ពលកម្មកុមារមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពរាងកាយ បញ្ញា និងស្មារតីប៉ុណ្ណោះទេ វាថែមទាំងបានរារាំងកុមារមិនឲ្យទទួលបានការសិក្សាអប់រំថែមទៀតផង។ ហើយការលុបបំបាត់ពលកម្មកុមារ ត្រូវទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធទាំងឡាយនៅក្នុងប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែមិថុនាប្រជាជនរាប់ពាន់នាក់នៅទូទាំងពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់ជីវិតរស់នៅដ៏អយុត្តិធម៌ និងរងការឈឺចាប់របស់កុមារដែលចំណាយពេលធ្វើការរាប់ម៉ោង ដើម្បីធ្វើការនៅក្នុងលក្ខ័ខណ្ឌ័ការងារប្រកបដោយគ្រោះថ្នាក់ និងតែងតែគម្រាមដល់អាយុជីវិត។ ការលុបបំបាត់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវធ្វើឡើងតាមរយៈការរំដោះពួកគេឲ្យឃ្លាតឆ្ងាយពីការងារទាំងនេះដូចជាផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។
នៅថ្ងៃអង្គារ៍ ទី១២ ខែមិថុនា ឆ្នាំ២០១២ ដែលត្រូវជាទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អង្គការសិទ្ធិមនុស្សលីកាដូ សហការជាមួយអង្គការទស្សនៈពិភពលោកកម្ពុជា បានរៀបចំប្រារព្ធទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារខួបលើកទី១១ នៅថ្ងៃទី១០ និងថ្ងៃទី១២ ខែមិថុនា ក្នុងខេត្តចំនួនពីរ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ កម្មវិធីនេះ បានរៀបចំធ្វើនៅថ្ងៃទី១២ ខែមិថុនា នាទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមប្រធានបទ «ខ្ញុំបញ្ជូនកូនទៅរៀន ចុះអ្នកវិញ» ដែលធ្វើការដើរដង្ហែក្បួនដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ ជាប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សសាលា អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ។ ការដើរក្បួននេះ ក៏មាននូវការរៀបចំកម្មវិធីប្រគំតន្ត្រីនៅសួនច្បារនាគបាញ់ទឹកខេត្តបាត់ដំបងផងដែរ ដោយមានការច្រៀងចំរៀងស្តីពីសិទ្ធិកុមារ ការសម្តែងរឿងខ្លី និងសំណួរចម្លើយយករង្វាន់ជាដើម។
ព្រឹត្តិការណ៍ទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឲ្យអ្នកដែលពាក់ព័ន្ធដូចជា ឪពុកម្តាយ អាណាព្យាបាល យុវជន អ្នកជួលកុមារ អាជ្ញាធរមូលដ្ឋាន និងសាធារណៈជនទូទៅចូលរួមក្នុងការទប់ស្កាត់ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។
បើយើងងាកមកមើលលើវិស័យអប់រំនៅកម្ពុជាវិញ យើងសង្កេតឃើញថា ការអប់រំនៅតែមានបញ្ហាប្រឈមដ៏ខ្លាំងនៅឡើយ។ អង្គការយូណេស្កូកាលពីឆ្នាំ២០១១បានប៉ាន់ប្រមាណថា មានកុមារកម្ពុជាប្រមាណ១៧ម៉ឺននាក់ មិនបានចូលសាលារៀន។ នេះក៏ដោយសារតែគ្រួសារ មានជីវភាពទីទ័លក្រ មិនមានលទ្ធភាពបញ្ជូនកូនទៅសាលា។ ម្យ៉ាងវិញទៀត កុមារក៏ត្រូវចូលរួមរកចំណូលចិញ្ចឹមគ្រួសារ។ ទម្រង់ពលកម្មកុមារនេះ វាជាបញ្ហាមួយស្មុគស្មាញមួយទាមទារឱ្យការងារអន្តរក្រសួង និងអន្តរវិស័យ ដើម្បីធ្វើការងារនេះ។ ប្រទេសកម្ពុជាកាលពីឆ្នាំ២០១១បាន រំពឹងថា ខ្លួននឹងអាចលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរឱ្យអស់នៅត្រឹមឆ្នាំ២០១៦ នាពេលខាងមុខនេះ។ មានកុមារប្រមាណជាង៣១០.០០០នាក់អាយុចន្លោះ ពី៥ឆ្នាំដល់ក្រោម១៧ឆ្នាំ កំពុងធ្វើពលកម្មទម្រង់ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ដូចជាធ្វើកម្មករលីសែង ឡឥដ្ឋ ស្រែអំបិល ឆេ្នរសមុទ្រ ពេស្យាចារ គ្រឿងញៀន និងការជួញដូរជាដើម ដែលសុទ្ធសឹងជាការងារប្រកបដោយគ្រោះថ្នាក់ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលនិងរបស់អង្គការពលកម្មអន្ដរជាតិ (ILO)។
លោក ស័រ លីណែត មន្ត្រីគម្រោងនៃអង្គការគាំទ្រកុមារ និងយុវជន បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់គេហទំព័រ សុខភាពកម្ពជា ថា ការធ្វើពលកម្មលើកុមារ ត្រូវបានបែងចែកជាពីរ គឺពលកម្មទម្រង់ធម្មតា និងពលកម្មទម្រង់ធ្ងន់ធ្ងរ។ ការជួយទុក្ខធុរៈឪពុកម្តាយបន្តិចបន្តួច ដូចជាការលាងចាន ដាំបាយ ឬការជួយកិច្ចការងារស្រាលៗនៅពេលឪពុកម្តាយមានកិច្ចការរវល់នោះវាមិនជាបញ្ហានោះទេ។ ប៉ុន្តែប្រសិនបើកុមារជួយកិច្ចការងារឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ដោយការចំណាយពេលវេលាច្រើន ហើយមិនបានទទួលការអប់រំរៀនសូត្រ គិតតែពីខំរកប្រាក់ដើម្បីជួយចិញ្ចឹមគ្រួសារនិងជាពិសេសការងារដែលមានការប៉ះពាលខ្លាំងទៅលើសុខភាពរបស់កុមារ និងអាយុជីវិតរបស់កុមារជាដើម ដូចជាកុមារធ្វើការនៅឡឥដ្ឋកុមារធ្វើការនៅក្នុងវិស័យសំណង់ កុមារនេសាទ កុមារធ្វើការនៅចម្ការកៅស៊ូ កុមារធ្វើការនៅស្រែអំបិល កុមារលីសែងនិងកុមារបម្រើការតាមផ្ទះជាដើម គឺសុទ្ធសឹងតែជាពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរទៅលើកុមារ។ លោកស័រ លីណែត បានបន្តថា ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយឲ្យបាននូវការធ្វើពលកម្មលើកុមារក្នុងទម្រង់ធ្ងន់ធ្ងរនោះ វិធីដ៏ល្អគឺមានតែអាណាព្យាបាលកុមារអាជ្ញាធរមានសមត្ថកិច្ច រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលទាំងឡាយ ត្រូវរួមគ្នាគោរពនូវមូលដ្ឋានសិទ្ធិរបស់កុមារ ជម្រុញនិងបង្កើនការផ្សព្វផ្សាយទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់ទៅលើកុមារនៅក្នុងសង្គមជាតិទាំងមូល។ ព្រោះថា កុមារគឺជាកោសិការនៃសង្គមជាតិ កុមារគឺជាទំពាំងស្នងឬស្សី។ ប្រសិនបើកុមារជាច្រើននៅក្នុងប្រទេសកម្ពុជាមិនត្រូវបានផ្តោតការយកចិត្តទុកដាក់ និងជម្រុញឲ្យកុមារបានបន្តការសិក្សារៀនសូត្រនោះទេ នោះធនធានមនុស្សនៃសង្គមជាតិនឹងត្រូវបាត់បង់ច្រើនផងដែរ។ ក្នុងនាមជាមន្ត្រីដែលបម្រើការនៅអង្គការសង្គមស៊ីវិលមួយរូប លោក ស័រ លីណែត ក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋដែលជាមាតាបិតារបស់កុមារទាំងអស់ ត្រូវយល់ដឹងអំពីកាតព្វកិច្ចជាឪពុកម្តាយនិងត្រូវយល់ដឹងអំពីផលប្រយោជន៍ និងគុណវិបត្តិនៃការប្រើប្រាស់កម្លាំងពលកម្មកុមារ និងជាពិសេសត្រូវបញ្ជូនកុមារឲ្យបានចូលសាលារៀនសូត្រដូចកុមារដទៃផងដែរ។ ព្រោះថាអនាគតរបស់កុមារនៅវែងឆ្ងាយណាស់ បើសិនជាលោកអ្នកដែលជាអាណាព្យាបាល ឲ្យកូនលោកអ្នកទៅធ្វើការងារនៅក្នុងទម្រង់ធ្ងន់ធ្ងររហូតនោះ ថ្ងៃក្រោយជីវិតពួកគេនឹងនៅតែលំបាកជានិច្ចជាក់ជាមិនខាន។ មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែមានឆន្ទៈរួមគ្នាដើម្បីលុបបំបាត់ និងកាត់បន្ថយពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដោយសហការជាមួយអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដោយត្រូវរាយការណ៍ទៅកាន់កងកម្លាំងមានសមត្ថកិច្ចចំពោះជនទុច្ចរិតដែលរំលោភបំពានលើកម្លាំងពលកម្មលើកុមារនិងត្រូវពង្រឹងការអនុវត្តន៍ច្បាប់បញ្ញាត្តិស្តីអំពីការរំលោភបំពានពលកម្មកុមារឲ្យបានតឹងរឹងបំផុត ក្នុងន័យប្តេជ្ញាលុបបំបាត់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរឲ្យអស់នាឆ្នាំ២០១៦ខាងមុខជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ខ្លួននឹងលុបបំបាត់ទម្រង់ការងាររបស់កុមារបែបនេះឲ្យអស់នៅឆ្នាំ ២០១៦។ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការសង្រ្គោះកុមារទាំងនោះជាបណ្ដើរៗពីពលកម្មទម្រង់ធ្ងន់ធ្ងរនេះដើម្បីឈានដល់គោលដៅដែលបានកំណត់ទុក។ ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរត្រូវគេកត់សម្គាល់ឃើញថា ច្រើនកើតមានឡើងលើគ្រួសារដែលមានជីវភាពទន់ខ្សោយទាំងផ្នែកសម្ភារៈ និងចំណេះដឹង។ កុមារដែលស្ថិតក្នុងការងារបែបនេះភាគច្រើនមិនបានរៀនសូត្រពេញលេញនោះទេ។ ត្បិតពួកគេត្រូវរួមចំណែកស្វែងរកថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ កុមារដែលកំពុងស្ថិតក្នុងពលកម្មទម្រង់ធ្ងន់ធ្ងរភាគច្រើនមាននៅក្នុងខេត្តកំពត កែប បាត់ដំបង ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ហើយកុមារភាគច្រើនកំពុងបម្រើការក្នុងវិស័យនេសាទ ការលីសែងទំនិញ ការដ្ឋានផលិតអំបិល ឡឥដ្ឋ និងកុមារកំពុងបម្រើការតាមផ្ទះជាដើម។
អង្គការពលកម្មអន្តរជាតិ ILO និងអង្គការមូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានប៉ាន់ស្មានថា ប្រទេសកម្ពុជានឹងត្រូវការថវិកាសរុបចំនួន១០០លានដុល្លារអាមេរិក ដើម្បី លុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរឲ្យអស់នៅឆ្នាំ ២០១៦។ ថ្វីបើនៅក្នុងពេលនេះរបាយការណ៍ផ្លូវការបានវាយតម្លៃថា មានកុមារកម្ពុជាចំនួនជាង៣១០.០០០នាក់កំពុងស្ថិតក្នុងពលកម្មទម្រង់ធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្ដែតួលេខនេះគ្រាន់តែជាការប៉ាន់ប្រមាណជាច្រើនឆ្នាំមកហើយ។ អង្គការពលកម្មអន្ដរជាតិគ្រោងនឹងធ្វើការសិក្សាមួយថ្មីទៀត លើកុមារធ្វើពលកម្មទម្រង់ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាដើម្បីដឹងពីចំនួនពិតប្រាកដរបស់ពួកគេ និងដើម្បីងាយស្រួលក្នុងការរៀបចំយុទ្ធសាស្រ្តលុបបំបាត់ទម្រង់ពលកម្មកុមារបែបនេះ។ គម្រោងនេះនឹងត្រូវបញ្ចប់ នៅខែកក្កដា ឆ្នាំ ២០១២។ សូមប្រិយមិត្តអ្នកអានចូលទស្សនាផងដែរនូវអត្ថបទដែលគេហទំព័រ សុខភាពកម្ពុជា ធ្លាប់បានចេញផ្សាយទាក់ទងទៅនឹងទិវាពលកម្មកុមារដែលមានចំណងជើងថា «ទិវាពលកម្មកុមារលើកទី៦៣ : បញ្ហាសមធម៌ សេវាសង្គម និងការថែទាំកុមារ»។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២
Leave a Reply