ការថែទាំ និងការស្រឡាញ់ថ្នាក់ថ្នមក្នុងឆ្នាំដំបូង ជួយឱ្យកុមារលូតលាស់បានល្អ។ ការបីបម និងនិយាយលេងជាមួយ កុមារជួយភ្ញោចកុមារឱ្យមានការអភិវឌ្ឍន៍ផ្នែកសតិបញ្ញា។ ការលូតលាស់របស់ទារកពឹងផ្អែកទាំងស្រុងទៅលើលោកអ្នកជាឪពុក ម្ដាយ ហេតុនេះលោកអ្នកគប្បីដឹងអំពីរបៀបនៃការអភិវឌ្ឍន៍ដើម្បីជួយដល់ពួកគេ។ ជាងនេះទៅទៀត ឪពុកម្ដាយត្រូវដឹងអំពីការ លូតរបស់គេពីមួយដំណាក់ទៅមួយដំណាក់កាលនៃជីវិត។
ដើម្បីឱ្យលោកអ្នកជាឪពុកម្ដាយក៏ដូចជាអ្នកថែរក្សាទារកទទួលជ្រាបអំពីរបៀបនៃការអភិវឌ្ឍន៍របស់ពួកគេ សូមលោក អ្នកតាមដានការបង្ហាញរបស់ទស្សនាវដ្ដី សុខភាពយើង។
ការរីកចម្រើនវ័យរបស់កុមារ
សេចក្ដីបង្ហាញខាងក្រោមនេះអាចផ្ដល់គំនិតឱ្យឪពុកម្ដាយបានជ្រាបអំពីរបៀបដែលកុមារធំលូតលាស់។ មានភាពខុសគ្នា រវាងការលូតលាស់ និងការអភិវឌ្ឍន៍ពីកុមារម្នាក់ទៅកុមារម្នាក់ទៀត។ ការរីកចម្រើនយឺតអាចជាលក្ខណៈធម្មតា ឬបណ្ដាលមកពីការ ផ្ដល់អាហារូបត្ថម្ភមិនគ្រប់គ្រាន់ សុខភាពខ្សត់ខ្សោយ កង្វះការជំរុញលើកទឹកចិត្ដ ឬមានជម្ងឺធ្ងន់ធ្ងរជាច្រើន។
1 . នៅពេលដែលទារកមានអាយុមួយខែ ៖ ក្នុងកំឡុងពេលនេះទារកអាចសម្ដែងឱ្យលោកអ្នកមានឃើញនូវកាយវិការ មួយចំនួនដូចជា ៖
- ទារកងាកក្បាលរបស់គេទៅរកដៃរបស់យើងនៅពេលដែលមានប៉ះថ្ពាល់ ឬមាត់របស់គេ
- យកដៃទាំពីររបស់គេដាក់តម្រង់ទៅមាត់របស់គេ
- ងាកទៅរកសម្លេង និងសម្ដីដែលគេធ្លាប់ឮ
- បៅដោះម្ដាយ និងប៉ះដោះម្ដាយដោយដៃរបស់គេ។
នៅពេលវេលាដំបូងនេះ ឪពុកម្ដាយចាំបាច់ត្រូវប្រតិបត្ដិប្រការមួយចំនួនដូចជា ៖
- បង្កើតឱ្យមានការប៉ះពាល់ស្បែកនិងស្បែក រវាងម្ដាយនិងទារក ឱ្យទារកបៅដោះម្ដាយក្នុងកំឡុងពេលមួយម៉ោង ក្រោយ ការសម្រាល
- ទ្រក្បាលទារកនៅពេលដែលលោកអ្នកចាប់លើកបីព
- ច្របាច់ស្រាលៗ និងបីទារកដោយឱបរឹតថ្នមឱ្យបានញឹកញាប់
- ត្រូវតែចាប់កាន់ទារកដោយថ្នមៗ ទោះបីជាអ្នកហេវហត់ ឬមួម៉ៅក៏ដោយ
- បំបៅដោះឱ្យបានច្រើនដងតាមទារកត្រូវការ
- និយាយ អាន និងច្រៀងឱ្យទារកស្ដាប់ឱ្យបានញឹកញាប់ បើអាចធ្វើទៅបាន
នាំទារកទៅឱ្យគ្រូពេទ្យពិនិត្យនៅពេលគេមានអាយុ៦សប្ដាហ៍ក្រោយពេលសម្រាល ដើម្បីទទួលបាននូវថ្នាំបង្ការ។
នៅក្នុងរយៈពេលដំបូងនៃជីវិតនេះផងដែរ ទារកអាចប្រឈមមុខនឹងជម្ងឺមួយចំនួនដែលទាមទារឱ្យលោកអ្នកជាឪពុក ម្ដាយ ឬអ្នកមើលថែទាំទារកតាមដាននូវសញ្ញាមិនប្រក្រតីទាំងឡាយ ដូចជា ៖
- ទារកមិនព្រមបៅដោះ ឬក៏បរិមាណនៃការបៅថយថុះ
- ដៃ ជើងរបស់ទារកមានចលនាតិចតួច មិនរហ័សរហួន
- មានប្រតិកម្មតិចតួច ឬក៏គ្មានតែម្ដង ទៅនឹងការបន្លឺសម្លេងខ្លាំង ឬក៏ពន្លឺភ្លើង
- ទារកស្រែកយំយ៉ាងយូរដោយគ្មានមូលហេតុ
- ការក្អួត ឬរាកនាំឱ្យទារកខ្វះជាតិទឹក។
2 . នៅពេលដែលទារកមានអាយុ៦ខែ ៖ នៅពេលឈានដល់អាយុ៦ខែហើយនោះ ទារកគួរឱ្យស្រឡាញ់ម្នាក់បានបង្ហាញ នូវការលូតលាស់របស់គេមួយចំនួនតាមរយៈសកម្មភាពដូចខាងក្រោម។
- ទារកអាចងើបក្បាល និងដើមទ្រូង នៅពេលដែលគេដេកផ្កាប់
- ទារកអាចឈោងចាប់វត្ថុដែលព្យួររយីងរយោងបាន ហើយយកមកចាប់គ្រវី
- ចេះក្រឡាប់បានទាំងសងខាង
- អាចអង្គុយដោយមានអ្នកជួយទប់
- អាចស្វែងរកវត្ថុដោយដៃទាំងពីរ និងមាត់
- ចាប់ផ្ដើមធ្វើត្រាប់តាមកាយវិការ និងចេះធ្វើទឹកមុខ
- អាចចំណាំឈ្មោះរបស់ខ្លួន ហើយមានប្រតិកម្មឆ្លើយតបនៅពេលមានគេហៅ ឬចំណាំអ្នកដែលស្គាល់គ្នា។
ក្នុងកំលុងពេលដែលទារកកំពុងមានការលូតលាស់ សម្រាប់លោកអ្នកជាឪពុកម្ដាយ និងជាអ្នកថែទាំកុមារ ត្រូវតែមានការ ថែទាំកុមារដោយឡែកមួយផ្សេងទៀត ដូចជា ៖
- ផ្ដេកទារកនៅកន្លែងស្អាត រាបស្មើ ផ្ទៃមានសុវត្ថិភាព ធ្វើដូចនេះពួកវាអាចធ្វើចលនាដោយសេរី និងអាចឈោងចាប់វត្ថុទាំងឡាយ
- ទប់ ឬទ្រខ្លួនកុមារឱ្យស្ថិតក្នុងស្ថានភាពដែលគេអាចមើលឃើញអ្វីៗដែលកើតឡើងក្បែរៗខ្លួន
- បន្ដការបំបៅដោះតាមសេចក្ដីត្រូវការរបស់គេទាំងពេលថ្ងៃ និងយប់ និងចាប់ផ្ដើមការផ្ដល់អាហារដទៃទៀត(មួយថ្ងៃពីរ ពេល សម្រាប់កុមារអាយុពី៦ខែទៅ៨ខែ និងក្នុងមួយថ្ងៃ៣ទៅ៤ពេល សម្រាប់អាយុពី៨ខែទៅ១២ខែ)
- និយាយ អាន និងច្រៀង ឱ្យទារកស្ដាប់ឱ្យបានញឹកញាប់បើអាចធ្វើបាន។
នៅក្នុងវ័យនេះផងដែរ ក៏មានសញ្ញាគ្រោះថ្នាក់មួយចំនួនត្រូវឃ្លាំមើល ដើម្បីការពារកូនជាទីស្រឡាញ់របស់លោកអ្នក តាម រយៈកាយវិការ ឬក៏សកម្មភាពរបស់គេមួយចំនួនដូចជា ៖
- រឹង ឬពិបាកធ្វើចលនាដៃជើងទាំងពីរ
- ការធ្វើចលនាក្បាលមិនឈប់ឈរ(នេះអាចចង្អុលបង្ហាញថា មានការបង្ករោគក្នុងត្រចៀក ដែលអាចនាំឱ្យកុមារទៅជាថ្លង់ បើសិនមិនបានព្យាបាល)
- ការឆ្លើយតបបានតិចតួច ឬគ្មានការឆ្លើយតបតែម្ដងទៅនឹងការបន្លឺសម្លេងចំពោះមុខមនុស្សដែលគេធ្លាប់ស្គាល់ ឬទៅនឹងការ បំបៅដោះ
- មិនព្រមបៅដោះ និងមិនចង់បរិភោគអាហារដទៃទៀត។
សូមលោកអ្នករងចាំតាមដាននូវការវិវឌ្ឍន៍របស់កុមារជាបន្ដទៀត នៅការចេញផ្សាយលេខក្រោយ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
(សូមបន្ដអានលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply