេល​វះ​កាត់​ធំ ជា​ទូទៅ​មុន​នឹង​ធ្វើការ​វះ​កាត់​នោះ គ្រូ​ពេទ្យ​តែងតែ​វិភាគ​ឈាម​ជា​មុន​សិន​មើល​ពី​ក្រុម​ឈាម មើល​ពី​គ្រាប់​ឈាម​ស គ្រាប់​ឈាម​ក្រហម និង​មាន​សារ​ធាតុ​មួយ​ចំនួន​ទៀត​ដែល​គេ​ត្រូវ​តែ​មើល។ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មើល ឈាម​កក និង​ឈាម​រាវ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ក្នុង​ការ​វះ​កាត់។ ការ​ងារ​នេះ​ស្ថិត​នៅ​លើគ្រូ​ពេទ្យ​ផ្នែក​ដាក់​ថ្នាំ​សណ្ដំ គឺគេ​ពិនិត្យ និង សម្រេច​ថាតើ​ត្រូវប្រើ​ថ្នាំ​សណ្ដំ​ទូទៅ ឬក៏​ប្រើ​ចាក់​ឆ្អឹង​ខ្នង។ អ្នក​ជម្ងឺ​ត្រូវ​តមកុំ​ហូប​អាហារ​មុន​ការ​វះ​កាត់​៦​ម៉ោង។

2 . ក្រោយ​ពេល​វះ​កាត់​ធំ អ្នក​ជម្ងឺ​ដែល​ធ្វើ​ការវះ​កាត់ធំ​ត្រង់​ពោះ​ហើយ​ត្រូវ​ធ្វើ​ចលនា​ឱ្យ​បាន​ច្រើន​ដូច​ជាធ្វើ​ការ​ប្រែ​ខ្លួន ចុះ​ឡើង ដើម្បី​ចៀស​វាង​ការ​ស្អិត​ពោះ​វៀន ធ្វើឱ្យ​ចលនា​ពោះ​វៀន​ដើរ​បាន​ល្អ និង​ដើរ​ខ្យល់​បាន​ស្រួល។ ប៉ុន្ដែ​ប្រសិន​បើការ​វះ​កាត់​នៅ កន្លែង​ផ្សេង​ក្រៅពី​ពោះ​នោះ ទាម​ទារឱ្យ​អ្នក​ជម្ងឺ​ត្រូវ​ដេក​សម្រាក​ស្ងៀម មិន​អាច​កម្រើក​ឬធ្វើ​ចលនា​ផ្សេងៗ​បាន​ទេ។

ដំបូ​ន្មាន​អ្នក​ជំនាញ

សូម​ផ្ដាំ​ផ្ញើ​ទៅ​ដល់​បងប្អូន​ទាំង​អស់ បើ​សិន​ជាមាន​បញ្ហា​ខាង​សុខ​ភាព​មិន​ល្អ ឬមាន​ការ​ឈឺនៅ​កន្លែង​ណា​មួយ​សូម​បង​ប្អូន មក​ជួប​គ្រូ​ពេទ្យ ដើម្បី​ឱ្យគ្រូ​ពេទ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជូន ចៀស​វាង​ជំនឿ​មិន​សម​ហេតុ​ផល។ ព្រោះ​វាធ្វើ​ឱ្យពិបាក​ក្នុង​ការ ព្យាបាល ធ្វើឱ្យ​ខាត​ពេល​វេលា និង​ថវិកា​ក្នុង​ការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *