ជម្ងឺ​រលាក​សន្លាក់​ហ្គូត

ប្រជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន ពុំបាន​ដឹងឮ​ពី​ជម្ងឺ​រលាក​សន្លាក់​ហ្គូត​ឬខ្មែរ​និយម​ហៅ​ថា​ប្រគ្រីវ​នោះ​នេះ​ទេ។ បច្ចុ​ប្បន្ន​នេះ ជម្ងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​សម្បូរ​ណាស់​នៅ​ប្រទេស​កម្ពុជា ហើយ​គេ​សង្កេត​ឃើញ​ជម្ងឺ​នេះ​ច្រើន​កើត​នៅលើ​បុរស​ច្រើន​ជាង​ស្ដ្រី។ ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ហ្គូត​កើត​ឡើង​ដោយ​មូល​ហេតុ​ច្បាស់​លាស់​គឺជា​ជម្ងឺ​ដែល​មាន​ទំនាក់​ទំនង​ទៅនឹង​ការ​ហូប​ចុក និង​កត្ដា​តំណ​ពូជ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជម្ងឺ​រលាក​សន្លាក់​ហ្គូត​ត្រូវ​បាន​លោក​វេជ្ជ​បណ្ឌិត លី ជាតិ​តា ផ្នែក​សន្លាក់​នៃ​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត​ចូល​រួម​បក​ស្រាយ​បំភ្លឺ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យបាន​ជ្រាប តាម​រយៈ​ការ​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនា​វដ្ដី សុខភាព​​ យើង។

ជម្ងឺ​រលាក​សន្លាក់​ហ្គូត

ជម្ងឺ​រលាក​សន្លាក់​ហ្គូត​គឺជា​ការ​រលាក​សន្លាក់​ដែល​ដំបូង​ឡើង​មាន​ការ​រលាក​ស្រួច​ស្រាវ​នៅ​សន្លាក់​មេដឹក​នាំ រួច​ការ​រលាក​នេះ​មាន​ការ​រីក​រាល​ដាល​ទៅជា​រលាក​ធំៗ​ផ្សេង​ទៀត ដោយ​សារ​មក​ពីការ​ឡើង​ជាតិ​អាស៊ីត​នៅ​ក្នុង​ឈាម។

មូល​ហេតុ​នៃ​ការ​រលាក​សន្លាក់​ហ្គូត

មាន​មូល​ហេតុ​មួយ​ចំនួន ដែល​បណ្ដាល​ឱ្យកើត​មាន​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ហ្គូត។

1 . កត្ដា​តំណ​ពូជ ៩០​ភាគរយ​ដែល​គេរក​ឃើញ ជម្ងឺ​នេះ​កើត​ឡើង​ដោយ​សារ​តំណ​ពូជ។ ប្រសិន​បើក្នុង​ក្រុម​គ្រួសារ​មាន​សមា​ជិក​ណា​ម្នាក់​កើត​មាន​ជម្ងឺ​រលាក​សន្លាក់​ហ្គូត នោះ​នាំឱ្យ​សមា​ជិក​ដទៃ​ទៀត​នៅក្នុង​ក្រុម​គ្រួសារ​នោះក៏​កើត​មាន​ជម្ងឺ​រលាក​សន្លាក់ នេះ​ដែរ។

2 . ជម្ងឺ​ខ្សោយ​តម្រង​នោម កាល​ណា​មាន​ជម្ងឺ​ខ្សោយ​តម្រង​នោម នោះ​ធ្វើឱ្យ​មាន​ជាតិ​អាស៊ីត​ចាល់​ទៅ​ក្នុង​ឈាម នៅក្នុង ខ្លួន​និង​បណ្ដាល​ឱ្យមាន​ការ​ពាក់​ព័ន្ធ​ទៅដល់​ការ​រលាក​សន្លាក់។

3 . ជម្ងឺ​បែក​គ្រាប់​ឈាម ការ​បែក​នៃ​គ្រាប់​ឈាម​គឺមាន​ក្នុង​ករណី​ដែល​លោក​អ្នក​មាន​ជម្ងឺ​មហា​រីក​ឈាម ធ្វើឱ្យ​គ្រាប់ ឈាម​រីក​ជា​ពិសេស​គ្រាប់​ឈាម​សត្រូ​វបែក ហើយ​ក៏​បណ្ដាល​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ការ​រលាក​សន្លាក់។

4 . ការ​ប្រើ​ប្រាស់​ឱសថ ការ​ទទួល​ទាន​ឱសថ​មួយ​ចំនួន ដើម្បី​បំផ្លាញ​កោសិ​កា​មហា​រីក ឬ​ព្យាបាល​ជម្ងឺ​របេង ក៏ជា​ហេតុ​ធ្វើឱ្យ​មាន​ការ​លោក​សន្លាក់​រ៉ាំរ៉ៃ​ហ្គូត។ ជួន​កាល​អ្នក​ជម្ងឺ​មាន​ឈាម​ឡើង​ខ្ពស់ ឬ​ទទួល​រង​នូវ​ភាព​ត្រជាក់​ខ្លាំង ក៏​បណ្ដាល​ឱ្យ​មាន​ការ រលាក​សន្លាក់​ដែរ។

រោគ​សញ្ញា​នៃការ​រលាក​សន្លាក់​ហ្គូត

គេសង្កេត​ឃើញ​ថា​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ហ្គូត​មិន​សូវ​កើត​មាន​នៅលើ​ស្ដ្រី​ទេ។ ជម្ងឺ​នេះ​ច្រើន​កើត​នៅលើ​បុរស​ដែល​មាន​វ័យ​ចាប់​ពី៤០​ឆ្នាំឡើង​ទៅ។ លក្ខណៈ​ពិសេស​ដំបូង​នៃ​ជម្ងឺ​នេះ មាន​ភាព​ងាយ​ស្រួល​ចំណាំ​ណាស់ ប្រសិន​បើ​ពេល​ល្ងាច​លោក​អ្នក​លេង​កីឡា​បណ្ដាល​ឱ្យមាន​គ្រោះ​ថ្នាក់​បន្ដិច​បន្ដួច ដូចជា​គ្រេច​ក​ជើង ឬបើ​សិន​លោក​អ្នក​ទទួល​ទាន​អាហារ​ដែល​មាន​សារ​ជាតិ​អាស៊ីត​ច្រើន ឬ អាល់​កុល​ពេល​នោះ​លោក​អ្នក​នឹង​មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ម៉ោង​១២ឬ​១យប់ ដោយ​សារ​ការ​ឈឺ​សន្លាក់។ ចាប់​ផ្ដើម​ឈឺ​សន្លាក់​ដំបូង គឺ​សន្លាក់​មេ​ជើង​មុន​គេ​ព្រោះ​សន្លាក់​នេះ​មាន​ការ​ហើម​ធំ​ទៅៗ ហើយ​ឡើង​ពណ៌​ក្រហម​ស្រួច​ស្រាវ​រហូត​ធ្វើឱ្យ​អ្នក​ជម្ងឺ​ភ្ញាក់ មិន​បាន ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ដោយ​សារ​តែការ​ឈឺ​ចុក​ចាប់​សន្លាក់​ខ្លាំង​ពេក មាន​អាការ​ក្ដៅ​ខ្លួន និង​ឈឺ​ក្បាល​វិល​មុខ។ បន្ទាប់​ពី​ឈឺ សន្លាក់​មេ​ជើង​ហើយ ទើប​រីក​រាល​ដាល​ទៅ​ដល់​សន្លាក់​កដៃ​កជើង និង​សន្លាក់​ជង្គង់។ ការ​ហើម​សន្លាក់​នេះ​នឹង​ស្រក​ទៅ​វិញ​បន្ដិច​ម្ដងៗ នៅ​ម៉ោង​៤ឬ​៥​ទៀប​ភ្លឺ។ ជួន​កាល​មិន​បាន​ឈឺ​សន្លាក់​មេជើង​មុន​ទេ គឺ​ឈឺ​សន្លាក់​កដៃ​កជើង​មុន​រួចឈឺ​សន្លាក់​ជង្គង់​ទើប​មាន​ការ​រីក រាល​ដាល​ឈឺ​សន្លាក់​មេ​ជើង​ទៅ​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះ​ពាល់​នៃ​ការ​រលាក​សន្លាក់​ហ្គូត

ជម្ងឺ​រលាក​សន្លាក់​ហ្គូត ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​ផល​វិបាក​ច្រើន​ដូចជា​នៅ​ពេល​ឈឺ​សន្លាក់​ម្ដងៗ អ្នក​ជម្ងឺ​មិន​អាច​ដើរ​រួច។ ប្រសិន បើ​មាន​ជម្ងឺ​នេះ​ហើយ​មិន​ប្រញាប់​ធ្វើការ​ព្យាបាល​ទេ ធ្វើឱ្យ​ជម្ងឺ​នេះ​មាន​ការ​រីក​រាល​ដាល​ទៅ​ដល់​សន្លាក់​ផ្សេង​ទៀត ធ្វើឱ្យ​សន្លាក់​ទាំង អស់​ខូច​ទ្រង់​ទ្រាយ​ទៅជា​វៀច​ឬ​ចេញ​ពក​ដុំៗ​ប៉ុន​មេដៃ​ជើង ឬ​អាច​ប៉ុនក​ដៃ រាង​គ្រមិង​គ្រមោង​នៅលើ​សន្លាក់​ទាំង​អស់ បណ្ដាល​ឱ្យ បាត់​បង់នូវ​សោ​ភ័ណ​ភាព។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺ​រលាក​សន្លាក់​ហ្គូត​ធ្វើឱ្យ​អ្នក​ជម្ងឺ​កើត​មាន​គ្រាប់​ក្រួស​នៅក្នុង​តម្រង​នោម ឬ​ផ្លូវ​ទឹក​នោម កើត​ជម្ងឺ​ខ្សោយ​តម្រង​នោម​ឬអាច​មាន​បញ្ហា​ផ្សេងៗ​ទៀត​នៅលើ​តម្រង​នោម។ លើស​ពីនេះ​ទៅ​ទៀត​បើ​មាន​ជម្ងឺ​នេះ​ហើយ អាច មាន​ជម្ងឺ​ផ្សេងៗ​ទៀត ដូច​ជាទឹក​នោម​ផ្អែម លើស​ជាតិ​ខ្លាញ់​លើស​ឈាម​ជា​ដើម។

វិធី​ព្យា​បាល​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ហ្គូត

ជម្ងឺ​នេះ​ត្រូវ​ការ​ការ​ព្យាបាល​រយៈ​ពេល​យូរ ហើយ​នៅតែ​ទទួល​លទ្ធ​ផល​មិន​បាន​ល្អ ដោយ​សារ​តែ​ជម្ងឺ​នេះ​ទាក់​ទង​ទៅ​នឹង​តំណ​ពូជ​ប្រហែល​៩០​ភាគរយ។ ទោះបី​ជាការ​ព្យាបាល​ជម្ងឺ​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ក៏​ដោយ ប៉ុន្ដែ​គ្រូ​ពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ឱសថ​មួយ​ចំនួន​គឺទទួល​បាន​លទ្ធ​ផល​ល្អ​ណាស់ ធ្វើឱ្យ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជម្ងឺ​ដូច​មនុស្ស​ជា​ធម្មតា​បាន​ដែរ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ជម្ងឺ​នេះ​បើ​មិន​ធ្វើការ​ព្យាបាល​ទេ ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​ផល​វិបាក​ច្រើន​ណាស់។ ដូច​នេះ​ប្រសិន​បើ​លោក​អ្នក​មាន​ការ​ឈឺ ចុក​ចាប់​នៅ​ត្រង់​សន្លាក់​កន្លែង​ណា​មួយ លោក​អ្នក​ត្រូវ​ប្រញាប់​ទៅ​កាន់​មន្ទីរ​ពេទ្យ ឬ​ជួប​អ្នក​ជំនាញ​ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ព្យាបាល​ជម្ងឺ របស់​លោក​អ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *