ធ្មេញដែលដុះចេញមកដំបូង ត្រូវបានគេហៅថា ធ្មេញព្រៃ ឬធ្មេញទឹកដោះ។ ធ្មេញទាំងនេះនឹងបាក់នៅពេលដែលកុមារ មានអាយុ៦ ឬ៧ឆ្នាំ ហើយនៅពេលនោះក៏មានធ្មេញមួយប្រភេទទៀតដុះចេញមក ដែលគេហៅថាធ្មេញស្រុក ឬធ្មេញអចិន្ដ្រៃយ៍។ ប្រសិនបើមិនមានការថែរក្សាឱ្យល្អពីដំបូងនោះទេ ធ្មេញអចិន្ដ្រៃយ៍អាចខូច មិនរឹងមាំទេ ហើយកូនរបស់លោកអ្នកនឹងជួបការលំបាក ទៅថ្ងៃក្រោយ ព្រោះធ្មេញដែលនៅជាប់រហូតជាមួយពួកគេអស់មួយជីវិតមានបញ្ហា។
សូមស្វែងយល់ពីការលូតលាស់របស់ធ្មេញ និងវិធីថែរក្សាធ្មេញអចិន្ដ្រៃយ៍របស់កូនលោកអ្នក តាមរយៈការណែនាំរបស់ លោកទន្ដបណ្ឌិត ឃុត មី នាយកគ្លីនិកធ្មេញអន្ដរជាតិ ជាមួយទស្សនាវដ្ដី សុខភាពយើង។
ដូចម្ដេចដែលហៅថាធ្មេញអចិន្ដ្រៃយ៍?
នៅអាយុ៦ ឬ៧ឆ្នាំ ធ្មេញអចិន្ដ្រៃយ៍របស់ក្មេងៗចាប់ផ្ដើមដុះ។ ធ្មេញនោះត្រូវបានគេហៅថា ធ្មេញថ្គាមដំបូង ឬធ្មេញថ្គាម អាយុ៦ឆ្នាំ។ ធ្មេញទាំងនោះដុះនៅផ្នែកខាងក្រោយនៃធ្មេញថ្គាមទឹកដោះ សូមលោកអ្នកកុំច្រឡំថាជាធ្មេញទឹកដោះ។ ធ្មេញអចិន្ដ្រៃយ៍ ទាំងនោះមិនដុះជំនួសឱ្យធ្មេញទឹកដោះឡើយ។ ទន្ទឹមនឹងនោះផងដែរ នៅអាយុប្រហែល៦ឆ្នាំ ក្មេងៗចាប់ផ្ដើមបាត់បង់ធ្មេញទឹកដោះ របស់ពួកគេ។ ឫសធ្មេញចាប់ផ្ដើមរលាយបន្ដិចម្ដងៗ ហើយធ្មេញក៏របូតចេញពីអញ្ចាញធ្មេញ។ ក្មេងៗបាត់បង់ធ្មេញទឹកដោះរបស់គេ បន្ដរហូតដល់ពួកគេមានអាយុ១២ឆ្នាំ។
វាមិនមែនជាបញ្ហាទេសម្រាប់ក្មេងៗ ក្នុងការរង្កៀកធ្វើឱ្យរង្គើធ្មេញទឹកដោះរបស់ពួកគេនោះ ប្រសិនបើធ្មេញនោះរង្គើ ស្រាប់។ ប៉ុន្ដែវាជាបញ្ហា ប្រសិនបើលោកអ្នកប្រើកម្លាំងខ្លាំងក្នុងការដកធ្មេញដែលមិនទាន់រង្គើនៅឡើយ។ ប្រសិនបើដកធ្មេញទឹកដោះ បានត្រឹមត្រូវទៅតាមពេលវេលាដែលត្រូវដកនោះ វាមានការចេញឈាមតិចៗតែប៉ុណ្ណោះ តែបើការដកធ្មេញធ្វើមិនបានត្រឹមត្រូវទេ នោះ វាមានការចេញឈាមច្រើន ហើយអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។
ហេតុអ្វីបានជាធ្មេញអចិន្ដ្រៃយ៍ដែលដុះថ្មីនោះមានពណ៌លឿង?
ធ្មេញអចិន្ដ្រៃយ៍ជារឿយៗមើលទៅមានពណ៌លឿងជាងធ្មេញទឹកដោះ។ នេះគឺជារឿងធម្មតានោះទេ។ ប៉ុន្ដែវាអាចបណ្ដាល មកពីថ្នាំដែលកូនរបស់លោកអ្នកលេប ឬគ្រោះថ្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់ធ្មេញទឹកដោះ ឬក៏ដោយសារតែមានជាតិហ្លអូរ៉ាយដ៍ច្រើន ពេក។ សូមសាកសួរទន្ដបណ្ឌិតរបស់លោកអ្នកអំពីបញ្ហានេះ នៅពេលដែលលោកអ្នកនាំកូនទៅពិនិត្យធ្មេញ។
ការថែរក្សាធ្មេញអចិន្ដ្រៃយ៍កុមារ
- សូមដុសធ្មេញជាមួយនឹងច្រាសដែលមានទំហំតូច
- គួរប្រើថ្នាំដុសធ្មេញដែលមានជាតិហ្លអូរ៉ាយដ៍តិច
- សូមដុសសម្អាតឱ្យបានគ្រប់ធ្មេញនៅពេលព្រឹក និងមុនពេលចូលគេង
- គួរចៀសវាងការញ៉ាំអាហារដែលស្អិត និងមានជាតិផ្អែម ជាពិសេសស្ករគ្រាប់មុនពេលចូលគេង ឬពេលគេង
- ត្រូវជួបគ្រូពេទ្យធ្មេញយ៉ាងតិច២ដងក្នុង១ឆ្នាំ បន្ទាប់ពីពួកគេមានអាយុ១៨ខែ។
ដំបូន្មានអ្នកជំនាញ
សូមអាណាព្យាបាលយកចិត្ដទុកដាក់ឱ្យបានល្អចំពោះធ្មេញរបស់កូនរបស់លោកអ្នក។ បើលោកអ្នកមិនបានជ្រាបច្បាស់អំពី វិធីថែរក្សាធ្មេញកូននោះទេ លោកអ្នកអាចទៅជួបគ្រូពេទ្យជំនាញ ដើម្បីជួយលោកអ្នកដោះស្រាយបញ្ហានេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
Leave a Reply