ជម្ងឺផ្ដាសាយម៉ិកស៊ិកូ ឬផ្ដាសាយមនុស្ស H1N1 បានរាលដាលដល់ប្រទេសចំនួន៤០ហើយនៅទូទាំងពិភពលោក ដែលបណ្ដាលឱ្យមនុស្សប្រមាណ៩.០០០នាក់បានធ្លាក់ខ្លួនឈឺ ក្នុងនោះប្រមាណ៧០នាក់បានស្លាប់។ គិតត្រឹមថ្ងៃទី២០ឧសភានេះ ប្រទេសចំនួន៤មានអ្នកជម្ងឺច្រើនជាងគេ ក្នុងនោះសហរដ្ឋអាមេរិកជាប់លំដាប់ទី១ និងលេខរៀងបន្ដបន្ទាប់មានប្រទេសម៉ិកស៊ិកូ កាណាដា និងប្រទេសជប៉ុន។ ទោះជាយ៉ាងណាប្រទេសម៉ិកស៊ិកូមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារជម្ងឺដែលបណ្ដាលមកពី មេរោគ Influenza Type A H1N1 បានផ្ទុះចេញពីប្រទេសនោះ។ សាលារៀននៅជប៉ុនចំនួន៤.០៤៣ត្រូវបិទ ហើយសាលា រៀនចំនួន១២ទៀតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក៏បានបិទទ្វារផងដែរ។
និយមន័យផ្ដាសាយមនុស្សH1N1
ជម្ងឺផ្ដាសាយមនុស្ស H1N1ជាជម្ងឺថ្មីមួយដែលមានលទ្ធភាពឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្ដែមន្ដ្រីអង្គការសុខភាពពិភពលោក លោក NIMA ASGARI អ្នកជំនាញការសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ជម្ងឺនេះមិនមែនជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរទេ ប៉ុន្ដែវានឹងមានសភាពធ្ងន់ធ្ងរដរាបណាអ្នកជម្ងឺឆ្លងមេរោគនេះមានជម្ងឺ ប្រចាំកាយរួចទៅហើយ។
រោគសញ្ញាជម្ងឺផ្ដាសាយមនុស្ស H1N1
យោងតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យ ដឹងថា អាការជម្ងឺនេះបណ្ដាលឱ្យអ្នកជម្ងឺក្ដៅខ្លួនខ្លាំង មានកម្ដៅលើសពី៣៨អង្សាសេ ក្អក ឈឺក ហៀរសម្បោរ ល្ហិតល្ហៃ ពិបាកដក ដង្ហើម និងមានករណីបន្ទាប់បន្សំដូចជាឈឺសន្លាក់ដៃជើង។
វិធានការការពារជម្ងឺផ្ដាសាយមនុស្សH1N1
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ឱ្យដឹងថា ប្រសិនបើអ្នកជម្ងឺនេះមានឬមិនមាននៅកម្ពុជា ការពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ និងកុំនៅជិតអ្នកជម្ងឺជាវិធានការណ៍ល្អបំផុត។
លោកវេជ្ជបណ្ឌិត Michael O’Leary ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ឱ្យដឹង ថា ប្រសិនបើជម្ងឺនោះមកដល់កម្ពុជា យើងនឹងពិនិត្យមើលថា វាចូលមកតាមរបៀបណា ហើយមេរោគនេះមានភាពសាហាវកម្រិត ណា។ បន្ទាប់មកវិធានការចាំបាច់គឺការមិនឱ្យមនុស្សនៅជុំគ្នាច្រើន ក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្ដែវិធានការសុខភាពបឋមដូចជា ការពាក់ម៉ាស់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូជាការអនុវត្ដមួយដ៏ប្រសើរ ដើម្បីកាត់បន្ថយការឆ្លងមេរោគនេះ។
ការឆ្លើយតបពីក្រសួងសុខាភិបាល
ឯកឧត្ដមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងបានចាត់វិធានការ ចាំបាច់នានារួចហើយដើម្បីទប់ស្កាត់ និងត្រៀមឆ្លើយតបចំពោះការមកដល់ជម្ងឺនេះជាយថាហេតុ។ ឯកឧត្ដមបន្ដថា នៅតាមច្រកទ្វារ អន្ដរជាតិផ្លូវអាកាសនៅព្រលានយន្ដហោះអន្ដរជាតិក្រុងភ្នំពេញ និងច្រកទ្វារអន្ដរជាតិនៅអាកាសយានដ្ឋានខេត្ដសៀមរាប មានដាក់ម៉ាស៊ីនស្កេនអ្នកដំណើរឆ្លងកាត់ និងបានឱ្យអ្នកដំណើរបំពេញប័ណ្ណដែលមានដាក់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទទំនាក់ទំនងរបស់អ្នកដំណើរ និងលេខទូរស័ព្ទរបស់ភ្នាក់ងារក្រសួងប្រចាំការចំនួន២៤ម៉ោង សម្រាប់អ្នកដំណើរឆ្លងកាត់អាចទំនាក់ទំនងមកភ្នាក់ងារប្រចាំការ សម្រាប់ការឆ្លើយតបជម្ងឺផ្ដាសាយមនុស្ស H1N1។
ឯកឧត្ដមបន្ដថា ចំណែកនៅតាមព្រំដែនគោកក៏តម្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើការបំពេញឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ទំនាក់ទំនងដូចគ្នានឹងការតម្រូវនៅតាមព្រលានយន្ដហោះផងដែរ។
ការត្រៀមឱសថ និងសម្ភារៈការពារ
ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាបានត្រៀមរួចហើយនូវឱសថ Tami flu ចំនួន១៥៧.៨០០គ្រាប់ របស់ក្រសួងមានស្រាប់ និងជំនួយបន្ថែមពីអង្គការសុខភាពពិភពលោកចំនួន១៥៤.០០០គ្រាប់បន្ថែមទៀត។ ឯកឧត្ដមបន្ដថា លើសពី នោះ យើងមានសម្ភារៈការពារខ្លួន ពេលចុះទៅជួបអ្នកជម្ងឺចំនួន៧.៤៥០កំភ្លេផងដែរ។
មន្ទីរពេទ្យត្រៀមឆ្លើយតបចំពោះជម្ងឺនេះ
ឯកឧត្ដម ម៉ម ប៊ុនហេង បានមានប្រសាសន៍ឱ្យដឹងថា មន្ទីរពេទ្យកាល់ម៉ែតបានត្រៀមខ្លួនរួចហើយសម្រាប់អ្នកជម្ងឺនេះ ដោយមានគ្រែត្រៀមបម្រុងចំនួន២៩គ្រែ។ ឯកឧត្ដមបន្ដថា ជាយថាហេតុ បើសិនជាជម្ងឺនេះរាតត្បាតច្រើន មន្ទីរពេទ្យមិត្ដភាពកម្ពុជាសូវៀតនឹងត្រូវយកមកប្រើប្រាស់ផងដែរ។ ចំណែកមន្ទីរពេទ្យ៤ទៀតត្រៀមប្រចាំការ មានមន្ទីរពេទ្យខេត្ដកំពត សៀមរាប ស្ទឹងត្រែង និងមន្ទីរពេទ្យខេត្ដកំពង់ចាម។
ការឆ្លើយតបថ្នាក់តំបន់
តាមរយៈការជួបប្រជុំរដ្ឋមន្ដ្រីសុខាភិបាលអាស៊ានបូកបីនៅក្រុងបាងកកប្រទេសថៃ កិច្ចប្រជុំបានលើកវិធានការណ៍នានា ដើម្បីការឆ្លើយតបថ្នាក់តំបន់ រួមមានការផ្លាស់ប្ដូរចែកចាយព័ត៌មានគ្នាទៅវិញទៅមក ការចែកចាយសម្ភារៈការពារខ្លួន និងបង្កើនស្ដុក ឱសថឱ្យគ្នាទៅវិញទៅមក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply