ជាធម្មតាកាលណាគ្រួសារមួយមានអំពើហិង្សា នោះធ្វើឱ្យសមាជិកគ្រួសារទាំងអស់មិនមានសេចក្ដីសុខ និងសុមង្គលឡើយ។ សេចក្ដីសុខកើតឡើងពីការយល់ចិត្ដយល់ថ្លើមគ្នាទៅវិញទៅមក តែបើមានជម្លោះរវាងគ្នាហើយនោះ ភាពស្និទ្ធស្នាល និងទំនាក់ ទំនងក៏មានការបាត់បង់បន្ដិចម្ដងៗ រហូតដល់ថ្ងៃណាមួយវានឹងអស់រលីងតែម្ដង។ ក្នុងគ្រួសារដែលមានការរកាំរកូសគ្នា ធ្វើឱ្យគូ ភាគីទាំងសងខាងអាចមានបញ្ហាផ្លូវចិត្ដ និងអាចឈានទៅរកជម្ងឺផ្លូវចិត្ដបានដោយមិនដឹងខ្លួន ព្រោះការគិតច្រើនពីរឿងជម្លោះនោះ។
ដើម្បីឱ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើបទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យា និងជាអនុប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដើម្បីបកស្រាយនូវ ប្រធានបទខាងលើនេះ។
អំពើហិង្សា ជាអ្វី?
អំពើហិង្សាជាទង្វើមួយដែលមានការប៉ះទង្គិចផ្លូវកាយ តាមរយៈពាក្យសម្ដី និងការវាយដំពីមនុស្សម្នាក់ទៅលើមនុស្សម្នាក់ ទៀត ឬពីក្រុមមួយទៅលើក្រុមមួយទៀត ដែលមានឥទ្ធិពល និងប៉ះពាល់ខ្លាំងទៅលើបុគ្គល និងសង្គម។ អំពើហិង្សាគឺចែកចេញជា២ ផ្នែក គឺអំពើហិង្សាតាមរយៈការរំលាភបំពានខាងផ្លូវចិត្ដ និងអំពើហិង្សាដោយការបំពានផ្នែករាងកាយ។ ហិង្សាខាងផ្លូវចិត្ដបង្កការ ប៉ះពាល់ដល់ផ្លូវចិត្ដ តាមរយៈពាក្យសម្ដីទៅវិញទៅមក ដូចជាការជេរប្រមាថគ្នា ដែលធ្វើឱ្យអារម្មណ៍អ្នកទី២មានការមិនពេញចិត្ដ និងឈានទៅរកអំពើហិង្សា។ ចំណែកឯហិង្សាតាមរយៈកាយវិការវិញនោះ គឺជាការរំលោភបំពានផ្នែករាងកាយបុគ្គលម្នាក់ ដោយការ វាយធ្វើបាបដែលបង្កឱ្យមានរបួសស្នាមផ្សេងៗ។
មូលហេតុធ្វើឱ្យមានអំពើហិង្សា
មានកត្ដាជាច្រើនដែលធ្វើឱ្យមានអំពើហិង្សាកើតមានឡើងនៅក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិទាំងមូល។ ទំនាស់តែងតែ កើតឡើងជានិច្ចជាកាលនៅក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើង គ្រាន់តែថាទំនាស់នោះខ្លាំង ឬក៏ខ្សោយតែប៉ុណ្ណោះ។ ភាគច្រើនយើង ឃើញថាហិង្សាកើតឡើងចំពោះបុគ្គលនិងបុគ្គលគ្នាឯង អាចជាក្រុម ជាបក្សពួកផ្សេងៗគ្នា។ ពេលខ្លះអំពើហិង្សាកើតឡើងដោយ ពាក្យសម្ដីដែលធ្វើឱ្យគូទំនាស់មិនពេញចិត្ដនឹងសម្ដីដែលបុគ្គលមួយទៀតនិយាយចេញមក ទើបធ្វើឱ្យមានទំនាស់ និងកើតមានជាអំពើ ហិង្សាឡើង។ ប៉ុន្ដែពេលខ្លះទៀតហិង្សាកើតឡើងដោយមិនបានចាប់ផ្ដើមចេញពីពាក្យសម្ដីទេ តែវាកើតឡើងដោយសារតែកាយ វិការទៅវិញ ដោយបុគ្គលមួយមានឫកពាច្រឡើសបើស មិនសមរម្យ មានទង្វើកោងកាចជាដើម ក៏អាចធ្វើឱ្យមានអំពើហិង្សា កើតមានដែរ ដោយមិនចាំបាច់បញ្ចេញតាមរយៈពាក្យសម្ដីនោះទេ។ លើសពីនេះទៀតអំពើហិង្សាច្រើនតែកើតចេញពីបុគ្គលដែលផឹក ស្រាស្រវឹង ឬក៏ប្រើប្រាស់សារធាតុញៀនផ្សេងៗទៀត។
ដូចនេះហិង្សាភាគច្រើនកើតឡើងពីពាក្យសម្ដីជាមុន ដែលធ្វើឱ្យគូទំនាស់នោះមានភាពតានតឹងចិត្ដ ទប់ចិត្ដ ទប់អារម្មណ៍ មិនបាន ទើបក្លាយទៅជាអំពើហិង្សាកើតឡើង។ អំពើហិង្សាកើតមានគ្រប់ទីកន្លែងបានគ្រប់ពេលវេលា ហើយវាថែមទាំងធ្វើឱ្យអ្នក ដែលមានទំនាស់ទាំងសងខាងនោះកើតមានបញ្ហាផ្លូវចិត្ដ និងអាចឈានទៅកើតជម្ងឺផ្លូវចិត្ដផងដែរ។
ផលពិបាកដែលកើតឡើងអំពីអំពើហិង្សា
កាលណាមានអំពើហិង្សាហើយនោះ តែងតែមានផលប៉ះពាល់ចំពោះខ្លួនឯងផ្ទាល់ និងអ្នកជិតខាងដែលនៅជុំវិញខ្លួនយើង ជាពិសេសនោះគឺញាតិមិត្ដដែលរស់នៅជាមួយតែម្ដង។ ឧទាហរណ៍ចំពោះមនុស្សពីរនាក់ប្ដីប្រពន្ធដែលមានជម្លោះ ឈានរហូត ដល់មានហិង្សាកើតឡើង ធ្វើឱ្យមានផលប៉ះពាល់ដល់កូនៗ ធ្វើឱ្យសតិអារម្មណ៍របស់ពួកគេភ័យខ្លាច និងទង្វើរបស់ឪពុកចំពោះម្ដាយ។ ពេលខ្លះទៀតនោះធ្វើឱ្យក្មេងចងចាំនូវទង្វើរបស់ឪពុក នៅពេលដែលគេមានគ្រួសារទៅ គេអាចធ្វើបាបគ្រួសារគេ ដូចជាឪពុកគេ ធ្វើបាបម្ដាយគេអញ្ចឹង និងប៉ះពាល់ដល់ការសិក្សារបស់កូនផងដែរ។ វាថែមទាំងមានផលអាក្រក់ចំពោះអ្នកដែលរស់នៅជាមួយ ដូចជា បងប្អូន ឪពុកម្ដាយ មីងមាជាដើម។
ម្យ៉ាងទៀតវាធ្វើឱ្យមានផលប៉ះពាល់ចំពោះសង្គមថែមទៀតផង ព្រោះថាអំពើហិង្សាខ្លះអាចឈានដល់ការសម្លាប់ ធ្វើ អត្ដឃាតរវាងគ្នា និងគ្នាថែមទៀតផង។ កត្ដានេះធ្វើឱ្យសង្គមមិនមានស្ថិរភាព គ្មានសន្ដិសុខ ធ្វើឱ្យពលរដ្ឋខ្លាចរអា ព្រមទាំងមានការ ភិតភ័យ និងអំពើហិង្សាបែបនេះខ្លាំងណាស់។
ប្រការគួរចៀសវាង
នៅក្នុងគ្រួសារមួយបើមានករណីទំនាស់កើតឡើង មិនត្រូវប្រើអំពើហិង្សាទេ ត្រូវនិយាយគ្នាដោយសន្ដិវិធី ដោយពាក្យសម្ដី និងមានការយល់ចិត្ដគ្នាទៅគ្នាទៅវិញទៅមក ត្រូវមានអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក មិនត្រូវយកកំហឹងទល់នឹងកំហល់ទេ។ បើ មានមនុស្សពីរនាក់មានការឈ្លោះប្រកែកគ្នា អ្នកទីមួយឬក៏អ្នកទីពីរត្រូវដើរចេញឆ្ងាយពីស្ថានភាពមួយរយៈ ដើម្បីកុំឱ្យការមិនយល់ ចិត្ដកើតឡើងកាន់តែខ្លាំង ធ្វើបែបនេះវាធ្វើឱ្យកាត់បន្ថយនូវអំពើហិង្សាបានមួយកម្រិតដែរ។ ម្យ៉ាងវិញទៀតត្រូវស្វែងយល់ថា ហេតុអ្វី ទើបមានទំនាស់កើតមានឡើង។
ជាធម្មតាទំនាស់កើតឡើងដោយការមិនពេញចិត្ដ មិនយល់ចិត្ដគ្នាជាដើម។ ទង្វើបែបនេះចេះតែកើតឡើងយូរទៅៗ ធ្វើឱ្យ អ្នកដែលមានទំនាស់នោះមានការពិបាកចិត្ដយ៉ាងខ្លាំង បណ្ដាលឱ្យមានការគិតវិលវល់ និងអាចឈានទៅដល់កើតមានបញ្ហាផ្លូវចិត្ដបាន ដោយងាយថែមទៀតផង។ កាលណាមានការមិនយល់ចិត្ដច្រើន ទើបបណ្ដាលឱ្យមានទំនាស់ ហើយក៏អាចមានអំពើហិង្សាផងដែរ។
ដំបូន្មានអ្នកជំនាញ
សូមកុំយកអារម្មណ៍ពេលខឹងមួយភ្លែតនោះធ្វើឱ្យអ្វីទាំងអស់បាត់បង់ពីរូបលោកអ្នកឱ្យសោះ ត្រូវគិតថាគ្រួសារគឺសំខាន់ជាង អ្វីទាំងអស់ក្នុងឆាកជីវិតរបស់លោកអ្នក និងមានសុភមង្គលបំផុតផងដែរ។ មុននឹងធ្វើអ្វីមួយត្រូវគិតពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ចៀសវាងការមិនសួរហេតុផលហើយប្រព្រឹត្ដអំពើហិង្សាទៅលើអ្នកទីពីរនោះ។ លោកអ្នកត្រូវរកអ្នកប្រឹក្សាដែលល្អបំផុត ក្នុងការ និយាយរឿងរ៉ាវរបស់លោកអ្នកប្រាប់ពួកគេ ដើម្បីធ្វើឱ្យចិត្ដធូរស្រាលជាងនេះ។ កំហឹងត្រូវចាំថា វាកើតឡើងតែរយៈមួយខ្លី បើយើងចៀសវាងបានដំណាក់កាលដ៏ខ្លីនេះ កំហឹងនឹងរសាយភ្លាម ដែលមិនបណ្ដាលឱ្យមានអំពើហិង្សាទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply