សង្គមកាន់តែជឿនលឿនការរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់ប្រែប្រួល សព្វថ្ងៃនេះការនិយមបរិភោគអាហារក្រៅផ្ទះ ក្លាយទៅជាវប្បធម៌ថ្មីមួយទៀតសម្រាប់អ្នករស់នៅទីក្រុង។ វប្បធម៌នេះហើយបានជាយើងសង្កេតឃើញថាការពុលអាហារក៏កើត មានឡើងញឹកញាប់ច្រើនជាងពេលមុន។ ដោយសារលក្ខណៈនៃការពុលអាហារមានច្រើនប្រភេទនោះ ទើបមូលហេតុបង្កក៏មានច្រើន យ៉ាងដែរ។ ហេតុនេះហើយទើបទាមទារឱ្យអ្នកបរិភោគក៏ដូចជាអ្នកផលិតត្រូវយកចិត្ដទុកដាក់ឱ្យបានម៉ត់ចត់ត្រឹមត្រូវ ទើបធានាបាន សុវត្ថិភាព។
សូមលោកអ្នកស្វែងយល់អំពីមូលហេតុនៃការពុលអាហារ តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញជាមួយទស្សនាវដ្ដី សុខភាពយើង។
លក្ខណៈចាំបាច់ដែលបង្កឱ្យកើតមានការពុលអាហារ
មានលក្ខណៈឬឱកាស៥យ៉ាងដែលធ្វើឱ្យកើតមានការពុលអាហារដោយបាក់តេរី។
1 . ការចម្លងបាក់តេរីទៅអាហារអាចបណ្ដាលមកពីកត្ដាមួយចំនួន ៖
- អតិសុខុមប្រាណកើតមានឡើងជាធម្មតានៅក្នុង ឬនៅលើប្រភេទអាហារខ្លះ ដូចជាផ្លែឈើ បន្លែ ឬគ្រប់សាច់ឆៅទាំង អស់។
- ការចម្លងបាក់តេរីពីអាហារមួយ(ឬពីអ្វីមួយ)ទៅអាហារមួយទៀត អាចកើតមាននៅពេលដែលអាហារ ឬសម្ភារៈមាន បាក់តេរីចម្លងទៅអាហារដែលគ្មានបាក់តេរី ដោយសារការរក្សាទុកដាក់ ឬប្រើសម្ភារៈមិនបានលាងសម្អាត។
- ការខ្វះខាតអនាម័យផ្ទាល់ខ្លួនជាប្រភពមេរោគមួយដ៏មានគ្រោះថ្នាក់យ៉ាងខ្លាំងក្លាបំផុត ជាពិសេសច្រមុះ មាត់ ដៃ ត្រចៀក មុខ ឬរោគស្បែក ពោះវៀន របួសមុត ឬដាច់រលាត់ជាដើម។ ការសិក្សាបានឱ្យដឹងថា រាល់មនុស្សដែលផ្ទុកទៅដោយបាក់តេរី ស្ដាហិ៍្វឡូកូកនៅក្នុងមាត់ ច្រមុះ ការអនុវត្ដន៍អនាម័យមិនបានល្អអាចនឹងចម្លងបាក់តេរីនេះដល់អាហារបាន។
- ការលាងសម្អាតបន្ទប់ ឬសម្ភារៈមិនសមស្រប ការចោលសម្រាមមិនល្អត្រឹមត្រូវ វត្ដមានរបស់សត្វចតុប្បាទ បក្សី សត្វ ចង្រៃ ឬកណ្ដុរជាដើម។
2 . អាហារសមស្របសម្រាប់ការលូតលាស់នៃមេរោគ ៖ អាហារខ្លះអាចចាត់ទុកថាជាអាហារដែលមាន“គ្រោះថ្នាក់ខ្ពស់” គឺអាហារដែលគាំទ្រដល់ការរស់នៅរីកដុះដាលរបស់បាក់តេរី។ ក្នុងអាហារនោះមានប្រូតេអ៊ីនច្រើន សំណើមខ្ពស់ភះកណ្ដាល (មិនមែនអាស៊ីត)។ ឧទាហរណ៍ ៖ អាហារគ្រោះថ្នាក់ខ្ពស់មាន សាច់មាន់ ស៊ុត ទឹកដោះគោ ឬហ្វ្រូម៉ាស អាហារសមុទ្រ ទឹកជ្រលក់ ឬទឹកស្រូបអាហារ(បាយ)។ អាហារទាំងនេះជាធម្មតាតែងតែដាក់ទុកក្នុងទូទឹកកក។
3 . សីតុណ្ហភាព ៖ បាក់តេរីលូតលាស់បានល្អបំផុតនៅក្នុងចន្លោះសីតុណ្ហភាពពី៥ទៅ៦០អង្សាសេ។ សីតុណ្ហភាពកណ្ដាល ដែលអាចរីកដុះដាលរបស់បាក់តេរីគឺនៅ៣៧អង្សាសេ។ ដូច្នេះដើម្បីការពារការរីកដុះដាលគួរទុកអាហារក្នុងកម្រិតត្រជាក់ក្រោម៥ អង្សាសេ(សីតុណ្ហភាពដែលគ្មានសកម្មភាព) បាក់តេរីរីកដុះដាលយ៉ាងយឺតបំផុត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការធ្វើឱ្យអាហារ កក គឺមិនអាចសម្លាប់បាក់តេរីឡើយ គ្រាន់តែធ្វើឱ្យបាក់តេរីសម្ងំប៉ុណ្ណោះ។ សីតុណ្ហភាពក្នុងបន្ទប់ធម្មតាគឺមានលក្ខណៈអំណោយផល ដល់ការរីកលូតលាស់នៃបាក់តេរី។
4 . រយៈពេល ៖ មានការទាក់ទងគ្នាយ៉ាងច្រើនរវាងរយៈពេល សីតុណ្ហភាព និងការរីកដុះដាល។ បាក់តេរីត្រូវការពេល សមល្មមក្នុងសីតុណ្ហភាពគ្រោះថ្នាក់ដើម្បីនឹងបំបែកខ្លួនបង្កបង្កើតឱ្យមានចំនួនបាក់តេរីច្រើន ដើម្បីបង្កឱ្យមានការពុលដែលមាននៅក្នុង អាហារ។ ដំណើរការនេះជាធម្មតាប្រព្រឹត្ដទៅរវាងពី៣ទៅ៥ម៉ោង ដោយផ្អែកលើសីតុណ្ហភាពរបស់អាហារ ប្រភេទអាហារ និងទំហំ នៃការចម្លង។
5 . កម្រិតបង្កជាជម្ងឺ ៖ អាស្រ័យទៅលើបរិមាណរបស់បាក់តេរី ជាធម្មតាក្នុងរវាង១លានបាក់តេរីក្នុង១ក្រាមនៃអាហារ អាចធ្វើឱ្យកើតជម្ងឺដល់មនុស្ស។ ដូចបានរៀបរាប់ខាងលើរួច បាក់តេរីជាធម្មតាត្រូវបង្កបង្កើតក្នុងអាហារពី៣ទៅ៥ម៉ោង ក្នុង សីតុណ្ហភាពគ្រោះថ្នាក់ ដើម្បីឱ្យបានចំនួនមួយដែលបង្កើតឱ្យទៅជាជម្ងឺ។
សភាពជម្ងឺធ្ងន់ឬស្រាល ត្រូវភ្ជាប់ទៅនឹងកម្រិតបង្កបង្កើតរបស់បាក់តេរី ចំនួនអាហារបរិភោគ សុខភាព និងអាយុរបស់ មនុស្ស ដែលបរិភោគអាហារបានសេចក្ដីថា មនុស្សចាស់ កុមារ មនុស្សមានជម្ងឺ មនុស្សមានសុខភាពខ្សោយអាចងាយប្រឈមមុខ ជាងមនុស្សធម្មតា។
ប្រភេទបាក់តេរីដែលបង្កការពុលអាហារ
មានពពួកបាក់តេរីមួយចំនួនដែលឧស្សាហ៍ជួបប្រទះនោះមានដូចជា ៖
1 . ស្ដាហ្វីឡូកូគូស អូរេអ៊ុស មានប្រភពមកពីច្រមុះ បំពង់ក ដៃ ស្បែក របួសឬដំបៅស្បែក រលាក ឬរោគស្បែកជាដើម។ រោគសញ្ញានៃការពុលអាហារមានដូចជាចង្អោរ ក្អួត ឈឺចុកចាប់ក្នុងពោះ ឬរាក។
2 . អេសសេរីស្យា កូលី មាននៅក្នុងលាមកមនុស្ស ដែលអាចបណ្ដាលឱ្យលោកអ្នកឈឺក្បាល គ្រុនរងា រាក ក្អួត ឈឺពោះ ក្រោយពីបានចម្លងបាក់តេរីប្រភេទនេះរយៈពេលពី៥-៤៨ម៉ោង។
3 . សាល់ម៉ូណែលឡា អាចចម្លងតាមរយៈមនុស្ស សត្វស្លាប ងាវ ស៊ុត និងទឹកដោះគោឆៅ ជាមួយអាការគ្រុន ឈឺក្បាល ឈឺពោះ ក្អួតជាដើម។
4 . ក្លូស្ដ្រីឌ្យូម ពែហ្វ្រាំងហ្សង់ មាននៅក្នុងសាច់គ្រប់ប្រភេទ លាមកមនុស្សសត្វ ដី ធូលី រុយ ហើយអាចធ្វើឱ្យលោក អ្នកចង្អោរ ក្អួត ឈឺចុកចាប់ក្នុងពោះ ឬរាក។
5 . រីប្រីយូប៉ារ៉ាអេម៉ូលីទីគុស មាននៅក្នុងអាហារសមុទ្រ។ រោគសញ្ញានៃការពុលរបស់វាគឺឈឺចុកចាប់ខ្លាំងក្នុងពោះ រាក សុទ្ធតែទឹក គ្រុន រងា ឈឺក្បាល។
6 . បាសីលុស សេរេអុស មាននៅក្នុងម្សៅ គ្រាប់ធញ្ញជាតិ គ្រឿងទេស នំសខ្យាឬបាយ។ អាចធ្វើឱ្យលោកអ្នកចង្អោរ ក្អួត ឈឺចុកចាប់ក្នុងពោះ រាក។
7 . ស៊ីហ្គាតុកស៊ីន មាននៅក្នុងត្រីដែលរស់នៅក្បែរៗថ្មតាមឆ្នេរសមុទ្រ។ អាហារប្រភេទនេះការពុលរបស់វាមានដូចជាក្អួត ឈឺចុកចាប់ខ្លាំងក្នុងពោះ ឈឺក្បាល គ្រុន រាក ចង្អោរ។
8 . លីស្ដេរីយ៉ាម៉ូណូសីតូហ្សែន មាននៅក្នុងសាច់ក្លាស្សេ សាលាដ៍ដែលទុកយូរ ហ្វ្រូម៉ាស អាហារសមុទ្រ អាំងសាច់មាន់កាប់ ដុំតូចៗ ហើយចម្អិនមិនឆ្អិនល្អ អាហារសមុទ្រឆៅ។ ការពុលដោយចាប់ផ្ដើមរោគសញ្ញាដំបូងមិនជាខ្លាំងក្លាឡើយ(គ្រុន ឈឺក្បាល ក្អួត រាក) បើជម្ងឺធ្លាក់ដល់សភាពធ្ងន់ធ្ងរ អាចបង្កឱ្យកើតមានជម្ងឺរលាកស្រោមខួរក្បាល ឬកំណើនបរិមាណមេរោគក្នុងឈាមបាន។ បើ បានកើតមានចំពោះកូនក្មេង អាចបណ្ដាលឱ្យស្លាប់បាន។
9 . យែស៊ីន្យា អិនតេរ៉ូកូលីទីកា មាននៅក្នុងសាច់ សត្វស្លាប ផលិតផលទឹកដោះ ឬបន្លែផ្សេងៗ។ លក្ខណៈពុលមានក្អួត ឈឺក្បាល ឈឺចាប់ខ្លាំងក្នុងពោះ រាកសុទ្ធតែទឹក ឬគ្រុនក្ដៅ។
10 . កំពីឡូបាក់ទែរ អាន់តេរីទីស មាននៅក្នុងមាន់ និងទឹកដោះដែលមិនបានរម្ងាប់មេរោគ តាមរបៀបប៉ាស្ទឺរកម្ម ពពួក សត្វចតុប្បាទផ្សេងៗ។ រោគសញ្ញានៃការពុលអាហារប្រភេទនេះមាន គ្រុន ក្អួត ឈឺពោះ រាក។
ដំបូន្មានអ្នកជំនាញ
លោកអ្នកបានជ្រាបអំពីមូលហេតុបង្ក និងពពួកបាក់តេរីមួយចំនួន ដែលអាចឱ្យលោកអ្នកមានគ្រោះថ្នាក់ដោយសារការ ពុលអាហារបាន។ ហេតុនេះតោងលោកអ្នកប្រុងប្រយ័ត្នរាល់ការបរិភោគអាហារប្រភេទខ្លះដូចដែលបានរៀបរាប់ជូនខាងលើ។ ប្រសិន បើលោកអ្នកសង្ស័យថាមានបញ្ហាពុលអាហារ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply