ហាម​ប្រាម​ការ​ជក់​បារី​នៅ​កន្លែង​​ធ្វើ​ការ និង​បរិវេណ​រមណីយ​ដ្ឋាន​អង្គរ

បារី​មិន​ត្រឹម​តែ បង្ក​ផល​ប៉ះ​ពាល់​ទៅ​ដល់​អ្នក​ជក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​ជីវិត​មនុស្ស​ សត្វ​រុក្ខជាតិ​ និង​វត្ថុ​មាន​ជីវិត​ទាំង​ឡាយ​ផង​ដែរ។ ដោយ​យល់​ឃើញ​យ៉ាង​ដូច្នេះ​ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តី​ហាម​ប្រាម​ការ​ជក់​បារី​នៅ​កន្លែង​ធ្វើការ​ និង​ក្នុង​បរិវេណ​ប្រាសាទ​នៃ​រមណីយ​ដ្ឋាន​អង្គរ​ដ៏​បវ​ររបស់​ជាតិ​ខ្មែរ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា
អាជ្ញា​ធរ​ជាតិ​អប្សរា បាន​សម្តែង​ពី​ក្តី​រំពឹង​យ៉ាង​មុត​មាំ​ថា នៅ​តាម​ការិយា​ល័យ​ធ្វើ​ការ​ និង​ក្នុង​បរិវេណ​ប្រាសាទ​នៃ​រមណីយ​ដ្ឋាន​អង្គរ​ នឹង​មិន​មាន​ផ្សែង​បារី​ទៀត​ទេ​ បន្ទាប់​ពី​បាន​ធ្វើ​សេចក្តី​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​ហាម​ជក់​បារី​ ដែល​មាន​ការ​ចូល​រួម​សហការ​ពី​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​ ក្រោម​វត្ត​មាន​លោក​វេជ្ជ​បណ្ឌិត​ អ៊ឹង​ ភីរុន​ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​របស់​អាជ្ញាធរ​អប្សរា​ ខេត្ត​សៀម​រាប​។ យោង​តាម​សន្ទរ​កថា​របស់​លោក​ ប៊ុន​ ណា​រិទ្ធ អគ្គ​នាយក​អាជ្ញាធរ​អប្សរា​បាន​អោយ​ដឹង​ថា​ ពិធី​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ប្រកាស​កន្លែង​ធ្វើ​ការ​ និង​ក្នុង​បរិវេណ​ប្រាសាទ​នៃ​រមណីយ​ដ្ឋាន​​អង្គរ​ គ្មាន​ផ្សែង​បារី និង​សេចក្តី​ណែ​នាំ​លេខ​១៥៥​ ​រប.សណ​ន​ របស់​​អាជ្ញាធរ​អប្សរា​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ផល​ប៉ះពាល់​សុខ​ភាព​នៃ​ការ​ជក់​បារី​និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​រស្មី​កម្ពុជា។​

រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​ លោក​វេជ្ជ​បណ្ឌិត​ អ៊ឹង​ ភីរុ​ន មាន​ប្រសាសន៍​លើក​ឡើង​ថា​ ជាការ​ពិត​ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​ថ្នាំ​ជក់​ជា​ផលិត​ផល​ដែល​បង្ក​ការ​គ្រោះ​ថ្នាក់​ យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ សេដ្ឋកិច្ច​និង​បរិស្ថាន។ លោក​រដ្ឋ​លេខា​ធិការ​បាន​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ​ប្រជាពល​រដ្ឋ​ទូទាំង​ពិភព​លោក​៦​លាន​នាក់​ បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​ជា​ច្រើន​ប្រភេទ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ ដែល​ក្នុង​នោះ​៦០​ម៉ឺន​នាក់​ ស្លាប់​ដោយ​សារ​ជម្ងឺ​ដែល​បណ្តាល​មក​ពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ​។

លោក​ អ៊ឹង​ ភីរុន បាន​បន្ត​ថា ការ​ជក់​បារី​បាន​បំផ្លាញ​ថវិកា​ជាតិ​ និង​គ្រួសារ​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​សារ​ការ​ចំណាយ​ដោយផ្ទា​ល់​និង​ប្រយោល​ទៅ​លើ​ការ​ទិញ​ផលិត​ផល​ថ្នាំ​ជក់​ ជា​ពិសេស​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជម្ងឺ​ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ។ លោក​វេជ្ជ​បណ្ឌិត​ អ៊ឹង​ ភីរុន​ បាន​បញ្ជាក់​អោយ​ដឹង​ថា ការ​ហាម​ជក់​បារី​នៅ​កន្លែង​ធ្វើការ​និង​ក្នុង​បរិវេណ​ប្រាសាទ​នៃ​រមណីយ​ដ្ឋានអង្គរ​នេះ នឹង​ជួយ​លើក​កតំកើង​កិត្តិនាម​របស់​រមណីយ​ដ្ឋានអង្គរ​ និង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អោយ​ចូល​មក​ទស្សនា​ប្រាសាទ​កាន់​តែ​ច្រើន​ឡើង​ ដោយ​សារ​បរិយាកាស​ល្អ​គ្មាន​ផ្សែង​បារី ក៏​ដូច​ជា​ការ​ការ​ពារ​សុខ​មាល​ភាព​ដល់​ភ្ញៀវ​ទេសចរ​ និង​ក្រុម​មន្ត្រី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​ផង​ដែរ​។

ទាក់​ទិន​នឹង​ការ​ជក់​បារី​នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន​ សែន ជា​ប្រមុខ​ដឹក​នាំ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សុខ​ភាព​សាធារណៈ ដោយ​បាន​ផ្តល់​សច្ចាប័ន​ និង​ក្លាយ​ជា​សមាជិក​អនុ​សញ្ញា​ស្តី​ពីការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ កាល​ពី​ថ្ងៃទី១៥​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៥។ ប្រទេស​កម្ពុជា​ជា​រដ្ឋ​សមាជិក​មួយ​បាន​អនុម័ត​នូវ​អនុ​ក្រិត្យ​ស្តី​ពី​ការ​បោះពុម្ភ​សារ​ព្រមាន​សុខ​ភាព​លើ​កញ្ចប់​បារី កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ឆ្នាំ​២០០៩​ ដោយ​អនុលោម​តាម​មាត្រា​១១​ នៃ​អនុសញ្ញា​និង​អនុ​ក្រិត្យ​ស្តី​ពី​វិធាន​ការ​ហាម​ឃាត់​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ថ្នាំ​ជក់ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ ដោយ​អនុ​លោម​តាម​មាត្រា​១៣​ នៃ​អនុ​សញ្ញា ។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *