បញ្ហាចរាចរណ៍នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋកម្ពុជាទាំងឡាយ ដែលបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ។ តើករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំនេះ មានមនុស្សរងរបួស ពិការ និងស្លាប់ចំនួនប៉ុន្មាននាក់? តើករណីទាំងនោះ បណ្តលមកពីបញ្ហាអ្វី?
អត្រាគ្រោះថ្នាក់ចរាចរណ៍៥ខែដើមឆ្នាំ២០១២ មានជាង ២.០០០ករណី និងបានសម្លាប់មនុស្សជាង៩០០នាក់។ មន្ត្រីជំនាញបានឲ្យដឹងថា ភាគច្រើននៃចំនួនគ្រោះថ្នាក់នេះ បណ្ដាលមកពីកត្តាមនុស្សបើកបរលើសល្បឿនច្បាប់បានកំណត់។
លោក ព្រាប ចាន់វិបុល នាយកនៃនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដល់អ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ភាគច្រើនកើតឡើងដោយសារតែការបើកបរហួសល្បឿនកំណត់, ការសេពគ្រឿងស្រវឹង និងការបើកបរដោយមិនប្រុងប្រយ័ត្នជាដើម។ ទោះជាយ៉ាងណាក៏ដោយ លោក ព្រាប ច័ន្ទវិបុល បានឲ្យដឹងកាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០១២កន្លងទៅនេះថា ក្នុងកំឡុងពេល៥ខែដើមឆ្នាំ២០១២ ករណីគ្រោះថ្នាក់ចរាចរណ៍ និងចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់នេះ បានថយចុះតិចតួចបើប្រៀបធៀបទៅនឹងរយៈពេល៥ខែដើមឆ្នាំ២០១១នាពេលកន្លងទៅ។ លោក ព្រាប ច័ន្ទវិបុល បានបន្តថា ទោះបីករណីគ្រោះថ្នាក់ និងអត្រាអ្នកស្លាប់បានថយចុះក៏ដោយ ក៏ប៉ុន្តែវានៅតែមានការទាមទារឲ្យអ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ចរាចរណ៍ឲ្យបានទាំងគ្រប់គ្នា។ លោកបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង ៥០ភាគរយ បណ្ដាលមកពីអ្នកបើកបរមានល្បឿនលឿន និងមិនគោរពសិទ្ធិអាទិភាពជាដើម។
ទាក់ទងទៅនឹងបញ្ហានេះ លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងថា សព្វថ្ងៃនេះអត្រាគ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ថយចុះនោះទេ ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធរកឲ្យឃើញមូលហេតុពិត ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវមានវិធានការទប់ស្កាត់។ លោកស្នើឲ្យស្ថាប័នជំនាញ មានដូចជាសមត្ថកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកជាដើម ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានអាស៊ីសេរី។
រីឯមន្ត្រីអង្គការជនពិការអន្តរជាតិបែលហ្ស៊ិក លោក សែម បញ្ញាវុឌ្ឍ បានរកឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់មិនទាន់មានសញ្ញាថយចុះនៅឡើយទេក្នុងប៉ុន្មានឆ្នាំមកនេះ។ ប៉ុន្តែលោកនៅមិនទាន់បានបញ្ជាក់អំពីទិន្នន័យច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណា លោក បញ្ញាវុឌ្ឍ បានឲ្យដឹងបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតបង្កដោយរថយន្ត បានកើនជាង១០០នាក់ បើគិតចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១១កន្លងមក។ លោកបានបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជា បណ្ដាលមកពីកត្តាមនុស្សមិនមែនកត្តាធម្មជាតិនោះទេ។
ដោយឡែកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិលមួយចំនួន បានបង្កើតផែនការសកម្មភាពជាតិ សុវត្ថិភាពចរាចរណ៍រយៈពេល១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១១-២០២០ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកត្រឹម៥០ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់នាពេលកន្លងមក។
បើតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា កន្លងទៅនេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩១១ នាក់នៅប្រទេសកម្ពុជា សម្រាប់ ៥ខែដើមឆ្នាំ ២០១២ នេះ។ ចំនួនខាងលើនេះដែរ គឺបានធ្លាក់ចុះ៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដដែល កាលពីឆ្នាំមុន ដែលមានរហូតដល់ ៩៣៩នាក់ឯណោះ។ នៅក្នុងរបាយការណ៍នោះដែរ បានបង្ហាញទៀតថា មានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវប្រមាណជា២០៥៣ករណី ចាប់ពីខែមករាដល់ខែឧសភាកន្លងទៅនេះ ដែលវាបានធ្លាក់ចុះ១៦ភាគរយ កាលពីឆ្នាំមុន ដែលមានរហូតដល់ទៅ ២៤៥១ករណី។ ជាងនេះទៅទៀតចំពោះអ្នករងរបួសវិញ ក៏បានធ្លាក់ចុះផងដែរ គឺពីចំនួន៤២៩៣នាក់ នៅ៥ខែដើមឆ្នាំ២០១១ មកនៅ៣៥៤០នាក់ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២ នេះ។
សូមជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់អាយុជីវិតមនុស្ស១៨៩០នាក់ នៅប្រទេសកម្ពុជា កាលពីឆ្នាំ ២០១១ កន្លងទៅនេះ។ សុវត្តិភាពជាចម្បង យោគយល់គ្នាផង ទើបបំណងបានសម្រេច!
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២
Leave a Reply