កុមារមានភាពស៊ាំនៃរាងកាយមិនរឹងមាំនោះទេ ហេតុនេះទើបកុមារងាយប្រឈមមុខនឹងជម្ងឺជាច្រើន ជាពិសេសនៅពេល មានការផ្លាស់ប្ដូរអាកាសធាតុ។ មិនមែនជាជម្ងឺដែលស្រាលនោះទេ ជម្ងឺហើមសួតអាចឱ្យកុមារស្លាប់បាន ប្រសិនបើព្យាបាលមិនទាន់ ពេលវេលា។ ទោះបីជាយ៉ាងនេះក្ដី ក៏លោកអ្នកអាចការពារកូនជាទីស្រឡាញ់របស់លោកអ្នក ដោយគ្រាន់តែអនុវត្ដតាមវិធានការ ងាយស្រួលមួយចំនួនប៉ុណ្ណោះ។លោកអ្នកជាឪពុកម្ដាយនឹងជ្រាបកាន់តែច្បាស់ពីជម្ងឺនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង ជាមួយនឹងការបកស្រាយ របស់លោកវេជ្ជបណ្ឌិត ជឹង ជា អ្នកឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ។
ជម្ងឺហើមសួតកុមារជាអ្វី?
ជម្ងឺហើមសួតកុមារគឺសំដៅដល់ការកើនជាតិទឹកនៅក្នុងសាច់សួត កន្លែងបណ្ដូរខ្យល់របស់សួត និងនៅក្នុងទងសួតតូចៗ។ ជាធម្មតានៅក្នុងសួតមានជាតិទឹកក្នុងបរិមាណតិចតួចដើម្បីផ្សើមសួត ប៉ុន្ដែប្រសិនបើជាតិទឹកកើនឡើងលើសពីធម្មតា នោះជាហេតុ ផលមួយបញ្ជាក់ថា កុមារកំពុងប្រឈមមុខនឹងជម្ងឺហើមសួត។
រោគសញ្ញាជម្ងឺហើមសួតកុមារ
រោគសញ្ញាដែលគួរឱ្យកត់សម្គាល់ទៅលើកុមារដែលកំពុងមានបញ្ហាហើមសួតនោះ គឺភាគច្រើនកុមារមានណែនទ្រូង ឬឈឺ ទ្រូង ហត់ ដង្ហក់ខ្លាំង ក្អកមានស្លេស្មពណ៌កុលាប កុមារអាចស្លេកស្លាំង ឬឡើងស្វាយជាដើម។ ប្រសិនបើគ្រូពេទ្យស្ដាប់សួតនោះ ហាក់ដូចជាមានសម្លេងពពុះទឹកនៅផ្នែកខាងក្រោមនៃសួត។
មូលហេតុបង្កជម្ងឺហើមសួតកុមារ
មានហេតុផលមួយចំនួនដែលបង្កឱ្យមានជម្ងឺហើមសួតកុមារបាន។
- ការព្យាបាលជម្ងឺមួយចំនួនមិនបានត្រឹមត្រូវ ដូចជាជម្ងឺគ្រុនឈាម គ្រុនក្ដៅជាដើម ដោយការបញ្ចូលសេរ៉ូមច្រើនហួស កំណត់។ ការបង្ហូរទឹកសេរ៉ូមដោយល្បឿនលឿនពេក ធ្វើឱ្យច្រាលជាតិទឹកទៅដល់សួតដែលបណ្ដាលឱ្យហើមសួត
- កុមារដែលមានជម្ងឺតម្រងនោម ដែលធ្វើឱ្យការបញ្ចេញជាតិទឹកមិនទាន់ពេល នាំបរិមាណជាតិទឹកកើនឡើង
- កុមារដែលមានជម្ងឺខ្សោយបេះដូង
- កុមារដែលលង់ទឹក បណ្ដាលឱ្យមានការខូចខាតនៅលើបង្គោលរវាងថង់ខ្យល់ និងការកើនឡើងនៃការជ្រាបទឹករបស់ សរសៃឈាមនៅក្នុងសួត និងការហើមនៅក្នុងថង់ខ្យល់ ធ្វើឱ្យទឹកជ្រាបចូលក្នុងសួតដែលបង្កឱ្យមានជម្ងឺហើមសួត។
ការព្យាបាលជម្ងឺហើមសួតកុមារ
ការព្យាបាលជម្ងឺហើមសួតនេះអាចជោគជ័យបាន ដោយសារគ្រូពេទ្យជំនាញរកឃើញនូវមូលហេតុដែលបង្កឱ្យហើមសួត។ ជាពិសេសបើកុមារដង្ហក់ហត់នោះ គ្រូពេទ្យជំនាញត្រូវការប្រើអុកស៊ីសែនដើម្បីជំនួយដល់ការដកដង្ហើមរបស់កុមារ។ ការព្យាបាល ជម្ងឺហើមសួត ភាគច្រើនត្រូវប្រើថ្នាំបញ្ចុះជាតិទឹកដើម្បីសម្រួលដល់ការហើមរបស់សួត និងការព្យាបាលទៅតាមមូលហេតុ។
វិធីការពារជម្ងឺហើមសួតកុមារ
មិនមានវិធីការពារណាមួយជាក់លាក់សម្រាប់ជម្ងឺនេះទេ ព្រោះភាគច្រើនជម្ងឺហើមសួតបង្កមកពីជម្ងឺផ្សេងៗទៀត ពោលជា ផលវិបាកនៃជម្ងឺមួយចំនួនតែប៉ុណ្ណោះ។
ដំបូន្មានអ្នកជំនាញ
បើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ លោកអ្នកជាឪពុកម្ដាយសូមរូតរះនាំកូនទៅរកគ្រូពេទ្យជំនាញព្យាបាល។ ការដំអក់យូរអាចនាំឱ្យយឺតពេល ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ សូមកុំសម្រេចចិត្ដប្រើថ្នាំផ្ដេសផ្ដាស និងរក គ្រូពេទ្យដែលមិនមានជំនាញត្រឹមត្រូវ ព្រោះអាចធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរឡើងប្រកបដោយគ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply