បញ្ហាអង្គែគឺជាខ្មាំងសត្រូវសួរពូជរបស់សរសៃសក់ និងស្បែកក្បាល ជាពិសេសសរសៃសក់ដែលវែងខ្មៅរលោង។ មាន សុភាពបុរសសុភាពនារីជាច្រើន តែងតែព្រួយបារម្ភអំពីបញ្ហាសរសៃសក់ និងស្បែកក្បាលមានអង្គែ។ អង្គែមិនត្រឹមតែធ្វើឱ្យ សោភ័ណ ភាពនៃសម្រស់របស់លោកអ្នកធ្លាក់ចុះនោះទេ តែវាក៏បណ្ដាលឱ្យកើតមាននូវជម្ងឺសើស្បែកថែមទៀតផងប្រសិនបើពុំមាន ដំណោះស្រាយ និងទទួលការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។
សម្រាប់ការបកស្រាយប្រធានបទស្ដីពីវិធីទប់ស្កាត់អង្គែនេះ លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែកនិងកាម រោគ បានផ្ដល់នូវចំណេះដឹងដល់ប្រិយមិត្ដអ្នកអានខ្លះៗ ដើម្បីទុកគ្រាន់ជាជម្រើសនិងប្រតិបត្ដិនៅពេលមានបញ្ហាអង្គែ។
អង្គែជាអ្វី?
អង្គែគឺជាកំណកនៃកោសិកាស្បែកចាស់ៗ ឬងាប់ ដែលមានរបកសើៗនៅលើស្បែកក្បាលនិងអាចធ្វើឱ្យមានអាការរមាស់ តិចតួច ឬខ្លាំងនៅលើស្បែកក្បាល ទៅតាមសភាពជាក់ស្ដែងនៃមូលហេតុដែលបណ្ដាលឱ្យកើតមានអង្គែ។
មូលហេតុនៃការកើតអង្គែ
បើតាមការសិក្សាស្រាវជ្រាវអំពីមូលបទនៃជម្ងឺអង្គែ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ជម្ងឺអង្គែមានច្រើនប្រភេទច្រើន បែប ច្រើនសណ្ឋាន ទៅតាមប្រភេទនៃពពួកមេរោគ និងជម្ងឺដែលបានបង្កឡើង។ ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតមានអង្គែ គឺបណ្ដាលមកពីជម្ងឺ៤ប្រភេទខុសៗគ្នា ដែលមានដូចខាងក្រោមនេះ។
1 . អង្គែធម្មតា ស្ងួត ឬមានខ្លាញ់
ជាទូទៅគេសង្កេតឃើញថាអង្គែប្រភេទនេះច្រើនកើតឡើងដោយសារតែការរបកនៃស្រទាប់កោសិកាស្បែកក្បាលចាស់ៗ ឬងាប់។ ប៉ុន្ដែវាមិនអាចកើតឡើងដោយសារតែការប្រើប្រាស់សាប៊ូ ឬផលិតផលជំនួយសរសៃសក់ផ្សេងៗនោះទេ។
2 . អង្គែដែលបណ្ដាលមកពីជម្ងឺរមាស់(ឌែកម៉ិតសេបូរ៉េអ៊ិក)
នៅពេលដែលកើតមានជម្ងឺរមាស់ ផ្សិតនៅលើស្បែកក្បាលហើយពុំបានធ្វើការព្យាបាលត្រឹមត្រូវឱ្យទាន់ពេលវេលាទេ នោះ វានឹងមានប្រតិកម្មជាមួយការបញ្ចេញជាតិខ្លាញ់របស់ក្រពេញនៅក្រោមស្បែកក្បាលដែលអាចបណ្ដាលឱ្យកើតចេញជាអង្គែនៅលើ ស្បែកក្បាលបាន។ អង្គែប្រភេទនេះអាចធ្វើការសង្កេតឃើញដោយភ្នែកផ្ទាល់បានតាមរយៈរូបភាពជាការរបកនៃស្បែកក្បាល និងមានហៀរលេចចេញតាមជើងសក់ជាដើម។ ម្យ៉ាងវិញទៀត វាអាចធ្វើឱ្យមានអាការរមាស់ខ្លាំងឬតិចទៅតាមសភាពនៃអង្គែ។
3 . អង្គែដែលបណ្ដាលមកពីកោសិកាស្បែកក្បាលក្រាស់(ផ្សូរីយ៉ាហ្ស៊ីស)
អង្គែប្រភេទនេះបណ្ដាលមកពីការកកើតឡើងនៃកោសិកាស្បែកឆាប់រហ័សពេក។ ការលូតលាស់នៃកោសិកាលឿនពេក ធ្វើឱ្យកោសិកាស្បែកក្បាលមានកម្រាស់ក្រាស់ ដែលអាចបណ្ដាលឱ្យកើតមានអង្គែ។ ប៉ុន្ដែអង្គែប្រភេទនេះមិនបង្កឱ្យមានអាការ រមាស់ទេ។ យើងអាចសង្កេតមើលឃើញអង្គែប្រភេទនេះដោយភ្នែកផ្ទាល់តាមរយៈការលេចចេញរូបរាងនៅលើស្បែកក្បាលតែម្ដង ដែលមានលក្ខណៈដូចជាកណ្ដាប់នៃជម្ងឺស្រែងដូច្នោះដែរ។
4 . អង្គែដែលបណ្ដាលមកពីផ្សិត(ស្រែងលើស្បែកក្បាល)
វាជាប្រការមួយដែលគួរយកចិត្ដទុកដាក់បំផុតទៅលើការថែរក្សាសុខភាពស្បែកក្បាល។ ពពួកផ្សិតឬជម្ងឺស្រែងដែលមាន នៅលើស្បែកក្បាលច្រើន អាចបណ្ដាលឱ្យមានអង្គែរហូតក្លាយទៅជាដំបៅមានខ្ទុះបាន។ អង្គែដែលកើតឡើងដោយសារពពួកផ្សិត ឬជម្ងឺស្រែងលើក្បាលនេះអាចបង្កឱ្យមានអាការរមាស់កាន់តែខ្លាំងឡើងៗ ដរាបណាមិនមានការព្យាបាល។ យើងអាចមើលឃើញ ដោយភ្នែកផ្ទាល់ តាមរយៈការលេចចេញនូវរូបរាងយ៉ាងច្បាស់នៅលើស្បែកក្បាលនៅតាមជើងសក់ ថែមទាំងអាចចេញហួសពីជើង សក់ក៏មាន។ ម្យ៉ាងវិញទៀតអង្គែប្រភេទនេះក៏មានករណីខ្លះអាចបណ្ដាលឱ្យជ្រុះសក់រហូតដល់តម្ពែកក្បាលទៀតផង។ ចំពោះអង្គែ ប្រភេទនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈការប្រើប្រាស់មួករួមគ្នា។
ផលប៉ះពាល់នៃអង្គែ
ចំពោះអង្គែដែលកើតឡើងដោយសារជម្ងឺទាំង៤ខាងលើនេះមិនបណ្ដាលឱ្យមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទៅដល់ផ្នែកសុខភាព រាងកាយ និងអាយុជីវិតនោះទេ។ វាគ្រាន់តែធ្វើឱ្យមានអាការរមាស់ស្បែកក្បាលបន្ដិចបន្ដួចនិងបាត់បង់នូវសោភ័ណភាពនៃសម្រស់ តែប៉ុណ្ណោះ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយត្រូវយកចិត្ដទុកដាក់ថែរក្សាសុខភាពស្បែកក្បាលបន្ដិច។ ជាពិសេសនៅពេលដែលដឹង ថា មានអង្គែនៅលើស្បែកក្បាល គួរគប្បីទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីរកដំណោះស្រាយទើបជាការប្រសើរ។
វិធីព្យាបាលអង្គែ
រាល់ការព្យាបាលអាចមានប្រសិទ្ធភាពខ្ពស់ទៅបាន គឺអាស្រ័យទៅលើការពិនិត្យវិនិច្ឆ័យនិងការចេញវេជ្ជបញ្ជារបស់អ្នក ជំនាញ។ ចំពោះការព្យាបាល អ្នកជំនាញអាចមានវិធីសាស្ដ្រប្លែកពីគ្នាទៅតាមបទពិសោធន៍និងប្រភេទនៃជម្ងឺនីមួយៗដែលបណ្ដាល ឱ្យកើតមានអង្គែ គួបផ្សំជាមួយនឹងការយកចិត្ដទុកដាក់ក្នុងការអនុវត្ដន៍ទៅតាមដំបូន្មានអ្នកជំនាញ។ លើសពីនេះទៅទៀតគឺតម្រូវឱ្យ មនុស្សគ្រប់រូបត្រូវមានអនាម័យចំពោះស្បែកក្បាលដោយផ្ទាល់។
វិធីទប់ស្កាត់អង្គែ
លោកអ្នកអាចធ្វើការទប់ស្កាត់អង្គែបាន ដោយគ្រាន់តែធ្វើអនាម័យទៅលើស្បែកក្បាលជាប្រចាំ។ ត្រូវជ្រើសរើសនូវផលិត ផលណាដែលត្រូវជាមួយនឹងសុខភាពស្បែកក្បាល។ ប្រការដែលសំខាន់ គួរគប្បីទៅជួបពិគ្រោះជាមួយអ្នកឯកទេសឬគ្រូពេទ្យជំនាញ ផ្នែកជម្ងឺសើស្បែកធ្វើការពិនិត្យសុខភាពស្បែកក្បាលដើម្បីងាយស្រួលក្នុងការជ្រើសរើសផលិតផលយកមកប្រើ។ ការធ្វើបែបនេះ អាចធ្វើឱ្យស្បែកក្បាលរបស់លោកអ្នកចៀសផុតពីជម្ងឺអង្គែផ្សេងៗបានហើយថែមទាំងធ្វើឱ្យសក់របស់លោកអ្នកលូតលាស់បានល្អថែម ទៀតផង។
ដំបូន្មានអ្នកឯកទេស
នៅពេលដែលមានជួបបញ្ហាអ្វីដែលចម្លែកនៅលើស្បែកក្បាល ឬកើតមានអង្គែដោយមិនដឹងខ្លួនគួរគប្បីទៅជួបជាមួយ អ្នកជំនាញ ឬអ្នកឯកទេសខាងជម្ងឺសើស្បែក ដើម្បីធ្វើការប្រឹក្សា និងរកដំណោះស្រាយឱ្យទាន់ពេលវេលាដើម្បីកុំឱ្យជម្ងឺមានការរីក រាលដាល ដែលធ្វើឱ្យចំណាយអស់ថវិកាច្រើន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply