វិធី​ថែ​ទាំ​ខ្លួន​ពេល​ស្ដ្រី​អស់​រដូវ

ជារឿង​ធម្មតា​អ្វី​ដែល​កើត​ឡើង​ក៏មាន​ថ្ងៃ​បញ្ចប់​ដែរ។ យ៉ាង​ណា​មិញ​នៅ​ពេល​ចាប់​ផ្ដើម​មាន​រដូវ​ជាការ​បញ្ជាក់​ពីភាព​ពេញ វ័យ​ក្រមុំ រីឯ​ការ​អស់​រដូវ​បញ្ជាក់​ពីភាព​វ័យចំ​ណាស់​របស់​ស្ដ្រី​ភេទ។ ការ​ដែល​ចាត់​ទុកថា​អស់​រដូវ​លុះត្រា​តែ​ស្ដ្រី​មាន​ការ​បាត់​ឈាម​រដូវ រយៈ​ពេល​៣ខែ​ឡើង​ទៅ។ ការ​អស់​រដូវ​មិន​មែន​ជា​ជម្ងឺ​អ្វី​ឡើយ​គឺជា​សភាព​ធម្មតា​របស់​ស្ដ្រី​ដែល​មាន​វ័យ​គិតជា​មធ្យម​៥០ឆ្នាំ ហើយ ស្ដ្រី​បាន​បង្ហាញ​អាការ​ផ្សេងៗ​ពី​គ្នា និង​ធ្វើឱ្យ​ស្ដ្រីមាន​ផល​វិបាក​ច្រើន​ទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រា​ចារ្យ​វេជ្ជ​បណ្ឌិត លៀង ច័ន្ទ​រិទ្ធ​អនុ​ប្រធាន​មន្ទីរ​ពេទ្យ មិត្ដ​ភាព​ខ្មែរ​សូវៀត​ដែល​បាន​ធ្វើការ​បក​ស្រាយ​បំភ្លឺ​នូវ​ប្រធាន​បទស្ដី​ពីផល​ប៉ះពាល់​ដែល​កើត​មាន​ឡើង​នៅ​ពេល​ស្ដ្រី​អស់​រដូវ ជូន​មិត្ដ អ្នក​អាន​ឱ្យ​បាន​ជ្រាប។

ការ​អស់​រដូវ ជា​អ្វី?

ការ​អស់​រដូវ​គឺជា​សភាព​ធម្មតា​របស់​ស្ដ្រី​ទូទៅ នៅ​ពេល​ឈាន​ចូល​វ័យ​កាន់​តែចំ​ណាស់។ អាច​និយាយ​ឬចាត់​ទុក​ជា​ការ អស់​រដូវ លុះ​ត្រាតែ​ស្ដ្រី​បាត់​បង់​ឈាម​រដូវ​រយៈ​ពេល​៣ខែ។ តែ​បើសិន​ស្ដ្រី​អស់​ឈាម​រដូវ​តែ​ក្នុង​រយៈ​ពេល២​ឬ៣​ខែ​ហើយ​ស្រាប់​តែ មាន​ធ្លាក់​ឈាម​រដូវ​មក​វិញ​នោះ មិន​មែន​ជាការ​អស់​រដូវ​ទេ។

មូល​ហេតុ​នាំឱ្យ​អស់​រដូវ

ការ​អស់​រដូវ​កើត​មាន​នៅលើ​ស្ដ្រី​គ្រប់​រូប មិន​ថា​ជាតិ​សាសន៍​ណា​ទេ។ នៅ​ពេល​ស្ដ្រី​ចូល​វ័យ​កាន់​តែ​ចាស់​ការ​មាន​រដូវ​រៀង រាល់​ខែ​ត្រូវ​បាត់​បង់។ គិតជា​មធ្យម​ស្ដ្រី​អស់​រដូវ​ចាប់​ពីវ័យ​៥០ឬ​៥៣​ឆ្នាំ ហើយ​កម្រ​ជួប​ប្រទះ​ណាស់​ដែល​មាន​ស្ដ្រី​ខ្លះ​អស់​រដូវ​នៅ​វ័យ តិច​ជាង​៤៥​ឆ្នាំ។ ការ​អស់​រដូវ​របស់​ស្ដ្រី​បណ្ដាល​មក​ពី​អូវែ​រលែង​មាន​ដំណើរ​ការ​ដោយ​ឈប់​បញ្ចេញ​អ័រម៉ូន​ជា​បន្ដ​ទៅ​ទៀត។

រោគ​សញ្ញា​ពេល​អស់​រដូវ

ពេល​អស់​រដូវ ស្ដ្រី​គ្រប់​រូប​មិន​មាន​អាការ​ដូច​គ្នា​ទាំង​ស្រុង​ទេ។ ស្ដ្រី​ខ្លះ​មាន​អាការ​បែប​នេះ​ស្ដ្រី​ខ្លះ​ទៀត​មាន​អាការ​បែប​នោះ។ ចំណែក​ឯស្ដ្រី​ខ្លះ​មិន​មាន​អាការ​ប្រែ​ប្រួល​អ្វី​ទាំង​អស់ គឺមាន​សុខ​ភាព​ល្អ​ធម្មតា។ អាការ​ប្រែ​ប្រួល​ទាំង​អស់​នោះ​មាន​ដូច​ជា​ស្ដ្រី មាន​ការ​ឡើង​ទម្ងន់​(ធាត់) ក្ដៅ​ក្នុង​ខ្លួន​ធ្វើឱ្យ​ងូត​ទឹក​១ថ្ងៃ​៤​ឬ៥​ដង​ឡើង​ទៅ ឆាប់​ហត់ ឆាប់​អស់​កម្លាំង​ល្ហិត​ល្ហៃ​ឈឺ​ក្បាល វិល​មុខ មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ដ ពិបាក​ចិត្ដ​ដោយ​មិន​ដឹង​រឿង មាន​វិបត្ដិ​ទទួល​ទាន​ដំណេក​(គេង​មិន​លក់)​ហើម​ពោះ តឹង​ពោះ ឆាប់​ខឹង ឆេវ​ឆាវ ស្ដ្រី​មួយ​ចំនួន​មាន​បញ្ហា​សុដន់​(សុដន់​រាង​ដូច​ជា​ឈឺ) ស្បែក​ក្រៀម​គ្មាន​សំណើម​ជា​ដើម។

ផល​ប៉ះ​ពាល់​នៃ​ការ​អស់​រដូវ

ការ​អស់​រដូវ​អាច​ធ្វើឱ្យ​មាន​ផល​វិបាក​ជា​ច្រើន ព្រោះ​កង្វះ​អ័រ​ម៉ូន។ ដូច​នេះ​នៅ​ពេល​ឆាប់​អស់​រដូវ​ស្ដ្រី​ត្រូវ​ប្រឈម​មុខ​នឹង បញ្ហា​មួយ​ចំនួន។

  • មាន​ជម្ងឺ​បេះ​ដូង(ជួន​កាល​អាច​ធ្វើឱ្យ​ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង)
  • បញ្ហា​ចរន្ដ​ឈាម​រត់ ឬ​ប្រព័ន្ធ​សរ​សៃ​ឈាម​ដំណើ​ការ​មិន​បាន​ល្អ
  • ឆាប់​ពុក​ឆ្អឹង ដូចជា​បាក់​ឆ្អឹង​ខ្នង បាក់​ឆ្អឹង​កដៃ បាក់​ឆ្អឹង​ចង្កេះ អាច​ធ្វើឱ្យ​ពិការ
  • មាន​វិបត្ដិ​ផ្លូវ​ចិត្ដ ព្រោះ​តែ​ស្ដ្រី​មាន​អារម្មណ៍​ខ្វល់​ខ្វាយ គិត​ច្រើន
  • ប្រដាប់​ភេទ​ស្ដ្រី​ស្ងួត​មិន​សើម​ដូច​មុន នាំឱ្យ​មានការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​និង​បណ្ដាល​ឱ្យ​ចំណង់​ផ្លូវភេទ​ត្រូវ​ថយ​ចុះ ជា​ដើម។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រការ​គួរ​ប្រតិ​បត្ដិ​នៅ​ពេល​អស់​រដូវ

ស្ដ្រី​មាន​ការ​ព្រួយ​បារម្ភ​ណាស់​នៅ​ពេល​អស់​រដូវ ពី​ព្រោះ​ការ​អស់​រដូវ​បណ្ដាល​ឱ្យ​មាន​ផល​វិបាក​ច្រើន។ នៅ​ពេល​អស់​រដូវ  ស្ដ្រី​មួយ​ចំនួន​មាន​សុខ​ភាព​ធម្មតា ចំណែក​ឯស្ដ្រី​ខ្លះ​ទៀត​ត្រូវ​ទទួល​រង​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ពីការ​អស់​រដូវ​ដូច​ជាធ្វើ​ឱ្យ​រំខាន​ដល់​ការងារ ប្រចាំ​ថ្ងៃ។ បញ្ហា​ចម្បង​ដែល​ស្ដ្រី​គ្រប់​រូប​មាន​ការ​ភ័យ​ខ្លាច​នោះ​គឺ​បញ្ហា​នៃការ​ពុកឆ្អឹង​ដែល​អាច​នាំឱ្យ​ខ្លួន​ពិការ​បាន។ ដូច​នេះ​ដើម្បី ចៀស​វាង​ពីការ​ពុក​ឆ្អឹង ស្ដ្រី​ត្រូវ​ប្រយ័ត្ន​ប្រយែង​កុំឱ្យ​មាន​ការ​ប៉ះ​ទង្គិច​អ្វីមួយ​ដែល​ធ្ងន់​ធ្ងរ​មក​លើ​រាង​កាយ​ឬដើរ​ដួល​ជា​ដើម។ ជា ពិសេស​ស្ដ្រី​ត្រូវ​អនុវត្ដ​តាម​កត្ដា​មួយ​ចំនួន​ដូច​ខាង​ក្រោម។

1 . ការ​ទទួល​ទាន​ចំណី​អាហារ ស្ដ្រី​អស់​រដូវ​អាច​ជួប​ប្រទះ​នូវ​ជម្ងឺ​មួយ​ចំនួន ដូច​ជា​ឡើង​ឈាម​(លើស​ឈាម)​ទឹក​នោម ផ្អែម មហា​រីក​សុដន់​ជា​ដើម។ ដូច​នេះ​ស្ដ្រី​ត្រូវ​ទទួល​ទាន​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ជាតិ​សារ​ធាតុ​អំបិល​ខនិជ ជាតិ​កាល់ ស្យូម វីតា​មីន​ប៊ី វីតា​មីន​ដេឱ្យ​បាន​គ្រប់​គ្រាន់ និង​មាន​តុល្យ​ភាព។ តែ​សូមកុំ​ទទួល​ទាន​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ប្រៃ​ខ្លាំង ឬ​ផ្អែម​ពេក​ទេ។

. ការ​ទទួល​ទាន​ឱសថ ៖ ទន្ទឹម​នឹង​ការ​អស់​រដូវ ស្ដ្រី​គួរ​ទទួល​ទាន​ឱសថ​មួយ​ចំនួន​ដែល​មាន​ជាតិ​អ័រម៉ូន​ដើម្បី​ជួយ​ឱ្យ​ស្ដ្រី មាន​សុខ​ភាព​ប្រសើរ​ឡើង ឬ​ស្រួល​ខ្លួន​ជាង​មុន។ ប៉ុន្ដែ​ឱសថ​គឺជា​អាវុធ​មុខ​ពីរ​ថ្វីបើ​អាច​ជួយ​ឱ្យស្ដ្រី​ធូរ​ស្រាល​នូវ​ចំណុច​ខ្លះ វា​ក៏​អាច ធ្វើឱ្យ​ស្ដ្រី​មាន​ជម្ងឺ​ផ្សេងៗ​ទៀត​ដែរ ដូច​ជាមាន​ជម្ងឺ​ដុំ​ស្បូន ឬជម្ងឺ​មហា​រីក​ស្បូន​ជា​ដើម។

3 . ការ​ហាត់​ប្រាណ មិន​ថា​មនុស្ស​វ័យ​ចំ​ណាស់ ឬ​មនុស្ស​វ័យ​ក្មេង​ឡើយ​ការ​ធ្វើការ​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃជា​ប្រចាំ គឺជា​ការ​ល្អ​ប្រសើរ​ណាស់​សម្រាប់​សុខ​ភាព។ ប៉ុន្ដែ​ស្ដ្រី​នៅ​ពេល​ឈាន​ចូល​វ័យ​កាន់​តែចំ​ណាស់​ហើយ​អស់​រដូវ​ពុំអាច​ធ្វើការ​ហាត់​ប្រាណ ដោយ​រត់ ឬ​ហក់​លោត ដូច​មនុស្ស​វ័យ​ក្មេង​កំពុង​មាន​កម្លាំង​ឡើយ។ ម្យ៉ាង​ទៀត​បើស្ដ្រី​ហាត់​ប្រាណ​ដោយ​ហក់​លោត ឬ​ដោយ​រត់ គឺ​អាច​ធ្វើឱ្យ​មាន​ការ​ដួល​បណ្ដាល​ឱ្យ​មាន​ការ​បាក់​ឆ្អឹង។ ដូច​នេះ​ការ​ដើរ​ក៏ជា​ចលនា​នៃការ​ហាត់​ប្រាណ​មួយ​ដែរ​ដែល​សម​ស្រប​សម្រាប់ ស្ដ្រី​អស់​រដូវ។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

ការ​អស់​រដូវ​គឺជា​សភាព​ធម្មតា​របស់​ស្ដ្រី​មាន​វ័យ​កាន់​តែចំ​ណាស់ ដែល​ធម្ម​ជាតិ​ផ្ដល់​ឱ្យជា​ទូទៅ។ តែ​ទោះបី​ជាយ៉ាង​ណា​ក៏ ដោយ គ្រប់​ស្ដ្រី​ទាំង​អស់​ត្រូវ​មាន​ការ​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង​នៅ​ពេល​ដែល​អស់​រដូវ​ព្រោះវា​បង្កឱ្យ​មាន​ផល​វិបាក​ជាច្រើន។ ដូច​នេះ​ស្ដ្រី ត្រូវ​ចេះ​តាម​ដាន​សុខ​ភាព​ដោយ​ទៅជួប​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ​ឬត្រូវ​ព្យាបាល​ដោយ​ប្រើវិធី​ណា​មួយ​ប្រយោជន៍​ជួយ​ឱ្យ​ចៀស ផុតពី​ផល​វិបាក​ទាំង​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *