គម្រោង​ស្តារ និង​ជួស​ជុល​ផ្លូវ​ដែក​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​

ការ​លូត​លាស់​ផ្នែក កសិ​កម្ម ឧស្សា​ហកម្ម ពាណិជ្ជ​កម្ម និង​ទេសចរណ៍​ គឺជា​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​រីក​ចម្រើន​ខាង​ផ្លូវ​គម​នាគមន៍។ ដូច​ដែរ​លោកអ្ន​កធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​ ប្រទេស​កម្ពុជា​យើង​មាន​ផ្លូវ​ដែក​ចំនួន​២​ខ្សែ។ ខ្សែ​ទី១ ចេញ​ពី​ភ្នំពេញ​ទៅ​អូរ​ជ្រៅ មាន​ប្រវែង ៣៨៥​គ.ម។ ខ្សែ​ទី២​ចេញ​ពីភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ មាន​ប្រវែង ២៦៦​គ.ម។ ផ្លូវ​ដែក​នៅ​ប្រទេស​យើង​ទាំង​ពីរ​ខ្សែនេះ​មិន​ទាន់​មាន​លក្ខណះ​ទំនើប​នៅ​ឡើយ​ទេ ​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​ស្តារ​និង​ជួស​ជុល​កែ​លម្អ​ឡើង​វិញ។ តើ​កម្ពុជា​អាច​បញ្ចប់​គម្រោង​ស្តារ និង​ជួស​ជុល​ផ្លូវ​ដែក​ទាំង​នេះ​ ដែល​ជា​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់​មួយ​សម្រាប់​តម្រូវ​ការ​របស់​ប្រជាជន​កម្ពុជា និង​សម​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​របស់​សកល​លោក​នាពេល​អនាគត​ដែរ​ឬ​ទេ?​

រូបភាពទស្សនាវដ្ដីសុខភាពយើង

មាន​ការ​ចុះ​ផ្សាយ​ព័ត៌​មាន​ថា គម្រោង​ការ​លើ​ផ្លូវ​ដែក​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ ហើយ​អាច​នឹង​មិន​ចប់​រួច​រាល់​ជា​ស្ថាពរ​ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។ កាល​ថ្ងៃ​អាទិត្យ​ ទី​១៧ មិថុនា​នាពេល​ថ្មីៗ​នេះ កាសែត ឌឺ ស៊ី​ដនី ​មនីង​ហេរ៉ល់ (The Sydney Morning Herald) របស់​ប្រទេស​អូស្ត្រាលី​ បាន​ចេញ​ផ្សាយ​អំពី​រឿង​ជំនួយ​អូស្ត្រាលី​ចំនួន​២៦​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូ​វរថភ្លើង​ថា មិន​បាន​អនុវត្ត​ទៅតាម​ផែន​ការ​ពី​ខាង​ដើម​ ហើយ​អាច​នឹង​មិន​សម្រេច​កិច្ចការ​ដូច​ការ​ចង់​បាន​នោះ​ទេ។ យោង​តាម​សេចក្ដី​រាយការណ៍​សម្ងាត់​ ដែល​ធ្លាយ​ចេញ​ទៅ​ក្រុម​អ្នក​កាសែត​បាន​ឲ្យដឹង​ថា គម្រោង​ស្ដារ និង​ជួសជុល​កែ​លម្អផ្លូវ​រទេះ​ភ្លើ​ងក្នុង​ស្រុក​ឲ្យ​ប្រើការ​បាន​ដូច​ដើម​ឡើង​វិញ​ បាន​ជួប​បញ្ហា ដូច​ជាស្ថាបនា​មិន​បាន​ត្រឹម​ត្រូវ ការ​សិក្សាពិ​និត្យ​មិន​បាន​ច្បាស់​លាស់ ដែល​នាំ​ឲ្យ​មាន​ការ​បណ្ដេញ​ប្រជាពលរ​ដ្ឋ​ពី​ទីលំ​នៅ ​ការ​ប្រកែក​ទាស់​ទែង​គ្នា​រវាង​ក្រុម​អ្នក​ម៉ៅការ​ ការ​យឺត​យ៉ាវ និង​ការ​ចំណាយ​ថវិការ​ច្រើន​លើស​ពីការ​គ្រោង​ទុក។​ នេះ​បើយោង​តាមការ​ចេញ​ផ្សាយ​របស់​សារព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី។​

តាម​ផែន​ការ​ស្ដារ សង់​ថ្មី ឬ​ជួស​ជុល​ផ្លូវ​ដែក​ចម្ងាយ​ប្រមាណ​ជាង​៦៤០​គីឡូ​ម៉ែត្រ ដើម្បី​ភ្ជាប់​បណ្ដាញ​ផ្លូវ​ដែក​ក្នុង​តំបន់ មាន​ប្រទេស​ថៃ​ និង​វៀត​ណាម​ជាដើម​ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៤​៣លាន​ដុល្លារ ហើយ​រដ្ឋាភិបាល​អូស្ត្រាលី មាន​ចំណែក​ចំណាយ​ក្នុង​គម្រោង​នេះ​ចំនួន​ ២៦លា​នដុល្លារ។ គម្រោង​នេះ​ផង​ដែរ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពល​រដ្ឋ​ខ្មែរ​ប្រមាណ ​៤០០០​គ្រួសារ​ ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក។ ក្នុង​ចំនួន​នេះ មាន​៤០៥០គ្រួសារ ត្រូវ​ចាក​ចេញ​ពី​លំនៅ​ឋាន។ លើស​ពីនេះ​ទៅ​ទៀត​ ក្រុម​ហ៊ុន​ម៉ៅការ​មិន​បាន​អនុវត្ត​តាម​ក្បួន​ខ្នាត​កំណត់​ដោយ​ម្ចាស់​ជំនួយ ដែល​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី រួម​ចំណែក​ផង​ដែរ​ មាន​ដូច​ជាការ​ដ្ឋាន​សម្រាប់​កម្មករ​សំណង់​ពោរពេញ​ដោយ​សំរាម គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​គ្រាន់ គ្មាន​បង្គន់​ និង​ភាព​គ្មាន​អនាម័យ​ជា​ដើម។ ក្រុមហ៊ុន​បារាំង TSO (Cambodia) Co. Ltd. និង​ក្រុម​ហ៊ុន​ជប៉ុន Nippon Koei ត្រួត​ពិនិត្យ​មិន​បាន​ដិត​ដល់​តាម​វិធី​សាស្ត្រ​វិស្វ​កម្ម ហើយ​គ្មាន​កិច្ច​សហការ​ ឬ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដិត​ដល់​ជាមួយ​នឹង​នាយក​ដ្ឋាន​អយស្ម័យ​យាន ពោល​គឺ​មិន​សូវ​ត្រូវ​គ្នា។ ការណ៍​ទាំង​នេះ នាំ​ឲ្យ​មាន​ការយឺត​យ៉ាវ​ និង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អូស្ត្រាលី​ ថូល ហូលឌីង (Toll Holdings) ព្យួរ​សកម្មភាព​មួយ​រយៈ ចាប់​ពីខែ​មីនា​ ក្នុង​ឆ្នាំ​នេះ​នា​ពេល​កន្លង​មក។​

ប្រភព​សារព័ត៌​មាន​ដដែល​នេះ​បាន​បន្ត​ថា ក្រុម​ហ៊ុន​អូស្ត្រាលី​នេះ ទទួល​បាន​សិទ្ធិ​ធ្វើ​អាជី​វកម្ម​លើ​ផ្លូវ​ដែក​ខ្មែរ​រយៈ​ពេល ​៣០​ឆ្នាំ ​ដោយ​ចូល​ហ៊ុន​ជាមួយ​ក្រុម​ហ៊ុន​របស់​ឧក​ញ៉ា គិត ​ម៉េង។​ មន្ត្រី​នាយកដ្ឋាន​អយស្ម័យ​យាន​មិន​ចង់​ចូល​រួម​គ្រប់​គ្រង​ចាត់​ចែង​ការ​ងារ​ប្រចាំ​ថ្ងៃ។ គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង​ប៉ែក​ខាង​ត្បូង​ប្រទេស​ ដែល​ត្រូវ​ហើយ​រួចរាល់​កាល​ពី​ឆ្នាំ​២០១១ ត្រូវ​អូស​បន្លាយ​រយៈ​ពេល ៣៣៥​ថ្ងៃ រហូត​ដល់​ឆ្នាំ​២០១៣។ រី​ឯ​គម្រោង​សម្រាប់​ផ្នែក​ខាង​ជើង​ប្រទេស​ ដែល​ត្រូវ​ហើយ​រួច​រាល់​ចុង​ខែមិថុនា​នេះ ត្រូវ​រុញទៅដល់​ខែកញ្ញា ឆ្នាំ​២០១៣។ ម្យ៉ាង​វិញ​ទៀត​ ក្រុម​ពិគ្រោះ​ការងារ​ បាន​ពោល​ប្រាប់​កាសែត​ថា គម្រោង​ស្ដារ និង​ជួស​ជុល​ផ្លូវ​រថ​ភ្លើង​កម្ពុជា​អស់​លុយ ហើយ​ត្រូវ​ការថវិការ​ពី៥០​ ទៅ​១០០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​បង្ហើយ​ ប៉ុន្តែ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​ព្រម​ចេញ​ទុន​ថែម​ទៀត។ រឿង​នេះ ​ស្ថានទូ​តអូស្ត្រាលី​ប្រចាំ​កម្ពុជា ក៏​បាន​ដឹង​ដែរ ហើយ​ថែម​ទាំង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា​ធ្វើការ​ស៊ើប​អង្កេត​ផង។​

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​ឃ្លាំ​មើល​ជំនួយ​អូស្ត្រាលី​នៅ​ក្រៅ​ប្រទេស ឈ្មោះ​អង្គ​ការ AID/WATCH​ ក៏​បាន​រិះគន់​ចំពោះ​ការ​ស្ថាបនា​ផ្លូវ​ដែក​នេះ​ផង​ដែរ​ថា នេះ​គឺ​បណ្ដាល​មក​ពីភាព​ខ្វះការ​ទទួល​ខុស​ត្រូវ​លើ​ជំនួយ​របស់​រដ្ឋ៕​

អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *