បច្ចុប្បន្ន មានករណីជាច្រើនបានកើតឡើងដោយសារការជះទឹកអាស៊ីតទៅលើជនរងគ្រោះដែលមានជម្លោះនឹងគ្នាទាក់ទងទៅនឹងរឿងរ៉ាវស្នេហា និងគំនុំគុំគួនជាដើម។ ប្រការទាំងនេះ បានធ្វើឲ្យអ្នកដែលរងគ្រោះដោយសារបញ្ហានេះ រងគ្រោះយ៉ាងធ្ងន់ធ្ងរ ។ ទង្វើដ៏ព្រៃផ្សៃនេះ ធ្វើឲ្យខូចខាតរូបសម្ផស្ស ពិការ ឬជួនកាលអាចបណ្តាលឲ្យស្លាប់ក៏មាន។ តើនៅក្នុងឆ្នាំនេះទឹកស៊ីតបានវាយប្រហារមនុស្សអស់ប៉ុន្មាននាក់នៅកម្ពុជា?
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «បញ្ចប់វដ្តនៃនិទណ្ឌភាពជុំវិញបទល្មើសអាស៊ីដនៅកម្ពុជា»។ របាយការណ៍នោះបន្តថា នៅកម្ពុជា វប្បធម៌និទណ្ឌភាពស្ថិតនៅជុំវិញអំពើហិង្សាដោយអាស៊ីដ។ ករណីភាគច្រើនជនល្មើសអាចគេចផុតពីការជំនុំជម្រះ និងការផ្តន្ទារទោស បន្ទាប់ពីប្រព្រឹត្តអំពើឃោឃៅនេះរួច។ ការអនុម័តច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងថ្មីមួយនេះ ត្រូវបានមើលឃើញថាជាមធ្យោបាយក្នុងការទប់ស្កាត់អំពើហិង្សាដោយអាស៊ីដ។ ប៉ុន្តែ ការពិតដែលករណីអំពើហិង្សាដោយអាស៊ីដដ៏គួរឲ្យខ្ពើមរអើមទាំងបីករណីកើតមានក្នុងឆ្នាំនេះ ដែលយើងបានដឹងថា ជនល្មើសនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ដើម្បីឲ្យច្បាប់ថ្មីនេះមានប្រសិទ្ធភាព គឺត្រូវតែមានការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងបែបបទល្មើសនេះ ត្រូវបានស៊ើបអង្កេត និងវិធីដែលបទល្មើសបែបនេះត្រូវបានជំនុំជម្រះ។ ប្រសិនបើគ្មានការផ្លាស់ប្តូរបែបនេះទេ ច្បាប់ថ្មីនេះនឹងមានប្រសិទ្ធិភាពតិចតួច ឯនិទណ្ឌភាពនៅតែបន្ត។ គោលបំណងនៃរបាយការណ៍ ស៊ើបអង្កេត និងសវនការក្នុងដំណើរការយុត្តិធម៌ ដែលជួយជម្រុញឲ្យវដ្តនៃនិទណ្ឌភាពកាន់តែរាលដាល ធ្វើឲ្យបញ្ហានៃអំពើហិង្សាដោយអាស៊ីដនៅមានជាបន្ត។
របាយការណ៍នេះ ក៏បានវិភាគលើស្ថានភាពនៃអំពើហិង្សាដោយអាស៊ីដនៅកម្ពុជា ជាពិសេសគឺផ្តោតលើដំណើរការយុត្តិធម៌។ របាយការណ៍ដដែលបានលើកឡើងថា «ម.ស.ស.ក ប្រើប្រាស់ទិន្នន័យដែលបានមកពី ប្រភពសាព័ត៌មានមួយចំនួន និងការប្រមូលទិន្នន័យរបស់យើងផ្ទាល់ តាមរយៈការសម្ភាសន៍ដែលបានមកពីប្រភពសារព័ត៌មានមួយចំនួន និងការប្រមូលទិន្នន័យរបស់យើងផ្ទាល់តាមរយៈការសម្ភាសន៍ដែលធ្វើឡើងរវាងខែតុលា ឆ្នាំ២០១១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។» ករណីសិក្សាដែលមានក្នុងរបាយការណ៍នេះ បានដកស្រង់ចេញតាមរយៈការតាមដានអត្ថបទសារព័ត៌មានរបស់ ម.ស.ម.ក និងតាមរយៈបទសម្ភាសន៍ជាមួយជនរងគ្រោះពីអង្គការជួយជនរងគ្រោះ ដែលត្រូវបានសម្ភាសន៍ទុកជាការសម្ងាត់ ដើម្បីការពារសុវត្ថិភាព ហើយនឹងប្រើឈ្មោះសម្ងាត់ លើករណីដែល ម.ស.ម.ក បានទទួលការយល់ព្រមពីជនរងគ្រោះឲ្យប្រើឈ្មោះ និងព័ត៌មានលម្អិតរបស់ពួកគេ។
បើយោងតាមការចេញផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាជាងទងម្នាក់ដែលរស់នៅក្នុងខណ្ឌដង្កោ បានក្លាយជាជនរងគ្រោះទី៧ ហើយនៃការវាយប្រហារដោយទឹកអាស៊ីតនៅក្នុងឆ្នាំនេះ កាលពីថ្ងៃអាទិត្យ ដោយបង្ហាញឲ្យឃើញពីកង្វះប្រសិទ្ធភាពនៃច្បាប់គ្រប់គ្រងអាស៊ីត បន្ទាប់ពីច្បាប់នេះចាប់ផ្តើមចូលជាធរមាន រយៈពេល៦ខែមក។ នេះបើយោងតាមមន្ត្រីសិទ្ធិមនុស្ស ដែលបានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។ ជនរងគ្រោះវ័យ ២៥ ឆ្នាំ ធុល ប៉ូឡូ បានរងរបួសរលាកពេញផ្ទៃមុខ ហើយក្រុមគ្រូពេទ្យបច្ចុប្បន្នកំពុងព្យាយាមជួយសង្គ្រោះភ្នែករបស់គាត់ ក្រោយគូទំនាស់វ័យ ៥១ ឆ្នាំឈ្មោះ តាំង យូហួត បានទាត់ធុងទឹកអាស៊ីត ប្រើសម្រាប់ផ្សារមាស ទៅត្រូវមុខរបស់គាត់។ នេះបើយោងតាមសមត្ថកិច្ចនគរបាល។
លោក ឡុត ឃឹម មន្ត្រីនគរបាលខណ្ឌដង្កោ បានថ្លែងថា៖«ជនសង្ស័យមានហាងលក់សាំងនៅជាប់ជនរងគ្រោះ ហើយចង់ឲ្យជនរងគ្រោះ រើតូបគាត់ចេញ ព្រោះគាត់ខ្លាចមានគ្រោះអគ្គិភ័យកើតឡើង នៅក្នុងហាងរបស់គាត់»។ លោកបានបន្តថា គ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់នគរបាល ដើម្បីនាំយកជនសង្ស័យ ទៅកាត់ទោសតាមច្បាប់គ្រប់គ្រងទឹកអាស៊ីត ហើយបានទាមទារសំណងសងជម្ងឺចិត្តដែលគេនៅពុំទាន់បានដឹងថាទាមទារប៉ុន្មាននៅឡើយ។ មន្ត្រីនគរបាលដដែល បានបន្ថែមថា៖ «យើងបានចាប់ខ្លួនជនសង្ស័យ ហើយគាត់បានឆ្លើយថា គាត់ពុំមានចេតនា ទាត់ធុងទឹកអាស៊ីតទៅលើជនរងគ្រោះទេ តែថាគាត់ធ្វើបែបនោះ ដោយពុំបានដឹងពីផលវិបាក»។ លោកបានបន្តថា ឧប្បត្តិហេតុនោះ ជាការវាយប្រហារទឹកអាស៊ីតលើកដំបូងនៅក្នុងខណ្ឌដង្កោ ចាប់តាំងពីច្បាប់គ្រប់គ្រងអាស៊ីត ត្រូវបានអនុម័តកាលពីខែធ្នូកន្លងទៅ ប៉ុន្តែសមត្ថកិច្ចនគរបាល នៅពុំទាន់ទទួលបានការបណ្តុះបណ្តាលអំពីច្បាប់នេះនៅឡើយទេ ដោយសារអនុក្រឹត្យសម្រាប់ដាក់ច្បាប់នេះឲ្យប្រើប្រាស់នៅពុំទាន់ ត្រូវបានចុះហត្ថលេខានៅឡើយ។
លោក ហ័ង ឡៃរ៉ាប៉ូ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងច្បាប់នៅសមាគមជនរងគ្រោះដោយសារទឹកអាស៊ីត បានឲ្យដឹងថារយៈពេល៦ខែដំបូងក្រោយច្បាប់នេះចូលជាធរមានពោរពេញទៅដោយឧបសគ្គក្នុងការអនុវត្ត និងអប់រំលើកកម្ពស់ការយល់ដឹង។ លោកបានមានប្រសាសន៍ថា៖«អ្វីៗមានការយឺតយ៉ាវ។ ករណីដែលបានបញ្ជូនឡើងតុលាការ គឺនៅក្នុងដៃតុលាការនៅឡើយ ហើយភាគច្រើនជនល្មើសវាយប្រហារដោយទឹកអាស៊ីត នៅតែអាចដើរហើរដោយសេរីដោយបន្តការគម្រាមកំហែង ដល់ជនរងគ្រោះដដែល»។ លោក ហ័ង ឡៃរ៉ាប៉ូ បានបន្តថា សមត្ថកិច្ចរដ្ឋាភិបាល ក៏ចាំបាច់ត្រូវខិតខំបន្ថែមទៀត ដើម្បីគ្រប់គ្រងទឹកអាស៊ីត និងអប់រំពលរដ្ឋប្រទេសនេះ អំពីច្បាប់ថ្មីនេះផងដែរ។ លោកបានគូសបញ្ជាក់ថា៖«ជាពិសេស យើងបារម្ភអំពីកង្វះការយល់ដឹង នៅតាមចម្ការកៅស៊ូ»។ លោកបានបន្ថែមថា វាចាំបាច់ត្រូវឲ្យមានការអប់រំផ្សព្វផ្សាយជាសាធារណៈដែលយ៉ាងហោចណាស់ក៏មួយម៉ោងម្តងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលមួយឆ្នាំ អំពីច្បាប់គ្រប់គ្រងអាស៊ីតនេះតាមរយៈវិទ្យុនិងទូរទស្សន៍ដើម្បីឲ្យពលរដ្ឋបានដឹង។ហើយជនរងគ្រោះ ធុល ប៉ូឡូ ក៏នឹងត្រូវបានចាប់ផ្តើមទទួលការព្យាបាលនៅមន្ទីរពេទ្យនាថ្ងៃម្សិលមិញផងដែរ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២
Leave a Reply