មនុស្ស​២៧​លាន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​នៅ​ទូទាំង​ពិភព​លោក​

ការ​ជួញ​ដូរ​មនុស្ស​ គឺ​ជា​អំពើ​ដ៏​អប្រិយ​មួយ​ដែល​សង្គម​មនុស្ស​ទូទៅ​នៅ​លើ​សកល​លោក​ចាត់​ទុក​ថា ជា​អំពើ​ល្មើស​នឹង​ច្បាប់​សិទ្ធ​មនុស្ស​ជាតិ។​ រូប​ភាព​នៃ​ការ​ជួញ​ដូរ​របស់​មនុស្ស​នា​សម័យ​ទំនើប​នេះ មាន​សភាព​កាន់​តែ​ទំនើប​ទៅៗ​ បើ​ទោះ​​បី​ជា​ក្រុម​មន្ត្រី​នគរ​បាល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​បញ្ហា​នេះ​នៅ​ទូទាំង​ពិភព​លោក​ក្តី។ តែ​ទោះជា​យ៉ាង​ណា​ នៅ​ក្នុង​ឆ្នាំនេះ​កម្ពុជា​នៅតែ​រក្សា​តំ​ណែង​លេខ​២របស់​ខ្លួន​ដដែល ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស។​

រូបភាពទស្សនាវដ្ដីសុខភាពយើង

សហរដ្ឋ​អាមេរិក បាន​រក្សា​ចំណាត់​ពិន្ទុ​កម្ពុជា ចំពោះ​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​កម្រិត​ចំណាត់​ទី២​ (Tier2) ក្នុង​ឆ្នាំ​២០១២​នេះ ​ដែល​ជា​កម្រិត​ផ្តល់​ឲ្យ​ចំពោះ​ប្រទេស​មាន​កិច្ច​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​ឈាន​ទៅ​រក​ការ​អនុវត្ត​កិច្ច​ការ​ប្រឆាំង​ការ​ជួញ​ដូរ​ តាម​លក្ខណៈ​ស្តង់ដារ​អន្តរ​ជាតិ បើ​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​បាន​បំពេញ​លក្ខ​ខណ្ឌ​ជា​អប្បបរមា​បាន​ក៏​ដោយ។​

ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មករា ឆ្នាំ​២០១២​ បាន​កោត​សរសើរ​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ហើយ​ថែម​ទាំង​បាន​ផ្តល់​ជំនួយ​ចំនួន​៥លាន​៤ ​សែនដុល្លារ​ថែម​ទៀត​ផង ក្នុង​កិច្ច​បន្ត​គម្រោង​ប្រឆាំង​អំពើ​ជួញ​ដូរ។

យោង​តាម​គេហ​ទំព័រ state.gov/j/tip របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យដឹង​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក​ស្រី ហ៊ីល​ឡារី គ្លីន​តុន (Hillary​ Clinton) បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​ទី​១៩ ខែ​មិថុនា​ថា ឆ្នាំ​២០១២ កន្លង​ទៅ​ថ្មីៗ​នេះ​ថា នៅ​លើ​សកល​លោក​នេះ​ នៅ​មាន​ជន​រង​ការ​ជួញដូរ​ចំនួន​​២៧​​លាន​​នាក់​ ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ពួក​គេ​ឲ្យ​បាន​រួច​និង​មាន​សេរីភាព​សារ​ឡើង​វិញ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ៍​ថា​ ដោយ​តម្រូវ​ទៅ​តាម​ច្បាប់​ការពារ​ជន​រង​គ្រោះ ដោយ​ការ​ជួញ​ដូរ (TVPA) នៃ​របាយការណ៏​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ បាន​ធ្វើការ​វាយ​តម្លៃ​ដល់រដ្ឋាភិបាល​នានា នៅ​ជុំវិញ​ពិភពលោក​ស្តី​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទាស​ភាព​សម័យ​ទំនើប​យើង​នេះ។ ការ​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​នៃ​ការ​ជួញ​ដូរ​របស់​ស្ថាន​ទូត​អាមេរិក​នេះ បាន​ធ្វើ​ឡើង​ចំនួន​១២​ដង​ហើយ​ ដែល​មាន​ករណី​នៃ​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ចំនួន​១៨៦​ប្រទេស​នៅ​លើ​សកល​លោក។​

នៅ​ក្នុង​ពិធី​ប្រកាស​ចេញ​ផ្សាយ​នេះ​ផង​ដែរ លោក​ស្រី​រដ្ឋ​មន្រ្តី​ការ​បរទេស Clinton នឹង​ផ្តល់​ជា​កិត្តិ​យស​ដល់​វីរ​ជនជា​បុរស និង​ស្រ្តី ​ដែល​បាន​ធ្វើ​សកម្មភាព​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នូវ​ ទាសភាព​សម័យ​ទំនើប​នៅ​ជុំវិញ​ពិភព​លោក។ នៅ​ឆ្នាំ​នេះ លោក​ស្រី​រដ្ឋ​មន្រ្តី Clinton នឹង​ផ្តល់​ជា​កិត្តិយស​ដល់ លោក ព្រំ វណ្ណៈ​អាណន់ ដែល​រឿង​រាវ​របស់​គាត់​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍ក្នុង​ឆ្នាំ​នេះ។ របាយ​ការណ៍ នៃ​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០១២ នេះ​ នឹង​ត្រូវ​ដាក់​បង្ហោះ​នៅ​ក្នុង​គេហ​ទំព័រ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ពិធី​ប្រកាស​ចេញ​ផ្សាយ​របាយ​ការណ៍​នេះត្រូវ​បាន​បញ្ចប់។​

អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *