នី មុនី​នាថ តារាទឹក​ភ្នែក

ស្រីស្រស់​រាងស្ដើង​សម្បុរ​ស្រអែម​បែបស្ដ្រីខ្មែរ​ពិតៗក្នុង​វិស័យ​សិល្បៈ​ភាពយន្ដ​ខ្មែរ លោកអ្នក​ពិតជា​អាចស្មាន​បានថា​គ្មាននរណា​ក្រៅពី​កញ្ញា នី មុនីនាថ តារា​ទឹកភ្នែក​ជំនាន់​ក្រោយ​នោះទេ។ ទោះបីជា​មមាញឹក​ក្នុងការ​សម្ដែងខ្លាំង​យ៉ាងណា​ក៏ដោយ ក៏ស្រី ស្រស់រូប​នេះនៅតែ​អាច​រក្សា​សម្រស់​ដ៏ស្រស់សោភា​ដដែល។ លោកអ្នក​មួយ​ចំនួន​ប្រាកដ​ជាចង់ដឹង​អំពី​អាថ៌កំបាំង​នៃការ​ថែរក្សា សម្រស់​របស់នាង​ជាមិនខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ថ្វីត្បិត​តែនាង​ជាតារា​ដែល​ពេលនេះ​ត្រូវបាន​ទស្សនិកជន​ទទួល​ស្គាល់ក៏ដោយ​ក៏នាង​មិនភ្លេច​ពីអ្វី​ដែលនាំឱ្យ​នាងបាន​ក្លាយ ជា តារា​បែបនេះ​ដែរ។ នី មុនីនាថ បាន​រម្លឹកថា នៅដើម​ឆ្នាំ២០០៧​ដោយមាន​ការប្រឡង​ជ្រើសរើស​តួសម្ដែង​នៅសាលា​វិចិត្រ​សិល្បៈ នាងក៏​ចូលរួម​ប្រឡង​ហើយក៏​បានជាប់ ទើបមាន​ឱកាស​បានសម្ដែង​រឿង​ដំបូង គឺរឿង​ជ្រោះផ្ដាច់​ព្រលឹង។ បន្ទាប់ពី​ពេលនោះ​មក ការងារ​សម្ដែង​របស់នាង​ក៏បាន​លូតលាស់​ទៅមុខ​ជាលំដាប់។ នាងបាន​បញ្ជាក់ថា នាងមាន​ថ្ងៃនេះ​ដោយបាន​ការជំរុញ​ពីលោក​គ្រូ កែវ រតនា និង​អ្នកស្រី ពាន់ ភួងបុប្ផា ដែលផ្ដល់​ឱកាស​ឱ្យនាង​សម្ដែង​ខ្សែភាពយន្ដ​ភាគ។ រហូត​មកដល់​ពេលនេះ នាងបាន​សម្ដែង​ភាពយន្ដ ចំនួន៩​រឿងហើយ ក្នុងនោះ​រឿងភាគ​ចំនួនពីរ និងរឿង​ដុំចំនួន​៧រឿង។

នៅពេល​នេះដើម្បី​បើកកកាយ​អាថ៌​កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និងសុខភាព​របស់កញ្ញា នី មុនីនាថ ទស្សនាវដ្ដី សុខភាពយើង បានទៅ​ជួបសម្ភាស​ជាមួយ​នាងផ្ទាល់​តែម្ដង។

ការ​ថែរក្សា​សក់

សរសៃសក់​ជាចំណុច​ពិសេស​ដែល​មុនីនាថ​យកចិត្ដ​ទុកដាក់​បំផុត ព្រោះថា​ពេលសម្ដែង​សក់​របស់នាង​ត្រូវបាន​តុបតែង​តាម ម៉ូត​ផ្សេងៗ​ឱ្យសម​នឹងសាច់​រឿង។ ដូចនេះ​ចៀសមិន​ផុតពីការ​ខូចសរសៃសក់​ឡើយ។ ជា​ទៀងទាត់​មុនីនាថ​តែងតែ​អប់​បំប៉ន​សក់ម្ដង ក្នុងមួយ​សប្ដាហ៍ ដើម្បី​ជំនួយ​ដល់​សរសៃ​សក់។ ចំពោះ​ប្រវែង​របស់សក់ មុនីនាថ​តែងតែ​កាត់​តម្រឹម​សរសៃសក់ ព្រោះនាង​យល់ថា បើទុក​សក់វែង​ពេកអាច​ធ្វើឱ្យ​សរសៃសក់​ងាយបែក​ចុង។ សព្វថ្ងៃ​នេះមុនីនាថ​បាន​ជ្រើសរើស​សាប៊ូកក់សក់​ដែលមាន​គុណ​ប្រយោជន៍ ជួយឱ្យ​សរសៃសក់​របស់នាង​មាន​ទម្ងន់ និងដុះ​ឡើងវិញ។

ការ​ថែរក្សា​ស្បែក​មុខ

មុនីនាថ​មិនដែល​ប្រើម្សៅ​បកឱ្យស ឬទៅ​ម៉ាស្សា​ស្បែក​អ្វីទេ នាង​ចូលចិត្ដ​ប្រើម្សៅ​ធម្មតា​សម្រាប់​លាបទាំង​យប់ទាំង​ថ្ងៃតែ ម្ដង។ ជា​តារា​សម្ដែង ស្បែកមុខ​របស់នាង​ត្រូវ​ទទួល​រងនូវ​កម្ដៅថ្ងៃ និងគ្រឿង​សម្អាង​គ្រប់​ប្រភេទ។ ដូចនេះ​នាងចាំបាច់​ត្រូវ​ប្រើក្រែម សម្រាប់​បំប៉ន​ស្បែកមុខ​ឱ្យមាន​សំណើម​ជាប្រចាំ ដើម្បី​កុំឱ្យ​ឆាប់​ជ្រីវជ្រួញ។ ជាងនេះ​ទៅទៀត បន្ទាប់ពី​ការ​តុបតែង​ក្នុងពេល​សម្ដែង មុនីនាថ​ត្រូវតែ​ប្រញាប់​លាងសម្អាត​មុខ ព្រោះការ​ទុកគ្រឿង​សម្អាងនៅ​លើមុខ​ក្នុង​រយៈពេល​យូរ​វាជារឿង​មិនល្អ​សម្រាប់​ស្បែក។ ចំពោះការ​ថែរក្សា​ស្បែកមុខ​តាមធម្មជាតិ​វិញ មុនីនាថ​តែងតែ​ប្រើមើម​ដំឡូង​បារាំង​ចំហុយ​ឱ្យឆ្អិន យកមក​កិនលាយ​ជាមួយ​ទឹកដោះ គោឆៅ ហើយយក​មក​បំពោក​លើមុខ​ផ្អាប់​ទុករយៈពេល​២០នាទី ទើបលាង​សម្អាត​ចេញ។ ការធ្វើ​បែបនេះ មុនីនាថ​អះអាងថា អាច ជួយឱ្យ​ផ្ទៃមុខ​របស់នាង​ទន់ស្អាត​ភ្លឺរ​លោង​ទៀតផង។

ការ​ថែរក្សា​ស្បែក​ខ្លួន

មុនីនាថ​ជាតារា​សម្ដែង ម្ល៉ោះហើយ​គេចមិន​ផុតពី​ការ​ទទួល​រងនូវ​កម្ដៅ មុនីនាថ​បាន​ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ​ជាប្រចាំ ដើម្បី​ការពារស្បែក​មិនឱ្យ​ខូច។ ចំណែក​នៅពេល​យប់ មុនីនាថ​តែងតែ​លាបស្បែក​ជាមួយ​ឡេជាតិ​ទឹកដោះគោ​ដែលអាច​ផ្ដល់​សំណើម ដល់​ស្បែក។ ម្យ៉ាងទៀត​ទោះបី​មុនីនាថ​មានស្បែក​ស្រអែម​ក៏ដោយ ក៏នាង​មិនទៅ​បកស្បែក ឬប្រើ​ឡេលាយ​សម្រាប់​លាបឱ្យ​ស ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​បបូរ​មាត់

មុនីនាថ​មិន​ចូលចិត្ដ​លាប​បបូរមាត់​ពណ៌​ក្រហម ឬ​ក្រមៅ​ទេ លើកលែង​តែករណី​ចៀស​មិនបាន ដូចជា​ពេលសម្ដែង​ជាដើម។ ពេលធម្មតា មុនីនាថ​លាប​បបូរមាត់​ពណ៌​ស្រាល ឬមិន​លាបតែ​ម្ដង ព្រោះថា​បើលាប​បបូរមាត់​ឋិតថេរ និង​ពណ៌ដិត​ពេក អាច​ធ្វើឱ្យ បបូរ​មាត់ខ្មៅ​បាន។

ការ​ថែរក្សា​ធ្មេញ

ជាទូទៅ​មុនីនាថស​ម្អាតធ្មេញ​ក្នុងមួយ​ថ្ងៃ៣ដង​ជាប្រចាំ​ជាមួយ​នឹងថ្នាំ​ដុសធ្មេញ ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញរឹងមាំ និងស។ មុនីនាថ​តែងតែ​ទៅរក​គ្រូពេទ្យ​ធ្មេញ​រៀងរាល់​២ ឬ៣ខែ​ម្ដង​ជាប្រចាំ ដើម្បី​ពិនិត្យ និង​សម្អាត​ធ្មេញ មិនដែល​ខកខាន​ឡើយ។

ការ​ថែរក្សា​រោម​ចិញ្ចើម

មុនីនាថ​មិន​ចូលចិត្ដ​កោររោម​ចិញ្ចើម​ទេ ព្រោះនាង​ស្រលាញ់​រោមចិញ្ចើម​ធម្មជាតិ​របស់នាង​ដែល​ក្រាស់​ហើយង ព្រោះវា សក្ដិសម​នឹង​ទម្រង់មុខ​បែប​ស្ដ្រីខ្មែ​របស់នាង។ ចំណែក​ឯរោម​ភ្នែកក៏​នាងមិន​ប្រើ​ម៉ាស្ការ៉ា​ញឹកញាប់​ពេកទេ ព្រោះនាង​យល់ថា​អាចធ្វើ ឱ្យ​រោមភ្នែក​របស់នាង​ជ្រុះបាន។

វិធី​សម្រក​ទម្ងន់ និងការ​ថែរក្សា​សុខភាព

មុនីនាថ​មាន​របប​អាហារ​ទៀងទាត់​ណាស់ ដើម្បី​រក្សា​ទម្ងន់​ដងខ្លួន។ នៅពេល​ព្រឹក នាង​មិនមាន​ទម្លាប់​ទទួលទាន​អាហារ​ទេ ទទួលទាន​តែទឹក​ដោះគោ​មួយកែវ​តែ​ប៉ុណ្ណោះ។ ពេល​ថ្ងៃត្រង់​ទើប​ទទួល​ទាន​អាហារ​ធម្មតា។ ដោយឡែក​សម្រាប់​ពេលល្ងាច មុនីនាថ ទទួលទាន​ផ្លែឈើ ឬជា​ប្រភេទ​បន្លែស្ងោរ​ជំនួស​ការ​ទទួលទាន​បាយ។ មុនីនាថ​តែងតែ​ហាត់ប្រាណ​ជាប្រចាំ​នៅតាម​ក្លឹបហាត់ប្រាណ ដើម្បី​រក្សារាង​រៅឱ្យ​សមសួន ជាពិសេស​នាងបាន​ជ្រើសរើស​យក​ឧបករណ៍​កីឡា​ណាដែល​ហាត់ទៅ​អាចនាំ​ឱ្យនាង​លូតកម្ពស់ទៀតបាន។

បណ្ដាំ​ផ្ញើ​របស់​កញ្ញា នី មុនី​នាថ

សូម​ជ្រើសរើស​ប្រើតែ​ផលិតផល​ណា​ដែលមាន​គុណភាព​ល្អ មិនត្រូវ​ប្រើតាម​ការ​និយម​តៗគ្នា​ឡើយ ព្រោះអាច​ឱ្យរូបសម្រស់ត្រូវ​បាត់បង់​គ្មានថ្ងៃ​នឹង​ត្រទ្បប់​មកវិញ​ទេ។ សុភាព​នារី​ទាំងអស់​គួរទៅ​រកអ្នក​ជំនាញ មុននឹង​សម្រេចចិត្ដ​ប្រើ​ផលិតផល​ណា មួយ។

បើទោះ​បីជា​នៅពេល​នេះនាង​បានសាង​ស្នាដៃ​ជាច្រើន​តាមរយៈ​ការសម្ដែង​ក៏ដោយ ក៏នាង​បាន​អះអាង​ថានាង​នៅតែ​ក្រាញ ននៀល​ក្នុងវិស័យ​សិល្បៈ​រហូត​ទាល់តែ​ទស្សនិកជន​លែងត្រូវ​ការនាង។ ជាមួយ​គ្នានេះ​ដែរ សព្វថ្ងៃ​នេះ​មុនីនាថ​ជានិសិ្សត​ឆ្នាំទី៤​នៃ សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។ ក្រោយពេល​រៀនចប់ នាងសង្ឃឹម​ថានាង​នឹងអាច​កសាង​មុខរបរ​មួយបន្ថែម​លើការងារ​សិល្បៈ របស់​នាង។

ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា នី មុនីនាថ តែប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិ​រូបសង្ខេប

    ឈ្មោះ នី មុនីនាថ
    អាយុ ៖ ១៩ឆ្នាំ
    កម្ពស់ ៖ ១,៥៨ម៉ែត្រ
    ទម្ងន់ ៖ ៤២គីឡូក្រាម
    ទំហំទាំងបី ៖ ៣៣, ២៤, ៣៦
    បងប្អូន ៖ ៤នាក់(​ជាកូនទី១)
    ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *