ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនតែងតែមានបញ្ហាមួយគឺការធ្លាក់ស ជាជាងស្ដ្រីដែលមិនទាន់មានផ្ទៃពោះ។ កត្ដានេះធ្វើឱ្យ ស្ដ្រីមួយចំនួនមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុខភាពផ្ទាល់ខ្លួន សុខភាពផ្លូវភេទជាពិសេសជាងនេះទៅទៀតនោះគឺសុខភាព កូននៅក្នុងផ្ទៃ។ ដូច្នេះស្ដ្រីដែលមានផ្ទៃពោះហើយមានការធ្លាក់សកើតឡើងនោះ ត្រូវប្រតិបត្ដិខ្លួនយ៉ាងណាដើម្បីរក្សាបាននូវ សុខភាពខ្លួន ក៏ដូចជាសុខភាពទារកក្នុងផ្ទៃឱ្យបានល្អប្រសើរនោះ?
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ប៉ែន រិកស៊ីឯកទេស រោគស្ដ្រី និងសម្ភព នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
ធ្លាក់សពេលមានផ្ទៃពោះ
ការធ្លាក់សមានពីរប្រភេទ គឺការធ្លាក់សដោយមានជម្ងឺ និងការធ្លាក់សដោយមិនមានជម្ងឺ។ ការធ្លាក់សដែលបង្កឡើងដោយ ជម្ងឺមានអាការដូចជាធ្លាក់សមានពណ៌ មានក្លិន និងមានរមាស់អមមកជាមួយ។ ចំណែកឯការធ្លាក់សមិនមានជម្ងឺវិញនោះជាការធ្លាក់ សធម្មតាមួយមានពណ៌សថ្លា មិនមានក្លិន មានសភាពដូចជាផ្នែកសនៃពងមាន់។ វាកើតឡើងចំពោះគ្រប់ស្ដ្រីមុនពេលមករដូវ និងអាច ក្រោយពេលមករដូវ វាជារឿងធម្មតារបស់ស្ដ្រីទេ។
មួយវិញទៀតនោះគឺការធ្លាក់សពេលមានផ្ទៃពោះជាការធ្លាក់នូវវត្ថុរាវម្យ៉ាង ឬជាជាតិរំអិលដែលមានពណ៌ មានក្លិននិង អាចធ្វើឱ្យទ្វារមាសរបស់ស្ដ្រីរមាស់ ពិបាកនឹងទ្រាំនូវអាការទាំងនោះខ្លាំងណាស់។ ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនតែងតែមានការ ធ្លាក់ស វាអាចធ្លាក់តិច ឬច្រើនទៅតាមស្ដ្រីនីមួយៗ។
មូលហេតុធ្លាក់សពេលមានផ្ទៃពោះ
មានមូលហេតុមួយចំនួនដែលបណ្ដាលឱ្យស្ដ្រីមានការធ្លាក់សពេលដែលស្ដ្រីមានផ្ទៃពោះជាជាងស្ដ្រីដែលមិនមានផ្ទៃពោះ ដោយសារកត្ដាអនាម័យ ព្រោះស្ដ្រីដែលមានផ្ទៃពោះពិបាកក្នុងការធ្វើអនាម័យប្រដាប់ភេទឱ្យបានស្អាតល្អជាងស្ដ្រីដែលមិនមានផ្ទៃ ពោះ។ មួយវិញទៀតនោះពេលដែលស្ដ្រីមានផ្ទៃពោះមានសារជាតិម្យ៉ាងដែលជំរុញឱ្យស្ដ្រីចាំបាច់ត្រូវតែមានការធ្លាក់សនេះកើត ឡើងតែម្ដង ដោយភាគរយតិចណាស់ដែលស្ដ្រីមានផ្ទៃពោះហើយមិនមានការធ្លាក់សនោះ។
អំឡុងពេលដែលស្ដ្រីមានផ្ទៃពោះ ការធ្លាក់សមានច្រើនជាងពេលធម្មតាដោយសារតែបរិមាណឈាមដែលរត់នៅម្ដុំទ្វារ មាស និងស្បូនកើនឡើងយ៉ាងខ្លាំង។ ជាហេតុធ្វើឱ្យសារធាតុត្រង់ស៊ុយដាតជ្រាបចេញតាមភ្នាសជញ្ជាំងស្បូនមានបរិមាណច្រើន ក្នុងអំឡុងពេលមានផ្ទៃពោះ ធ្វើឱ្យក្រពេញផ្សេងៗដែលនៅបរិវេណទ្វារមាសនិងកស្បូនផលិតសារជាតិរាវចេញមកកាន់តែច្រើន ជាហេតុធ្វើឱ្យស្ដ្រីមានផ្ទៃពោះមានការធ្លាក់សច្រើនជាងពេលដែលមិនទាន់មានផ្ទៃពោះរហូតដល់ពេលខ្លះទៀតស្ដ្រីត្រូវប្រើប្រាស់សំឡី អនាម័យទៀតផង ដើម្បីការពារសំណើមនេះ។
រោគសញ្ញាធ្លាក់សពេលមានផ្ទៃពោះ
ស្ដ្រីដែលមានផ្ទៃពោះ ហើយមានការធ្លាក់ស តែងតែមានអាការដូចជា ៖
- មានសារធាតុរាវហូរចេញមកក្រៅតាមទ្វារមាស
- មានការឈឺចាប់នៅទ្វារមាស
- មានអាការក្រហាយនៅប្រដាប់ភេទ
- មានអាការរមាស់នៅត្រង់ទ្វារមាស។
ផលវិបាកនៃការធ្លាក់សពេលមានផ្ទៃពោះ
ស្ដ្រីដែលធ្លាក់សនៅពេលមានផ្ទៃពោះជាញឹកញាប់ ហើយមានក្លិន និងថែមទាំងមានពណ៌ទៀតនោះនេះជារោគសញ្ញាមួយ មិនធម្មតាចំពោះស្ដ្រីដែលមានផ្ទៃពោះ។ ស្ដ្រីដែលមានអាការបែបនេះត្រូវប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យព្រោះវាជាសញ្ញា មួយអវិជ្ជមានដែលអាចកើតឡើងចំពោះសុខភាពស្ដ្រី។ ស្ដ្រីត្រូវទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញឯកទេសរោគស្ដ្រីពិនិត្យ និង ព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងការទុកឱ្យជម្ងឺកាន់តែរីករាលដាលខ្លាំងឡើងៗ និងអាចមានផលអាក្រក់ចំពោះសុខភាព និង ទារកទៀតផង។
ការធ្លាក់សនេះមានផលប៉ះពាល់ទៅដល់ទារក អាចធ្វើឱ្យទារកពេលកើតមកមានការឈឺភ្នែកជាដើម។ ម្យ៉ាងវិញទៀតនៅ ពេលដែលសម្រាលកូននោះ ក៏ធ្វើឱ្យទ្វារមាសរបស់ស្ដ្រីងាយនឹងមានការដាច់រហែកធំដោយសារតែការធ្លាក់សនេះ។
វិធីព្យាបាលការធ្លាក់ស ពេលមានផ្ទៃពោះ
អ្នកជំនាញនឹងធ្វើការព្យាបាលទៅតាមកម្រិតរោគធ្លាក់ស មានកម្រិតធ្ងន់ និងមានកម្រិតស្រាល។ ការពិនិត្យទៅលើស្ដ្រី ដែលមានផ្ទៃពោះ ហើយមានការធ្លាក់សដោយយកសនោះទៅពិនិត្យ និងធ្វើការព្យាបាលទៅតាមមេរោគដែលបង្កឱ្យជាថ្នាំទៅកាន់ ស្ដ្រី ដែលធ្វើយ៉ាងណាទាមទារមិនឱ្យមានការប៉ះពាល់ទៅដល់សុខភាពទារកនៅក្នុងផ្ទៃពោះ។
ប្រការគួរតែប្រតិបត្ដិចំពោះការធ្លាក់សពេលមានផ្ទៃពោះ
ចំពោះស្ដ្រីដែលមានផ្ទៃពោះ ត្រូវព្យាយាមធ្វើអនាម័យប្រដាប់ភេទរបស់ខ្លួនឱ្យបានត្រឹមត្រូវបំផុត។ អនាម័យជាកត្ដាចម្បងមួយដែលអាចឱ្យស្ដ្រីទាំងអស់ចៀសផុតពីជម្ងឺផ្សេងៗបាន។ មិនថាស្ដ្រីដែលមានផ្ទៃពោះ ឬស្ដ្រីដែលមិនមានផ្ទៃពោះទេបើមាន អាការធ្លាក់ស មានក្លិន មានពណ៌ ត្រូវទៅកាន់មន្ទីរពេទ្យដើម្បីជួបនឹងអ្នកជំនាញខាងសម្ភពនិងរោគស្ដ្រីប្រយោជន៍ធ្វើការពិនិត្យ ព្យាបាលជាបន្ទាន់ ចៀសវាងមានផលពិបាកទៅថ្ងៃក្រោយ។
មួយវិញទៀតនោះ ចំពោះស្ដ្រីដែលមានផ្ទៃពោះហើយមានការធ្លាក់ស ចៀសវាងការប្រើប្រាស់ទឹកថ្នាំលាងសម្អាតព្រោះថា នៅក្នុងទ្វារមាសរបស់ស្ដ្រីមានតុល្យភាពល្អពីធម្មជាតិស្រាប់ទៅហើយ។ បើប្រើប្រាស់ទឹកសម្អាតវាអាចធ្វើឱ្យបាត់បង់តុល្យភាពទ្វារ មាស ដែលជាហេតុបង្កឱ្យមានការរលាក និងឆ្លងរោគផ្សេងៗបានយ៉ាងងាយ។ ដូច្នេះស្ដ្រីគួរប្រើប្រាស់ទឹកស្អាតធម្មតាដើម្បីសម្អាតទ្វារ មាស ក៏ដូចជាប្រដាប់ភេទបានហើយចៀសវាងការប្រើប្រាស់ថ្នាំសម្រាប់លាងសម្អាតទ្វារមាស។
ដំបូន្មានអ្នកឯកទេស
បើមានការធ្លាក់សពេលដែលមានផ្ទៃពោះ សូមប្រញាប់មកកាន់មន្ទីរពេទ្យដើម្បីពិនិត្យមើលរោគសញ្ញានិងទទួលការព្យាបាលត្រឹមត្រូវ។ ចៀសវាងការប្រើថ្នាំអ្វីមួយដែលមិនសមហេតុផល គ្មានវេជ្ជបញ្ជាត្រឹមត្រូវពីវេជ្ជបណ្ឌិតព្រោះវាអាចមានផល ប៉ះពាល់ទៅដល់ទារកបានគ្រប់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply