មនុស្សមួយចំនួនតែងតែយំសោកដើម្បីរំសាយទុក្ខដែលមានក្នុងខ្លួនគេឱ្យចេញមកក្រៅ និងដើម្បីឱ្យធូរស្រាលក្នុងចិត្ដ ក្នុង អារម្មណ៍។ ភាគច្រើនជានារីដែលជ្រើសរើសយកការយំនេះធ្វើជាមធ្យោបាយដោះស្រាយបញ្ហាដំបូងបំផុតមករំសាយនូវអារម្មណ៍ ដែលធុញថប់រឿងមន្ទិលសង្ស័យវិបត្ដិនានា ភាពកង្វល់ក្នុងចិត្ដ រឿងដែលគិតដល់ទាំងឡាយដែលកើតឡើង និងរឿងពិបាកក្នុងការ ដោះស្រាយមួយចំនួននៅក្នុងជីវិតរបស់គេ។
ដើម្បីឱ្យកាន់តែច្បាស់ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យានិងជាអនុប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដ នៃក្រសួងសុខាភិបាលបានធ្វើការបកស្រាយអំពីប្រធានបទ យំជួយបំបាត់ទុក្ខនិងពីមូលហេតុមួយចំនួនជូនមិត្ដអ្នកអានឱ្យបានជ្រាបកាន់តែច្បាស់។
អ្នកណាយំបំបាត់ទុក្ខ?
អ្នកណាក៏អាចយំបានដែរ មិនថាជានារី បុរសចាស់ ឬក៏ក្មេងឡើយ គ្រាន់តែការយំនោះមានភាពខុសៗគ្នាតែប៉ុណ្ណោះ។
- អ្នកដែលមានការបែកបាក់គ្នា ៖ គូស្នេហ៍ដែលធ្លាប់តែស្រឡាញ់គ្នា ល្អូកល្អិននឹងគ្នា នៅថ្ងៃមួយស្រាប់តែគេទាំងពីរនាក់ត្រូវបែកបាក់គ្នា។ ពេលនោះគឺគេមានការឈឺចាប់ខ្លាំងណាស់ ធ្វើឱ្យគេអស់សង្ឃឹម ហើយគិតតែពីយំដំបូងគេបង្អស់ បន្ទាប់ពីដោះ ស្រាយបញ្ហា។
- អ្នកដែលមានបញ្ហាក្នុងគ្រួសារ ៖ ឪពុកម្ដាយប្រដៅកូនប្រកបដោយគន្លងធម៌ ឱ្យប្រតិបត្ដិតែអំពើល្អ តែមានកូនមួយចំនួនមិនស្ដាប់ពាក្យប្រៀនប្រដៅរបស់ពួកគាត់ឡើយ គាត់មានការពិបាកចិត្ដនឹងពួកកូនរហូតបង្ហូរទឹកភ្នែក ដើម្បីឱ្យកូនឈប់ប្រព្រឹត្ដអំពើ ឧបាយមុខអស់ទាំងនោះ។
- អ្នកប្រឈមមុខការងារច្រើន ៖ លោកអ្នកមានបញ្ហាជាច្រើនដោះស្រាយ ជាការពិតនៅកន្លែងធ្វើការលោកអ្នកមានការស្មុគស្មាញណាស់លោកអ្នកត្រូវទទួលខុសត្រូវអ្វីៗជាច្រើន ដែលពេលនោះអារម្មណ៍របស់លោកអ្នកតានតឹងពិបាកដោះស្រាយបំផុត។ ពេលខ្លះត្រូវប្រធានស្ដីបន្ទោសឱ្យដោយកំហុសអ្វីមួយ ឬកំហុសធ្ងន់ធ្ងរត្រូវគេដេញចេញពីការងារជាដើម។ បុគ្គលនោះបានបាត់បង់ ការងារហើយទប់ចិត្ដមិនបានធ្វើឱ្យយំនៅមុខគេឯងទៀតផង។
- បរិយាកាសសង្គម ៖ ប្រជាពលរដ្ឋមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង ផ្ទះរបស់ពួកគាត់ត្រូវបំផ្លាញអស់ ពេលនោះគាត់គ្មាន អ្វីទៀតទេក្រៅពីសម្បកខ្លួនតែប៉ុណ្ណោះ គាត់មានការឈឺចាប់ និងពិបាកចិត្ដខ្លាំងណាស់ នេះជាវិបត្ដិមួយដែលធ្វើឱ្យគាត់យំក្នុងការសោកស្ដាយរបស់របរដែលខិតខំរកដោយកម្លាំងញើសឈាម ពេលនេះត្រូវបាត់បង់អស់គ្មានសល់ និងពេលខ្លះមានបាត់បង់សមាជិក គ្រួសារណាម្នាក់ទៀតផងនោះ។
មូលហេតុនៃយំបំបាត់ទុក្ខ
បើយើងពិនិត្យមើលទៅលើសង្គមរស់នៅប្រចាំថ្ងៃ យើងតែងតែជួបប្រទះស្ទើរតែគ្រប់រឿង ដែលមនុស្សជាច្រើនជ្រើសរើស យកវិធីនេះ។ ប៉ុន្ដែពេលខ្លះអ្នកដែលយំមិនមែនមកពីគេមានទុក្ខលំបាកអ្វីនោះទេ តែមកពីគេរំភើបនឹងសាច់រឿងអ្វីមួយខ្លាំងពេកក៏អាចធ្វើឱ្យទឹកភ្នែករបស់គេហូរចុះមកដោយមិនដឹងខ្លួនផងដែរ។ នេះជាការយំដែរ តែកើតឡើងពីការសប្បាយទៅវិញ។
យំពេលមើលកុនមួយដែលជារឿងកម្សត់ ពេលនោះធ្វើឱ្យទឹកភ្នែកហូរដោយឯកឯង ដោយសារសាច់រឿងកម្សត់ធ្វើឱ្យទប់ទឹកភ្នែកមិនបាន។
- ក្មេងម្នាក់ដែលរៀនពេញមួយឆ្នាំ ហើយពេលប្រឡងធ្លាក់ពេលនោះអារម្មណ៍គេស្មុគស្មាញណាស់ ពិបាកចិត្ដ ខ្មាសមិត្ដភក្ដិមានអារម្មណ៍តូចចិត្ដ នេះជាកត្ដាមួយធ្វើឱ្យគេអាចយំដើម្បីចិត្ដធូរស្រាលឡើងវិញ។
- ពេលខ្លះយើងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដូចជាហេតុការណ៍នៅកន្លែងធ្វើការ ឬនៅក្នុងគ្រួសារ សាលារៀន ជាដើមដែលធ្វើឱ្យលោកអ្នកពិបាកក្នុងការដោះស្រាយ ជួនកាលក៏អាចធ្វើឱ្យលោកអ្នកយំបានដែរ។
- មនុស្សភាគច្រើនមានអារម្មណ៍តានតឹង មួម៉ៅ ពេលនោះលោកអ្នកអាចរកអ្នកដែលខ្លួនទុកចិត្ដជាមិត្ដភក្ដិ ជាអ្នកធ្វើការ ជាមួយដើម្បីប្រឹក្សានឹងពួកគេក្នុងដំណោះស្រាយរបស់លោកអ្នក។ ពេលខ្លះគេក៏អាចឱ្យចិត្ដរបស់លោកអ្នកស្ងប់បានមួយកម្រិតដែរ។
- អ្នកដែលពិបាកបំផុត ដូចជាគ្រួសារត្រូវបាត់បង់ ពេលនោះគេគិតអ្វីមិនឃើញឡើយក្រៅតែពីការយំយែក សោកស្ដាយអាណិតអាសូរចំពោះអ្នករងគ្រោះនោះ។
ផលប៉ះពាល់ និងប្រការគួរចៀសវាង
យំមានផលប៉ះពាល់តិចតួច ផ្ទុយទៅវិញបើលោកអ្នកយំរហូតមិនហូបបាយ មិនហូបទឹក ឬមិនគេង វាអាចមានផលប៉ះពាល់ដល់សុខភាពជួនកាលបណ្ដាលឱ្យមានជម្ងឺទៀតផង។
ពេលលោកអ្នកពិបាកចិត្ដខ្លាំងឬនៅពេលជួបតែរឿងដែលដោះស្រាយមិនចេញ លោកអ្នកគួរតែពិចារណាឱ្យបានល្អិតល្អន់និងមិនត្រូវគិតខ្លីចង់សម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិត និងបញ្ហាផ្សេងៗដោយខ្លួនឯងនោះទេ។
ដំបូន្មានអ្នកជំនាញ
តាមទំនៀមទម្លាប់ខ្មែរ ពេលយើងយំដោយពិបាកចិត្ដខ្លាំង គេនឹងប្រាប់យើងថា“ឈប់យំទៅ កុំយំអី”។ ប៉ុន្ដែបើតាមចិត្ដវិទ្យាគេតម្រូវឱ្យយំចេញមកក្រៅឱ្យអស់ ទើបធ្វើឱ្យអារម្មណ៍ធូរស្រាល កុំទុកផ្ដុំវាកាន់តែច្រើនឱ្យសោះ វាបង្កឱ្យមានភាពតានតឹងចិត្ដ កាន់តែធ្ងន់ធ្ងរ។ បើមានចម្ងល់ចំពោះរឿងអ្វីមួយ លោកអ្នកគួរតែមានអ្នកពិគ្រោះយោបល់ ឬប្រឹក្សាជាមួយអ្នកជំនាញណាម្នាក់ ឬអ្នក ណាដែលលោកអ្នកទុកចិត្ដរៀបរាប់នូវអ្វីៗដែលជាបញ្ហាលំបាកក្នុងអារម្មណ៍របស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply