កាលពីលេខមុនតាមរយៈទស្សនាវដ្ដី សុខភាពយើង ប្រិយមិត្ដធ្លាប់បានជ្រាបរួចមកហើយអំពីជម្ងឺផ្សិតអណ្ដាត(ជ្រាំងអណ្ដាត)ដែលតែងតែកើតមានចំពោះកុមារ។ សម្រាប់ការចេញផ្សាយលេខនេះ យើងសូមលើកយកជម្ងឺផ្សិតអណ្ដាតដែលកើតមាន ចំពោះមនុស្សពេញវ័យ និងចាស់ជរាមកជម្រាបជូនវិញម្ដង។ ចង់ដឹងទេថា តើជម្ងឺនេះ អាចផ្ដល់ផលប៉ះពាល់អ្វីខ្លះ? បើចង់ជ្រាបច្បាស់ សូមធ្វើការតាមដាន និងស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺផ្សិតអណ្ដាត ជាអ្វី?
តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកជំនាញផ្នែកជម្ងឺសើស្បែក និងកាមរោគបានឱ្យដឹងថា ជម្ងឺផ្សិតអណ្ដាត ជាទូទៅត្រូវបានគេនិយមហៅថាជាជម្ងឺជ្រាំងអណ្ដាត ឬអណ្ដាតកើតជ្រាំង។ ជម្ងឺមួយប្រភេទនេះបង្កឡើងដោយមេរោគផ្សិតដែល មានឈ្មោះថា កង់ឌីដា អាល់ប៊ីកង ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ វាជាជម្ងឺដែលឆ្លៀតឱកាសនិយមកើតមាននៅពេល ដែលការរស់នៅប្រចាំថ្ងៃមិនមានអនាម័យល្អ ហើយវាបន្សាំខ្លួននៅជាមួយជម្ងឺដទៃទៀតដែលជាជម្ងឺរ៉ាំរ៉ៃ ធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃរាង កាយថយចុះ។
រោគសញ្ញាជម្ងឺផ្សិតអណ្ដាត
គេអាចជ្រាបច្បាស់ថាកើតមានជម្ងឺផ្សិតអណ្ដាតទៅបាន គឺអាស្រ័យទៅលើរោគសញ្ញាមួយចំនួនដែលស្ដែងចេញចំពោះអ្នក ជម្ងឺដោយផ្ទាល់។
- នៅដំណាក់កាលដំបូង ៖ ពេលកម្រិតជម្ងឺនៅស្រួចស្រាល គេឃើញមានផ្ទាំងពណ៌-សៗ(ផ្សិតពណ៌ស)នៅលើអណ្ដាត នៅ ជញ្ជាំងខាងក្នុងនៃថ្ពាល់លើបបូរមាត់ខាងក្នុង និងនៅច្រវែបមាត់ទាំងសងខាង។ លើសពីនោះនៅលើអណ្ដាតអ្នកជម្ងឺឃើញមានស្នាម កន្ទួលក្រហមៗស្រដៀងគ្នាទៅនឹងស្នាមរលាក ដែលអាចធ្វើឱ្យអ្នកជម្ងឺឈឺក្រហាយ ឬផ្សានៅក្នុងមាត់ ពិបាកនៅក្នុងការនិយាយស្ដី ជាពិសេសមានអារម្មណ៍ថាឈឺខ្លាំងនៅពេលទទួលទានអាហារ។
- ដំណាក់កាលរ៉ាំរ៉ៃ ៖ នៅពេលដែលជម្ងឺឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ក្រៅពីមានរោគសញ្ញាមួយចំនួនដែលយើងអាច មើលឃើញដោយផ្ទាល់ភ្នែកនៅក្នុងមាត់ និងលើអណ្ដាតនោះ អ្នកជម្ងឺមិនអាចស្វែងយល់អំពីរោគសញ្ញាបានដោយខ្លួនឯងឡើយ គឺមាន តែអ្នកជំនាញតែប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺគេអាចស្វែងយល់ដោយសារការយកលាមកទៅពិនិត្យ និងធ្វើការថតឆ្លុះដោយឧបករណ៍ អង់ដូស្កូពី។
មូលហេតុបង្កជម្ងឺផ្សិតអណ្ដាត
បើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតមានជម្ងឺផ្សិតអណ្ដាត គឺបណ្ដាលមកពីមេរោគផ្សិត កង់ឌីដា អាល់ប៊ីកង ដូចដែលបានជម្រាបជូនខាងលើ។ ម្យ៉ាងវិញទៀតវាអាចកើតឡើងដោយសារការបង្កពីជម្ងឺផ្សេងៗជាច្រើន ទៀត។ ជាទូទៅគេសង្កេតឃើញមានជម្ងឺមួយចំនួនដែលឧស្សាហ៍បង្កឡើងមានដូចជា ៖
- បណ្ដាលមកពីការប្រើប្រាស់នូវប្រភេទថ្នាំអង់ទីប៊ីយូតិក(ពពួកថ្នាំផ្សះ)ច្រើនពេក។
- បណ្ដាលមកពីបណ្ដាជម្ងឺមួយចំនួនដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ ឧទាហរណ៍ ជម្ងឺអេដស៍ជាដើម។
- បណ្ដាលមកពីជម្ងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ល។
ផលប៉ះពាល់បណ្ដាលមកពីជម្ងឺផ្សិតអណ្ដាត
ក្នុងកំឡុងពេលដែលកើតមានជម្ងឺផ្សិតអណ្ដាត អ្នកជម្ងឺត្រូវប្រឈមមុខទៅនឹងការកង្វះជីវជាតិ ដោយសារតែការបរិភោគ មិនបានគ្រប់គ្រាន់។ អ្នកជម្ងឺអាចឈឺ ក្រហាយ ឬផ្សានៅក្នុងមាត់ និងអណ្ដាត។ បើទោះបីជាជម្ងឺផ្សិតអណ្ដាតពុំសូវមានផ្ដល់ លំបាកធ្ងន់ធ្ងរដូចជាជម្ងឺផ្សេងទៀតយ៉ាងណាក្ដី ប៉ុន្ដែនៅពេលដែលអ្នកជម្ងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា វាអាចបណ្ដាលឱ្យ កើតមានផ្សិតនៅបំពង់ក ក្រពះ ពោះវៀន រន្ធគូទ ធ្វើឱ្យកើតមានជម្ងឺរាករូស សុខភាពចុះខ្សោយ ដែលជាហេតុធ្វើឱ្យពពួកជម្ងឺឆ្លៀត ឱកាសមួយចំនួនងាយកើតមាន។ លើសពីនេះវាអាចរីករាលដាលរហូតដល់ប្រដាប់ភេទ ដែលធ្វើឱ្យមានដុះផ្សិតនៅក្បាលលិង្គ(ចំពោះ បុរស) ឬនៅតាមមាត់យោនី(ចំពោះស្ដ្រី) ហើយថែមទាំងបណ្ដាលឱ្យស្ដ្រីមានធ្លាក់សទៀតផង។ អ្វីដែលសំខាន់គឺអាចជាកត្ដាមួយ ដែលបង្កលក្ខណៈងាយស្រួលដល់ពពួកជម្ងឺឆ្លៀតឱកាសមួយចំនួនរីកដុះដាលឡើង។
វិធីព្យាបាលជម្ងឺផ្សិតអណ្ដាត
ចំពោះវិធីសាស្ដ្រនៅក្នុងការព្យាបាលជម្ងឺប្រភេទនេះ អាចមានភាពងាយស្រួលជាងជម្ងឺដទៃទៀត។ ក្រោយពីបានឆ្លងកាត់ នូវការពិនិត្យរួច អ្នកជំនាញអាចចេញវេជ្ជបញ្ជា ឬធ្វើការព្យាបាល ដោយគ្រាន់តែប្រើថ្នាំប្រភេទគ្រាប់ ឬប្រើថ្នាំប្រភេទទឹកបន្ដក់លាប នៅលើអណ្ដាត ឬថ្នាំបៀមជាការស្រេច នៅក្នុងករណីជម្ងឺស្ថិតនៅក្នុងលក្ខណៈស្រួចស្រាល។ ផ្ទុយទៅវិញ នៅពេលដែលពិនិត្យឃើញ ថា ជម្ងឺឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ នោះអ្នកជំនាញអាចធ្វើការព្យាបាលទៅតាមបច្ចេកទេស និងបទពិសោធន៍។ ក្នុងករណីដែល ពិនិត្យឃើញថា ជម្ងឺផ្សិតនេះបង្កមកពីជម្ងឺដទៃនោះ អ្នកជំនាញត្រូវធ្វើការព្យាបាលទៅលើជម្ងឺដែលបង្ករួមគ្នាជាមួយនឹងការព្យាបាល ជម្ងឺផ្សិតអណ្ដាតដែរ។
វិធីបង្ការជម្ងឺផ្សិតអណ្ដាត
មិនមែនជារឿងដែលពិបាកការពារនោះទេ ដើម្បីប្រាសចាកពីជម្ងឺផ្សិតអណ្ដាតបាន។ លោកអ្នកគ្រាន់តែបង្ការខ្លួនឱ្យឆ្ងាយពី ជម្ងឺផ្សេងៗ តាមរយៈការទទួលទានចំណីអាហារប្រចាំថ្ងៃ មានអនាម័យនៅក្នុងជីវភាពរស់នៅ ជាពិសេសសុខភាពមាត់ធ្មេញ ដោយ ត្រូវព្យាយាមសម្អាតគ្រប់ពេលក្រោយពីបរិភោគអាហាររួច យ៉ាងហោចណាស់ឱ្យបាន៣ដងក្នុងមួយថ្ងៃ។ លើសពីនេះទៅទៀត នៅ ពេលដែលមានការសង្ស័យ ត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់ ចៀសវាងនូវការប្រើឱសថ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកជួបប្រទះនឹងរោគសញ្ញាមួយចំនួនដូចដែលបានជម្រាបជូនខាងលើនេះ សូមមកជួបពិគ្រោះជាមួយ គ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីធ្វើការពិនិត្យទើបជាការប្រសើរ។ ចៀសវាងការទុកឱ្យជម្ងឺកាន់តែមានភាពធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យ សុខភាពលោកអ្នកធ្លាក់ចុះ និងពិបាកនៅក្នុងការព្យាបាល។ ជាពិសេសចៀសវាងនូវការសន្និដ្ឋានខុស ព្រោះផ្ទាំងសៗ ដែលមាននៅលើ អណ្ដាត ឬជញ្ជាំងផ្នែកខាងក្នុងនៃថ្ពាល់ ក៏អាចជារោគសញ្ញារបស់ជម្ងឺដទៃទៀតដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply