កាលបើកុមារ មានបន្ទុកជម្ងឺបេះដូងប្រហោងហើយនោះ សមាជិកគ្រួសាររួមទាំងកុមារត្រូវជួបប្រទះទៅនឹងទុក្ខកង្វល់ជាច្រើនទៅនឹងថវិការ ក៏ដូចជាការព្យាបាលជម្ងឺ។ ពេលកុមារធ្វើទុក្ខម្តងៗ សមាជិកនៅក្នុងគ្រួសារតែងតែមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារថានឹងត្រូវដោះស្រាយយ៉ាងណា ប្រសិនបើគ្មានថវិការសម្រាប់ការវះកាត់ បើការចំណាយម្តងៗសុទ្ធតែរាប់ម៉ឺនដុល្លារឯណោះ។ តើកុមារកម្ពុជាទាំងឡាយដែលគ្មានថវិការវះកាត់ត្រូវដេករងចាំសេចក្តីមែនឬ?
មានជីវិតត្រូវមានសង្ឃឹម។ កាលពីពេលថ្មីៗនេះ កុមារកម្ពុជាចំនួន៦នាក់ដែលមានជម្ងឺបេះដូងប្រហោង ត្រូវបានជ្រើសរើស និងបញ្ជូនទៅវះកាត់ដោយឥតគិតថ្លៃ នៅប្រទេសកូរ៉េខាងត្បូង ក្រោមរូបភាពមនុស្សធម៌នៃអង្គការមួយក្នុងប្រទេសនោះ។
មានកុមារកម្ពុជាចំនួន៦នាក់ ត្រូវបានជ្រើសរើសបន្ទាប់ពីគ្រូពេទ្យនៅប្រទេសកូរ៉េ ធ្វើរោគវិនិច្ឆ័យ កាលពីចុងខែមិនាកន្លងទៅ នៅវិហារសាសនាគ្រិស្ដមួយកន្លែងនៅភ្នំពេញ ក្នុងចំណោមកុមារកម្ពុជាដែលមានជម្ងឺបេះដូងចំនួន២១នាក់។ កុមារទាំងនោះឡើងយន្តហោះធ្វើដំណើរទៅប្រទេសកូរ៉េ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែមិថុនា កន្លងទៅ នៅឯប្រលានយន្តហោះភ្នំពេញអន្តរជាតិ ដើម្បីទទួលការវះកាត់ជម្ងឺបេះដូងប្រហោងដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភពីក្រុមកងទ័ពជួយសង្គ្រោះរបស់ប្រទេសកូរ៉េ (Korean Salvation Army) ជាលើកទីមួយក្នុងការជួយកុមារកម្ពុជាក្នុងឆ្នាំ២០១២នេះ។ ខណៈពេលដែលអង្គការមួយនេះធ្លាប់បានជួយសង្គ្រោះកុមារកម្ពុជា ដែលមានជម្ងឺបេះដូងចំនួន១៣៤នាក់ រួចមកហើយចាប់តាំងពីដើមឆ្នាំ២០០២ មក។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានវិទ្យុអាស៊ីសេរី។
យុវតី ផុន ចាន់ធា អាយុ១៦ឆ្នាំ ជាយុវតីម្នាក់ក្នុងចំណោមកុមារកម្ពុជា៦នាក់ ដែលទទួលបានការវះកាត់ជម្ងឺបេះដូង នៅប្រទេសកូរ៉េដោយឥតគិតថ្លៃបានឲ្យដឹងថា៖ «ជួនកាលវាចុកតិចៗ ជួនកាលអត់អីទេ ជួនកាលវានៅសុខៗវាឈឺអញ្ចឹងទៅ»។ យុវតី ផុន ចាន់ធា បានឲ្យដឹង៤ម៉ោងមុនដែលនាងឡើងយន្តហោះទៅកាន់ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២០ ខែមិថុនាថា នាងសប្បាយចិត្តដែលបានជិះយន្តហោះ ដែលស្ទើរតែមួយជីវិតរបស់នាង ជាកូនកសិករនៅខេត្តបាត់ដំបង មិននឹកស្មានដល់។ ទន្ទឹមនឹងការសប្បាយចិត្ត ចាន់ធា នឹកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវះកាត់ជម្ងឺរបស់នាង ដែលនៅតែប៉ុន្មានម៉ោងខាងមុខ ពេលធ្វើដំណើរទៅដល់ប្រទេសកូរ៉េ។ ចាន់ធា ដែលមានអាការៈចុកនៅទ្រូងខាងឆ្វេងជាប្រចាំ និងឧស្សាហ៍ហត់នឿយញឹកញាប់ សង្ឃឹមថា ការវះកាត់នឹងទទួលបានជោគជ័យ និងសង្ឃឹមថា នឹងអាចវិលត្រឡប់មកស្រុកខ្មែរវិញ ដោយមានសុខភាពល្អ៖«សប្បាយចិត្តដែរ ភ័យតិចៗ ខ្លាចពេលទៅវះកាត់ សង្ឃឹមថាជា»។
អ្នកស្រី សុខ ប៉ោយ អាយុ ៦០ឆ្នាំ ដែលធ្លាប់ទៅប្រទេសកូរ៉េវះកាត់ជម្ងឺបេះដូងប្រហោង កាលពីឆ្នាំ២០០៧ ក្រោមការឧបត្ថម្ភដូចគ្នា ពីក្រុមកងទ័ពជួយសង្គ្រោះនៃប្រទេសកូរ៉េ ឲ្យដឹងថា កូនប្រុសគាត់ម្នាក់ឈ្មោះ ច្រឹង សីលា អាយុ ១៧ឆ្នាំ ក៏មានជម្ងឺបេះដូងប្រហោងដូចគ្នា ហើយត្រូវទៅវះកាត់នៅប្រទេសកូរ៉េ ក្នុងចំណោមក្មេង៦នាក់ ត្រូវបានជ្រើសរើស។ អ្នកស្រីបន្តថាកូនប្រុសរបស់គាត់ធ្លាប់វះកាត់បេះដូងម្តងរួចមកហើយនៅប្រទេសកូរ៉េ កាលពីឆ្នាំ២០០៧ តែជម្ងឺនេះបានរើឡើងវិញ ក្រោយពីវះកាត់បានមួយឆ្នាំ។ អ្នកស្រីបន្តថា កូនប្រុសគាត់មានអាការៈស្លេកស្លាំង និងឧស្សាហ៍ហត់ ហើយគ្រូពេទ្យជំនាញបេះដូងប្រាប់ថា កូនគាត់មានជម្ងឺប្រហោងបេះដូងម្តងទៀត៖«ខ្ញុំអត់មានសមត្ថភាពព្យាបាលនៅស្រុកខ្មែរហ្នឹងហ្មង បើថាទៅពេទ្យយើងធម្មតារាយរង ខ្ញុំចេះតែសុំគេបានអញ្ចឹង ដល់ពេលវះកាត់ធំដុំ ខ្ញុំអត់មាន ខ្ញុំអត់អាច»។
រីឯលោក ទឹម ឈឹម អាយុ៦៦ឆ្នាំ មកពីស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជូនដំណើរកូនប្រុសឡើងយន្តហោះ បានឲ្យដឹងថា កូនប្រុសរបស់គាត់អាយុ ១៥ឆ្នាំ ឧស្សាហ៍ដង្ហក់ខ្យល់ ហត់ ភ្លេចភ្លាំងច្រើន និងការវិវឌ្ឍន៍សរីរាង្គយឺតខុសប្រក្រតី។ គ្រូពេទ្យជំនាញបេះដូងតម្រូវឲ្យកូនរបស់លោកទៅពិនិត្យជាប្រចាំ និងថាជម្ងឺនេះលុះត្រាតែវះកាត់ផ្ចិតប្រហោងបេះដូង ទើបអាចជួយសង្គ្រោះជីវិតបាន។ លោកបន្តថា គាត់គ្មានប្រាក់ច្រើនពាន់ដុល្លារ លើថ្លៃសេវាវះកាត់បេះដូងនោះឡើយ ខណៈដែលគ្រូពេទ្យខ្លះទាមទារប្រាក់ជិត១ម៉ឺនដុល្លារអាមេរិក៖ «សង្ឃឹមមួយរយភាគរយហើយ មិនដឹងយ៉ាងណា មុខតែជោគជ័យហើយ មហាសង្គ្រោះហ្មងពេទ្យនឹងពិតប្រាកដហ្មង»។
ចំណែកឯលោក ថាត់ ប៊ុនធឿន នាយកមជ្ឈមណ្ឌលក្តីសង្ឃឹមថ្មីសម្រាប់កុមារកំព្រាសាខានៅបាត់ដំបង និងជាអ្នកសម្របសម្រួលគម្រោងនាំកុមារទៅប្រទេសកូរ៉េ បានឲ្យដឹងថា កុមារកម្ពុជាទាំង៦នាក់ ត្រូវវះកាត់នៅមន្ទីរពេទ្យសេជុង ក្នុងក្រុងភូឆន់ នៃប្រទេសកូរ៉េខាងត្បូងយ៉ាងយូររយៈពេល២០ថ្ងៃ។ លោកបន្តថា អង្គការជួយសង្គ្រោះកុមារនៃប្រទេសកូរ៉េ នឹងចំណាយលើថ្លៃស្នាក់នៅ វះកាត់ និងសំបុត្រយន្តហោះ និងលិខិតឆ្លងដែន ដល់កុមារទាំងនោះ តែក្នុងលក្ខខណ្ឌកុមារនោះក្រោមអាយុ ១២ឆ្នាំ ខាងអង្គការនៃប្រទេសកូរ៉េ ក៏ចេញថ្លៃសំបុត្រយន្តហោះ និងលិខិតឆ្លងដែនដល់គ្រួសារម្នាក់ ដែលទៅមើលថែទាំផងដែរ៖ «ប្រភេទធ្ងន់ធ្ងរវះដល់២ដង ដូច្នេះវាអស់ពី២ម៉ឺនទៅ៣ម៉ឺន។ ចំពោះអ្នកដែលវះតែម្តង អស់ប្រហែលជាង១ម៉ឺនដុល្លារអីនឹង បូកទាំងការធ្វើដំណើរ និងការចំណាយផ្សេងៗ»។
អ្នកស្រី ឆយ យ៉ុង មី (Choi Young Mi) បេសកជនពិសេសមកពីប្រទេសកូរ៉េ បានឲ្យដឹងថា គម្រោងនេះក៏ធ្វើផងដែរ នៅប្រទេសឡាវ និងថៃ តែបានបញ្ជូនកុមារតិចតួចប៉ុណ្ណោះទៅព្យាបាលនៅប្រទេសកូរ៉េ ដោយសារមន្ទីរពេទ្យនៅប្រទេសទាំងពីររីកចម្រើន។ អ្នកស្រីបន្តថា គម្រោងនេះកំពុងយកចិត្តទុកដាក់កុមារកម្ពុជាខ្លាំង ដោយសារតែបច្ចេកវិទ្យាពេទ្យនៅកម្ពុជា នៅមានកម្រិតនៅឡើយ។ អ្នកស្រីបន្តថា ដោយមានការសហការពីខាងមន្ទីរពេទ្យ សេជុង ដែលឯកទេសលើជំនាញបេះដូង នៅប្រទេសកូរ៉េ កុមារទាំង៦នាក់នោះ នឹងអាចទទួលការវះកាត់យ៉ាងជោគជ័យ និងនាំមកវិញនូវសុខភាពល្អ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ៖ «ខ្ញុំគិតថា គ្រូពេទ្យនៅកម្ពុជាពិបាកព្យាបាល ព្រោះមានគ្រូពេទ្យ មួយឬពីរនាក់។ ពេលខ្លះ មិនមានការសហការគ្នា ដែលក្មេងខ្លះមិនអាចចាំយូរបាន និងបានស្លាប់។ ដូច្នេះខ្ញុំយកទៅវះកាត់នៅប្រទេសកូរ៉េប្រសើរជាង»។
លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យដឹងកាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅថា កម្ពុជាមានមជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូង ដែលមានវេជ្ជបណ្ឌិតជំនាញវះកាត់ចំនួន ៤នាក់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវះកាត់ជម្ងឺបេះដូង។ ជម្ងឺបេះដូង ជាជម្ងឺដែលធ្វើឲ្យអ្នកក្រគ្មានលទ្ធភាពព្យាបាល។ តែសព្វថ្ងៃរដ្ឋាភិបាលកម្ពុជា បានជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រមានជម្ងឺបេះដូងចំនួន៣០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំលើថ្លៃវះកាត់។ ទោះជាយ៉ាងណា តម្រូវការវះកាត់ និងឧបករណ៍វះកាត់បេះដូងថ្លៃ និងត្រូវនាំចូលពីបរទេស ទើបមិនអាចជួយអ្នកជម្ងឺទាំងនោះបាន។ លោកបន្តថា ប្រសិនបើមជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូង មានថវិកាចំនួនច្រើនពី១៥ម៉ឺន ទៅ២៥ម៉ឺនដុល្លារក្នុងមួយខែ គឺខាងមន្ទីរពេទ្យអាចមានលទ្ធភាពវះកាត់ជម្ងឺបេះដូងទាំងកុមារ និងមនុស្សចាស់បានជាង ៤០នាក់។ លោក ហេង តៃគ្រី បានឲ្យដឹងបន្ថែមថា៖«កាលមុន ដោយសារយើងវះ ២០នាក់។ អ្នកមានលទ្ធភាពហ្នឹង មានត្រឹមប្រាំរយ ត្រឹមមួយពាន់ ខ្លះមានពីរពាន់ អញ្ចឹងយើងយកលុយហ្នឹង មកបង្គ្រប់ឲ្យរួចថ្លៃសម្ភារៈហ្នឹង។ ហើយដល់ពេលនេះទៅ វាអត់សូវមានវះ អ្នកផ្សេងវាឈឺបេះដូងមកដង្ហក់លើសឈាម វាហើមសួតអី អ្នកក្រអត់លុយអញ្ចឹង យើងយកលុយរដ្ឋាភិបាលជួយហ្នឹងមកទប់នៅហ្នឹង»។ លោក ហេង តៃគ្រី បន្តថា វាជាការល្អដែលខាងប្រទេសកូរ៉េ ជួយវះកាត់ជម្ងឺបេះដូងដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។ តែលោកថា ការវះកាត់នៅប្រទេសកូរ៉េ មានតម្លៃខ្ពស់ ហើយលោកធ្លាប់ជួបពិភាក្សាជាមួយភាគីកូរ៉េទាំងនោះហើយ ឲ្យបង្វែរជំនួយនោះ ដើម្បីឲ្យកុមារកម្ពុជាវះកាត់នៅក្នុងប្រទេស ដើម្បីកាត់បន្ថយចំណាយ និងអាចជួយមនុស្សបានច្រើន ខណៈដែលកម្ពុជាមានអ្នកជំនាញខាងវះកាត់កុមារ ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម និងប្រទេសបារាំង៕
សូមបញ្ជាក់ថា បើយោងតាមសម្ដីមន្ត្រីកុងស៊ុលនៃស្ថានទូតកូរ៉េប្រចាំកម្ពុជា ពីកាសែតភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា ក្រុមកងទ័ពជួយសង្គ្រោះរបស់ប្រទេសកូរ៉េ គ្រោងនឹងជួយកុមារចំនួន៣៣នាក់ នៅក្នុងតំបន់អាស៊ាននាឆ្នាំនេះ ប៉ុន្តែពួកគេចាប់ផ្ដើមដំបូងក្នុងប្រទេសកម្ពុជាមុនគេ។ ចំណែកឯភាគីកូរ៉េ និងកម្ពុជា ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីការជួយកុមារកម្ពុជា ដែលមានជម្ងឺបេះដូងចំនួន១០នាក់ ជារៀងរាល់ឆ្នាំ តែមិនទាន់ច្បាស់នៃកាលបរិចេ្ឆទនៅឡើយទេ។
អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
Leave a Reply