ភ្នែកមានតួនាទីសំខាន់ណាស់ក្នុងការមើលសព្វអ្វីៗដែលមាន ពិសេសអ្វីៗដែលមាននៅក្បែរខ្លួន។ ថ្វីត្បិតថាភ្នែកមានត្របកបិតបើកដោយស្វ័យប្រវត្ដិយ៉ាងលឿន ដើម្បីជួយការពារគ្រាប់ភ្នែកពីការប៉ះទង្គិចតិចតួចទាំងឡាយ។ ប៉ុន្ដែការគ្រោះថ្នាក់នៅតែមិន អាចគេចផុតដដែល។ គ្រាប់ភ្នែកអាចកើតមានជម្ងឺផ្សេងៗ ដូចជាដុះកន្ទុយថ្លែន រលាកកញ្ចក់កែវភ្នែក មីញ៉ូប ឡើងបាយជាដើម។ ឡើងបាយភ្នែកធ្វើឱ្យអ្នកជម្ងឺមិនអាចមើលឃើញ ប៉ុន្ដែជម្ងឺនេះក៏អាចព្យាបាលបានដែរ។
ទាក់ទិននឹងជម្ងឺភ្នែកឡើងបាយ និងការព្យាបាលជម្ងឺនេះ លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អ្នកជំនាញផ្នែកភ្នែកប្រចាំមន្ទីរ ពេទ្យព្រះអង្គឌួងបានបកស្រាយជូនប្រិយមិត្ដអ្នកអានជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាជម្ងឺភ្នែកឡើងបាយ?
ជម្ងឺភ្នែកឡើងបាយមានន័យថាគ្រាប់ភ្នែកបាត់ភាពថ្លានៃកែវភ្នែក ដែលជាមូលហេតុធ្វើឱ្យគំហើញរបស់អ្នកជម្ងឺថយចុះ។ ពាក្យថាឡើងបាយប្រជាពលរដ្ឋខ្មែរយើងតែងតែសម្គាល់ទៅ លើភ្នែកដែលមានសម្លាកកញ្ចក់ភ្នែក។ ដូច្នេះប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតែងតែយល់ច្រឡំរវាងជម្ងឺឡើងបាយភ្នែក និងជម្ងឺរលាកកញ្ចក់ភ្នែក។ ជម្ងឺឡើងបាយគឺមានជាយូរយារណាស់មកហើយ ហើយមានការព្យាបាលជម្ងឺនេះតាំងតែពីមុនគ្រិស្ដសករាជទៅទៀត។ ជម្ងឺឡើងបាយភ្នែក ជាមូលហេតុចម្បងដែលធ្វើឱ្យពិការភ្នែក។
រោគសញ្ញាជម្ងឺភ្នែកឡើងបាយ
ជម្ងឺភ្នែកឡើងបាយកើតឡើងមានលក្ខណៈយឺតៗ ដោយគ្មានរោគសញ្ញាពិសេសអ្វីឡើយ។ លក្ខណៈសម្គាល់មួយដែលអ្នកជម្ងឺអាចសម្គាល់ដោយខ្លួនឯងបាន គឺចាប់ផ្ដើមស្រវាំងភ្នែកបន្ដិចម្ដងៗ។ លក្ខណៈបន្ទាប់បន្សំផ្សេងទៀត ដូចជាចាញ់ពន្លឺថ្ងៃ ជាពិសេស ពេលនៅក្រៅផ្ទះ។ ភ្នែកឡើងបាយពុំបានបង្កឱ្យមានការឈឺចាប់ទេ។ ការស្រវាំងភ្នែកនេះគឺអាស្រ័យទៅលើមូលហេតុដែលវិវត្ដលឿន ឬយឺតជាពិសេសលើមនុស្សចាស់គឺមានរយៈពេលយូររាប់ឆ្នាំ។ ការស្រវាំងអាចជារោគសញ្ញានៃជម្ងឺផ្សេងទៀតបានដែរ។ ដូច្នេះគឺអ្នកជម្ងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសភ្នែក ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។ នៅពេលពិនិត្យភ្នែកយើងនឹង ឃើញកញ្ចក់ភ្នែកថ្លាធម្មតា ប៉ុន្ដែកែវភ្នែកនឹងមានពណ៌ចាប់ផ្ដើមលឿងឬស-ប្រផេះ និងកាន់តែស្រអាប់ឡើងៗទៅតាមពេលវេលា។ អ្នកជម្ងឺខ្លះមានអាការស្រវាំងបែកផ្សែង ឬមើលឃើញព្រិលបែកជាពីរ។ អ្នកជម្ងឺខ្លះអាចមើលច្បាស់ក្នុងចម្ងាយជិត (ដំណាក់កាល ដំបូងនៃជម្ងឺបាយភ្នែក) តែពេលត្រូវពន្លឺថ្ងៃនឹងប្រែជាស្រវាំងភ្នែកខ្លាំង។
មូលហេតុបង្កជម្ងឺភ្នែកឡើងបាយ
1 . ជរាភាព ៖ មនុស្សវ័យចាស់មានកើតជម្ងឺភ្នែកឡើងបាយដល់ទៅ៩០% កើតឡើងដោយសារអាយុកាន់តែចាស់ កែវភ្នែកនឹងប្រែពីភាពថ្លាទៅជាមានពណ៌ស្រអាប់ ឬពណ៌លឿង ឬពណ៌សល្អក់ ជាពិសេសចាប់ពីអាយុ៦០ឬ៧០ឆ្នាំឡើងទៅ។
2 . ករណីមានជម្ងឺ ៖ ជម្ងឺមួយចំនួនបណ្ដាលឱ្យភ្នែកឡើងបាយដែរ ដូចជាជម្ងឺទឹកនោមផ្អែម រលាកក្នុងភ្នែក ការប៉ះទង្គិច ភ្នែក កាំរស្មីខ្សែភ្លើងឆក់ ការប្រើថ្នាំយូរអង្វែង ក្រោយការវះកាត់ភ្នែកជាដើម។
3 . ឡើងបាយពីកំណើត ៖ អាចកើតឡើងដោយឯកឯង ឬក៏មានលក្ខណៈតពូជដោយហ្សែន ឬក្រូម៉ូសូមនៃជម្ងឺមួយចំនួនអាចមានដោយសារជម្ងឺដែលឆ្លងពីម្ដាយទៅកូន ឬលក្ខណៈខុសធម្មតាតាំងពីកំណើត ប៉ុន្ដែក៏អាចបណ្ដាលមកពីការប្រើថ្នាំប្រភេទមួយចំនួនក្នុងរយៈពេលវែងដែរ។
ការព្យាបាលជម្ងឺភ្នែកឡើងបាយ
នាពេលបច្ចុប្បន្ននេះ ការព្យាបាលអាចមានវិធីតែមួយគត់ គឺការវះកាត់ដើម្បីបូមយកគ្រាប់បាយភ្នែក ដែលបាំងប្រស្រីភ្នែកនោះចេញ រួចហើយដាក់ចូលជំនួសវិញនូវកែវសិប្បនិម្មិត។ ការវះកាត់ភ្នែកឡើងបាយមានបច្ចេកទេសច្រើនបែបច្រើនយ៉ាងណាស់ តែអាស្រ័យទៅលើគ្រូពេទ្យម្នាក់ៗ ដែលត្រូវជ្រើសរើសវិធីសាស្ដ្រណាមួយសម្រាប់ប្រើសមស្របទៅលើលក្ខខណ្ឌរបស់អ្នកជម្ងឺនីមួយៗ។ នៅប្រទេសកម្ពុជាយើងមានម៉ាស៊ីនទំនើបៗ និងមានប្រើកែវសិប្បនិម្មិតដែលមានគុណភាពខ្ពស់ ក្នុងនោះមានប្រើម៉ាស៊ីនហ្វេកូ និងកែវ អាក្រាយសូហ្វណេទួរ៉លដែលមានគុណភាពខ្ពស់ក្នុងការមើល ព្រមទាំងជួយការពារកោសិកានៃសរសៃបាតភ្នែក(ផ្នែកខាងក្រោយ នៃភ្នែក) ដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យដូចជាកាំរស្មីពណ៌ស្វាយ(យូវី) កាំរស្មីពណ៌ខៀវ ដែលមានផលប៉ះពាល់មិនល្អធ្វើឱ្យ ខូចកោសិកាភ្នែក។
ផលវិបាកពីការឡើងបាយភ្នែក
នៅពេលដែលដឹងខ្លួនថាមានជម្ងឺឡើងបាយភ្នែក អ្នកជម្ងឺជាច្រើនតែងតែព្រួយបារម្ភអំពីការវះកាត់ព្យាបាល ឬលទ្ធផលដែលទទួលបានក្រោយការវះកាត់ ដោយភ័យខ្លាចមិនជាសះស្បើយ ហើយប្រែជាងងឹតលើសដើម។ ប៉ុន្ដែប្រសិនបើយើងបណ្ដោយទុកយូរមិនព្រមទទួលយកការព្យាបាលទេនោះ វានឹងអាចបណ្ដាលឱ្យមានផលវិបាកជាច្រើនកើតឡើង ដូចជាកើតជម្ងឺទឹកដក់ក្នុងភ្នែក ដែលបណ្ដាលមកពីឡើងបាយការរលាកក្នុងភ្នែក ឬពេលគ្រាប់បាយភ្នែកនោះឡើងទុំខ្លាំង ពេលនោះធ្វើឱ្យគ្រាប់បាយទុំនោះប្ដូរទីតាំង ធ្លាក់ចូលក្នុងភ្នែកឬក៏មិនអាចឃើញអ្វីទាល់តែសោះក៏មាន។ ម្យ៉ាងវិញទៀតអ្នកជម្ងឺពិតជាពិបាកក្នុងការអាន ការសរសេរ ការធ្វើ ដំណើរ មើលអ្វីៗនៅជុំវិញខ្លួនជាដើម។
វិធីបង្ការពីការឡើងបាយភ្នែក
បើសិនជាជម្ងឺឡើងបាយភ្នែកកើតឡើងដោយសារតែវ័យចាស់នោះ គឺពុំមានវិធីបង្ការនោះទេ លើកលែងតែជម្ងឺឡើងបាយបណ្ដាលពីមូលហេតុផ្សេងទៀត ដូចជាការត្រូវរបួស ការរលាកក្នុងភ្នែក ការប្រើថ្នាំប្រភេទខ្លះមានរយៈពេលវែងពេកជាដើម។ ជាទូទៅបើសិនកែវភ្នែកចាប់ផ្ដើមឡើងបាយហើយ ទោះដោយមូលហេតុណាក៏ដោយចុះ ជម្រើសចុងក្រោយគឺការវះកាត់យកគ្រាប់-បាយនោះចេញឱ្យទាន់ពេលវេលាដែលវានៅមិនទាន់ធ្ងន់ធ្ងរ និងជំនួសវិញដោយការប្រើកែវសិប្បនិម្មិត។ ការប្រើកែវសិប្បនិម្មិតនេះ អាចធ្វើឱ្យភ្នែកមើលឃើញដូចធម្មតាវិញដូចភ្នែកដែលគ្មានបញ្ហាហើយ៩៥%នៃអ្នកជម្ងឺដែលវះកាត់យកគ្រាប់បាយនេះពុំមានបញ្ហាអ្វី កើតឡើងឡើយ។
ដំបូន្មានអ្នកប្រឹក្សា
ជាទូទៅអ្នកដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែទៅពិនិត្យយ៉ាងតិចណាស់១ឆ្នាំឱ្យបានម្ដង។ ការវះកាត់ភ្នែកនៅពេលបច្ចុប្បន្ននេះ ផ្នែកវេជ្ជសាស្ដ្រនៅកម្ពុជាយើងមានលក្ខណៈជឿនលឿនប្រហាក់ប្រហែលនឹងប្រទេសជិតខាងដែរហើយ។ ក្នុងនោះក៏អាចមានរយៈពេលរហ័សនិងគ្មានការឈឺចាប់ចំពោះអ្នកជម្ងឺឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply