ឪពុកម្តាយជាច្រើនដែលមានកូនឈឺធ្ងន់ បាននាំគ្នាធ្វើដំណើរពីតំបន់ឆ្ងាយៗមកតម្រង់ជួររង់ចាំនៅមន្ទីរពេទ្យគន្ធបុប្ផា នានាដើម្បីទទួលការព្យាបាលដោយមិនគិតថ្លៃតាំងពីមេឃងងឹត ហើយមានឪពុកម្តាយខ្លះយកមុងភួយកន្ទេលមកដេកចាំទទួលយកលេខចូលព្យាបាលជាមួយកូនរបស់ពួកគាត់។ ប្រសិនបើ ពួកគាត់មិនទទួលបានលេខដែលគេអនុញ្ញាតឲ្យចូលទេ នោះឪពុកម្តាយកុមារមួយចំនួនមិនបានត្រឡប់ទៅផ្ទះវិញនោះទេ គឺរង់ចាំទទួលលេខឲ្យបាននៅថ្ងៃស្អែក បើមិនដូច្នេះ ពួកគាត់នឹងត្រូវចំណាយប្រាក់កាក់ជាច្រើននៅឯមន្ទីរព្យាបាលឯកជន។
កាលពីប៉ុន្មានថ្ងៃមុននេះ គេហទំព័រសុខភាពកម្ពុជា បានចេញផ្សាយម្តងរួចមកហើយទាក់ទងទៅនឹងប្រធានបទ «ហេតុអ្វីបានជាគ្មានជំនួយ» របស់លោក វេជ្ជបណ្ឌិត Beat Richner។ យ៉ាងណាមិញ លោកគ្រូពេទ្យជនជាតិស្វ៊ីស Beat Richner បានថ្លែងឲ្យដឹងបន្ថែមថាបើរដ្ឋាភិបាល និងសហគមន៍អន្តរជាតិមិនបង្កើនការគាំទ្រ នោះការផ្តល់ការគាំពារផ្នែកសុខាភិបាលដែលមានស្តង់ដារអន្តរជាតិដោយមិនគិតថ្លៃ នឹងពុំមានបន្តទៀតនោះទេ។ លោក Beat Richner ដែលមានវ័យ ៦៤ឆ្នាំ បានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទ នៅក្នុងអាហារដ្ឋានមួយក្នុងមន្ទីរពេទ្យគន្ធបុប្ជា នៅក្នុងរាជធានីភ្នំពេញថា៖ «ខ្ញុំមានវ័យចាស់ហើយ ជាបុរសចំណាស់ម្នាក់ទៅហើយ នៅពេលខ្ញុំឈប់នៅទីនេះ តើនរណានឹងដើរតួសំខាន់?»។ លោក Richner ថ្លែងសំដៅទៅលើកិច្ចប្រឹងប្រែងរៃអង្គាស និងការស្វែងរកថវិកា។ លោកបន្តថា៖ «យើងទទួលបានថវិកា៣លានដុល្លារអាមេរិកពីរដ្ឋាភិបាលស្វ៊ីស ២លានដុល្លារពីរដ្ឋាភិបាលកម្ពុជា ហើយកំពុងស្វែងរកថវិកា៣០លានដុល្លារ ពីការបរិច្ចាកនានា»។ លោករំពឹងថា ការចំណាយរបស់មន្ទីរពេទ្យឆ្នាំនេះនឹងកើនឡើង បើផ្អែកតាមចំនួនអ្នកជំងឺកើនឡើង ៣០ភាគរយនៅក្នុងរយៈពេល៥ ខែនៃឆ្នាំនេះ។ កាលពីឆ្នាំ២០១១ អ្នកជម្ងឺចំនួន១២ម៉ឺននាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍។
លោក Richner ថ្មីៗនេះបានចេញផ្សាយក្នុងកាសែតក្នុងស្រុកក្រោមចំណងជើងថា «ហេតុអ្វីបានជាគ្មានជំនួយ?»ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិគិតពី«ស្ថានភាពធ្ងន់ធ្ងរ»នៅមន្ទីរពេទ្យនេះ។ លោក Richner បានសរសេរនៅក្នុងនោះថា៖ «ប្រព័ន្ធសុខាភិបាលសាធារណៈមិនដំណើរការល្អ។ បុគ្គលិកផ្នែកសុខាភិបាលសាធារណៈព្យាបាលយកតម្លៃពីប្រជាជន បុគ្គលិកខ្លះរត់ទៅធ្វើការនៅក្នុងផ្នែកឯកជន ហើយផ្នែកឯកជនកំពុងតែយកថ្លៃខ្ពស់ពីអ្នកជម្ងឺ»។ កាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន លោក Richner បានថ្លែងថា កុមារ២៣៤០នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយចាប់ផ្តើមតាំងពីម៉ោង៦ព្រឹក។ លោកបន្តថា៖ «នៅក្នុងស្ថានភាពដូចក្នុងសង្គ្រាម។ គ្មានទីណាផ្សេងក្នុងពិភពដែលឃើញអំពីស្ថានភាពអាក្រក់បែបនេះទេ »។ រោគរលាកស្រោមខួរ ជម្ងឺបេះដូង ជម្ងឺគ្រុនឈាម និងជម្ងឺសាហាវៗ ដទៃទៀតបានយាយីដល់កុមារកម្ពុជារាប់ពាន់នាក់ ហើយធ្វើឲ្យពួកគេដណ្តើមគ្នាមករកការព្យាបាលនៅមន្ទីរពេទ្យនេះ។ ដូច្នេះទើបមានអ្នកជម្ងឺជាច្រើនត្រូវមកដេកនៅលើគ្រែរួមគ្នា»។ លោក Richner បន្តទៀតថា នៅទីនេះ គ្មាននរណាយកប្រាក់ទេ យើងបានផ្តល់ប្រាក់ខែសមរម្យឲ្យបុគ្គលិក។ លោកថា៖ «ការបរិច្ចាគរបស់រដ្ឋាភិបាល២លានដុល្លារ មានតែកាលពី៦ឆ្នាំកន្លងទៅ។ ពួកគេគួរតែផ្តល់ថវិកាច្រើនជាងមុន ពីព្រោះមានច្បាប់ថារដ្ឋាភិបាលគឺជាមន្ទីរពេទ្យ ហើយយើងគឺជាមន្ទីរពេទ្យរដ្ឋាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យ ទទួលថវិកា២៧ដុល្លារ ក្នុងអ្នកជម្ងឺម្នាក់ដែលមកព្យាបាល។ «ដូច្នេះពួកគេត្រូវតែបង់វិភាគទាននេះគឺជាចំនួនអប្បបរមា»។ លោក Richner បានថ្លែងថា ជម្ងឺដែលកើតច្រើនជាងគេនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា គឺជម្ងឺរបេង វាកំពុងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ប្រទេស ជាពិសេសកុមារ។ «៦៥ភាគរយនៃប្រជាជនខ្មែរគឺមានជម្ងឺរបេង ដែលនេះគឺជាអ្វីដែលបន្សល់ពីសង្គ្រាម ដែលសហគមន៍អន្តរជាតិបាននាំមកកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ៧០។ ទាំងនេះគឺជាហេតុផលដែលសហគមន៍អន្តរជាតិត្រូវតែរួមចំណែកធ្វើការបរិច្ចាគវិភាគទានមកមន្ទីរពេទ្យនេះ»។
ឯកឧត្ដ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងថា លោកដឹងអំពីបញ្ហាថវិកាដែលមន្ទីរពេទ្យគន្ធបុប្ផាកំពុងប្រឈម។ លោកបន្តថា៖ «ពិតណាស់ក្រសួងត្រូវពិនិត្យករណីនេះ ដោយសារមន្ទីរពេទ្យគន្ធបុប្ផាដើរតួសំខាន់ណាស់ក្នុងការជួយសុខភាពពលរដ្ឋកម្ពុជា ជាពិសេសកុមារ»។
ចំណែកឯលោក ចរ ម៉េងជួរ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលបានយល់ស្របថាមន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យសំខាន់មួយ។ លោក ម៉េង ជួរ បានថ្លែងឲ្យដឹងថា៖ «ក្នុងករណីមន្ទីរពេទ្យគន្ធបុប្ផាបាត់បង់ថវិកាខ្លះ វានឹងមិនប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលសាធារណៈទាំងមូលទេ ពិសេសមិនប៉ះពាល់ការព្យាបាលជម្ងឺគ្រុនឈាម»។ «យើងនៅតែមានមន្ទីរពេទ្យជាតិ និងមន្ទីរដទៃទៀតធ្វើការរួមគ្នាដើម្បីការពារកុមារ»។
រីឯលោក Rob Overtoom អ្នកសម្របសម្រួលគម្រោងកាកបាទក្រហមស្វ៊ីស ថ្លែងថាការកសាងសមត្ថភាពគាំពារផ្នែកសុខាភិបាលនៅកម្ពុជា មានប្រសិទ្ធភាពជាងនៅពេលមានការចូលរួមពេញលេញពីរដ្ឋបាលមូលដ្ឋាន។ លោក Overtoom ថ្លែងបន្តថា ៖ «យើងធ្វើការក្រោមប្រព័ន្ធកិច្ចសន្យាជាមួយរដ្ឋាភិបាល ដែលធានានូវតម្លាភាព ហើយបង្កើតច្រកចេញដ៏រលូនមួយនៅពេលបញ្ចប់គម្រោងដែលស្ថាប័នរដ្ឋាភិបាលអាចធ្វើការគ្រប់គ្រងជាផ្លូវការលើកិច្ចសន្យាជំនួយ»។ លោកបានថ្លែងបន្តទៀតថា៖ «ឥឡូវនេះ នេះគឺជានីតិវិធីដ៏សាមញ្ញ នៅក្នុងប្រទេសមួយដោយធ្វើការនៅក្រោម និងដោយមានការអនុញ្ញាតពីរដ្ឋាភិបាល មិនមែននៅក្រៅនោះទេ»។ លោក Overtoom បានមានប្រសាសន៍ផងដែរថា ៖ «កម្ពុជាឥឡូវនេះជាប្រទេសមួយដែលមានស្ថិរភាព ហើយវាក៏មានលក្ខណៈចីរភាពជាងមុនក្នុងការប្រតិបត្តិការប្រព័ន្ធសុខាភិបាល នេះគឺស្ថិតនៅក្រោមភាពជាដៃគូជាមួយរដ្ឋាភិបាល»៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២
Leave a Reply