ឪពុក​ល្អ

បុរស​កើត​មក​សម្រាប់​ធ្វើជា​ស្វាមី ធ្វើជា​ឪពុក និយាយ​រួមជា​ស្ថាបនិក​គ្រួសារ​ទាំង​មូល។ ហេតុនេះ​ហើយ​ភារៈ​កិច្ច និង​ការ​ទទួល​ខុសត្រូវ​របស់​បុរស​ពិតជា​ធំធេង​ខ្លាំង​ណាស់។ ទំនួល​ខុសត្រូវ​នេះបាន​ញ៉ាំងឱ្យ​បុរសជា​ច្រើនខិត​ខំពុះ​ពារ ដើម្បី​បាន​សម្រេច​ជោគ ជ័យ។ ផ្ទុយ​ទៅវិញ​ក៏មាន​បុរសខ្លះ​អាត្មា​និយម​មិនគិត​ពី​គ្រួសារ ឈ្លក់នឹង​ការ​សប្បាយ​ភ្លើតភ្លើន​ម្នាក់​ឯង ដើរតែ​បង្កើត​កូនចោល​ដូច កូនមាន់​កូនទា​អ៊‌ីចឹង។ បុរស​គ្រប់រូប​អាចធ្វើ​ឪពុក​ប៉ុន្ដែ​ឪពុក​គ្រប់រូប​មិនមែន​សុទ្ធតែ​ល្អនោះ​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជា​ជំនួយ​ដល់​លោក​ជាបុរស​ដែល​បាន​នឹងក្លាយ​ទៅជា​ឪពុក​នៃកូន ទស្ស​នា​វដ្ដី សុខភាព​យើង សូមរួម​ចំណែក​ជា​គំនិត​មួយ​ចំនួន​ដល់​លោកនៅ​ក្នុង​ករណីយ​​កិច្ចដ៏​ពិបាក​នេះ។

បុរស​ជាឪពុក​ល្អ

អស់​លោក​ទាំង​ឡាយ​នៅពេល​ដែល​ធំ​ពេញ​វ័យ​រៀបការ​ក្លាយជា​ស្វាមី​នោះ គឺ​ជា​​​​ការ​​បាន​​សម្រេច​​​២៥​​ភាគ​រយ​​នៃ​​ជី​វិត។ ក្រោយ​​ពេល​​រៀប​ការ​មានកូន​ក៏ជា​ស​ម្រេច​​​​​​​​​ បាន២៥​ភាគរយ​ទៀត ចំ​ណែក​ឯ​ការ​ចិញ្ចឹម​កូនឱ្យ​ធំធាត់​បានល្អ​ប្រ​កប​ដោយគុណធម៌ និង អនាគតភ្លឺ​ស្វាងគឺជា​សម្រេច​​បាន៥០ភាគ​រយ​បន្ថែម​​ទៀត។ បុរស​ជាភេទ​ខ្លាំង ជាអ្នក​កាន់ចង្កូត​នៃ​រថយន្ដ​គ្រួសារ ហេតុ​នេះ​ហើយ​បុរស មាន​​​តួនាទី​ជាច្រើន​ដែល​ត្រូវ​បំពេញ ដើម្បី​ធានា​នូវការ​ផ្ដល់​សុភមង្គល​និង​សេចក្ដី​សុខដល់​គ្រួសារ​ទាំង​មូល។

ឪពុក​ដ៏ល្អ​ដែលរូប​លោកត្រូវ​បានចាត់​ទុកជា​បង្គោល​មួយ​សម្រាប់​គ្រួសារ​ទាំងមូល និងជា​មនុស្ស​យ៉ាង​សំខាន់​ក្នុងការ​កំណត់​លក្ខណៈ​គ្រួសារ​ក្នុង​សង្គម​ខ្មែរ។ នៅក្នុង​សង្គម​ខ្មែរ សម្រាប់​គ្រួសារ​ដែលមាន​សម្ព័ន្ធភាព​ប្ដី​ប្រពន្ធ បុរស​ជាប្ដី​ត្រូវបាន​ចាត់ទុក​ជា​ជំហរ​គ្រួ សារ​មួយ​យ៉ាង​សំខាន់។

សិល្បៈ​នៃការ​ធ្វើជា​ឪពុក​ល្អ

តាម​ទំនៀម​ទម្លាប់​ខ្មែរពី​មុនមក បុរស​គឺជា​អ្នក​ចេញទៅ​ធ្វើការ ឬរក​ស៊ីសម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្លួន។ ចំណែក​ឯការ​ទទួល​ខុសត្រូវ​នៅក្នុង​ការ​អប់រំ​កូនចៅ ភាគ​ច្រើន​ត្រូវបាន​តម្រូវ​ទៅលើ​ម្ដាយ។ ឪពុក និង​ម្ដាយ​ត្រូវមាន​ការ​ទទួល​ខុសត្រូវ​យ៉ាង​ធ្ងន់ធ្ងរ សម្រាប់​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​រហូត​ដល់រូប​កូនមាន​អាជីព ឬ​បន្ទាប់​ពីបាន​កសាង​គ្រួសារ​របស់​គេផ្ទាល់។ ខាង​ក្រោម​នេះ ជា ចំណុច​នានា​ដែល​លោកអ្នក​ជាឪពុក​ត្រូវ​ប្រតិបត្ដិ។

1 . ឪពុក​ធ្វើជា​មេដឹក​នាំ ៖ ឪពុក​ជាអ្នក​ដែលគេ​ឱ្យ​តម្លៃ​ខ្ពស់ខ្លាំង​ទៅលើ​ការដឹក​នាំ​គ្រួសារ និង​កូនៗ។ ឪពុក​ជាអ្នក​ដែល​ត្រូវ​ចាប់​អារម្មណ៍​ខ្លាំងទៅ​លើការ​ដឹកនាំ​ប្រៀន​ប្រដៅ​កូនៗ ហើយជា​អ្នក​កំណត់​នូវ​អនាគត​របស់​កូន។ ឪពុក​ត្រូវធ្វើ​ជាគំរូ​របស់​កូននៅ​គ្រប់ សកម្ម​ភាព​ទាំង​អស់​ទាំង​ពាក្យ​សម្ដី​ត្រូវតែ​មានភាព​ម៉ឺង​ម៉ាត់។ លោក​ឪពុក​ជាអ្នក​ផ្ដល់ឱ្យ​កូនក្នុង​ភាពជា​អ្នក​មាំទាំ ហើយ​កូនៗ​របស់ លោក​ភាគច្រើន​គឺជា​អ្នក​ប្រកប​ធម៌ និង​ចេះស្ដាប់​ដំបូន្មាន​ល្អៗ។ ប៉ុន្ដែ​ប្រសិន​បើ លោក​ឪពុក​ជាអ្នក​ដែល​មិនបាន​ហេតុ​ផល​គ្រប់គ្រាន់​ក៏ ដូចជា​គំនិត​ឯកច្ឆន្ទ​ក្នុងការ​សម្រេចចិត្ដ​ធ្វើការងារ​អ្វីមួយ​ដោយ​មិនបាន​គិតគូរ​ឱ្យបាន​ហ្មត់ចត់​នោះ​អាចធ្វើ​ឱ្យ​រូបលោក​បាត់បង់​នូវ​តម្លៃ របស់​ខ្លួន​បាន។

2 . ឪពុក​ជាអ្នក​ការពារ ៖ ឪពុក​គឺជា​អ្នកដែល​មើលការ​ថែទាំ អ្នក​ការពារ និងអ្នក​គិតគូរ​យ៉ាង​ច្រើនទៅ​លើ​អនាគត​របស់ កូនៗ។ ជា​ពិសេស​ទៅ​ទៀត លោកអ្នក​ត្រូវឆ្លៀត​យក​ពេល​វេលា​ច្រើន​សម្រាប់​ការ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ ដើម្បី​តម្រង់​នូវ​អនាគត កូនៗ។ ក្រៅពី​នេះលោក​ឪពុក​ក៏ជា​អ្នក​ទទួល​ស្គាល់នូវ​ហេតុផល​នានា​ផងដែរ ទើប​ធ្វើការ​សម្រេច​ចិត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . ឪពុក​ជាទី​ប្រឹក្សា លោក​ឪពុក​ជាទី​ប្រឹក្សា ជាអ្នក​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ ហើយក៏​ជាអ្នក​មានភាព​ស្និទ្ធស្នាល​ថែមទៀត​ដល់​កូន។ លោក​ឪពុក​នៅពេល​នេះជា​អ្នក​ដែលអាច​ដឹងសុខ​ទុក្ខ និង​បញ្ហា​ផ្ទាល់​ជាច្រើន​របស់​កូនៗ និងជា​អ្នក​យល់ដឹង​ពីចិត្ដ សាស្ដ្រ​និងតម្រូវ​ការរបស់​កូនៗ។

4 . ឪពុក​ជាមិត្ដ​ស្និទ្ធស្នាល ៖ លោក​ឪពុក​ដែលជា​មិត្ដ​ស្និទ្ធស្នាល គឺជា​អ្នកដែល​ជំរុញ និង​បង្ក នូវ​បរិយាកាស​រីករាយ​មួយ សម្រាប់​គ្រួសារ។ អាកប្ប​កិរិយា​របស់​លោកបាន​ផ្ដល់នូវ​ភាព​កក់ក្ដៅ​ដល់រូប​កូនៗ​ណាដែល​ចេះស្ដាប់​ដំបូន្មាន រស់នៅ​ក្នុងភាព​សម្បូណ៌ សប្បាយ បង្កើតជា​មោទន​ភាពដ៏​អស្ចារ្យ​មួយ។ ប៉ុន្ដែ​បើភាព​ស្និទ្ធស្នាល​របស់​លោក​មាន​កម្រិត​ខ្លាំងពេក​ចំពោះ​កូន កម្រិត​នោះ​អាច​ធ្វើ ឱ្យ​លោក​បង្ហាញ​អស់នូវ​ចំណុច​ខ្សោយ​ដែល​បណ្ដាល​ឱ្យកូនៗ​អាចនឹង​ខិលខូច​ហើយ​អាចបង្ក​ជាបញ្ហា​សម្រាប់​គ្រួសារ​បានដូច​ដែល​ពាក្យ ថា ៖ “ស្រឡាញ់​កូន​រហូត​ទាល់តែ​ស្គាល់​ចិត្ដ”។

ចំណុច​ទាំង៤​ខាងលើ​ដែល​លើកមក​ជម្រាប​ជូន​លោកអ្នក​ខាងលើ ទោះបី​ជាមិន​បាន​ពេញ​លេញ​ល្អក៏​អាច​ក្លាយជា​ចំណែក​មួយ​នៃការ​ប្រតិ​បត្ដិ​របស់​លោកអ្នក​ក្នុង​ភារៈជា​ឪពុក​នេះ។ ក្រៅពី​នេះ​លោក​ឪពុក​ទាំងអស់​អាចថ្លឹង​ថ្លែងរក​ចំណុច​រួម​មួយនៃ​តួនាទី និង ការ​សម្រប​សម្រួល​​នៅក្នុង​គ្រួសារ​សម្រាប់​ជំរុញ​គ្រួសារ​ឱ្យប្រាស​ចាក​ភាព​សៅហ្មង​ទាំង​ឡាយ។

បណ្ដាំ​ផ្ញើ

បុរស​គ្រប់រូប​គប្បី​ជ្រាប​ថា បើសិន​លោកអ្នក​គ្រាន់តែ​ចង់ធ្វើ​ជាឪពុក​គេនោះ​ជារឿង​ងាយ​ហើយ​ស្រួលជា​ទី​បំផុត។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើលោក​អ្នកចង់​ធ្វើជា​ឪពុក​ល្អពិត​ជាត្រូវ​ចំណាយ​ពេល កម្លាំង​កាយ និង​កម្លាំង​ចិត្ដច្រើន​បំផុត។ លោកអ្នក​ត្រូវយល់​ថា ការ​ចិញ្ចឹម​កូន​ប្រៀបដូច​ការដាំ​ដើមឈើ​ហូបផ្លែ​មួយ​ដើម ទាល់​តែមាន​ការថែ​ទាំត្រឹម​ត្រូវ ដូចជា​ជ្រួយ​ដី ដាក់ជី ដកស្មៅ ស្រោច ទឹកជា​ដើម ទើប​លោកអ្នក​ទទួល​បានផល​ល្អ ហើយបេះ​ផ្លែឈើ​នោះមក​ទទួល​ទាន​បាន។ បើលោក​អ្នក​គ្រាន់តែ​ដាំ​ដើម្បី​ដាំនោះ លោក អ្នកក៏​ទទួល​លទ្ធផល​ទៅតាម​នោះដែរ​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *