ជម្ងឺអេដស៍ជាជម្ងឺដែលគ្មានថ្នាំព្យាបាល ប៉ុន្ដែអាចបង្ការបាន។ យើងអាចកាត់បន្ថយការឆ្លងមេរោគអេដស៍តាមរយៈការរួម ភេទបាន បើដៃគូទាំងពីរនាក់គ្មានផ្ទុកមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវនោះ។ ស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីដែលរកស៊ីផ្លូវភេទនៅឆ្នាំ២០០៦ មានអត្រាឆ្លងជម្ងឺអេដស៍ចុះទាបជាងឆ្នាំមុនៗ។
នៅពេលថ្មីៗនេះ ក្រសួងសុខាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបើកអង្គសិក្ខាសាលាមួយបង្ហាញពីលទ្ធផល នៃការអង្កេតឈាមរកអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាឆ្នាំ២០០៦ ដែលជាការខិតខំរបស់ខ្លួនកន្លងមក។ សិក្ខាសាលានេះរៀបចំ ឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគសហប្រតិបត្ដិការជាមួយអង្គកាUSAID, UNAIDS និង WHO។
គោលបំណងនៃការធ្វើការអង្កេតអត្រាប្រេវ៉ាឡង់
ចំពោះគោលបំណងនៃការអង្កេតតាមដានអត្រាអ្នកផ្ទុកមេរោគអេដស៍នេះ គឺជាការប៉ាន់ប្រមាណមួយទៅលើក្រុមស្ដ្រីគោលដៅប្រចាំឆ្នាំ២០០៦ និងធ្វើការប៉ាន់ប្រមាណអត្រាអ្នកឆ្លងមេរោគអេដស៍ថ្មី ទៅលើក្រុមមនុស្សគោលដៅទាំងនោះ។ គោល បំណងមួយទៀតនោះ គឺការប៉ាន់ប្រមាណអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋទូទៅប្រមូលទិន្នន័យដើម្បីធ្វើការ តាមដាននិន្នាការអត្រាប្រេវ៉ាឡង់មេរោគអេដស៍ ថែមទាំងផ្ដល់ព័ត៌មានអត្រាមេរោគអេដស៍ដើម្បីធ្វើជាគម្រោងផែនការអន្ដរាគមន៍ និងការខិតខំបង្ការថែទាំឱ្យមានប្រសិទ្ធភាព។
លទ្ធផលនៃការអង្កេតតាមដានអ្នកផ្ទុកមេរោគអេដស៍
តំបន់ដែលបានធ្វើការអង្កេតមាន២២ខេត្ដក្រុង ដោយធ្វើការតាមដាន និងអង្កេតទៅលើតែស្ដ្រីដែលមានផ្ទៃពោះនិងស្ដ្រី ដែលរកស៊ីផ្លូវភេទតាមផ្ទះបនតែប៉ុណ្ណោះ។ ការអង្កេតចំពោះស្ដ្រីរកស៊ីផ្លូវភេទមានចំនួនតែ១៥០នាក់ប៉ុណ្ណោះក្នុងមួយខេត្ដៗ និងស្ដ្រី ដែលមានផ្ទៃពោះចំនួន៦០០នាក់ក្នុងមួយខេត្ដ(៣០០នាក់មកពីទីរួមខេត្ដ-ក្រុងនិង៣០០នាក់ទៀតមកពីជនបទ)។
ជាលទ្ធផលអង្គសិក្ខាសាលានេះបានបង្ហាញនូវតារាងក្រាហ្វិកនៃអត្រាមួយចំនួនដែលមានការទាក់ទងទៅនឹងអ្នកផ្ទុកមេរោគអេដស៍ ទៅតាមក្រុមមនុស្សគោលដៅដែលមានដូចខាងក្រោមនេះ។
- ក្រុមស្ដ្រីដែលរកស៊ីផ្លូវភេទនៅកម្ពុជា នៅឆ្នាំ២០០៦នេះមានអត្រាឆ្លងមេរោគអេដស៍ចំនួន១៤.៧%មានការចុះជាង បណ្ដាឆ្នាំមុនៗដែលយើងបានធ្វើការអង្កេត និងតាមដានកន្លងមក។ ស្ដ្រីដែលរកស៊ីផ្លូវភេទភាគច្រើនមានការយល់ដឹងច្រើនពីការ ឆ្លងជម្ងឺអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ។
- ក្រុមស្ដ្រីដែលមានផ្ទៃពោះវិញនោះ មានអត្រាតែ១.១%ប៉ុណ្ណោះផ្អែកទៅលើទិន្នន័យនេះយើងអាចធ្វើការប៉ាន់ប្រមាណ ថា អត្រាមនុស្សពេញវ័យដែលផ្ទុកមេរោគអេដស៍នៅទូទាំងប្រទេសគឺមាន០.៩%នៅឆ្នាំ២០០៦។ តួលេខនេះមានន័យថា នៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាដែលមានអាយុពី១៥ទៅ៤៩ឆ្នាំចំនួន១០០នាក់មានមួយនាក់មានផ្ទុកមេរោគអេដស៍ ហើយអត្រាប្រេវ៉ាឡង់ នេះបានធ្លាក់ចុះ បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០០៣ ដែលមានអត្រាប្រមាណ១.២%។
អត្រាអ្នកឆ្លងមេរោគអេដស៍ថ្មី
គ្រប់ពេលកន្លងមកការតាមដាន និងអង្កេតអត្រាអ្នកផ្ទុកមេរោគអេដស៍ថ្មី គ្រាន់តែជាការប៉ាន់ប្រមាណប៉ុណ្ណោះមិនមានតួ លេខពិតប្រាកដទេ ព្រោះការតាមដាននេះធ្វើឡើងតែចំពោះស្ដ្រីដែលរកស៊ីផ្លូវភេទនិងចំពោះស្ដ្រីដែលមានផ្ទៃពោះតែប៉ុណ្ណោះ ហើយ មានចំនួនតែ១៥០នាក់ប៉ុណ្ណោះ ទើបធ្វើឱ្យលទ្ធផលចេញមកមិនមានការជាក់លាក់។ បើគិតតាមការប៉ាន់ប្រមាណមើលនោះ ក្នុងមួយ ឆ្នាំៗក្នុងចំណោមមនុស្ស១០០នាក់ មានតែ២នាក់ទេដែលឆ្លងជម្ងឺអេដស៍។ ចំណែកឯស្ដ្រីដែលមានផ្ទៃពោះវិញនោះ ក្នុង១០០០០នាក់ មានអ្នកឆ្លងមេរោគអេដស៍ចំនួន៧នាក់ក្នុងមួយឆ្នាំៗ។
ការប៉ាន់ប្រមាណករណីអ្នកឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ដែលមានអាយុលើសពី១៥ឆ្នាំគឺក្នុងចំណោមមនុស្ស១០០០នាក់ មានអ្នកឆ្លងមេរោគអេដស៍៣ទៅ៤នាក់ក្នុងមួយថ្ងៃ នៅឆ្នាំ២០០៦កន្លងទៅនេះ។
សេចក្ដីសន្និដ្ធានជារួម
អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍មានការថយចុះក្នុងចំណោមក្រុមគោលដៅទាំងពីរ គឺក្រុមនារីរកស៊ីផ្លូវភេទនិងក្រុមស្ដ្រីមកពិនិត្យផ្ទៃពោះ។ តាមរយៈទិន្នន័យបានឱ្យដឹងថា មាននារីរកស៊ីផ្លូវភេទខ្លះបានឆ្លងមេរោគអេដស៍រួចហើយនៅពេលពួកគេ ចាប់ផ្ដើមមកបម្រើសេវាផ្លូវភេទ។ ប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមស្ដ្រីមកពិនិត្យផ្ទៃពោះនៅទីប្រជុំជនប្រាកដជាមានអត្រាខ្ពស់ ជាងក្នុងចំណោមស្ដ្រីមកពិនិត្យផ្ទៃពោះនៅជនបទ។
អត្រាឆ្លងមេរោគអេដស៍ថ្មីមានការថយចុះក្នុងចំណោមក្រុមទាំងពីរ។ តាមការប៉ាន់ស្មានសម្រាប់ឆ្នាំ២០០៦អាចឱ្យដឹងថា មានស្ដ្រីមានផ្ទៃពោះ៧០នាក់ក្នុងចំណោមស្ដ្រីមានផ្ទៃពោះ១០០.០០០នាក់ បានឆ្លងមេរោគអេដស៍ថ្មី។
អនុសាសន៍បន្ថែម
ទោះបីកម្ពុជាទទួលបានលទ្ធផលល្អគួរកត់សម្គាល់ក៏ដោយ ក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ និងអាំងស៊ីដង់របស់មេរោគអេដស៍ ការបង្កើនសេវាធ្វើតេស្ដឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ដ និងសម្ងាត់និងការផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ ដល់អ្នកផ្ទុកមេរោគអេដស៍ដែលត្រូវការក៏ដោយ ក៏យើងនៅតែអាចជួបការផ្ទុះឡើងសាជាថ្មីរបស់មេរោគអេដស៍ដែរប្រសិនជាកម្មវិធី ប្រយុទ្ធនឹងជម្ងឺអេដស៍កំពុងតែអនុវត្ដមិនត្រូវបានពង្រឹង និងបានធានាឱ្យមាននិរន្ដរភាព។ ដូចនេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវអត្រាឆ្លងរបស់មេរោគអេដស៍ រាជរដ្ឋាភិបាលកម្ពុជានឹងបន្ដការខិតខំប្រឹងប្រែងប្រយុទ្ធនិងការពារការរាតត្បាតរបស់មេរោគ អេដស៍ និងធានានូវការបង្ការ និងការថែទាំព្យាបាលសម្រាប់អ្នកជម្ងឺដែលត្រូវការ។ បន្ថែមពីនេះទៅទៀតនោះ ការគាំទ្រពីដៃគូជាតិ និងអន្ដរជាតិនៅតែមានសារៈសំខាន់ក្នុងការបន្ដនិងជំរុញការឆ្លើយតបទៅនឹងការរីករាលដាលរបស់មេរោគអេដស៍-ជម្ងឺអេដស៍នៅ កម្ពុជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨