ជម្ងឺ​អញ្ចាញ​ធ្មេញ អាច​ជា​ឃាដ​ករ​បំផ្លាញ​សុខ​ភាព

ថ្វីត្បិត​ថា​ធ្មេញ​មាន​បបូរ​មាត់​ជា​របាំង​ការ​ពារ ប៉ុន្ដែ​ធ្មេញ​ប្រឈម​នឹង​ការ​កើត​ជម្ងឺ​ជា​ច្រើន​ប្រភេទ ដោយ​ការ​បង្ក​ពី​មេរោគ​និង​កំទេច​កំទី​អាហារ​ផ្សេងៗ។ ក្នុង​នោះ​ជម្ងឺ​រលាក​អញ្ចាញ​ធ្មេញ​រ៉ាំរ៉ៃ ក៏ជា​ជម្ងឺ​មួយ​ប្រភេទ​ក្នុង​មាត់​ដែល​បង្ក​បញ្ហា​មិន​តិច​ឡើយ។ មិន ត្រឹមតែ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្មេញ​មាត់​មាន​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏អាច​ធ្វើឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​សរីរាង្គ​ទាំង​មូល និង​អាច​បង្ក​ឱ្យ​មាន​ជម្ងឺ​ផ្សេង​ទៀត​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខភាពយើង បាន​ជួប​សម្ភាស​ជាមួយ​លោក​ទន្ដ​បណ្ឌិត សុខ ជា អ្នក​ឯក​ទេស​ផ្នែក​ជម្ងឺ​ជា​លិកា​ជុំវិញ​ឫស​ធ្មេញ​ប្រចាំ​គ្លីនិក​ធ្មេញ សុខ ជា ស្ដី​អំពី​ជម្ងឺ​អញ្ចាញ​ធ្មេញ ដែល​ពាក់​ព័ន្ធ​នឹង​ជម្ងឺ​ទូទៅ​ជូន​ប្រិយ​មិត្ដ​ជ្រាប។

អ្វី​ទៅជា​ជម្ងឺ​អញ្ចាញ​ធ្មេញ?

ជម្ងឺ​អញ្ចាញ​ធ្មេញ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ជម្ងឺ​រាក់​ស៊ី​ធ្មេញ​ដែល​ជា​ជម្ងឺ​ជា​លិកា​ជុំវិញ​អញ្ចាញ​ធ្មេញ។ ជម្ងឺ​នេះ​មាន​សភាព​ស្ងៀម​ស្ងាត់​អ្នក​ជម្ងឺ​ភាគ​ច្រើន​មិន​ដឹង​ពី​សភាព​ជម្ងឺ​ឬថា​ខ្លួន​ឈឺ​នោះ​ទេ។ មាន​មនុស្ស​៧៥%​មាន​ជម្ងឺ​នេះ ហើយ​វា​បង្ហាញ​រោគ​សញ្ញា​ខ្លះ​ដូចជា​ចេញ​ឈាម​តាម​អញ្ចាញ​ពេល​ដុស​ធ្មេញ អញ្ចាញ​ធ្មេញ​ក្រហម​ជាំ ហើម និង​ឈឺ។ ពេល​ខ្លះ​មាន​ខ្ទុះ​ចេញ​មក ពេល​យក​ដៃ​សង្កត់ លើ​អញ្ចាញ។ ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​គឺធ្វើ​ឱ្យ​ធ្មេញ​រង្គើ​បាក់ រីឯ​ខ្យល់​ដង្ហើម​ធុំក្លិន​ស្អុយ។

ជម្ងឺ​អញ្ចាញ​ធ្មេញ និង​សុខ​ភាព​ទូទៅ

សមា​គម​ផ្នែក​ជម្ងឺ​អញ្ចាញ​ធ្មេញ​អាមេ​រិក មាន​របប​គំហើញ​ថ្មីនៃ​មេរោគ​ឆ្លង​ពីក្នុង​មាត់​ទៅកាន់​សរីរាង្គ​ផ្សេងៗ​ទៀត​របស់ មនុស្ស។ ជម្ងឺ​ទូទៅ​ជាច្រើន​ដែល​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ជម្ងឺ​អញ្ចាញ​ធ្មេញ​(រាក់​ស៊ី​ធ្មេញ) ដូចជា​ជម្ងឺ​បេះ​ដូង ជម្ងឺ​ដាច់​សរសៃ ឈាម​ខួរ​ក្បាល ជម្ងឺ​ទឹក​នោម​ផ្អែម​ជម្ងឺ​ផ្លូវ​ដង្ហើម ក៏​ដូច​ជា​បញ្ហា​កូន​កើត​មុន​កំណត់​របស់​ស្ដ្រី​មាន​ផ្ទៃពោះ​ជា​ដើម។ មេរោគ​បង្ក​ជម្ងឺ អញ្ចាញ​ធ្មេញ​អាច​ចូល​ទៅក្នុង​សរសៃ​ឈាម​ដោយ​ផ្ទាល់​ហើយ​ធ្វើ​ដំណើរ​ទៅ​គ្រប់​សរីរាង្គ​ផ្សេងៗ​របស់​យើង និង​បង្ក​បញ្ហា​ដោយ​តោង ភ្ជាប់ ហើយ​បញ្ចេញ​ជាតិ​ពុល​របស់​វាធ្វើ​ឱ្យ​ខូច​ខាត​ឬ​បញ្ឈប់​ដំណើរ​ការ​ដល់​សរីរាង្គ្គ​ទាំង​នោះ​បាន។ ជម្ងឺ​អញ្ចាញ​ធ្មេញ​មាន​ទំនាក់​ទំនង ជា​មួយ​ជម្ងឺ​ផ្សេងៗ​ទៀត​ជា​ច្រើន។

1 . ជម្ងឺ​ពុក​ឆ្អឹង ៖ អ្នក​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ជម្ងឺ​ពុក​ឆ្អឹង​ធ្វើឱ្យ​បាត់​បង់ឆ្អឹង​នៅ​ជុំវិញ​ឫស​ធ្មេញ កំហាប់​ឆ្អឹង​ចុះ​ខ្សោយ ជា​លំដាប់​ដែល​ជាហេតុ​ធ្វើឱ្យ​អ្នក​ជម្ងឺ​ឆាប់​បាត់​បង់​ឆ្អឹង និង​អាច​ធ្វើឱ្យ​រលាក​អញ្ចាញ​ធ្មេញ។

2 . ជម្ងឺ​បេះ​ដូង ៖ អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អ្នក​ជម្ងឺ​អញ្ចាញ​ធ្មេញ​ប្រឈម​មុខ​ជាមួយ​ជម្ងឺ​បេះ​ដូង​រហូត​ដល់​ទៅពីរ​ដង បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​គ្មាន​ជម្ងឺ​អញ្ចាញ​ធ្មេញ។ មេរោគ​នៅក្នុង​អញ្ចាញ​ធ្មេញ​បាន​ចូល​ដោយ​ផ្ទាល់​នៅក្នុង​សរសៃ​ឈាម ហើយ​តោង​ភ្ជាប់​នឹង​សរសៃ​ឈាម​បេះ​ដូង និង​បញ្ចេញ​ជាតិ​ពុល បង្កើត​បាន​ជា​កំណក​ឈាម ដែល​អាច​ធ្វើឱ្យ​ស្ទះ​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង។ បេះដូង​មិន​អាច​ទទួល​ឈាម​និង​អុក​ស៊ីសែន​គ្រប់​គ្រាន់ ជា​ហេតុ​ធ្វើឱ្យ​បេះ​ដូង​លែង​ដំណើរ​ការ។ ម្យ៉ាង​ទៀត​ជាតិ​ពុល​របស់​មេ​រោគ ជម្ងឺ​អញ្ចាញ​ធ្មេញ ធ្វើឱ្យ​សរសៃ​ឈាម​រលាក​ហើម​ដូច្នេះ​សរសៃ​ឈាម​រួម​តូច​ខុស​ធម្មតា​ដែល​ជា​ហេតុ​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​សម្ពាធ​ឈាម ខ្ពស់​អាច​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

3 . ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ៖ មាន​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បាន​ចង្អុល​បង្ហាញពី​ទំនាក់​ទំនង​រវាង​ជម្ងឺ​រាក់​ស៊ី​ធ្មេញ​និង​បញ្ហា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​ស្រាវ​ជ្រាវ​នោះ​បាន​បង្ហាញ​ថា អ្នក​ដែល​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ភាគ​ច្រើន​តែង​តែ​មាន ជម្ងឺ​រាក់​ស៊ីធ្មេញ​បង្គួរ ឬ​ធ្ងន់​ធ្ងរ។

4 . ទារក​កើត​មិន​គ្រប់​ខែ ៖ ស្ដ្រី​មាន​ផ្ទៃ​ពោះ​ហើយ​មាន​ជម្ងឺ​រាក់​ស៊ី​ធ្មេញ ប្រឈម​មុខ​នឹងការ​សម្រាល​កូន​មុន​ខែ​រហូត​ដល់​ប្រាំពីរ​ដង​បើ​ប្រៀប​ធៀប​នឹង​ស្ដ្រី​មាន​ផ្ទៃ​ពោះ​មិន​មាន​ជម្ងឺ​រាក់​ស៊ី​ធ្មេញ។ ការ​ស្រាវ​ជ្រាវ​ច្រើន​ណាស់​អះ​អាង​ពីជម្ងឺ​រាក់​ស៊ីធ្មេញ​បាន​ជះ​ឥទ្ធិ​ពល​ដល់​ការ​វិវឌ្ឍន៍​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ មេរោគ​ជម្ងឺ​រាក់​ស៊ីធ្មេញ​អាច​ឆ្លង​កាត់​សុក​ទារក​បាន ហើយ​បញ្ចេញ​ជាតិ​ពុល​ដោយ​ផ្ទាល់ ទៅ​ដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​ម្ដាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5 . ជម្ងឺ​ទឹក​នោម​ផ្អែម ៖ អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជម្ងឺ​រាក់​ស៊ីធ្មេញ និង​មិនបាន​ព្យាបាល ពិបាក​នៅក្នុង​ការ​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ជម្ងឺ​រាក់ស៊ី​ធ្មេញ​ធ្ងន់​ធ្ងរ​បាន​បង្កើន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ជា​កត្ដា​មួយ​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នកជម្ងឺ​ទឹក នោម​ផ្អែម​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​នៅក្នុង​ឈាម។

6 . ជម្ងឺ​ផ្លូវ​ដង្ហើម មេ​រោគ​នៅ​ក្នុង​មាត់ ជា​ពិសេស​មេរោគ​ជម្ងឺ​អញ្ចាញ​ធ្មេញ អាច​ធ្វើ​ដំណើរ​ពីក្នុង​មាត់​ទៅ​សួត តាម​រយៈ ការ​ដក​ដង្ហើម​និយាយ​ស្ដី ឬការ​លេប​ទឹក​មាត់ ដែល​ជាហេតុ​ធ្វើឱ្យ​មាន​ជម្ងឺ​ផ្លូវ​ដង្ហើម ឬ​ជម្ងឺ​សួត​រ៉ាំរ៉ៃ។ ចំពោះ​អ្នក​ជម្ងឺ​ដែល​មាន​បញ្ហា ប្រព័ន្ធ​ដង្ហើម​ហើយ​មាន​ជម្ងឺ​អញ្ចាញ​ធ្មេញ​ធ្ងន់​ធ្ងរ​ទៀត​នោះ វារឹត​តែធ្វើ​ឱ្យជម្ងឺ​ផ្លូវ​ដង្ហើម​ពិបាក​ក្នុង​ការ​ព្យាបាល។

វិធី​ព្យាបាល​ជម្ងឺ​អញ្ចាញ​ធ្មេញ

ការ​ព្យាបាល​ជម្ងឺ​នេះ​អាច​ធ្វើ​ឡើង​ដោយ​សារ​ការ​វះ​កាត់ និង​មិន​បាច់​វះ​កាត់។

  • ការ​ព្យាបាល​ដោយ​មិន​បាច់​វះកាត់ ៖ ក្នុង​ករណី​ជម្ងឺ​អញ្ចាញ​នៅ​មាន​កម្រិត​ស្រាល ការ​ព្យាបាល​អាច​មាន​ត្រឹម​តែប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ក្នុង​រយៈ​ពេល​មួយ​សម​ស្រប​តាម​ស្ថាន​ភាព​ជម្ងឺ និង​កោស​សម្អាត​កំបោរ​ធ្មេញ​ចេញ។
  • ការ​ព្យាបាល​ដោយ​វិធី​វះ​កាត់ ៖ ការ​ព្យា​បាល​ដោយ​វិធី​នេះ គឺ​ពេល​ទន្ដ​បណ្ឌិត​រក​ឃើញ​ថា កោ​សិកា​អញ្ចាញ និង​ឆ្អឹង​ជុំវិញ​ធ្មេញ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ ដែល​មិន​អាច​ជួស​ជុល​បាន​ដោយ​វិធី​ផ្សេង។ ជាទូទៅ​ការវះ​កាត់​ព្យាបាល​មាន​ការវះ​កាត់​បន្ថយ​ជម្រៅ អញ្ចាញ​ធ្មេញ​វះកាត់​បណ្ដុះ​កោសិ​កា និង​ប៉ះ​ប៉ូវ​ជាលិកា​ឡើង​វិញ វះ​កាត់​កែសោ​ភ័ណ​ភាព​ជើង​អញ្ចាញ​ធ្មេញ​ជា​ដើម។

វិធី​បង្ការ​ជម្ងឺ​អញ្ចាញ​ធ្មេញ

ការ​រក្សា​នូវ​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ គឺជា​គន្លឹះ​ដើម្បី​រក្សា​ធ្មេញ​ឱ្យល្អ​អស់​មួយ​ជីវិត។ ដូច្នេះ​លោក​អ្នកត្រូវ​ពិនិត្យ​ធ្មេញ​នៅគ្លី​និក​ធ្មេញ​ឱ្យបាន​ទៀង​ទាត់ ដើម្បី​សម្អាត​យ៉ាង​ហោច​ណាស់៦​ខែ​ម្ដង។ ការ​សម្អាត​ធ្មេញ​ខ្លួន​ឯង​នៅផ្ទះ​ដោយ​ដុស​សម្អាត ប្រើ​ខ្សែ​រូត​ធ្មេញ​យក​កម្ទេច​ចំណី​ជាប់​នៅ​ចន្លោះ​ធ្មេញ ជា​មធ្យោ​បាយ​រក្សា​សុខ​ភាព​មាត់​ធ្មេញ និង​អញ្ចាញ​ធ្មេញ​បាន​ល្អ។ បើសិន​មិន​បាន​សម្អាត​វា​អាច នឹង​មាន​ដង្កូវ​ស៊ី​ធ្មេញ​រលាក​អញ្ចាញ​ធ្មេញ​ជាដើម។ ដូច្នេះ​លោក​អ្នក​គួរ​ដុស​ធ្មេញ​ឱ្យបាន​២-៣​ដង​ក្នុង​មួយ​ថ្ងៃ ពិសេស​ក្រោយ​ពេល ទទួល​ទាន​អាហារ និង​មុន​ពេល​ចូល​គេង។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

បើសិន​ជា​លោក​អ្នកឱ្យ​តម្លៃ​សុខ​ភាព​មាត់​ធ្មេញ​ដូច​សុខ​ភាព​ទូទៅ​ដែរ​នោះ ជម្ងឺ​អញ្ចាញ​ធ្មេញ​គឺជា​រឿង​មួយ​គួរឱ្យ​យក​ចិត្ដ ទុក​ដាក់​ណាស់។ មាន​ពេល​ខ្លះ​លោក​អ្នក​អាច​ត្រួត​ពិនិត្យ​វាយ​តម្លៃ​សុខ​ភាព​អញ្ចាញ​ធ្មេញ​លោក​អ្នក​នៅ​ពេល​ដែល​លោក​អ្នក​មាន​ជម្ងឺ បេះ​ដូង ទឹក​នោម​ផ្អែម​ជម្ងឺផ្លូវ​ដង្ហើម​ជម្ងឺ​ពុក​ឆ្អឹង​ជា​ដើម ឬ​ពេល​លោក​អ្នក​មាន​បំណង​ចង់​បាន​កូន។ លើស​ពីនេះ​គឹក្នុង​ករណី​សមាជិក គ្រួសារ​មាន​កើត​ជម្ងឺ​រាក់​ស៊ី​ធ្មេញ​បាត់​បង់​ធ្មេញ​អស់​ច្រើន ឬ​ពេល​លោក​អ្នក​មាន​បញ្ហា​រលាក​ក្នុង​មាត់ ធុំ​ក្លិន ឈាម​អញ្ចាញ​ញឹក​ញាប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *