ឃាតករទី៣ គឺជម្ងឺរាក
ជម្ងឺរាកជាការបន្ទោរបង់បែបមិនធម្មតារបស់កុមារ ដែលយើងអាចសម្គាល់បានដោយលាមកនោះមានលក្ខណៈរាវឬមាន ជាតិទឹកច្រើនជាងធម្មតា ហើយកុមារបន្ទោរបង់លើសពី៣ដងក្នុងមួយថ្ងៃ។ ករណីកុមារបៅដោះម្ដាយការជុះលើសពី៣ដងជាអាការ ធម្មតា ទោះជាលាមកចេញមកទន់ឬរាវក៏ដោយ។ កុមារច្រើនចាប់រាកពីអាយុ៦ខែរហូតដល់អាយុក្រោម២ឆ្នាំហើយបរិមាណនៃ លាមកក៏មិនដូចគ្នាដែរ កុមារខ្លះរាកតិច ខ្លះច្រើនតែការរាករបស់កុមារតូចងាយគ្រោះថ្នាក់ជាងកុមារដែលមានអាយុច្រើន។
1 . រោគសញ្ញា និងផលវិបាកនៃជម្ងឺរាក
កុមាររាកភាគច្រើនមានរោគសញ្ញាជាបឋម គឺលាមកប្រែខុសពីធម្មតា ពីរឹងប្រែជារាវ មានជាតិរំអិលមានលាយឈាមជា ដើម ហើយជុះញឹកញាប់ជាងសព្វដង គឺលើសពី៣ដងក្នុងមួយថ្ងៃ។ ជួនកាលកុមារស្គមមិនមែនមកពីជម្ងឺរាកនោះទេ។ ការបន្ទោរបង់ ញឹកញាប់ជាហេតុដែលធ្វើឱ្យកុមារបាត់បង់ជាតិទឹកច្រើន ដែលអាចឱ្យកុមារមានសភាពដូចជាភ្នែករាងខូងមាត់ស្ងួត អណ្ដាតស្ងួត ស្រេកទឹក ព្រមទាំងពេលដែលចាប់ស្បែកពោះក្ររលាមករកសភាពដើមវិញជាដើម។ បើកុមារខ្វះជាតិទឹកកម្រិតមធ្យមធ្វើឱ្យកុមារ មានការខឹងច្រើន បើករណីខ្វះជាតិទឹកកម្រិតធ្ងន់វិញនោះ ធ្វើឱ្យកុមារមានសភាពសន្លឹម(លែងចង់កម្រើកដៃជើងតែម្ដង)។
2 . មូលហេតុបង្កជម្ងឺរាក
វាបណ្ដាលមកពីមេរោគដូចជាបាត់តេរី វីរុស ប៉ារ៉ាស៊ីតជាដើមឬជួនកាលមកពីកុមារមិនទទួលជាតិស្ករក្នុងទឹកដោះគោដែល កុមារបៅ។ ក្មេងក្រោមអាយុ៦ខែដែលបៅតែទឹកដោះម្ដាយតែមួយគត់ មិនសូវឃើញមានជម្ងឺរាកទេ។ តែកុមារដែលបំបៅដោយទឹក ដោះគោ អាចមានអាការរាកច្រើនជាងកុមារដែលបៅដោយទឹកដោះម្ដាយហើយទឹកដោះគោខ្លះធ្វើឱ្យកុមារក្ដៅខ្លួនទៀតផង។ ដូច នេះគ្មានអ្វីដែលល្អជាងទឹកដោះម្ដាយនោះទេ។
3 . វិធីបង្ការជម្ងឺរាក
មេរោគដែលអាចឆ្លងចូលទៅក្នុងខ្លួនបានដោយសារតែភាពខ្វះអនាម័យឬបណ្ដាលមកពីការទទួលទានមិនបានត្រឹមត្រូវ ដែលនាំឱ្យមានអាការពុលចំណីអាហារ។ ដើម្បីកុំឱ្យមានជម្ងឺរាកកើតឡើងយើងត្រូវបង្កើនភាពមានអនាម័យឱ្យបានច្រើនជាងមុន អនាម័យខ្លួនប្រាណ ជាពិសេសជាងនេះទៅទៀតនោះគឺចំណីអាហារហូបចុកជារៀងរាល់ថ្ងៃ។
4 . វិធីព្យាបាលជម្ងឺរាក
វិធីព្យាបាលគឺត្រូវបង្គ្រប់ជាតិទឹកឱ្យកុមារ ដោយការផ្ដល់ទឹកអូរ៉ាលីត ទឹកដូង ទឹកបបរ ទឹកសម្ល ទឹកផ្លែឈើស្រស់ទឹកឆ្អិន និងបន្ដបំបៅដោះម្ដាយឱ្យបានត្រឹមត្រូវ។ ករណីកុមារមានអាយុក្រោមអាយុ៦ខែ ដែលមានជម្ងឺរាកឬសញ្ញាខ្វះជាតិទឹកមាតាបិតាក៏ អាចផ្ដល់ទឹកអូរ៉ាលីត ហើយបន្ដបំបៅដោះកូនដូចធម្មតាដែរ។
ឃាតករទី៤ គឺជម្ងឺតេតាណូស ឬជម្ងឺស្កន់ម្ដាយដើម
ប្រជាពលរដ្ឋខ្មែរបុរាណនិយមហៅថាស្កន់ម្ដាយដើមព្រោះពួកគាត់តែងយល់ថាម្ដាយដើមរបស់កុមារពីជាតិមុនតាមយក ជីវិតកុមារនៅជាតិនេះ ដែលគាត់សង្កេតឃើញកុមារដែលមានអាយុត្រឹម៥ថ្ងៃឬមួយអាទិត្យមានអាការញាក់កន្ដ្រាក់ដៃជើង មើល ទៅគួរឱ្យសង្វែក រឹងថ្គាម រឹងក ខ្នងកោងដូចឥន្ទធនូ បៅដោះមិនបានពួកគាត់ទទួលស្គាល់ថាមានជម្ងឺស្កន់ម្ដាយដើម(តាមជំនឿពី បុរាណ) ឬជម្ងឺតេតាណូស(តាមវេជ្ជសាស្ដ្រ)។ តេតាណូសបង្កឡើងដោយមេរោគឈ្មោះក្លូសឌីញ៉ូមតេតានីដែលឆ្លងចូលទៅក្នុងខ្លួន កុមារ តាមរយៈការធ្វេសប្រហែសរបស់អាណាព្យាបាលការគ្មានអនាម័យចំពោះកុមារនៅពេលប្រសូតកុមារជាដើម។
1 . មូលហេតុបង្កជម្ងឺតេតាណូស
ជម្ងឺតេតាណូសច្រើនតែឆ្លងតាមរយៈការយកមេរោគដែលមាននៅខាងក្រៅ ដូចជាសម្បុកឆ្កែញ៉ាំង កម្ទេចធូបជាដើមមក ដាក់លើទងផ្ចិតកុមារ។ គ្រប់សម្បុកឆ្កែញ៉ាំងទាំងអស់សុទ្ធតែមានមេរោគតេតាណូសទាំងអស់ដូច្នេះហាមផ្ដាច់មិនឱ្យយកមករោយពី លើផ្ចិតកុមារទេ។ កុមារខ្លះអាចកើតជម្ងឺតេតាណូសនេះបានដោយសារការមុតដែកច្រែះ ដូចជាកន្ដ្រៃ ឡាមកាំបិតជាដើម។
2 . រោគសញ្ញាជម្ងឺតេតាណូស
មេរោគតេតាណូសឆ្លងតាមសរសៃឈាមចូលទៅក្នុងខួរក្បាល ដែលនាំឱ្យកុមារកន្ដ្រាក់សាច់ដុំដៃជើង សាច់ដុំមុខសាច់ដុំ មាត់ កន្ដ្រាក់ឡើងរឹងក ឆ្អឹងខ្នងឡើងកោងដូចឥន្ទធនូ ឬជួនកាលអាចបណ្ដាលបាក់ឆ្អឹងខ្នងក៏មានដែរ។ ពន្លឺនិងសម្លេងមានផលប៉ះពាល់ ដល់ការកន្ដ្រាក់របស់កុមារ។
3 . វិធីការពារជម្ងឺតេតាណូស
ជម្ងឺនេះអាចបង្ការបានដោយអនុវត្ដទៅតាមវ័យ និងទៅតាមពេលវេលាកាលៈទេសៈ។
- ពេលពេញវ័យ ៖ ស្ដ្រីគួរតែចាក់ថ្នាំបង្ការជម្ងឺតេតាណូស ដើម្បីការពារខ្លួនឯង និងផ្ដល់ភាពស៊ាំដល់ទារក(ការពារជម្ងឺតេ តាណូស)នៅពេលដែលស្ដ្រីមានផ្ទៃពោះ។ ចំពោះស្ដ្រីដែលមានអាយុចាប់ពី១៥ទៅដល់៤៥ឆ្នាំទោះបីមិនទាន់មានផ្ទៃពោះក៏ដោយ ក៏ ត្រូវតែចាក់ថ្នាំការពារជម្ងឺតេតាណូសឱ្យបានចំនួន៥ដងដែរ។
- ពេលសម្រាល ៖ ត្រូវជ្រើសរើសមន្ទីរសម្ភពឱ្យបានត្រឹមត្រូវចៀសវាងការសម្រាលកូននៅកន្លែងដែលមិនមានអនាម័យ ឬមិនមានវិធីត្រឹមត្រូវដើម្បីបង្កើតកូន និងគ្មានអនាម័យល្អជាដើម។
- ក្រោយពេលសម្រាល ៖ ពេលកាត់ទងផ្ចិត ត្រូវតែមានអនាម័យខ្ពស់ចំពោះកន្ដ្រៃ កាំបិតត្រូវសម្អាតឱ្យបានស្អាតកុំឱ្យមាន មេរោគ មិនត្រូវយកសម្បុកឆ្កែញ៉ាំង ម្រេច ឬផេះ ទៅរោយលើផ្ចិតទារកទេ។ លោកអ្នកអាចយកក្រណាត់ស្អាតទៅគ្របលើទងផ្ចិត ទារក ដោយមិនចាំបាច់រោយអ្វីក៏បាន វានឹងជាសះស្បើយដោយខ្លួនឯង។
4 . វិធីព្យាបាលជម្ងឺតេតាណូស
ជម្ងឺតេតាណូសធ្វើឱ្យកុមារមានអាការប្រកាច់កន្ដ្រាក់គួរឱ្យសង្វេគ។ គ្រូពេទ្យអាចព្យាបាលជម្ងឺតេតាណូសនេះបានដោយ បច្ចេកទេសវេជ្ជសាស្ដ្រ។
- ផ្ដល់ថ្នាំទប់ទល់អាការប្រកាច់
- ព្យួរសេរ៉ូម ឬផ្ដល់ថ្នាំដើម្បីចិញ្ចឹមរាងកាយកុមារ
- ផ្ដល់ថ្នាំផ្សះដើម្បីសម្លាប់មេរោគតេតាណូស
- ផ្ដល់ថ្នាំបន្សាបជាតិពុលតេតាណូសឱ្យកុមារ
- បញ្ចូលខ្យល់តាមច្រមុះដើម្បីចិញ្ចឹមជីវិតកុមារ
- រក្សាទុកកុមារនៅកន្លែងស្ងាត់ ការពារកុមារពីពន្លឺ និងពីសម្លេង
- សម្អាតផ្ចិតដើម្បីកម្ចាត់មេរោគ។
5 . ផលវិបាកជម្ងឺតេតាណូស
ការប្រកាច់ និងការកន្ដ្រាក់របស់កុមារធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើមកុមារដែលនាំឱ្យគេអាចស្លាប់បានដោយសារស្ទះ ផ្លូវដង្ហើម ដែលមិនអាចជួយបានទាន់ពេលវេលា។ ទោះបីការព្យាបាលទទួលបានជោគជ័យក៏ដោយក៏កុមារមានការចុះថយនៃ សតិបញ្ញាផងដែរ។
ឃាតករទី៥ គឺជម្ងឺកញ្ជ្រឹល
កញ្ជ្រឹលជាជម្ងឺឆ្លងដែលកើតមានចំពោះកុមារអាយុចាប់ពី៦ខែទៅដល់១០ឆ្នាំហើយពេលខ្លះទៀតវាក៏កើតមានចំពោះមនុស្សពេញវ័យផងដែរ ប៉ុន្ដែវាជាករណីកម្រ។ កញ្ជ្រឹលបណ្ដាលមកពីវីរុសម្យ៉ាងដែលឆ្លងតាមទឹកមាត់ដោយសារតែការនិយាយគ្នា រវាងកុមារម្នាក់ទៅកុមារម្នាក់ទៀត ឬអាចតាមការប៉ះពាល់អ្នកជម្ងឺផ្ទាល់តែម្ដង។
1 . រោគសញ្ញាជម្ងឺកញ្ជ្រឹល
កុមារដែលកើតជម្ងឺកញ្ជ្រឹលមានអាការដូចតទៅ។
- ក្ដៅខ្លួនខ្លាំងភ្លាមៗ(មានសីតុណ្ហភាពចាប់ពី៣៩ទៅ៤០អង្សាសេ)
- ក្អក កណ្ដាស់ ហៀរសម្បោរ
- ឈឺចាប់ក្នុងសន្លាក់
- ភ្នែកឡើងក្រហម
- ក្អួត
- មិនសូវឃ្លានចំណីសអាហារ។
បន្ទាប់មកទៀតនោះទើបលេចចេញនូវស្នាមកន្ទួលក្រហមតូចៗពាសពេញស្បែក វាធ្វើឱ្យកុមាររមាស់ ស្កៀបខ្លួនហើយវា ចេញដំបូងគឺនៅលើមុខ រួចរាលដាលពេញខ្លួនទាំងអស់។ ក្នុងរយៈពេល៣ថ្ងៃក្រោយមកស្នាមកន្ទួលនោះក៏ហើរបាត់បន្ដិចម្ដងៗ កម្ដៅ ក្នុងខ្លួនកុមារក៏ថយចុះ កុមារចាប់ផ្ដើមឃ្លានចំណីអាហារឡើងវិញ។
2 . ផលពិបាកជម្ងឺកញ្ជ្រឹល
ចំពោះកុមារដែលមិនបានចាក់ថ្នាំការពារជម្ងឺកញ្ជ្រឹលពេលដែលកើតជម្ងឺកញ្ជ្រឹលអាចនឹងមានលក្ខណៈធ្ងន់ធ្ងរកើតឡើង ដោយកុមារមានជាផលលំបាកមួយចំនួន។ វីរុសកញ្ជ្រឹលអាចឆ្លងទៅដល់ខួរក្បាលធ្វើឱ្យកុមារប្រឈមមុខនឹងការរលាកខួរក្បាល ដែលអាចធ្វើឱ្យកុមារស្លាប់បាន។
បើកុមារលាប់កញ្ជ្រឹលវិញនោះ អាចធ្វើឱ្យកុមារប្រឈមមុខនឹងការរលាកសួត ឬហើមសួតជាដើម។ កញ្ជ្រឹលអាចធ្វើឱ្យ កុមារមានអាការរាកមួលមានឈាម ឬជាសម្បោរដែលជាបញ្ហាធ្វើឱ្យកុមារមានការចុះខ្សោយខាងប្រព័ន្ធការពាររាងកាយ។ ស្នាម កន្ទួលក្រហមនេះ បើវាចេញចំភ្នែកនោះអាចធ្វើឱ្យកុមារខ្វាក់ភ្នែកបាន។
3 . វិធីបង្ការជម្ងឺកញ្ជ្រឹល
ការបង្ការជម្ងឺកញ្ជ្រឹលវាគ្មានអ្វីដែលពិបាកនោះទេគឺគ្រាន់តែនាំកូនរបស់លោកអ្នកដែលមានអាយុ៩ខែមកចាក់ថ្នាំការពារ ជម្ងឺកញ្ជ្រឹលតែប៉ុណ្ណោះ ហើយប្រសិនបើមានកើតកញ្ជ្រឹលក៏មិនមានបង្កលក្ខណៈធ្ងន់ធ្ងរឡើយ។
4 . វិធីព្យាបាលជម្ងឺកញ្ជ្រឹល
ប្រសិនបើករណីធម្មតា អ្នកម្ដាយអាចធ្វើការព្យាបាលដោយខ្លួនឯងបាន។ ម្ដាយត្រូវផ្ដល់ថ្នាំប៉ារ៉ាសេតាម៉ុលបញ្ចុះកម្ដៅដល់ កូនក្នុងកម្រិតមួយត្រឹមត្រូវទៅតាមអាយុ និងទម្ងន់របស់កូន។ មួយវិញទៀតអ្នកម្ដាយត្រូវយកក្រណាត់ទទឹកមកជូតដណ្ដប់ឱ្យកូន ប៉ុន្ដែចៀសវាងការប្រើទឹកកក ព្រោះអាចឱ្យកុមារញាក់បាន។ ម្ដាយត្រូវព្យាយាមឱ្យកូនបរិភោគអាហារឱ្យបានច្រើន តាមដែលអាច ធ្វើទៅបាន មិនគួរឱ្យកុមារតមអាហារឡើយ។ ជម្ងឺកញ្ជ្រឹលជាជម្ងឺដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សដូច្នេះត្រូវដាក់កុមារដោយឡែក ពីក្មេងដទៃទៀត។ បើមានករណីធ្ងន់ធ្ងរនោះ ត្រូវនាំយកកុមារទៅកាន់មន្ទីរពេទ្យជាបន្ទាន់ជាពិសេសនៅពេលលាប់កញ្ជ្រឹលដែលអាច ធ្វើឱ្យកុមារស្លាប់បាន។ (អត្ថបទមុន សូមចុចទីនេះ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply