បម្រាម​ការ​ជក់​បារី​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​វិស័យ​កីឡា​កម្ពុជា​

ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​កម្ពុជា​បាន​រង​គ្រោះ​ដោយ​សារ​ការ​ជក់​បារី​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ បើ​ទោះ​ជា​ប្រជាជន​មួយ​ចំនួន ​មិន​មាន​ការ​ជក់​បារី​ក្តី។​ ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ​ច្រើន​ ក៏​ជា​បញ្ហា​មួយ​ដែល​បង្ក​ឲ្យ​មនុស្ស​នៅ​ទូទាំង​សកល​លោក​ច្រើន​ផង​ដែរ​។ ដោយ​យល់​ឃើញ​យ៉ាង​ដូច្នេះ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​សហការ​ជាមួយ​អង្គការ​ជាតិ-អន្តរ​ជាតិ​នានា​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ជក់​បារី​ និង​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់​ នៅ​ក្នុង​ពីធី​ផ្តើម​ការ​ប្រកូត​កីឡា និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ទៅ​ក្នុង​វិស័យ​កីឡា​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាល​ពី​ពេល​កន្លង​ទៅ គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​បម្រាម​មួយ​ទាក់​ទិន​ទៅ​នឹង​ការ​ជក់​បារី​នៅ​តាម​ទីសារ​ធារណៈ​ម្តង​រួច​មក​ហើយ​ ដែល​អត្ថបទ​នោះ​មាន​ចំណង​ជើង​ថា «ហាម​ប្រាម​ការ​ជក់​បារី​នៅ​កន្លែង​ធ្វើការ​និង​បរិវេណ​រមណីយ​ដ្ឋាន​អង្គរ»។ ហើយ​កាល​ពី​ថ្ងៃ​ពុធ​ ទី២០​ ខែ​មិថុនា​ ឆ្នាំ​២០១២​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេក​ទេស ដោយ​ធ្វើ​ការ​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ២០១១-​២០១២។ នៅ​ក្នុង​ពិធី​នោះ ក៏​មាន​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​មិន​មាន​ផ្សែង​បារី​នៅ​ក្នុង​វិស័យ​កីឡា​ដល់​កីឡា​ករ​ និង​ប្រជាជន​ទូទៅ​ឲ្យ​យល់​ដឹង​អំពី​ផល​ប៉ះ​ពាល់​នៃ​ផ្សែង​បារី​ចំពោះ​សុខ​ភាព​ផង​ដែរ។​

ជា​រៀង​រាល់​ឆ្នាំ​ក្រសួង​អប់​រំយុវជន​ និង​កីឡា​ តែង​តែ​រៀប​ចំ​ការ​ប្រកួត​កីឡា​សិស្ស​និស្សិត​ប្រចាំ​ឆ្នាំ​ជា​និច្ច​។ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​យល់​ឃើញ​ពី​ផល​ប៉ះពាល់​ និង​ការ​ស្លាប់​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​រហូត​ដល់​ទៅ​១ម៉ឺន​នាក់​ជារៀង​រាល់ឆ្នាំ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​សហការ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ ក៏ដូច​ជាលុប​បំបាត់​ការ​មិន​មាន​ផ្សែង​បារី​ក្នុង​វិស័យ​កីឡា ក្រោម​រូបភាព​ដូចខាង​ក្រោមៈ

1 ​​. កីឡាករ​ គ្រូបង្វឹក និង​អ្នក​គ្រប់​គ្រង​កីឡា​ទាំង​អស់​មិន​ត្រូវជក់​បារី នៅ​ពេល​ពាក់ព័ន្ធ​ជា​មួយ​នឹង​សកម្ម​ភាព​កីឡា
2 . ការពារ​ទស្សនិក​ជន និង​អ្នក​ចូល​រួមទាំង​អស់​ពីការ​ស្រូបផ្សែង​បារី​ពីគេ​
3 . គ្មាន​ការផ្សាយ​ពាណិជ្ជកម្ម​បារី និង​មិន​ទទួល​ការ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​ថ្នាំ​ជក់​
4 . បង្ហាញ​សញ្ញា “ហាម​ជក់​បារី” ឱ្យ​បាន​គ្រប់​កន្លែង​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ប្រកួត​កីឡា​
5 . ផ្តល់​ព័ត៌​មាន និង​គាំទ្រ​ដល់​ការ​ឈប់​ជក់​បារី ​។

លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និងកីឡា​សិស្ស-និស្សិត បាន​ឲ្យ​ដឹង​ថា គ្រឹះ​ស្ថាន ឧត្តម​សិក្សា និង​ មធ្យម​សិក្សា​ឯកទេស​ដែល​នឹង​ចូល​រួម​ប្រកួត​មាន​ចំនួន​២៩ ក្នុង​នោះ​មាន​អត្ត​ពលិក​សរុប​ចំនួន១.២៤៥​នាក់ និង​កីឡាការិនី​ ចំនួន​១១២នាក់។ លោក​បាន​បន្ថែម​ថា ប្រភេទ​កីឡា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​រួមមាន​ បាល់​ទាត់ បាល់​ទះ បាល់​បោះ និង អត្ត​ពល​កម្ម​ ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​ថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ​២០១២។​

សូម​បញ្ជាក់​ថា នៅ​មុនការ​ប្រកួត ក្រុម​នីមួយៗ​ត្រូវ​ឲ្យគណៈ​កម្មការ​ធ្វើការ​ត្រួត​ពិនិត្យ​កីឡាករ​ជាមុន​សិន ដើម្បី​បញ្ជាក់​ថា​ កីឡាករ​នឹង​មិន​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​មួយ ដែល​ហៅ​ថា​ “ឧបករណ៍​វាស់​ស្ទង់​សារធាតុ​កាបូន​ម៉ូណូ​អុក​ស៊ីត” ក្នុង​ខ្យល់​ដង្ហើម។ ហើយ​ក្នុង​ពិធី​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្តម​ ប៊ុន​ សុខ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា និង​កីឡាករ​ កីឡាការ​នី១០០០នាក់​ ព្រម​ទាំង​សិស្ស​និស្សិត​ប្រមាណ​៣០០​០នាក់​ផង​ដែរ។

អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *