សម្រាមត្រូវបានគេចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នាមិនចង់បានវានោះទេ។ ប៉ុន្ដែយើង មិនអាចចៀសពីវាផុតបានឡើយ ព្រោះយើងសុទ្ធតែត្រូវការអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្ស បានបង្កើតសម្រាម ហើយពុំបានធ្វើការទុកដាក់ត្រឹមត្រូវនោះវានឹងអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនចំពោះមនុស្ស សត្វ រុក្ខជាតិ និងជីវៈចម្រុះផ្សេងៗ ជាពិសេសគឺបរិស្ថាន។
កាលពីលេខមុនៗ ប្រិយមិត្ដទាំងអស់ពិតជាបានស្វែងយល់រួចមកហើយ អំពីជម្ងឺដែលបណ្ដាលមកពីសម្រាម។ ដើម្បីឱ្យមាន ការជ្រាបកាន់តែច្បាស់អំពីផលប៉ះពាល់នៃសម្រាមទៀតនោះ ទស្សនាវដ្ដី សុខភាពយើងបានធ្វើការសម្ភាសន៍ជាមួយលោក សារុន សំបូរ ប្រធានការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់នៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន ក្រសួងបរិស្ថាន។
សម្រាមជាអ្វី?
សម្រាមគឺជារបស់របរដែលអស់តម្លៃគ្មានប្រយោជន៍ ឬវត្ថុដែលគេលែងត្រូវការប្រើប្រាស់ ឬអស់តម្រូវការហើយមានបំណងបោះបង់ចោល ឬតម្រូវឱ្យបោះបង់ចោល។
ប្រភេទសម្រាម និងសំណល់រឹង
បើផ្អែកទៅតាមការសិក្សា និងឆ្លងកាត់នូវការធ្វើវិភាគទៅលើសម្រាម និងសំណល់គេអាចធ្វើការបែងចែកជាបីប្រភេទ ផ្សេងៗពីគ្នា ដែលមានដូចនៅខាងក្រោមនេះ ៖
1 . សំណល់រឹង ៖ គឺសំដៅដល់សំណល់រឹងដែលជាផលិតផល ឬជាកម្ទេចកម្ទីដែលត្រូវបានគេបោះបង់ចោលដូចជាសម្បក ដប កែវ លោហៈធាតុ កំប៉ុងជាដើម។
2 . សំណល់រាវ ៖ គឺជាវត្ថុរាវដែលជាផលិតផល និងជាសារធាតុរួមផ្សំជាមួយនឹងសារធាតុរឹងខ្លះដែលត្រូវបានគេបញ្ចេញ ចោលជាប្រចាំទៅតាមបណ្ដាញប្រព័ន្ធលូទឹកស្អុយផ្សេងៗ។
3 . សំណល់បង្កគ្រោះថ្នាក់ ៖ គឺសំដៅទៅលើសារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុលសារធាតុឆេះ ជាដើម។ ចំពោះសំណល់ទាំងនេះភាគច្រើនមានប្រភពចេញពីរោងចក្រឧស្សាហកម្មនិងសហគ្រាសដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ(ការវះកាត់និងថតដោយប្រើកាំរស្មី)។ល។ ចំណែក ឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារ បច្ចេកទេសនៅក្នុងស្រុកមានកម្រិតទាបកសិករភាគច្រើនបានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ គីមីដើម្បីបង្កើនទិន្នផលដំណាំដូច្នេះសារធាតុប្រកបដោយគ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។
ផលវិបាក និងផលប៉ះពាល់នៃសម្រាម
សម្រាមមិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន សោភ័ណភាពនិងបង្កឱ្យអាប់អួដល់បរិយាកាសជុំវិញនោះទេ តែវាថែមទាំងបណ្ដាលឱ្យមានជម្ងឺផ្សេងៗទៀតបាន និងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្សតាមរយៈការប៉ះពាល់ ដោយផ្ទាល់ ឬតាមការភាយក្លិនស្អុយនៃសម្រាមដែលរលួយ។
1 . ផលប៉ះពាល់របស់សម្រាមចំពោះសង្គម ៖ បើយោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃសម្រាមឬសំណល់ ប្រសិន បើយើងមិនបានធ្វើការបែងចែក និងគ្រប់គ្រងឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសទេនោះវានឹងអាចជះឥទ្ធិពលមកលើ សុខភាព មនុស្ស សត្វ និងបរិស្ថានជាច្រើនដូចតទៅ។
- ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋាន
- ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង និងសត្វល្អិត
- អាចបង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នករស់នៅក្បែរ គំនរសម្រាម និងបរិស្ថាន
- ការបោះបង់ចោលសម្រាមរាយប៉ាយ អាចបង្កការស្ទះដល់ប្រព័ន្ធលូសាធារណៈតាមរយៈការហូរនាំដោយទឹកភ្លៀងជា លទ្ធផលខូចដល់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ
- បាត់បង់នូវកំណើនភ្ញៀវទេសចរណ៍។
2 . ផលប៉ះពាល់របស់សម្រាមចំពោះសុខភាព ៖ សម្រាមអាចផ្ដល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់មនុស្ស ទូទៅ។
- សារធាតុពុលនៅក្នុងសម្រាម ៖ សារធាតុមួយចំនួននៅក្នុងសម្រាមអាចធ្វើឱ្យមានការប៉ះពាល់ដល់ស្បែកដែលបណ្ដាល ឱ្យមនុស្សកើតមានជម្ងឺសើស្បែក រលាកភ្នែក ជម្ងឺរលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម រលាកសួតជាដើម។ ជួនកាលវាអាចបណ្ដាល ឱ្យមានការប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទថែមទៀតផង ដោយសារតែការសាយភាយក្លិននិងការចម្លងមេរោគពីសម្រាម។
- មេរោគនៅក្នុងសម្រាម ៖ នៅក្នុងសម្រាមមានផ្ទុកទៅដោយមេរោគច្រើនប្រភេទ។ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កឱ្យកើតមានជម្ងឺរាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និងជម្ងឺជាច្រើនទៀត។ ប្រសិនបើមិនបានធ្វើអនាម័យ ជាប្រចាំទេ ជម្ងឺទាំងនោះនឹងអាចក្លាយទៅជាប្រភេទជម្ងឺរ៉ាំរ៉ៃបាន។ ម្យ៉ាងវិញទៀតសារធាតុមុតស្រួចដែលមាននៅក្នុងសម្រាម អាច បង្កជារបួសស្នាមរហូតក្លាយទៅជាដំបៅរ៉ាំរ៉ៃផងដែរ។
- សារធាតុគីមីនៅក្នុងសម្រាម ៖ សម្រាមមានផ្ទុកទៅដោយសារធាតុគីមីមួយចំនួនដែលអាចបង្កឱ្យកើតជម្ងឺមហារីកបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យមានអុកស៊ីដកម្មលើសារធាតុគីមីដទៃទៀត ដែលអាចនាំគ្រោះថ្នាក់ដល់មនុស្ស រុក្ខជាតិនិងសត្វ ដែលមាននៅក្នុងបរិស្ថានទៀតផង។
វិធីទុកដាក់ និងគ្រប់គ្រងសម្រាម
ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្ដាលមកពីសម្រាមបានគប្បីត្រូវមានវិធានការទុកដាក់សម្រាមឱ្យមាន របៀប ធ្វើយ៉ាងណាកុំឱ្យមេរោគចេញពីសម្រាមទៅចម្លងដល់មនុស្សបាន។ វិធីទាំងអស់ដែលតម្រូវឱ្យប្រតិបត្ដិមានដូចជា ៖
1 . ភារកិច្ចប្រជាពលរដ្ឋ
- ប្រជាពលរដ្ឋត្រូវរៀបចំទីកន្លែងស្ដុកសំណល់រឹង ឬសម្រាមបណ្ដោះអាសន្នឱ្យបានសមស្រប និងមានរបៀបមិនបង្កបញ្ហា ប៉ះពាល់ទៅដល់ចរាចរណ៍ សុខភាពសាធារណៈ សោភ័ណភាព និងសណ្ដាប់ធ្នាប់សង្គម។
- មិនត្រូវបោះចោលនូវសម្រាមរឹង រាវ នៅតាមទីប្រជុំជន ទីសាធារណៈ ផ្សារ កន្លែងកម្សាន្ដតំបន់ប្រភពទឹកប្រើប្រាស់ និងតាមប្រព័ន្ធលូទឹកស្អុយនោះទេ។
- មុនពេលចោលសម្រាម គប្បីត្រូវបែងចែកឱ្យបានជាមុន ដូចជាប្រភេទសម្រាមចេញពីមន្ទីរពេទ្យនិងសម្រាមចេញពី លំនៅដ្ឋាន ព្រោះសម្រាមចេញពីមន្ទីរពេទ្យអាចម្លងមេរោគ និងជម្ងឺបាន។
2 . ភារកិច្ចរបស់អង្គភាពទទួលបន្ទុកផ្នែកគ្រប់គ្រងសម្រាម
អង្គភាពត្រូវរៀបចំដាក់ស្លាកសញ្ញាហាមឃាត់ការបោះចោលសម្រាមរាយប៉ាយ ទុកដាក់សំណល់រឹងឱ្យបានត្រឹមត្រូវនៅ គ្រប់ទីកន្លែង ដូចជាតំបន់ទីប្រជុំជន ទីសាធារណៈ រោងចក្រ សហគ្រាសជាដើម។ ចំពោះទីលានចាក់សម្រាមត្រូវយកចិត្ដទុកដាក់ ប្រតិបត្ដិការគ្រប់គ្រងទីលានឱ្យបានល្អ ចៀសវាងផលប៉ះពាល់ដែលអាចកើតមានឡើងដោយយកចិត្ដទុកដាក់នូវចំណុចមួយចំនួនដូច ខាងក្រោម ៖
- លើកទំនប់ព័ទ្ធជុំវិញទីលានចាក់សម្រាម ដើម្បីការពារទឹកជំនន់ហូរចូលទីលាននិងហូរចេញវិញដោយនាំសារធាតុបំពុល ទៅជាមួយ ដែលធ្វើឱ្យមានការពុលដល់ទឹកលើដី និងក្រោមដី។
- រៀបចំផ្លូវទីលានដែលអាចចូលចាក់បានគ្រប់រដូវនិងបាតរណ្ដៅត្រូវរៀបចំប្រព័ន្ធការពារមិនឱ្យមានការហូរជ្រាបទឹកសម្អុយចូលក្នុងដី។
- ត្រូវធ្វើការលុបចោលសម្រាមដែលចាក់រួច ដើម្បីការពារការជះក្លិនស្អុយចេញមកក្រៅ និងសត្វល្អិត
- ត្រូវប្រើប្រាស់ឡទំនើប ក្នុងការដុតបំផ្លាញសម្រាមឱ្យមានលក្ខណៈបច្ចេកទេសច្បាស់លាស់ និងចំណុះសមល្មមដើម្បីកុំឱ្យ សាយភាយក្លិន និងចម្លងមេរោគ។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ សុខភាពល្អ និងជីវភាពរស់នៅប្រសើរទៅបានគឺអាស្រ័យទៅលើការជួយថែរក្សានូវអនាម័យទាំងអស់គ្នា។ ទោះបីជានៅតាមលំនៅដ្ឋាន កន្លែងធ្វើការ រោងចក្រ ឬសហគ្រាសក្ដី គប្បីមានធុងសម្រាមឬកន្លែងស្ដុក សម្រាមឱ្យបានសមរម្យ ងាយស្រួលប្រមូល។ ចំពោះផ្នែកបម្រើសេវាកម្មប្រមូលវិញគប្បីប្រមូលសម្រាមឱ្យបានទៀងទាត់។ ចៀសវាងទុកយូរជាហេតុធ្វើមានការរាយប៉ាយ ដែលបង្កឱ្យមានការចម្លងមេរោគបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply