ទារក​ក្អែទឹក​ដោះ

មាតា​បិតា និង​អ្នក​ទទួល​បន្ទុក​ថែទាំ​ទារក​ភាគ​ច្រើនតែង​តែយល់​ថា ការ​ត្អើក ការ​ភើ និង​ការ​ក្អែទឹក​ដោះរបស់​ទារក គឺជា​​រឿងធម្មតា។ ជាការ​ពិត​ណាស់ ការ​ត្អើក ភើ ឬក្អែ​ទឹក​ដោះ គឺជា​ដំណាក់​កាលនៃ​ការ​វិវត្ដន៍​ផ្នែក​រាងកាយ​របស់​ទារក។ ប៉ុន្ដែ​អត្ដ សញ្ញា​ណនៃការ​វិវត្ដន៍​នេះ គឺមាន​រយៈ​ពេល​កំណត់​មួយ​ច្បាស់​លាស់។ នៅក្នុង​ករណី​ដែល​ទារក​មាន​ភើ ឬក្អែ​ទឹកដោះ​ញឹកញាប់​ខុសពី ធម្មតា នោះ​វាអាចជា​រោគ​សញ្ញា​បញ្ជាក់​ពី​ប្រភេទ​ជម្ងឺ​នៅក្នុង​ខ្លួនរបស់​ទារក​បាន។

រូបភាពទស្សនាវដ្ដីសុភាពយើង

ការក្អែ​ទឹក​ដោះ ជា​អ្វី?

ពាក្យថា​ក្អែទឹក​ដោះ គឺគេ​និយម​ប្រើចំពោះ​ទារក ឬកុមារ​ដែល​ស្ថិតនៅ​ក្នុងការ​បំបៅ​ដោយ​ទឹកដោះ។ ពាក្យនេះ​មានន័យ ដូច​ទៅនឹង​ពាក្យ​ថាក្អួត ដែលជា​ទូទៅ​គេនិយម​ប្រើ​ចំពោះ​កុមារ ឬមនុស្ស​ធំដែរ។ ការក្អែ​ទឹកដោះ​របស់​ទារក គឺជា​ការ​ច្រាល​ទឹកដោះ ដែល​បាន​បៅពី​ម្ដាយ ឬអាហារ​បំប៉ន(ទឹកដោះ​គោ)ចូល​ទៅក្នុង​ក្រពះ ទោះបី​ជាបាន​រំលាយ ឬមិន​ទាន់បា​នរំលាយ​ក៏ដោយ ហើយ​ចេញ មក​ខាងក្រៅ​វិញតាម​មាត់​របស់​ទារក។

មូល​ហេតុ​នៃការ​ក្អែទឹក​ដោះ

ទារក​គ្រប់រូប​ទាំង​អស់​សុទ្ធតែ​មាន​អាការ​ត្អើក ភើ ឬក្អែ​ទឹកដោះ​ចេញ​មក​ក្រៅ ក្នុងខណៈ​ពេល​ដែល​មានការ​លូតលាស់​ធំ ចម្រើន​វ័យ​ចាប់ពី​អាយុ១​ខែរហូត​ដល់​អាយុ៦​ខែ។ ជាទូ​ទៅការ​ក្អែទឹក​ដោះនេះ​មានរយៈ​ពេលយ៉ាង​យូរត្រឹម​តែ៤​សប្ដាហ៍​តែប៉ុណ្ណោះ។
បើផ្អែក​ទៅតាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត រ៉ិត ច័ន្ទ អនុ​ប្រធាន​ផ្នែក​ពិនិត្យ​រោគ​ក្រៅនៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បានឱ្យ ដឹងថា ៖ ការក្អែ​ទឹកដោះ​របស់​កុមារ​អាច​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន​ដូចជា ៖

1 . លេបទឹក​ដោះដោយ​ខ្យល់ ៖ បើយោង​តាមការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា បរិមាណ​ទឹកដោះ​ដែល​ទារក​បៅ​ចំនួន ១០០​មីលី​លីត្រ អាច​មាន​ខ្យល់​ចូល​ទៅជា​មួយ​ប្រមាណ​ជា១៥០​មីលី​លីត្រ។ ទារក​អាចមាន​អាការ​ក្អែទឹក​ដោះដោយ​សារតែ​បណ្ដាល មកពីការ​ខំប្រឹង​បឺតទឹក​ដោះខ្លាំង​ពេកហួស​ចំណុះ។ នៅពេល​ដែលទារក​ប្រឹងបឺត​ទឹកដោះ​ម្ដាយ​អាចមាន​ខ្យល់ចូល​តាមមាត់​របស់​ទារក​ ដែលជា​ហេតុ​បណ្ដាល​ឱ្យក្អែ​ទឹកដោះ​បាន។ ម្យ៉ាង​វិញ​ទៀត​ចំពោះ​ទារក​ដែល​បំបៅ​ដោយទឹ​កដោះគោ​ក៏អាច​មានការ​ក្អែទឹក​ដោះផង​ដែរ ដោយសារ​តែរន្ធ​ក្បាល​ដោះ​ធំពេក គួបផ្សំ​ជាមួយ​ទារក​ល្មោភបៅ​ផង​នោះ ដែល​បណ្ដាល​ឱ្យទឹក​ដោះហូរ​ច្រើន។ លើស​ពីនេះ ក្នុង ករណីដែល​អ្នក​ថែទាំ​ទារក​បណ្ដោយ​ឱ្យទារក​បៅ ឬបឺត​ទឹកដោះ​អស់ពី​ដប​ហើយ​មិនបាន​យក​ចេញ ឬមិន​បានដាក់​ដប​បញ្ឈរ​ឱ្យទឹក​ដោះ គោធ្លាក់​ចុះមក​ក្រោម ក៏អាច​ជាមូល​ហេតុបង្ក​ឱ្យមាន​ការក្អែ​ផងដែរ។ ដោយ​ឡែកចំពោះ​ទារក​ដែល​ចូលចិត្ដ​បៀម ឬ​ជញ្ជក់​ក្បាល ដោះជ័រ​(តាដង់ក្បាល​ដោះជ័រ​)កំដរ​មាត់ អាចមាន​ឱ​កាស​ប្រឈម​ទៅនឹង​ការក្អែ​ទឹកដោះ​ដែរ។ ព្រោះ​នៅពេល​ដែល​ទារក​ព្យាយាម​បឺត បាននាំ​យក​ខ្យល់ចូលទៅ​ក្នុង​ប្រពន្ធ​រំលាយ​អាហារ ហើយ​អាចធ្វើ​ឱ្យ​ទារក​មាន​អាការ​ឈឺ ឬឆ្អល់​ពោះថែម​ទៀត​ផង។

2 . បៅលើស​ចំនួន ៖ ចំពោះ​ទម្លាប់​ដែល​ឧស្សាហ៍​បំបៅ​ដោះទៅ​តាម​ចំណង់​របស់​ម្ដាយ ឬ​ចំណង់​របស់​ទារក​ដែល​ល្មោភ​បៅ ក៏ជា​បច្ច័យ​មួយដែល​អាចធ្វើ​ឱ្យទារក​ភើ ឬក្អែ​ទឹកដោះ​ចេញមក​ក្រៅវិញ​ដែរ ដោយ​សារតែ​ការផ្ដល់​លើស​កម្រិត​ដែល​ទារក​អាច​ទទួលយក​បាន។

3 . ផ្លាស់​ប្ដូរ​ចលនា​ទារក ៖ ទារក​អាច​ភើចេញ​ទឹកដោះ​បាន នៅពេល​ដែលដាក់​ឱ្យទារក​ដេក ហើយ​ក្បាល​ទាបជាង​ជើង ខ្លាំង​ពេកក្រោ​យពេល​ដែលទារក​បៅទឹក​ដោះឆ្អែត។ ម្យ៉ាង​វិញទៀ​ត ការលើក​បោះទារក​លេង ឬដាក់​ឱ្យទារក​ដេក​ផ្កាប់មុខ​ក៏អាច​ធ្វើឱ្យ ទារក​ក្អែទឹក​ដោះបាន​ដែរ។

ការ​ក្អែទឹក​ដោះ​ជា​រោគ​សញ្ញា​នៃ​ជម្ងឺ

ការភើ ឬក្អែទឹក​ដោះចំពោះ​ទារក គឺជា​រឿង​ធម្មតា​ដែល​អាចកើត​មាន។ ជាទូ​ទៅការ​ក្អែទឹក​ដោះ​របស់​ទារក​អាច​កើត មាន​ជាប្រក្រតី​ចំនួន​៤សប្ដាហ៍ ចាប់ពី​ទារក​ចាប់កើត​រហូត​ដល់៦​ខែ។ នៅក្នុង​រណី​ដែល​ទារក​មាន​ការភើ ឬក្អែ​ទឹកដោះ​លើសពី​៤សប្ដាហ៍ ក្អែ​មាន​លាយ​ឈាម ក្អែទឹក​ដោះញឹក​ញាប់​ខុស​ធម្មតា គួបផ្សំ​ជាមួយ​សភាព​ស្លេក​ស្លាំង ស្បែក​ស្ងួត យំ​ច្រើន មួម៉ៅ នោះវា​អាចជា​រោគ សញ្ញា​នៃជម្ងឺ​ផ្សេងៗ​ដែល​កើត​មាន​ចំពោះ​ទារក។ ជម្ងឺ​ដែល​អាចធ្វើ​ឱ្យ​ទារក​ក្អែទឹក​ដោះខុស​ប្រក្រតី​បាន មានដូច​ជាជម្ងឺ​ត្បៀត​បាត ក្រពះ ស្អិត​ពោះ​វៀន រលាក​បំពង់​កជា​ដើម។

ផល​ប៉ះពាល់​នៃការ​ក្អែ​ទឹក​ដោះ

គ្រប់​ពេល​ដែល​ទារក​ក្អែទឹក​ដោះសុទ្ធ​តែមាន​មូល​ហេតុ​ទាំង​អស់។ ប្រសិន​បើការ​ក្អែទឹក​ដោះ​របស់​ទារក​ស្ថិតនៅ​ក្នុង​អាយុ ​៦ខែចុះក្រោម ហើយ​ក្អែត្រឹម​រយៈ​៤សប្ដាហ៍ នោះមិន​សូវមាន​ផល​ប៉ះពាល់​អ្វីធ្ងន់​ធ្ងរដល់​ទារក​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅពេល​ដែល ទារក​ភើ ឬក្អែ​ទឹកដោះ​ញឹក​ញាប់​លើសពី​៤សប្ដាហ៍ ឬលើស​ពីអាយុ៦​ខែ ពិតជា​អាចជះ​ឥទ្ធិពល​អាក្រក់​មកដល់​ទារក​ជាមិន​ខាន។ ផល​ អវិជ្ជ​មានដែលផ្ដល់​ឱ្យទារក គឺក្រៅ​ពីធ្វើ​ឱ្យទារក​ស្លេក​ស្លាំង បាត់បង់​ជាតិ​ទឹក និង​កង្វះ​អាហា​រូបត្ថម្ភ អាចបង្ក​ឱ្យទារក​មាន​ជម្ងឺ​រលាក បំពង់ក​បាន​ថែម​ទៀត​ផង។ ចំណុច​សំខាន់​ដែលអ្នក​ថែរក្សា​ទារក​ត្រូវចង​ចាំ គឺនៅ​ពេល​ដែល​ទារក​មិនដែល​ធ្លាប់មាន​ក្អែទឹក​ដោះពី​មុន មក ស្រាប់​តែមាន​ក្អែយ៉ាង​គំហុក ហើយ​ឡេះឡះ ជួនកាល​មាន​ប្រកាច់ ឬយំ​មិន​ព្រមបៅ ស្បែក​ស្ងួត ឬពោះ​តឹងខ្លាំង ត្រូវ​ប្រញាប់ បញ្ជូន​ទារក​មកកាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល។

វិធី​បំបាត់​ការ​ក្អែទឹក​ដោះ​របស់​ទារក

ចំពោះ​​វិធី​សាស្ដ្រ​នៅក្នុង​ការ​បំបាត់​នូវ​អាការ​ភើ ឬក្អែ​ទឹកដោះ​របស់​ទារក មិនមាន​អ្វីដែល​លំបាក​នោះទេ។ ប្រសិន​បើការ ក្អែទឹក​ដោះរបស់​ទារក​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ធម្មតា នោះ​លោកអ្នកមិ​នចាំបាច់​ព្រួយ​បារម្ភ​ក្នុងការ​បំបាត់​ឡើយ។ ចំពោះ​លោក​អ្នក​ដែល ជាអ្នក​ថែទាំ​ទារក​ដោយ​បំបៅ​ទឹកដោះ​គោ គឺគ្រាន់​តែជ្រើស​រើសនូវ​ក្បាល​ដោះណា​ដែលមាន​រន្ធតូច ផ្ដល់​នូវ​បរិមាណ​ទឹកដោះ​សមល្មម ចំពោះទារក។ នៅពេល​ដែល​ទារក​កំពុង​ភើ ឬក្អែ​ទឹកដោះចេ​ញមក​ក្រៅ លោកអ្នក​អាចលើក​ទារក​បញ្ឈរ ដោយ​យកដៃ​អង្អែល​ខ្នង របស់​ទារក​ដោយ​ថ្នមៗ ឬគោះ​ដោយ​ស្រាលៗ។ ចំពោះ​អ្នកដែល​មាន​តួនាទី​ថែទាំ​ទារក នៅ​ក្រោយ​ពេល​ដែល​បំបៅ​ដោះ​ទារក​រួចរាល់ គួរ​ផ្លាស់​ប្ដូរ​ចលនា​ទារក ដោយលើក​បញ្ឈរ​ដើម្បី​ឱ្យទារក​ភើ ឬដើរ​ខ្យល់ ចៀស​វាង​ការក្អែ​ទឹកដោះ​ចេញមក​ក្រៅ។ ធ្វើបែប​នេះ នោះ បុត្រា​បុត្រីរបស់​លោក​អ្នកនឹង​ឈប់​ភើ ឬក្អែ​ទឹកដោះ​ជាមិន​ខាន។

ដំបូន្មាន​អ្នក​ជំនាញ

លោក​អ្នក​ដែល​ជា​មាតា ឬអ្នក​មើលថែ​ទារក​ទាំងអស់​ត្រូវចង​ចាំថា នៅពេល​ដែល​ឃើញ​ទារក​មាន​អាការ​ក្អួត ឬក្អែ​ទឹក ដោះញឹក​ញាប់​លើស​ពី៤​សប្ដាហ៍​នោះ ត្រូវ​ប្រញាប់​នាំយក​ទារក​មកកាន់​មន្ទីរ​ពេទ្យ ដើម្បី​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេល វេលា។ ចៀស​វាង​បង្អង់​យូរ​ធ្វើឱ្យ​សភាព​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ និងធ្វើ​ឱ្យ​សុខភាព​ទារក​ទន់​ខ្សោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *