សំណល់រឹងមួយចំនួនដែលត្រូវគេបោះបង់ចោល ត្រូវបានក្លាយទៅជាក្ដីកង្វល់មួយសម្រាប់សោភ័ណភាពសង្គម រួមមាន សោភ័ណភាពទីក្រុង ជីវិតរស់នៅប្រចាំថ្ងៃ និងបរិស្ថានជុំវិញ។ អាស្រ័យហេតុដោយមើលឃើញពីចំណុចអវិជ្ជមាន និងគុណវិបត្ដិជា ច្រើនដែលជះឥទ្ធិពលពីសំណាល់រឹងនេះ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដលើកយកវិធីសាស្ដ្រក្នុងការគ្រប់គ្រងសំណល់រឹងមក ជម្រាបជូនប្រិយមិត្ដអ្នកអានទាំងអស់ជាបន្ដបន្ទាប់។
ពិតមែនតែសំណល់រឹងជាចំណែកមួយនៃប្រភពមុខរបរ ការងារ និងជាប្រភពរកប្រាក់ចំណូលសម្រាប់មនុស្សមួយចំនួនយ៉ាង ណាក្ដី ប៉ុន្ដែវាក៏ជាប្រភពមួយដែលផ្ដល់នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ មកលើបរិស្ថាន សង្គមជាតិ មនុស្ស សត្វ និងរុក្ខជាតិ។
បញ្ហាដែលអាចបង្កឡើងដោយសំណល់រឹង(ការបំពុលបរិស្ថាន)
សំណល់រឹងត្រូវបានគេចាត់ទុកថាជាវត្ថុដែលគ្មានប្រយោជន៍ ហើយដែលម្នាក់ៗមិនចង់បានវាទេ ប៉ុន្ដែយើងមិនអាចគេចផុត ពីវាបានឡើយ ព្រោះយើងត្រូវការចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ យោងទៅតាមលក្ខណៈរូប និងលក្ខណៈគីមីនៃ សំណល់រឹង ប្រសិនបើយើងមិនបានធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ វាអាចនឹងជះឥទ្ធិពលមកលើ សុខភាពមនុស្ស សត្វ និងបរិស្ថាន។
- ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
- ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង ព្រមទាំងសត្វល្អិតចង្រៃជាច្រើន
- សំណល់រឹងមួយចំនួនដែលមិនបានទុកដាក់ត្រឹមត្រូវ បានបំបែកធាតុ(រលួយ) បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅ ក្បែរ និងបរិស្ថានជុំវិញ។
- សំណល់ប្រកបដោយគ្រោះថ្នាក់ដែលមានផ្ទុកទៅដោយសារធាតុពុល និងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជន ដូចជាប៉ះពាល់ដល់ផ្លូវដង្ហើម កើតមានជម្ងឺសើស្បែក និងបណ្ដាលឱ្យកើតមានជម្ងឺរ៉ាំរ៉ៃផ្សេងៗ។
- ម្យ៉ាងវិញទឹកសម្អុយដែលចេញពីសំណល់នោះ មួយផ្នែកអាចផ្ដល់ជាជម្រកដល់ភ្នាក់ងារចម្លងជម្ងឺមួយចំនួនធំ និងមួយផ្នែក ទៀតដែលផ្ទុកទៅដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី បានធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមាន ការបំពុលទឹក និងដី។ ចំណែកឯសារធាតុមួយចំនួនដែលមិនអាចបំបែកធាតុបាន ដូចជាកៅស៊ូ ប្លាស្ទិក កែវ។ល។ ត្រូវការនូវទីតាំង ដ៏ធំដើម្បីទុកដាក់វា។
- ការបោះចោលសំណល់រាយប៉ាយ អាចបង្កស្ទះដល់ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងខូចដល់ សោភ័ណ និងសណ្ដាប់ធ្នាប់សាធារណៈ។
1 . ការប៉ះពាល់ចំពោះអ្នករើសអេតចាយ ៖ ដោយការគ្រប់គ្រងនៅទីលានមានភាពខ្វះខាត និងពុំមានវិធានការគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ក៏ដូចជាភាពប៉ះពាល់ដល់សុខភាពអ្នករើសអេតចាយ ឬអ្នកក្រីក្ររស់នៅជុំវិញទីលានចាក់សំណល់រឹង វាបាន បង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖
- ជម្ងឺឆ្លងនានា(បាក់តេរី ឬវីរុសដែលបង្កឱ្យមានជម្ងឺជីវសាស្ដ្រ ដូចជាប៉ារ៉ាសិត និងបាក់តេរីទាក់ទងនឺងជម្ងឺពោះវៀន និង ក្រពះ)។
- ជម្ងឺផ្លូវដង្ហើមបង្កដោយធូលី។
- ការរងរបួសនៅទីលាន នៅពេលឡានចូលចាក់ម្ដងៗ ដោយការដណ្ដើមគ្នារើសសម្រាម និងគ្រោះថ្នាក់ តាមរយៈការមុត ឬប៉ះពាល់សំណល់ដោយផ្ទាល់ ដោយសំណល់ទាំងនោះមានសំណល់ប្រភេទប្រកបដោយគ្រោះថ្នាក់ពុំបានញែកចេញត្រឹមត្រូវលាយឡំ គ្នា។
- ការយល់ដឹងសាធារណៈចំពោះអនាម័យ និងសុខភាពរបស់អ្នករើសអេតចាយ នៅមានកម្រិតនិងយល់ដឹងទាបដែលនាំឱ្យ ប៉ះពាល់ដល់សុខភាព ដោយអ្នកទាំងនោះមិនបានការពារខ្លួនពីភាពប៉ះពាល់ឡើយ។
- ភាគច្រើននៃអ្នករើសសម្រាមត្រូវបានគេដឹង និងបានបញ្ជាក់ថា មានអាការរោគបណ្ដាលឱ្យឈឺ។ ជម្ងឺផ្ដាសាយ និងជម្ងឺក្អក ត្រូវបានគេដឹងថា ជាទូទៅក៏មានលក្ខណៈដូចជាជម្ងឺរបេង ហើយក៏មានបញ្ហាកើតមានចំពោះអ្នករើសអេតចាយផងដែរ សរុបប្រមាណ ជាជិត១០០០នាក់។
2 . គ្រោះថ្នាក់ចំពោះអ្នករស់នៅ ឬសត្វស្រុកដែលរស់នៅជុំវិញទីលានចាក់សំណល់ ៖ ដោយមានបញ្ហាផ្នែកថវិកា រួមបញ្ចូល មធ្យោបាយក្នុងការវិភាគ ក្រសួងបរិស្ថានក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពុំបានធ្វើការសិក្សាស្រាវជ្រាវពីភាពប៉ះពាល់លើសុខភាពមនុស្ស និងសត្វឡើយ។ តាមការប៉ាន់ប្រមាណមនុស្ស ឬសត្វដែលរស់នៅជុំវិញទីលានចាក់សំណល់ដែលមិនបានរៀបចំបច្ចេកទេសត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ៖
- ពពួកភ្នាក់ងារចម្លងរោគ ដូចជារុយ សត្វល្អិត ឬកណ្ដុរ
- សត្វពាហនៈមួយចំនួន ដូចជាឆ្កែ ឆ្មា ជ្រូក មាន់ ឬទា ដែលសត្វទាំងនេះអ្នករើសអេតចាយជាអ្នកចិញ្ចឹមនៅឯទីលានចាក់ សំណល់។
- ការប្រើប្រាស់ទឹកក្រោមដី ដោយរួមបញ្ចូលអណ្ដូងចំហ អណ្ដូងស្នប់ ដែលបានធ្វើឱ្យកខ្វក់ ឬមានសារធាតុបំពុលធ្លាក់ចូល។
- ក្លិនស្អុយ និងគួរឱ្យខ្ពើមរអើម
- ការស្រូបខ្យល់ដកដង្ហើមដោយខ្យល់ពុលចេញពីការដុតសំណល់ដែលមាន SO2, CO2, NO2, COCaedIm និងអាចមាន លេចចេញដោយអុកស៊ីនឌីអុកស៊ីនផងដែរ។
ការគ្រប់គ្រងសំណល់រឹង
ការគ្រប់គ្រងសំណល់រឹង គឺសំដៅទៅលើសកម្មភាពផ្សេងៗ ដូចជាការញែកសំណល់ ការស្ដុកទុកបណ្ដោះអាសន្ន ការប្រមូល ការដឹកជញ្ជូន ការកែច្នៃឡើងវិញ និងការបោះបង់ចោល។ សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងចាប់ពី ចំណុចបង្កើត រហូតដល់ចំណុចបោះចោលចុងក្រោយ ត្រូវបានគេចែកចេញជា៥ដំណាក់កាលសំខាន់ៗ ដូចជាការបង្កើតសំណល់ សកម្មភាពចល័ត សំណល់ពីចំណុចបង្កើតទៅកន្លែងស្ដុក និងការស្ដុកទុកដាក់ ការប្រមូល និងដឹកជញ្ជូន ដំណើរការ និងការកែច្នៃទាញ យកពីសំណល់ និងដំណាក់កាលចុងក្រោយ គឺការចាក់ចោល។
បណ្ដាំផ្ញើ
ទាក់ទងទៅនឹងការគ្រប់គ្រងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នេះ គឺនៅមានចំណុច និងវិធីសាស្ដ្រជាច្រើនទៀតដែល ទស្សនាវដ្ដី សុខភាពយើង នឹងត្រូវលើកមកជម្រាបជូនប្រិយមិត្ដអ្នកអានជាបន្ដ ជាពិសេសវិធីកែច្នៃសំណល់រឹង និងវិធីបង្ការខ្លួនឱ្យ ឆ្ងាយពីជម្ងឺផ្សេងៗ ដែលអាចកើតមានដោយសារសំណល់ទាំងនេះ។ (សូមអានបន្ដនៅលេខក្រោយ)
ដោយ ៖ ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
Leave a Reply