នៅលើរង្វង់ភ្នែក ក្រៅពីមានគ្រាប់ភ្នែកពណ៌ថ្លាល្អ មើលបានច្បាស់ត្របកភ្នែកក៏សំខាន់ណាស់ដែរក្នុងការការពារគ្រាប់ភ្នែកពីការប៉ះទង្គិចស្រាលផ្សេងៗ និងជួយលើកសម្រស់ភ្នែក និងសម្រស់ផ្ទៃមុខផងដែរ។ ជម្ងឺមួយប្រភេទដែលគេតែងសង្កេតឃើញមាននៅលើត្របកភ្នែកគឺជម្ងឺធ្លាក់ត្របកភ្នែក។ ធ្លាក់ត្របកភ្នែកធ្វើឱ្យមានផលរំខានដល់គំហើញនិងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្ទៃមុខ។ ប៉ុន្ដែបច្ចុប្បន្ននេះ ជម្ងឺធ្លាក់ត្របកភ្នែកមិនមែនជាបញ្ហាធ្ងន់ធ្ងរទៀតឡើយព្រោះគេអាចធ្វើការវះកាត់ព្យាបាលបាន។
លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទអ្នកជំនាញផ្នែកជម្ងឺភ្នែកប្រចាំមន្ទីរពេទ្យព្រះអង្គឌួងបានបកស្រាយជូនប្រិយមិត្ដអ្នកអាន ជ្រាបអំពីវិធីវះកាត់ព្យាបាលជម្ងឺធ្លាក់ត្របកភ្នែកតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺធ្លាក់ត្របកភ្នែក
ជម្ងឺធ្លាក់ត្របកភ្នែកជាជម្ងឺម្យ៉ាងដែលត្របកភ្នែកលើធ្លាក់ចុះខុសប្រក្រតីធ្វើឱ្យគំហើញមានឧបសគ្គមើលមិនបានស្រឡះល្អ និងដែលបណ្ដាលមកពីភាពមិនធម្មតានៃសរសៃប្រសាទដែលគ្រប់គ្រងសាច់ដុំត្របកភ្នែកខាងលើ។ ធ្លាក់ត្របកភ្នែកនេះអាចកើតមាន ចំពោះភ្នែកតែម្ខាង ឬអាចទាំងសងខាងក៏មានអាស្រ័យទៅលើមូលហេតុផ្សេងៗ ពីគ្នា។ ជម្ងឺធ្លាក់ត្របកភ្នែកនេះខុសពីជម្ងឺភ្នែកស្រលៀង។ កន្លងមកមានប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតែងតែយល់ច្រឡំការធ្លាក់ត្របកភ្នែកថាជាភ្នែកស្រលៀង។
រោគសញ្ញាជម្ងឺធ្លាក់ត្របកភ្នែក
ក្នុងករណីទារកនៅតូចអាណាព្យាបាលគឺអាចមើលដឹងបានដោយឃើញពីកម្រិតលម្អៀងនៃត្របកភ្នែកពេលវាបើកភ្នែក។ ចំពោះមនុស្សពេញវ័យ អ្នកជម្ងឺអាចពិនិត្យឃើញដោយខ្លួនឯងតាំងពីដំណាក់កាលដំបូងៗមកម្ល៉េះថាវាមានលក្ខណៈខុសប្រក្រតី។ មានករណីផ្សេងខ្លះទៀត អ្នកជម្ងឺចាប់ផ្ដើមស្រវាំងភ្នែកប្រសិនបើត្របកភ្នែកធ្លាក់គ្របបាំងជិតកូនក្រមុំឬពេលសម្លឹងឡើងលើអ្នកជម្ងឺ មានការលំបាក ឬសម្លឹងឡើងលើមិនរួច ទោះជាត្រូវជ្រួញថ្ងាស ឬចិញ្ចើមក៏ដោយ។ ករណីធ្លាក់ត្របកភ្នែកគួរញែកឱ្យដាច់ច្បាស់រវាង ស្បែកត្របកភ្នែកលើមនុស្សចាស់ដែលធ្លាក់ទាំងសងខាង។ ករណីនេះជួនកាលមិនមែនជាជម្ងឺធ្លាក់ត្របកភ្នែកទេ ក្នុងនោះសរសៃ ប្រសាទដែលបញ្ជាសាច់ដុំត្របកភ្នែកលើគឺនៅមានលក្ខណៈធម្មតាគឺខុសពីជម្ងឺធ្លាក់ត្របកភ្នែកដែលបានពណ៌នាមកនេះ។
មូលហេតុបង្កជម្ងឺធ្លាក់ត្របកភ្នែក
ធ្លាក់ត្របកភ្នែកអាចកើតឡើងតាំងពីកំណើត អាចក្រោយពេលកើតហើយ និងនៅពេលអាយុពេញវ័យក៏មាន។ មានអ្នក ជម្ងឺប្រមាណ៦០%គឺកើតឡើងតាំងពីកំណើតមកម្ល៉េះ និងមានប្រមាណ៤០%ទៀតអាចបណ្ដាលមកពីមូលហេតុផ្សេងៗ នៅពេលដឹងក្ដី ឬពេញវ័យ។
1 . ជម្ងឺធ្លាក់ត្របកភ្នែកពីកំណើត ៖ ការកើតមានជម្ងឺនេះអាចបណ្ដាលពីលក្ខណៈតំណពូជ។ ទារកដែលទើបនឹងកើតអាចកើតមាន ជម្ងឺនេះបានដែរ គឺដោយសារតែភាពខុសធម្មតានៃសរសៃប្រសាទបញ្ជាសាច់ដុំត្របកភ្នែកលើ។ កាលណាឪពុកម្ដ្កាយធ្លាប់កើតមាន ជម្ងឺធ្លាក់ត្របកភ្នែក នោះកូនៗក៏ប្រឈមការកើតជម្ងឺនេះជាបន្ដដែរប៉ុន្ដែមិនមែនគ្រប់កូនសុទ្ធតែអាចកើតមាន ហើយក៏មិនទៀងថា នឹងកើតមាន១០០%ដែរ។ ជួនកាលក៏អាចមិនកើតជម្ងឺនេះសោះក៏មានដែរ។
2 . ជម្ងឺធ្លាក់ត្របកភ្នែកចំពោះមនុស្សពេញវ័យ ៖ មានមូលហេតុជាច្រើនដែលធ្វើឱ្យកើតជម្ងឺធ្លាក់ត្របកភ្នែកនេះ។
- ស្ពឹក ឬខូចសរសៃរប្រសាទបញ្ជា ៖ជាមូលហេតុបណ្ដាលមកពីដំណើរខុសធម្មតានៃសរសៃប្រសាទដែលនៅមិនចំទីតាំងបញ្ជា និងជាមូលហេតុធ្វើឱ្យសរសៃប្រសាទមិនអាចបញ្ជាសាច់ដុំឱ្យចំកន្លែងបាន។
- ស្វិត ឬខ្សោយសរសៃប្រសាទបញ្ជា ៖ ដោយសារសរសៃប្រសាទដែលបញ្ជាសាច់ដុំលើកត្របកភ្នែកលើចុះ និងឡើងចុះខ្សោយ។ មិនត្រឹមតែសាច់ដុំត្របកភ្នែកទេដែលមានបញ្ហាវាក៏អាចកើតមានផលវិបាកលើសាច់ដុំផ្សេងៗទៀតនៃសព៌ាង្គកាយដែរ។
- ករណីត្រូវរបួស ៖ ក្រោយពីកើតមានឧបទ្ទវហេតុប៉ះទង្គិចដល់ភ្នែក ថ្ងាស ឬក្បាលជាមូលហេតុមួយដែលបច្ចុប្បន្ន នេះគេឃើញថាកើតមានញឹកញាប់គួរឱ្យព្រួយបារម្ភ ក្នុងនោះដូចជាករណីមានគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ពីការងារ ឬរបួសដោយសារការប៉ះទង្គិចផ្សេងៗទៀត។ ជាទូទៅវាធ្វើឱ្យធ្លាក់ត្របកភ្នែកម្ខាង។
ការព្យាបាលជម្ងឺធ្លាក់ត្របកភ្នែក
ការព្យាបាលគឺអាស្រ័យទៅតាមមូលហេតុនៃត្របកភ្នែកធ្លាក់ដែលគ្រូពេទ្យត្រូវជ្រើសរើសបច្ចេកទេសវះកាត់ឬករណីខ្លះ ត្រូវប្រើថ្នាំដើម្បីព្យាបាល។ ការវះកាត់ព្យាបាលត្របកភ្នែក គឺកែប្រែលក្ខណៈខ្ជិលនៃត្របកភ្នែកផង និងកែលំអបាននូវសម្ផស្សផង។ ការវះកាត់ត្របកភ្នែកធ្លាក់នេះមានលក្ខណៈស្មុគស្មាញជាងការវះកាត់ព្យាបាលភ្នែកនៅផ្នែកផ្សេងទៀត។ ជាកត្ដាចាំបាច់ណាស់ដែល គ្រូពេទ្យជំនាញត្រូវមានអនាម័យខ្ពស់ គ្រប់សម្ភារៈត្រូវឆ្លងកាត់ការសម្លាប់មេរោគ និងមានជំនាញច្បាស់លាស់ដែលទទួលស្គាល់ដោយ ក្រសួងសុខាភិបាលជាតិ។
ផលប៉ះពាល់បង្កដោយជម្ងឺធ្លាក់ត្របកភ្នែក
ករណីមានធ្លាក់ត្របកភ្នែកទោះតែម្ខាងឬទាំងសងខាងក្ដី ធ្វើឱ្យអ្នកជម្ងឺមានផលវិបាកទៅលើគំហើញបាត់បង់សោភ័ណ ខ្មាសគេឬទទួលនូវការរិះគន់ ធ្វើត្រាប់ពីអ្នកដទៃមួយចំនួន ការចំអកឡកឡាយលេងសើចជាដើម។ ក្នុងករណីធ្លាក់ត្របកភ្នែកតាំងពី កំណើត ត្រូវប្រញាប់ប្រញាល់រកសេវាពិនិត្យ និងដើម្បីទទួលការវះកាត់ព្យាបាលឱ្យបានឆាប់។ ព្រោះក្នុងករណីធ្លាក់ត្របកភ្នែកពី កំណើតខ្លាំងអាចបណ្ដាលឱ្យភ្នែកដែលធ្លាក់ត្របកនោះមានគំហើញថយចុះអាចក្លាយជាភ្នែកខ្ជិលមិនអាចសម្លឹងបានយូរ និងមាន លក្ខណៈស្រលៀងចេញ ឬចូល។ ការវះកាត់ដែលគ្មានជំនាញច្បាស់លាស់ គ្មានអនាម័យ និងមិនប្រុងប្រយ័ត្នអាចបណ្ដាលឱ្យរលាកកញ្ចក់ភ្នែក ហើយការឆ្លងរោគក៏អាចកើតមានដែរក្រោយការវះកាត់។ ដូច្នេះចំពោះការវះកាត់ត្របកភ្នែកធ្លាក់នេះ គ្រូពេទ្យក៏ត្រូវថ្លឹងថ្លែងរវាងគុណសម្បត្ដិ និងគុណវិបត្ដិមុននឹងធ្វើការវះកាត់។
វិធីបង្ការជម្ងឺធ្លាក់ត្របកភ្នែក
ជម្ងឺធ្លាក់ត្របកភ្នែកគ្មានវិធានការពិសេសសម្រាប់ការពារជាមុននោះទេលើកលែងតែក្នុងករណីបណ្ដាលមកពីការប៉ះទង្គិច លើចិញ្ចើម ថ្ងាស ឬក្បាលដែលគួរត្រូវប្រុងប្រយ័ត្នជាមុន។ ដូច្នេះរាល់ការបំពេញការងារការធ្វើចរាចរណ៍គឺត្រូវប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន មានមួកការពារជាដើម។ ក៏ប៉ុន្ដែយើងគួរប្រុងប្រយ័ត្ននូវផលវិបាកផ្សេងៗទៀតដែលអាចកើតមានឡើងក្រោយពេលមានត្របកភ្នែកធ្លាក់ ដូចជាស្រវាំងគំហើញថយចុះជាដើម។
ដំបូន្មានអ្នកប្រឹក្សា
ករណីធ្លាក់ត្របកភ្នែកត្រូវតែមកពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបាននូវការព្យាបាលដ៏សមស្រប ចៀសវាងក្នុងករណីដែលធ្វើឱ្យគំហើញថយចុះមុនការវះកាត់។ សូមលោកអ្នកស្វែងរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងមាន ការអនុញ្ញាតពិតប្រាកដពីក្រសួងសុខាភិបាល ទើបការវះកាត់ព្យាបាលអាចប្រព្រឹត្ដទៅដោយរលូន និងមិនខកបំណង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply