ច្រមុះមានតួនាទីសម្រាប់ហិតក្លិន និងសម្រាប់ដកដង្ហើមចូលទៅក្នុងសួតរបស់មនុស្សយើង។ វាមានតួនាទីយ៉ាងសំខាន់ បំផុតក្នុងការធ្វើឱ្យខ្យល់ដង្ហើមដែលដកចូលនោះទៅជាខ្យល់ម្យ៉ាងដែលមានសំណើម និងជាខ្យល់ក្ដៅល្មមសម្រាប់ការរស់នៅរបស់ យើង។ ច្រមុះជាញាណមួយដែលអាចសម្រួលដល់ការដកដង្ហើម ពេលតឹងច្រមុះនោះលោកអ្នកនឹងពិបាកក្នុងការដកដង្ហើមជាក់ជាមិន ខានឡើយ។ ច្រមុះមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដែលយើងគួរតែដឹងឱ្យបានច្រើនជាងនេះតទៅទៀត។
ដូច្នេះដើម្បីឱ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ ទស្សនាវដ្ដី សុខភាព យើង បានសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថាអ្នកឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង បានធ្វើការបកស្រាយចម្ងល់របស់មិត្ដអ្នកអានដូចតទៅនេះ។
ការតឹងច្រមុះ
ច្រមុះជាសរីរាង្គមួយដែលអាចធ្វើឱ្យមនុស្សយើងដកដង្ហើម និងអាចស្រង់នូវក្លិនទាំងឡាយបានក៏ដោយសារតែច្រមុះដែរ។ ដូច្នេះច្រមុះមានសារៈសំខាន់ណាស់ចំពោះមនុស្សយើង។ ច្រមុះមានចែកចេញជារន្ធពីរ គឺរន្ធខាងឆ្វេង និងរន្ធខាងស្ដាំ ហើយនៅក្នុងច្រមុះមានសាច់ពីធម្មជាតិដែលស្ថិតនៅផ្នែកខាងលើ ផ្នែកកណ្ដាល និងផ្នែកខាងក្រោម។ ដុំសាច់ទាំងនោះមាននាទីសំខាន់សម្រាប់ការ ដកដង្ហើមរបស់មនុស្សយើងដោយវាជួយធ្វើយ៉ាងណា ឱ្យខ្យល់ដែលចូលទៅក្នុងសួតមានសភាពស្អាត បរិសុទ្ធ និងមានជាតិសើម ក្ដៅល្មមថែមទៀតផង។
តឹងច្រមុះជារោគសញ្ញាមួយរបស់ជម្ងឺជាច្រើន ដែលវាធ្វើឱ្យលោកអ្នកពិបាកក្នុងការដកដង្ហើមចេញ និងចូលជាដើម។ អ្នកជម្ងឺភាគច្រើនមានអាការតឹងច្រមុះដោយមានមូលហេតុស្រាល និងមានអ្នកជម្ងឺមួយចំនួនទៀតនោះដែលមានសភាពតឹងច្រមុះដោយ មានមូលហេតុធ្ងន់ធ្ងរតែករណីនេះមានចំនួនតិចទេ។
មូលហេតុនៃការតឹងច្រមុះ
ការតឹងច្រមុះមានមូលហេតុជាច្រើនយ៉ាងដែលបងប្អូនយើងបានជួបប្រទះ ហើយជម្ងឺតឹងច្រមុះនេះបណ្ដាលមកពីកត្ដាជាច្រើនយ៉ាងដូចខាងក្រោមនេះ។
- វៀចឆ្អឹងច្រមុះ
- ឫសដូងច្រមុះ
- ដុះដុំសាច់ក្នុងច្រមុះ
- របេងច្រមុះ
- រីកសាច់អាដេណូអ៊ីត(សាច់កូណេ)
- មានរបស់អ្វីមួយចូលក្នុងរន្ធច្រមុះ
- រលាកផ្លូវដង្ហើមលើ
- រលាកស៊ីនីសស្រួចស្រាវ ឬរ៉ាំរ៉ៃ
- រលាកដោយអាលែកស៊ី ឬមិនមែនអាលែកស៊ី
- ការប្រើប្រាស់ថ្នាំបន្ដក់ច្រមុះច្រើនពេក។
- តឹងច្រមុះដោយការប្រើថ្នាំលេបប្រភេទខ្លះ
កត្ដាទាំងអស់ខាងលើនេះ សុទ្ធតែធ្វើឱ្យអ្នកជម្ងឺមានអាការតឹងច្រមុះ។
រោគវិនិច្ឆ័យចំពោះការតឹងច្រមុះ
ពេលដែលលោកអ្នកមានបញ្ហាតឹងច្រមុះពិបាកក្នុងការដកដង្ហើមផ្សេងៗ លោកអ្នកគួរទៅកាន់មន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ប្រវត្ដិជម្ងឺជាកត្ដាមួយសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យ។
- ការពិនិត្យប្រវត្ដិជម្ងឺ ៖មានន័យថាជាការសាកសួរទៅកាន់អ្នកជម្ងឺអំពីអាការខ្លះៗ ដែលគាត់មិនស្រួលក្នុងខ្លួន ដូចជាការ តឹងច្រមុះគាត់តឹងទាំងសងខាង ឬតែម្ខាង រយៈពេលថ្មីៗ ឬក៏មានរយៈពេលយូរ។ រីឯការវិវត្ដន៍នៃជម្ងឺកាន់តែខ្លាំងឡើងៗ ឬម្ដងតឹង ម្ដងធូរ ច្រមុះរឹតតែតឹងឡើងឬតឹងច្រមុះហើយមានការហៀរសម្បោរ មានកណ្ដាស់ជាដើម។ ចំណែកឯអ្នកជម្ងឺមួយចំនួនតឹងច្រមុះ ហើយស្រាប់តែមានឈាមច្រមុះទៀតករណីនេះវាអាចជាជម្ងឺធ្ងន់ ដែលត្រូវធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។ មួយវិញទៀត នោះ តឹងច្រមុះដែលមានអាការស្រវាំងភ្នែក លៀនភ្នែកមានឈឺក្បាល ឈឺមុខ ហើមមុខជាដើម នេះក៏ជាអាការធ្ងន់ធ្ងរដែរ។ បើមាន កើតអំបៅអំបែកក្នុងត្រចៀក ឬក៏អាចឡើងកូនកណ្ដុរ-កជាដើមក៏ត្រូវសួរអ្នកជម្ងឺផងដែរ។ ការជក់បារី និងការធ្លាប់បានវះកាត់ក៏ជា ប្រវត្ដិដែលត្រូវមានការចាប់អារម្មណ៍ផងដែរ។
- ការពិនិត្យផ្ទាល់ទៅលើច្រមុះ ៖ ពេទ្យត្រូវប្រើឧបករណ៍ម្យ៉ាងដើម្បីបើកមើលច្រមុះ ឬអាចថតអង់ដូស្កុប ដើម្បីមើលរឹត តែច្បាស់ទើបអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងឈានទៅដល់ការព្យាបាលមួយដ៏មានប្រសិទ្ធភាពផងដែរ។
វិធីព្យាបាលតឹងច្រមុះ
ការព្យាបាលធ្វើទៅតាមរោគវិនិច្ឆ័យនីមួយៗ និងទៅតាមកម្រិតនៃជម្ងឺមួយៗផងដែរ។ បើអ្នកជម្ងឺមានដុះសាច់ក្នុងច្រមុះយើងធ្វើការព្យាបាលដោយកាត់សាច់ដុះនោះចេញ។ មួយវិញទៀតនោះបើអ្នកជម្ងឺកើតឫសដូងច្រមុះត្រូវកាត់ឫសដូងនោះចេញ។ បើមានដុំសាច់ក្នុងច្រមុះត្រូវកាត់ដុំសាច់នោះចេញ ព្រោះជាបញ្ហាមួយដែលបណ្ដាលឱ្យអ្នកជម្ងឺមានអាការតឹងច្រមុះផងដែរ។
មានអ្នកជម្ងឺមួយចំនួនទៀតដែរ ដែលគាត់មានការតឹងច្រមុះដោយសារតែគាត់មានកើតរបេងច្រមុះ នោះការព្យាបាលដោយប្រើប្រាស់ថ្នាំទៅតាមប្រភេទនៃជម្ងឺនីមួយៗដែលអ្នកជម្ងឺបានកើតមានឡើង។ មានអ្នកខ្លះទៀតនោះគាត់មានការរលាកផ្លូវ ដង្ហើមលើនោះការព្យាបាលធ្វើយ៉ាងណាឱ្យផ្លូវដង្ហើមរបស់គាត់មានសភាពធម្មតាវិញ នោះការតឹងច្រមុះរបស់គាត់នឹងអាចធូរស្រាល បានជាក់ជាមិនខានឡើយ។ មានមួយចំនួនទៀតនោះច្រមុះគាត់មានខ្ទុះក៏ធ្វើឱ្យច្រមុះគាត់តឹងបានដែរ។ វាមានច្រើនករណី ដែលអាចធ្វើឱ្យលោកអ្នកជាអ្នកជម្ងឺអាចជាសះស្បើយបានដោយមានប្រសិទ្ធភាពខ្ពស់ បើលោកអ្នកមករកពេទ្យឯកទេសដើម្បីធ្វើការព្យាបាល ឱ្យមានលក្ខណៈត្រឹមត្រូវនោះ។
ប្រការគួរប្រតិបត្ដិ
បើលោកអ្នកមានបញ្ហាតឹងច្រមុះ មិនត្រូវប្រើប្រាស់ថ្នាំអ្វីមួយដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវដោយចេះតែទិញនៅតាម ទីផ្សារឬទីកន្លែងដែលមិនគួរឱ្យទុកចិត្ដបាននោះទេ។ ចំពោះកុមារវិញនោះ មិនត្រូវឱ្យវាលេងរបស់អ្វីមួយដែលអាចបង្កឱ្យចូលទៅក្នុង ច្រមុះហើយធ្វើឱ្យច្រមុះកុមារមានធុំក្លិន និងអាចធ្វើឱ្យអ្នកជម្ងឺមានអាការតឹងច្រមុះ ហើយវាមិនអាចជាសះស្បើយបានទេ បើមិន យកវាចេញវិញនោះ។ អ្នកជម្ងឺមួយចំនួនបានប្រើប្រាស់ថ្នាំជាច្រើន នៅតែមិនអាចធ្វើឱ្យអាការតឹងច្រមុះនោះស្រាកស្រាន្ដឡើយ កត្ដា ទាំងនេះទាមទារឱ្យអ្នកជម្ងឺមកកាន់មន្ទីរពេទ្យដើម្បីព្យាបាលដើម្បីកុំឱ្យប្រើថវិកាអស់ច្រើនជាដើម។ ចំពោះស្ដ្រីដែលគាត់បានប្រើ ប្រាស់ថ្នាំពន្យារកំណើត ហើយស្រាប់តែមានអាការតឹងច្រមុះកើតឡើងស្ដ្រីគួរតែឈប់ប្រើថ្នាំនោះ ហើយជ្រើសរើសប្រើថ្នាំពន្យារ កំណើតណាផ្សេងវិញ ដូច្នេះការតឹងច្រមុះនោះនឹងបាត់ទៅវិញហើយ។
ដំបូន្មានអ្នកឯកទេស
សូមលោកអ្នកដែលមានការតឹងច្រមុះ ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យឬជួបគ្រូពេទ្យដែលឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់កចៀសវាងការប្រើថ្នាំខុស គ្មានវេជ្ជបញ្ជាត្រឹមត្រូវ អាចបណ្ដាលឱ្យខូចសុខភាព និងចំណាយថវិកាអស់ច្រើនឥតប្រយោជន៍ទៀត ផង។ ការតឹងច្រមុះសុទ្ធតែមានមូលហេតុរបស់វា ហើយបើធ្វើការព្យាបាលមិនទាន់ពេលវេលាទេនោះ វានឹងអាចបង្កគ្រោះថ្នាក់ដល់ សុខភាពបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply