កូន​ខ្ញុំ​ធុញ​អាហារ

ឪពុក​ម្ដាយ​គ្រប់​រូប ប្រាកដ​ជា​ធ្លាប់​បានឮ​កូន​និយាយ​ថា “កូន​មិន​ញ៉ាំ​ទេ ព្រោះ​កូន​មិន​ចូល​ចិត្ដ​ម្ហូប​អាហារ​ទាំង​នោះ​ទេ”។ ពេល​នោះ​លោក​អ្នក​ប្រាកដ​ជាត្រូវ​រក​វិធី​សាស្ដ្រ​ណា​មួយ​មក​លួង​លោម​កូន​ដើម្បី​ឱ្យកូន​ញ៉ាំ​ជា​មិន​ខាន។ ការ​មិន​ទទួល​ទាន​របស់​កុមារ គឺ​មិន​មែន​គ្មាន​មូល​ហេតុ​នោះទេ​គឺ​កុមារ​អាច​វក់​លេង​នឹងអ្វី​មួយ ឬ​ធុញ​នូវ​អាហារ​ដដែលៗ ឬជួន​កាល​កុមារ​អាច​ឈឺ ហើយ​បណ្ដាល​ឱ្យ មិន​ព្រម​ញ៉ាំ​អាហារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រ​សុខ​ភាព​កុមារ និង​យុវវ័យ ទស្សនា​វដ្ដី សុខភាពយើង សូម​បក​ស្រាយ​ពី​មូល​ហេតុ​កុមារ​ធុញ​អាហារ​ជូន​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ជ្រាប តាម​រយៈ​កិច្ច​សម្ភាសន៍​ជា​មួយ​​លោក​វេជ្ជ​បណ្ឌិត ហ៊យ គឹម​ហេង អ្នក​ឯក​ទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

ធុញ​អាហារ ជា​អ្វី?

ធុញ​អាហារ គឺ​សំដៅ​ទៅ​លើ​ចំណី​អាហារ​ដដែលៗ ឬ​អាហារ​ដែល​ផ្អាប់​ទុក​យូរ ឬ​អាហារ​ដែល​ទុកឱ្យ​ត្រជាក់ ដែល​បង្ក​ឱ្យ​មាន​ការ​ធុញ​ទ្រាន់​មិន​ទទួល​ទាន​ចំណី​អាហារ​បែប​នេះ។

មូល​ហេតុ​កុមារ​ធុញ​អាហារ

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កុមារ​មាន​ការ​ធុញ​អាហារ​ឬមិន​ព្រម​ញ៉ាំ​មាន​ដូច​តទៅ។

  • កុមារ​មាន​ជម្ងឺ ហើយ​មាន​អាការ​ពិបាក​នៅ​ក្នុង​ខ្លួន ដែល​ចេះ​តែធ្វើ​ឱ្យ​មាន​ការ​ភ្លាវ​មាត់ ធ្វើឱ្យ​កុមារ​ញ៉ាំ​អ្វីក៏​មិន​ដឹង រស​ជាតិ​ជាហេតុ​បង្កឱ្យ​កុមារ​មិន​ព្រម​ទទួល​ទាន​អាហារ​បន្ដ​ទៀត​ឡើយ។
  • អាហារ​ដដែលៗ ៖ ការ​ផ្ដល់​ចំណី​អាហារ​ឱ្យ​កុមារ​ញ៉ាំ​នូវ​អាហារ​ដដែលៗ ក៏​អាច​ធ្វើឱ្យ​កុមារ​មាន​ការ​ធុញ​ទ្រាន់​អាហារ មិន​ព្រម​ញ៉ាំ​ដែរ​ព្រោះ​អាហារ​ដដែលៗ​ធ្វើឱ្យ​កុមារ​ធុំ។
  • កុមារ​មិន​ញ៉ាំ​អាហារ ក៏​ព្រោះ​តែ​កុមារ​អាច​វក់​លេង​នឹង​វត្ថុ​អ្វី​មួយ ឬ​វក់​លេង​ជាមួយ​កុមារ​ដូច​គ្នា រហូត​ធ្វើឱ្យ​កុមារ​ជក់​នឹង ការ​លេង​នេះ​បណ្ដាល​ឱ្យ​កុមារ​មិន​ស្រេក​ឃ្លាន​ចំណី​អាហារ​ទាល់​តែ​សោះ។
  • កុមារ​មិន​ញ៉ាំ​អាហារ ដោយ​សារ​តែ​កុមារ​ចេះ​ខឹង​នឹង​នរណា​ម្នាក់​ដែល​ស្ដី​បន្ទោស​វា ឬ​មក​ញោះ​លេង​សើច​នឹង​វា ដែល​កុមារ​មិន​ចូល​ចិត្ដ​នឹង​ការ​លលេង​សើច​បែប​នេះ ធ្វើឱ្យ​កុមារ​ចេះ​ងមិន​ព្រម​ញ៉ាំ​អាហារ។
  • ចំពោះ​អាហារ​ខ្លះ កូន​មិន​ព្រម​ញ៉ាំ​ដោយ​សារ​មិន​មាន​ទម្លាប់​ញ៉ាំ​នូវ​អាហារ​នោះពី​មុន​មក ព្រោះ​តែ​ឪពុក​ម្ដាយ​មិន​ដែល ផ្ដល់​ឱ្យកូន​ញ៉ាំ​ហេតុ​នេះ​កូន​មើល​មក​អាហារ​នោះ​ដូច​ជាមិន​ទំនង​ឆ្ងាញ់​ឡើយ។
  • កុមារ​មិន​ញ៉ាំ​អាហារ ដោយ​សារ​ការ​ផ្ដល់​អាហារ​របស់​ឪពុក​ម្ដាយ​ទៅឱ្យ​កូន​ហួស​ពេល​កំណត់​ក្នុងការ​ស្រេក​ឃ្លាន​របស់​កូន​ធ្វើឱ្យ​កូន​ទៅជា​លែង​ញ៉ាំ ដោយ​បាត់​ភាព​ស្រេក​ឃ្លាន​វិញ។

វិធី​សាស្ដ្រ​កែប្រែ​កុមារ​ធុញ​អាហារ

មិន​ថាតែ​កុមារ​ឈឺ ឬ​កុមារ​មិន​ឈឺ​ឡើយ ឱ្យតែ​មាន​ការ​ធុញ​ទ្រាន់​នឹង​អាហារ​មិន​ព្រម​ញ៉ាំ ឪពុក​ម្ដាយ​ចាំបាច់​ត្រូវ​តែ​មាន​ទេព​កោសល្យ​ក្នុង​ការ​លួង​លោម​កូនឱ្យ​ទទួល​ទាន​អាហារ​ដូច​ធម្មតា​វិញ។ ឪពុក​ម្ដាយ​ត្រូវ​មាន​វិធី​សាស្ដ្រ​ពន្យល់​ណែ​នាំប្រាប់​កូនពី​របស់ ញ៉ាំ​ដែល​មាន​អនាម័យ​នាំមក​នូវ​សុខ​ភាព​ល្អ ឬ​ប្រដូច​អាហារ​ញ៉ាំ​ទៅនឹង​របស់​ណា​មួយ ដែល​កុមារ​ស្រឡាញ់​ចូល​ចិត្ដ​ជាដើម។ ឧទា​ហរណ៍​បើកូន​មិន​ព្រម​ញ៉ាំ​បាយ​ជាមួយ​សម្ល​ស្ងោរ​ស្ពៃ ម្ដាយ​ត្រូវ​ប្រដូច​អាហារ​នេះ​ទៅនឹង​ចំណី​អាហារ​ផ្សេង ដូច​ជាលត​ឆា​ដែល ក្មេង​ចូល​ចិត្ដ​ញ៉ាំ ឬ​លកូន​ថា បើកូន​មិន​ព្រម​ញ៉ាំ​បាយ​ទេ​ម៉ាក់​នឹង​ឱ្យ​សត្វ​សារិកា​ញ៉ាំ ឬ​ឱ្យ​បង​ប្រុស​ញ៉ាំ​ហើយ។ ឪពុក​ម្ដាយ​ត្រូវ​ចេះ​លួង លោម​កូនឱ្យ​បញ្ឈប់​នៃការ​លេង​សិន ដោយ​ប្រាប់​កូន​ថា​ញ៉ាំ​បាយ​ហើយ​ចាំ​លេង​ទៀត។ ប្រសិន​បើកូន​នៅ​តែ​មិន​ញ៉ាំ លោក​អ្នក​ត្រូវ ពន្យល់​ប្រាប់​កូនថា​ប្រយ័ត្ន​ឈឺ ហើយ​គ្រូ​ពេទ្យ​នឹង​មក​ចាក់​ថ្នាំ​ដោយ​មាន​ម្ជុល​ធំ​ទៀត​ផង។ កាល​ដែល​ប្រាប់​កូន​នូវ​របៀប​នេះ អាច​ធ្វើ​ឱ្យ កុមារ​មាន​ការ​ភ័យ​ខ្លាច ហើយ​ងាក​មក​ទទួល​ទាន​ចំណី​អាហារ​វិញ។ លោក​អ្នក​អាច​និយាយ​ពីរឿង​នេះ​រឿង​នោះ​ប្រាប់​កូន​បណ្ដើរ ហើយ​លួង​លោម​បញ្ចុក​អាហារ​កូន​បណ្ដើរ។

ផល​វិបាក​កុមារ​ធុញ​អាហារ

កាល​បើ​កុមារ​ធុញ​អាហារ គឺ​បណ្ដាល​ឱ្យ​កុមារ​ឈាន​ទៅរក​ជម្ងឺ​លឿន​បំផុត ខាង​ខ្វះ​អាហា​រូប​ត្ថម្ភ​ធ្ងន់​ធ្ងរ​ដែល​បង្កឱ្យ​មាន ផល​វិបាក​ជា​ច្រើន​ដូច​ជាធ្វើ​ឱ្យ​កុមារ​មាន​រាង​កាយ​ស្គម​ស្គាំង​មិន​មាំ​មួន គ្មាន​កម្លាំង​កំហែង​នៅក្នុង​ខ្លួន ទឹក​មុខ​ស្លេក​ស្លាំង​មិន​ស្រស់​ថ្លា រហូត​ធ្វើឱ្យ​កុមារ​ធ្លាក់​ខ្លួន​ឈឺ​រួច​ធ្វើឱ្យ​សរី​រៈ​ខាង​ក្នុង​ខ្លួន​ធ្វើ​ចលនា​ខុស​ធម្មតា​ត្រូវ​ទ្រុឌ​ទ្រោម។ មិន​តែ​ប៉ុណ្ណោះ បើកូន​ធ្លាក់​ខ្លួន​ឈឺ ហើយ ប្រាកដ​ជាធ្វើ​ឱ្យ​ឪពុក​ម្ដាយ​មាន​ការ​នឿ​យ​ហត់​ជាខ្លាំង​ក្នុង​ការថែ​ទាំ​កូន ហើយ​ធ្វើឱ្យ​ចំណាយ​ថវិកា​ក្នុង​ការ​ព្យាបាល​ជម្ងឺ​កូន និង​ធ្វើ​ឱ្យ កូន​ត្រូវ​ផ្អាក​ការ​សិក្សា​រៀន​សូត្រ​មួយ​រយៈ​ទៀត​ផង។

វិធី​បង្ការ​កុមារ​ធុញ​អាហារ

ដើម្បី​ចៀស​វាង​កុមារ​មាន​ការ​ធុញ​អាហារ​មិន​ព្រម​ញ៉ាំ ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​ផ្លាស់​ប្ដូរ​អាហារ​ប្លែកៗ​រៀង​រាល់​ថ្ងៃ​ដល់​កូន​ដើម្បី​ឱ្យ​កូន​ទម្លាប់​ញ៉ាំ​នូវ​អាហារ​ទាំង​នោះ។ មិន​ត្រូវ​ផ្ដល់​នូវ​ចំណី​អាហារ​ទៅឱ្យ​កូន​តែ​អាហារ​ដដែលៗ​នោះ​ទេ ព្រោះ​លោក​អ្នក​ដឹង ច្បាស់​ហើយ​ថា​កុមារ​ភាគ​ច្រើន​មិន​ចូល​ចិត្ដ​អាហារ​ដែល​ញ៉ាំ​ថ្ងៃ​នេះ ហើយ​នៅ​សល់​ទុក​សម្រាប់​ញ៉ាំ​ថ្ងៃ​ស្អែក​ឡើយ។ រីឯ​ម្ហូប​អាហារ​ខ្លះ ក៏មិន​ត្រូវ​ផ្អាប់​ទុក​យូរ​ដែរ ព្រោះ​អាច​នាំឱ្យ​ជូរ​ផ្អូម។ ម្ហូប​អាហារ​ត្រូវ​ផ្ដល់​ឱ្យកូន​ឱ្យបាន​ទាន់​ពេល​វេលា​នៅ​ពេល​ដែល​កូន​ស្រេក​ឃ្លាន ព្រោះ​កុមារ​អាច​មិន​ញ៉ាំ​អាហារ​បាន​ដោយ​សារ​ហួស​ពេល​ញ៉ាំ​របស់​កូន​ហើយ​ធ្វើឱ្យ​កូន​បាត់​នូវ​ភាព​ស្រេក​ឃ្លាន។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ឪពុក​ម្ដាយ​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សុខ​ភាព​របស់​កូន ដូច​ជាការ​ផ្ដល់​ចំណី​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់​ជា​ដើម។ ប្រការ​ដែល ល្អ​លោក​អ្នក​គួរ​ផ្លាស់​ប្ដូរ​មុខ​ម្ហូប​អាហារ​រៀង​រាល់​ថ្ងៃ ដើម្បី​ចៀស​វាង​កុមារ​មាន​ការ​ធុញ​អាហារ​មិន​ព្រម​ញ៉ាំ។ ព្រោះ​ការ​ផ្ដល់​នូវ​អាហារ​ឱ្យកូន​តែ​អាហារ​ដដែលៗ​ញឹក​ញាប់​ពេក ធ្វើឱ្យ​កុមារ​ឆាប់​ឬ​ងាយ​ធុញ​អាហារ​បំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *