ឆាប់​រំជួល​ចិត្ដ

ភាព​រំជួល​ចិត្ដ​វាជា​រឿង​ធម្មតា​ដែល​កើត​មាន​នៅលើ​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ។ ទោះ​បី​ជា​អ្នក​នោះ​មាន​ភាព​អង់​អាច​ក្លាហាន​យ៉ាង​ណា​ក៏​ដោយ ក៏នៅ​តែ​មាន​ភាព​រំជួល​ចិត្ដ។ គ្រាន់​តែ​អ្នក​ដែល​ទទួល​នូវ​ការ​រំជួល​ចិត្ដ​នោះ​មាន កម្រិត​និង​សណ្ឋាន​ខុសៗ​គ្នា​តែ​ប៉ុណ្ណោះ។ អ្នក​ដែល​ងាយ​ឆាប់​ទទួល​នូវ​ការ​រំជួល​ចិត្ដ​ខ្លាំង បុគ្គល​នោះ​រមែង​មាន​បញ្ហា​ផ្លូវ​ចិត្ដ​ដោយ គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនា​វដ្ដី សុខភាពយើង សូម​លើក​យក​ប្រធាន​បទ ឆាប់​រំជួល​ចិត្ដ មក​ជូន​មិត្ដ​អ្នក​អាន​ទាំង​អស់​ឱ្យបាន​ជ្រាប​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រា​ចារ្យ​អនុ​បណ្ឌិត ផាន់ ចាន់ពៅ អ្នក​ឯក​ទេស​ចិត្ដ​វិទ្យា និង​ជា​នាយក​ក្រុម​ស្រាវ​ជ្រាវ ភីស​ថាយ​ហ្គឺរ។

ឆាប់​រំជួល​ចិត្ដ ជា​អ្វី?

ឆាប់​រំជួល​ចិត្ដគឺ​ជាចិត្ដ​រំភើប​ភ្ញាក់​ផ្អើល​មួយ ហើយ​ក៏អាច​ជា​ប្រតិកម្ម​ផ្លូវ​ចិត្ដ​មួយ​ដែរ ដែល​កើត​មាន​ឡើង និង​ការ​ប្រឈម​មុខ​ជាមួយ​បញ្ហា​អ្វី​មួយ មាន​អាការ​លេច​ចេញ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ខ្លី ឬ​បង្គួរ រួចក៏​បន្សាប​រលត់​ទៅ​វិញ។ យើង​អាច​និយាយ​បាន​ថា ជា​កម្រិត​ទីបី​នៃ​សញ្ចេត​នា។

មូល​ហេតុ​ឆាប់​រំជួល​ចិត្ដ

កត្ដា​ដែល​ធ្វើឱ្យ​លោក​អ្នក​មាន​ការ​ឆាប់​រំជួល​ចិត្ដ​ដោយ​សារ​តែ​សុខ​ភាព​ផ្លូវ​ចិត្ដ តំណ​ពូជ ការ​អប់រំ និង​ចំណី​អាហារ។

1 . កត្ដា​សុខ​ភាព​ផ្លូវ​ចិត្ដ កាល​ណា​ផ្លូវ​ចិត្ដ​លោក​អ្នក​ខ្វះ​អ្នក​ដែល​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ ខ្វះអ្នក​ដែល​ជួយ​សម្រប​សម្រួល​ខ្វះ​អ្នក​ដែល​ផ្ដល់​នូវ​សេចក្ដី​គោរព ខ្វះ​ជំនឿ​ចិត្ដ​លើ​ខ្លួន​ឯង ហើយ​ជួប​ប្រទះ​តែ​រឿង​ស្មុគ​ស្មាញ​ជាបន្ដ​បន្ទាប់​ជាដើម។ បញ្ហា​ទាំង​នេះ ជា​ហេតុ​ធ្វើឱ្យ​លោក​អ្នក​គិត​ច្រើន​បណ្ដាល​ឱ្យមាន​ការ​ឆាប់​រំជួល​ចិត្ដ រហូត​ឈាន​ទៅរក​ជម្ងឺ​ផ្លូវ​ចិត្ដ​ទៀត​ផង។

2 . កត្ដា​តំណ​ពូជ ដោយ​សារ​តែ​ការ​ទទួល​នូវ​ប្រតិកម្ម​ផ្លូវ​ចិត្ដ​របស់​ម្ដាយ ពេល​ដែល​មាន​ទារក​នៅ​ក្នុង​ផ្ទៃ ម្ដាយ​តែង​ទទួល​នូវ​ភាព​តប់​ប្រមល់​តាន​តឹង​នៅ​ក្នុង​ចិត្ដ ឆាប់​ភ្ញាក់​ផ្អើល ឬ​ឆាប់​រំជួល​ចិត្ដ​ជាមួយ​រឿង​រ៉ាវ​អ្វី​មួយ ដែល​ប្រតិ​កម្ម​ទាំង​នោះ​បាន​ជះ​ឥទ្ធិ​ពល ទៅ​ដល់​កូន​ឬទារក​នៅក្នុង​ផ្ទៃ។ ដូច​នេះ​ទើប​អ្នក​ខ្លះ​មាន​ការ​រំជួល​ចិត្ដ​តាំង​ពី​កំណើត​មក ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​អ្វី​មួយ ឡើយ ឬ​អាច​មក​ពីប្រភេទ​ឫក​ពា។

3 . កត្ដា​អប់​រំ ការ​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​ជួប​តែ​បញ្ហា​គ្រប់​យ៉ាង មិន​ចេះ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ហើយ​ចេះ​តែ យក​រំជួល​ចិត្ដ​ឬ​យំ​ជា​ដើម មក​ដោះ​ស្រាយ។ ការ​រំជួល​ចិត្ដ ឬការ​យំ​នេះ​បណ្ដាល​ឱ្យ​ក្លាយ​ជា​ទម្លាប់ ឬ​អំពើ​ថ្នឹក​មួយ​ដោយ​ស្វ័យ​ប្រវត្ដិ មិន​ប្រែ​ប្រួល។ ឱ្យតែ​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​មួយ បុគ្គល​នោះ​ចេះ​តែ​ឆាប់​យំ ឆាប់​រំជួល​ចិត្ដ ងាយ​ខឹង ឬ​ឆាប់​ភ័យ ដោយ​មិន​វឹក​ហាត់ ផ្នែក​គំនិត និង​អារម្មណ៍។

4 . កត្ដា​ចំណី​អាហារ ៖ ការ​ទទួល​ទាន​ចំណី​អាហារ​ដែល​មិន​មាន​ជាតិ​វីតាមីន និង​ប្រូតេ​អ៊ីន​គ្រប់​គ្រាន់ ដែល​សម្រាប់​ជួយ​ឱ្យ​ផ្នែក​ខាង​កម្លាំង​កាយ កម្លាំង​ថាម​ពល​ខ្លាំង​ក្លា បណ្ដាល​ឱ្យ​អារម្មណ៍​ឆាប់​តក់​ស្លុត ឆាប់​រំជួល​ចិត្ដ​បាន​ដែរ។

រោគ​សញ្ញា​នៃ​ការ​ឆាប់​រំជួល​ចិត្ដ

គេ​សង្កេត​ឃើញ​ថា បុគ្គល​ដែល​ប្រឈម​មុខ​នឹង​ការ​ឆាប់​រំជួល​ចិត្ដ គឺ​អាស្រ័យ​ទៅលើ​សម្ពាធ​បរិយា​កាស​ប្រចាំ​ថ្ងៃ ហើយ​បាន​បង្ហាញ​ជា​រោគ​សញ្ញា​ផ្លូវចិត្ដ និង​ផ្លូវ​កាយ។

  • រោគ​សញ្ញា​ផ្លូវ​ចិត្ដ ៖ ឆាប់​មាន​ប្រតិ​កម្ម​ផ្លូវ​ចិត្ដ ឆាប់​ឆេវ​ឆាវ ឆាប់​តក់​ស្លុត ឆាប់​ភ័យ ឆាប់​ស្រងូត​ស្រងាត់ ឆាប់​តប់​ប្រមល់ ឆាប់​ខ្លាច​ឆាប់​ផ្លាស់​ប្ដូរ​អារម្មណ៍​ពី​សប្បាយ​ទៅជា​ទុក្ខ ពី​ទុក្ខ​ទៅជា​សប្បាយ គិត​ច្រើន​តែរឿង​ដដែលៗ។ មិន​តែ​ប៉ុណ្ណោះ បើ​ជួប​រឿង​អាក្រក់​ចេះតែ​នឹក​ឃើញ​រឿង​អាក្រក់ ហើយ​បែរ​ជា​ស្រគត់​ស្រគំ បើ​ជួប​រឿង​សប្បាយ ចេះ​តែ​នឹក​ឃើញ​រឿង​សប្បាយ​នោះ។
  • រោគ​សញ្ញា​ផ្លូវ​កាយ ឆាប់​យំ ឆាប់​ខឹង ឆាប់​ច្រឡោត ឆាប់​ញ័រ​ដើម​ទ្រូង ឬ​ញ័រ​ដៃ​ជើង ដក​ដង្ហើម​ថប់ៗ បេះ​ដូង​ដើរ លឿន​គេង​មិន​លក់ ញ៉ាំ​អ្វី​បាន​ជា​ដើម។

ផល​ប៉ះ​ពាល់​នៃការ​ឆាប់​រំជួល​ចិត្ដ

ជា​ទូទៅ​អ្នក​ដែល​ទទួល​នូវ​ការ​ឆាប់​រំជួល​ចិត្ដ តែងតែ​បង្ក​ឱ្យ​មាន​ផល​វិបាក​ច្រើន នៅ​លើ​ផ្នែក​ផ្លូវ​ចិត្ដ និង​ផ្លូវ​កាយ ដូច​ជា​ឈឺ ក្បាល​វិលមុខ​ញ៉ាំអ្វី​មិន​បាន នាំឱ្យ​រាង​កាយ​ស្គម​ស្គាំង គ្មាន​កម្លាំង​កំហែង​នៅក្នុង​ខ្លួន ឈឺ​ក្រពះ ធ្លាក់​ខ្លួន​ឈឺ ឬ​សុខ​ភាព​ទ្រុឌ​ទ្រោម។ ជួន​ពិបាក​គ្រប់គ្រង​សភាព​ការ​និង​អារម្មណ៍​ខ្លួន​ឯង នៅ​ពេល​ដែល​ជួប​រឿងរ៉ាវ​អ្វីមួយ​មក​ដល់​ហើយ មិន​ចេះ​ដោះ​ស្រាយ​ដោយ​សារ តែមាន​ការ​ឆាប់​រំជួល​ចិត្ដ​នេះ​ជា​ឧបសគ្គ។ ជា​ពិសេស​ធ្វើឱ្យ​ខ្លួន​ឯង​អាច​ប្រឈម​មុខ​នឹង​ការ​ប្រព្រឹត្ដ​ខុស ព្រោះ​តែ​ឆាប់​រំជួល​ចិត្ដ សប្បាយ ចិត្ដ ឬ​កើត​ទុក្ខ​ជ្រុល​ជា​ហេតុ​ធ្វើឱ្យ​មិន​បាន​គិត​វែង​ឆ្ងាយ​អំពី​បញ្ហា​ដែល​អូស​ទាញ​នោះ។ ម្យ៉ាង​ទៀត​អាច​សម្លាប់​ខ្លួន ធ្លាក់​ទឹក​ចិត្ដ អាច កើត​ទៅជា​គំនុំ​គុំកួន​ជាមួយ​អ្នក​ដទៃ​ដោយ​សារ​តែកើត​ចេញ​ពីការ​ឆាប់​រំជួល​ចិត្ដ។

វិធី​ព្យាបាល និង​កាត់​បន្ថយ​ការ​ឆាប់រំ​ជួល​ចិត្ដ

យើង​ដឹង​ហើយ​ថា បុគ្គល​ដែល​ប្រឈម​មុខ​នឹង​ការ​ឆាប់​រំជួល​ចិត្ដ ជា​បុគ្គល​ដែល​មាន​បញ្ហា​ផ្លូវចិត្ដ។ ដូច​នេះ លោក​អ្នក​ដែល​មាន​ការ​រំជួល​ចិត្ដ សូម​កុំ​បណ្ដោយ​ឱ្យខ្លួន​ឯង​នៅ​មាន​អាការ​បែប​នេះត​ទៅ​ទៀត ព្រោះ​អាច​ឈាន​ទៅរក​ជម្ងឺ​ផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ។ លោក​អ្នក ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ជួប​គ្រូ​ពេទ្យ​ឯក​ទេស​ផ្លូវ​ចិត្ដ ធ្វើ​ការ​ពិគ្រោះ​យោបល់។ គ្រូ​ពេទ្យ​ជំនាញ​ចិត្ដ​សាស្ដ្រ​អាច​ធ្វើ​ការ​ព្យាបាល លោក​អ្នក​ដែល​មាន​ការ​ឆាប់​រំជួល​ចិត្ដ​ដោយ​និយាយ​ជជែក​វែក​ញែក​ពីរឿង​នេះពី​រឿង​នោះ ហើយ​លើក​ទឹក​ចិត្ដ។ អ្នក​ដែល​ឆាប់​រំជួល ចិត្ដ​ត្រូវ​ចេះ​សម្រប​សម្រួល​អារម្មណ៍ ធ្វើឱ្យ​ចិត្ដ​នឹងនរ​កុំឱ្យ​មាន​អារម្មណ៍​ឆាប់​ភ្ញាក់​ផ្អើល​ជាដើម។ វិធី​នេះ​អាច​ធ្វើឱ្យ​លោក​អ្នក​លុប បំបាត់​បាន​នូវ​ការ​ឆាប់​រំជួល​ចិត្ដ​និង​បំបាត់​ភាព​ចុះ​ចាញ់​រាល់​បញ្ហា​ទាំង​ឡាយ​ដែល​ជួប​ប្រទះ ហើយ​ទទួល​បាន​នូវ​ប្រសិទ្ធ​ភាព​ខ្ពស់។ ការ​ស្ដាប់​ចម្រៀង និង​ស្ដាប់​ភ្លេង ក៏ជា​វិធី​ណា​មួយ​ដែល​ជួយ​កាត់​បន្ថយ​នូវ​ការ​រំជួល​ចិត្ដ​ដែរ។ បើ​មាន​បញ្ហា​អ្វី​មួយ​ដែល​ធ្វើឱ្យ​រំជើប​រំជួល ខក​ចិត្ដ ឆាប់​ខឹង មាន​ចិត្ដ​មិន​ស្ងប់ ឬ​យំ ត្រូវរក​មិត្ដ​ភក្ដិ​ដើម្បី​ពិភាក្សា​កុំសម្ងំ​គិត​បញ្ហា​ទាំង​នេះតែ​ម្នាក់​ឯង។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

លោក​អ្នក​ដែល​មាន​ការ​រំជួល​ចិត្ដ សូមកុំ​បណ្ដោយ​ឱ្យ​ខ្លួន​ឯង​មាន​អាការ​រំជួល​ចិត្ដ​នេះត​ទៅ​ទៀត ព្រោះ​នាំឱ្យ​មាន​ផល​វិបាក​ទៅថ្ងៃ​អនាគត។ ដូច​នេះ​ត្រូវ​ចេះ​តាំង​ចិត្ដឱ្យ​បាន​នឹង​នរ ធ្វើ​ចិត្ដឱ្យ​ស្ងប់ កុំ​ឆាប់​ច្រឡោត ឬ​ឆេវ​ឆាវ ហើយ​ត្រូវ​ចេះ​គិត​ឱ្យបាន​វែង​ឆ្ងាយ មុន​នឹង​សម្រេច​ចិត្ដ​ធ្វើអ្វី​មួយ។ ប្រសិន​បើ​លោក​អ្នក​ចេះ​តែ​នៅ​មាន​អាការ​បែប​នេះ​តទៅ​ទៀត សូម​ប្រញាប់​ប្រញាល់​ទៅ​កាន់​មន្ទីរ ពេទ្យ​ដើម្បី​ជួប​អ្នក​ឯកទេស​ជំនាញ​ធ្វើការ​ពិគ្រោះ​យោបល់ ឬ​ត្រូវ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *